សាធារណជនខ្មែរបានសម្ដែងប្រតិកម្មផ្សេងៗគ្នាចំពោះការសម្រេចតក់ក្រហល់បិទសារព័ត៌មានសំឡេងប្រជាធិបតេយ្យ វីអូឌី។
អ្នកមាននិន្នាការគាំទ្រមានប្រយោជន៍នឹងរបបគ្រប់គ្រងបែបសព្វថ្ងៃ នាំគ្នារីករាយនឹងការបិទ ព្រោះគេថាជាសារព័ត៌មានប្រឆាំង និយាយរឿងមិនពិត។ ពលរដ្ឋស្នេហាយុត្តិធម៌ ស្នេហាសិទ្ធិសេរីភាព សោកស្តាយឥតឧបមាព្រោះថានឹងលែងមានសារព័ត៌មានដែលហ៊ាននិយាយប្រាប់ការពិតហើយនៅប្រទេសកម្ពុជា ប៉ុន្តែមិនដឹងធ្វើដូចម្តេច។
តើឫសគល់នៃរឿងហេតុបិទ វីអូឌី អាចចេញមកពីរឿងអ្វី?
មតិប្រជាពលរដ្ឋខ្មែរ មតិជនបរទេស ទាំងរដ្ឋាភិបាលលោកសេរី ទាំងក្រុមអង្គការសង្គមស៊ីវិល បានត្រឹមតែសម្ដែងក្តីសោកស្តាយចំពោះសេចក្តីសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលលោក ហ៊ុន សែន បញ្ជាឲ្យបិទសារព័ត៌មានឯករាជ្យចុងក្រោយសេសសល់ក្នុងរាជាណាចក្រកម្ពុជា គឺសំឡេងប្រជាធិបតេយ្យ (VOD) តែពុំមាននីតិវិធីអ្វីដែលអាចយកទៅតតាំងគ្នាក្នុងតុលាការនោះទេ។ នេះមកពីប្រទេសកម្ពុជា អំណាចស្ថិតក្នុងដៃបុគ្គលតេជវន្ត មិនស្ថិតក្នុងស្ថាប័នដូចប្រទេសប្រកាន់ប្រជាធិបតេយ្យ។
បើគេយករឿងហ្នឹងមកវិភាគ បូកសង គុណចែក វាពុំមែនជារឿងធ្វើឲ្យអាម៉ាស់មុខរាជរដ្ឋាភិបាល ឬការដឹកនាំដូចគោអ្វីនោះទេ ហើយក៏មិនបានធ្វើឲ្យខូចប្រយោជន៍អ្វីមួយដល់រាជរដ្ឋាភិបាល ឬមន្ត្រីកំពូលៗ ទាំងលោក ហ៊ុន សែន ជាឪពុក ទាំងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាកូននោះដែរ។
រឿងនេះជារឿងនយោបាយទាក់ទងនឹងអំណាច ឥទ្ធិពល តំណែង មុខនាទីនៃបុគ្គលម្នាក់ៗក្នុងរដ្ឋាភិបាល និងក្នុងបក្ស ជារឿងថាអ្នកណាជាកម្មាភិមុខ ឬមេការដឹកនាំ ជារឿងព្យាយាមដើរវាងបែបបទរដ្ឋបាលមិនបានសម្រេច។ មុននឹងជូនខ្លឹមសារវិភាគព័ត៌មានពីការបិទ វីអូឌី យើងសូមជូនចំណុចខ្លះក្នុងខ្លឹមសារអត្ថបទផ្សាយក្នុង វីអូឌី នៅថ្ងៃទី៩ ខែកុម្ភៈ កន្លងទៅ រាយការណ៍ដោយកញ្ញា ប៉ា សុខេង។
លោក ផៃ ស៊ីផាន អ្នកពាំនាំពាក្យរដ្ឋាភិបាលពីកងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី ដែលជាមនុស្សយល់ដឹងច្បាស់អំពីគោលការណ៍នយោបាយ និងក្បួនខ្នាតដំណើរការរដ្ឋាភិបាល ថ្លែងប្រាប់សារព័ត៌មាន វីអូឌី ជាភាសាពាក្យពេចន៍ខ្មែរ គួរយល់បាន គ្មានបង្កប់អ្វី គ្មានន័យអត្ថបដិរូបអ្វីនោះឡើយ។
តទៅនេះជាសម្រង់ផ្នែកខ្លះនៃអត្ថបទ វីអូឌី សរសេរផ្សាយដោយស្រង់សម្ដីលោក ផៃ ស៊ីផាន ដែលលោក ហ៊ុន សែន ថាជាបញ្ហាវាយប្រហារកូនប្រុសច្បងរបស់លោក។

“មន្ត្រីរដ្ឋាភិបាលថា ការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុក ដោយចុះហត្ថលេខាផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគី ដែលកំពុងរងគ្រោះរញ្ជួយដីនោះ មិនមែនជារឿងខុសឆ្គងទេ ដោយសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាឪពុកកំពុងមានធុរៈ រីឯអ្នកឃ្លាំមើលយល់ថា បើអនុលោមតាមច្បាប់ គឺនាយករដ្ឋមន្ត្រីស្តីទី ឬឧបនាយករដ្ឋមន្ត្រី គួរជាអ្នកបំពេញភារកិច្ចនេះនៅពេលនាយករដ្ឋមន្ត្រីខកខាន។”
ការលើកឡើងផ្ទុយគ្នានេះ ធ្វើឡើងក្រោយពីរដ្ឋាភិបាលកម្ពុជាប្រកាសផ្ដល់ជំនួយមនុស្សធម៌ចំនួន ១០ម៉ឺនដុល្លារដល់ប្រទេសតួកគី ដែលកំពុងរងគ្រោះរញ្ជួយដី ដោយក្នុងនោះ លោក ហ៊ុន ម៉ាណែត បានតំណាងឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការចុះហត្ថលេខាផ្តល់ជំនួយ ខណៈលោក ហ៊ុន សែន កំពុងកាន់មរណទុក្ខចំពោះការបាត់បង់ប្អូនថ្លៃស្រី។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា អ្នកសារព័ត៌មាន និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ឆ្ងល់ និងបានវាយប្រហារលោក ហ៊ុន ម៉ាណែត ពាក់ព័ន្ធការចុះហត្ថលេខាតំណាងឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការផ្តល់ជំនួយទៅប្រទេសតួកគី ដែលកំពុងរងគ្រោះរញ្ជួយដី។
លោកថ្លែងថា៖ «អ្នកសារព័ត៌មាន ហើយសមាសភាពអង្គការមិនមែនរដ្ឋាភិបាល គាត់ឆ្ងល់ ហើយគាត់វាយប្រហារទៅលើឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលដូចជាចុះហត្ថលេខាតំណាងសម្តេចតេជោ ក្នុងការផ្តល់ជំនួយហ្នឹង។ [តើគេឆ្ងល់ ឬវាយប្រហារថាយ៉ាងណាដែរ? គេថា] ហេតុដូចម្តេចបានជារដ្ឋាភិបាលមិនប្រើប្រាស់តួនាទីរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីក្នុងការផ្តល់ជំនួយហ្នឹង? ហេតុអីបានដាក់ឱ្យឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកផ្តល់ទៅវិញ? អាហ្នឹង គឺដែលគេមិនសប្បាយចិត្តហ្នឹង។»
យ៉ាងណា មន្ត្រីរដ្ឋាភិបាលរូបនេះសុំមិនបញ្ចេញអត្តសញ្ញាណអ្នកដែលលោកអះអាងថាបានវាយប្រហារលោក ហ៊ុន ម៉ាណែត នោះទេ។ លោក ផៃ ស៊ីផាន ប្រាប់ថា លោក ហ៊ុន ម៉ាណែត ជាអគ្គមេបញ្ជាការនៃឥស្សរជនរបស់កងយោធពលខេមរភូមិន្ទ ខណៈស្ថាប័ននេះជាអ្នកនាំមុខដើរតួចូលរួមក្នុងប្រតិបត្តិការសន្តិភាពលើពិភពលោក ដូច្នេះនេះមិនមែនជារឿងខុសឆ្គងទេដែលលោកត្រូវបំពេញតួនាទីនេះ។
លោក ផៃ ស៊ីផាន បន្តថា៖ «ការជួយពេលនេះជាមួយតួកគី ហ្នឹង គឺក្នុងរបៀបប្រតិបត្តិការសន្តិភាពជួយសង្គ្រោះប្រជាពលរដ្ឋតួកគី ដែលជួបប្រទះមហន្តរាយរញ្ជួយធរណី ដូចជាការជួយសង្គ្រោះប្រជាពលរដ្ឋដោយភ្លើង បាក់អគារបាក់អីហ្នឹង ជាក្រុមរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ហើយដែលចេញទៅធ្វើប្រតិបត្តិការនោះ។»
ក្រៅពីនោះ លោកថានាយករដ្ឋមន្ត្រីកំពុងមានធុរៈ ដូច្នេះទើបអនុញ្ញាតឱ្យលោក ហ៊ុន ម៉ាណែត ដែលជាអ្នកទទួលបន្ទុកអន្តរាគមន៍នៃសកម្មភាពមនុស្សធម៌អន្តរជាតិ តំណាងរឿងនេះវិញ។
អម្បាញ់មិញនេះជាខ្លឹមសារនៃអត្ថបទក្នុង វីអូឌី។

បន្តិចក្រោយមក វីអូឌី បានផ្សាយព័ត៌មានថ្មីចុងក្រោយបញ្ជាក់សាច់រឿង ដោយស្រង់សេចក្តីថ្លែងពីឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថា៖ «អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត បានអះអាងនៅថ្ងៃទី១១ ខែកុម្ភៈ ថា លោកមិនបានចុះហត្ថលេខាជំនួសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់ជំនួយមនុស្សធម៌ចំនួន ១០ម៉ឺនដុល្លារទៅឱ្យប្រទេសតួកគី ដែលកំពុងរងគ្រោះដោយការរញ្ជួយដីនោះទេ។ លោក ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា លោកមិនមានសិទ្ធិក្នុងការចុះហត្ថលេខាលើឯកសាររបស់រាជរដ្ឋាភិបាលនោះទេ។»
រឿងខឹងគោវ៉ៃរទេះផ្តើមពីលោក ផៃ ស៊ីផាន ដែលរៀបរាប់ប្រាប់អ្នកកាសែតច្បាស់លាស់ក្នុងនាមជាអ្នកពាំនាំពាក្យរដ្ឋាភិបាល។ ត្រង់នេះ៖
- តើលោកបានព័ត៌មានអំពីអ្នកចុះហត្ថលេខាផ្តល់ជំនួយជំនួសនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីណាមក?
- ហេតុអ្វីលោកហ៊ានអះអាងថា បើទោះបីជាឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ស៊ីញេ ក៏មិនខុសអ្វីដែរ ព្រោះថានាយករដ្ឋមន្ត្រីមានធុរៈ ហើយលោក ហ៊ុន ម៉ាណែត ក៏មានភារកិច្ចផ្តល់ជំនួយ និងកិច្ចការបរទេសផងដែរ។
- បើរឿងហ្នឹងជាវាជារឿងធម្មតា តាមការចាត់តាំងពីនាយករដ្ឋមន្ត្រីដល់មន្ត្រីក្រោមឱវាទឲ្យបំពេញបេសកកម្មអ្វីមួយ មិនខុសនីតិក្រមរដ្ឋបាល តើហេតុអ្វីលោក ហ៊ុន ម៉ាណែត ចាំបាច់ចេញមកបកស្រាយថាលោកមិនបានស៊ីញេទៅវិញ?
- តើមានរឿងអ្វីត្រូវភ័យដល់ម្ល៉ឹង?
- តើការពិត អ្នកណាជាអ្នកស៊ីញេផ្តល់ជំនួយ ១សែនដុល្លារសហរដ្ឋអាមេរិក ជួយជនរងគ្រោះពីរញ្ជួយព្រះធរណីនៅប្រទេសតួកគីពីដំបូងដៃ?
លទ្ធផលពីការត្រិះរិះពិចារណា គេរកឃើញថា លោក ហ៊ុន ម៉ាណែត អាចធ្វើតាមបញ្ជាឪពុក ហើយមិនចង់ឲ្យអ្នកកាសែតដឹងសព្វសាយ ដល់ វីអូឌី ចុះផ្សាយពាសពេញនគរ ឪកូនក៏នាំគ្នាព្យាយាមបង្វែរសាច់រឿង រួចទម្លាក់រឿងចោទប្រកាន់លើអ្នកកាសែតរហូតដល់ទៅបញ្ជាបិទ វីអូឌី។
តាមពិត លោក ផៃ ស៊ីផាន ទំនងជាប្រាប់រឿងពិតតាមការណែនាំពីមេកោយ ប៉ុន្តែអកុសលដូចពាក្យចាស់ពោលថា “ពាក្យពិតរែងស្លែង។”
ម្យ៉ាងវិញទៀត ក្នុងរបបកុម្មុយនីស្តផ្ដាច់ការ អ្នកនាំពាក្យមិនអាចពាំពាក្យទៅនិយាយខុសប្រាប់សាធារណជននោះឡើយ សូម្បីតែអានអក្សរក៏មិនឲ្យខុសមួយតួ មួយពាក្យផង។
ក្រៅតែពីយក វីអូឌី ដែលជាអ្នកនាំសារ នាំពាក្យ នាំដំណឹងពីរាស្ត្រទៅរដ្ឋ ពីរដ្ឋទៅរាស្ត្រឲ្យដឹងសុខទុក្ខក្នុងសង្គមជាតិ ធ្វើជាកូនចៀមរងគ្រោះកណ្តាលហ្វូងខ្លាក្នុងដំណើរការអនុវត្តផែនការសន្តតិវង្សត្រកូល ហ៊ុន តើអាចមានអ្វីទៀតនៅពីក្រោយវាំងននងងឹតនៃបក្សប្រជាជនកម្ពុជា?
រឿងជំនួយមនុស្សធម៌ ១សែនដុល្លារសហរដ្ឋអាមេរិក ឲ្យប្រទេសតួកគី មិនដឹងជាអ្នកណាស៊ីញេពិតប្រាកដ មានបញ្ហាបន្ទាប់ពីលោក ហ៊ុន សែន ដឹកនាំគណៈប្រតិភូទៅជួបប្រធានាធិបតីចិន ស៊ី ជីនពីង នៅថ្ងៃទី១០ ខែកុម្ភៈ អមដំណើរដោយកូនប្រុសពីរនាក់ គឺឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងសមាជិករដ្ឋសភា ហ៊ុន ម៉ានី។ ទាំងក្នុងបក្ស ទាំងក្រៅបក្សប្រជាជនកម្ពុជា គេដឹងថាលោក ហ៊ុន សែន បានយកកូននាំដើរទៅបង្ហាញមេដឹកនាំបរទេសជាហូរហែ ឲ្យស្គាល់គ្នាមុន ដើម្បីងាយស្រួលនៅពេលឡើងកាន់អំណាច។

ការព្យាយាមដំឡើងកូនដើម្បីស្នងអំណាចទៅអនាគត ជាដំណើរបញ្ច្រាសទិសបក្ស ហើយបង្កឲ្យមានភាពល្អក់កករ សៅហ្មង រង្កៀស ឃ្នើសចិត្តពីសំណាក់មន្ត្រីចាស់ទុំ ទាំងផ្នែកស៊ីវិល ទាំងផ្នែកយោធា ដែលធ្លាប់មានភក្ដីភាព គោរព បម្រើ ការពារបក្ស និងលោក ហ៊ុន សែន យូរលង់ណាស់មកហើយនោះ។
ក្នុងកិច្ចការរដ្ឋបាលរដ្ឋ មុខងារនាយករដ្ឋមន្ត្រីនឹងប្រគល់ទៅនាយករដ្ឋមន្ត្រីស្តីទី ឬឧបនាយករដ្ឋមន្ត្រីមានលំដាប់ខ្ពស់តាមឋានានុក្រម ពេលនាយករដ្ឋមន្ត្រីអវត្តមាន ឬអសមត្ថភាពដោយប្រការណាមួយ ដែលគេដឹងថាមានលោក ស ខេង ជំនួស។ ចំពោះរឿងជំនួយមនុស្សធម៌ សប្បុរសធម៌ ជាការប្រពៃគប្បីឲ្យកាកបាទក្រហមកម្ពុជាចេញមុខទើបត្រឹមត្រូវ មិនគួរឲ្យមេទ័ពចេញមុខនោះទេ ទោះជាលោក ផៃ ស៊ីផាន អះអាងថាលោក ហ៊ុន ម៉ាណែត ធ្លាប់បំពេញបេសកកម្មមនុស្សធម៌ក្រៅប្រទេសក៏ដោយ។
ការចាត់តាំងឲ្យលោក ហ៊ុន ម៉ាណែត ធ្វើការងារអ្វីមួយ អាចមិនមែនជារឿងធំ ឬខុសច្បាប់ ប៉ុន្តែវាជារឿងបង្កឲ្យមនុស្សជុំវិញលោក ហ៊ុន សែន មានទោមនស្ស តឹងទ្រូង។ ទីមួយ លោកកាន់អំណាចម្នាក់ឯងយូរពេកហើយ ទីពីរ លោកចង់ឲ្យកូនលោកឡើងបន្តកាន់អំណាចទៀត។ ដូច្នេះសូមអ្នកសង្កេតការណ៍ អ្នកប្រាជ្ញទាំងឡាយកុំគិតថា បក្សប្រជាជនកម្ពុជាគ្មានបញ្ហាផ្ទៃក្នុងនោះ។ ការប៉ុនប៉ងឲ្យឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឡើងជាអនាគតនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលប្រទេសកម្ពុជា បន្ទាប់ពីលោក ហ៊ុន សែន នោះជាការព្យាយាមរំលងសមាជិកសមាជិកាចាស់ទុំដទៃទៀតជាច្រើនរូបក្នុងជួរបក្សប្រជាជនកម្ពុជា ដែលមានប្រវត្តិតស៊ូដ៏យូរលង់ដូចជាលោក ស ខេង លោក ទៀ បាញ់ លោក កែ គឹមយ៉ាន លោក ហ៊ីង ប៊ុនហៀង ជាដើម។ល។
ប្រភពផ្ទៃក្នុងខ្លះឲ្យដឹងថា មានពេលខ្លះលោកឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ត្អូញប្រាប់គេឯងថា កូនប្រុសលោក ហ៊ុន សែន ទាំង ៣នាក់គ្មានចរិយាសម្បត្តិសីលធម៌គួរឡើងជាមេដឹកនាំប្រទេសទេ ព្រោះថាពួកគេមានប្រវត្តិមិនល្អ ជាពិសេសទាក់ទងនឹងបញ្ហារំលោភសិទ្ធិស្ត្រី។ រឿងនេះ លោក ហ៊ុន សែន ក៏ធ្លាប់បានត្អូញត្អែរស្ងាត់ៗឆ្លើយតបវិញថា “រឿងក្មេងក្មាងកន្លងទៅយូរហើយ បើល្មមឈប់និយាយបាន ឈប់ទៅ!!!”
កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២២ ភរិយាលោកឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បាននាំកូនចូលទៅក្នុងប្រទេសថៃឡង់ដ៍ ពេលយប់ ដោយមិនបោះត្រាទិដ្ឋាការទៅសម្រាកនៅមន្ទីរពេទ្យ ពិយ៉ាវ៉ាថ (PIYAVATE) ក្រុងបាងកក រួចវិលចូលប្រទេសកម្ពុជាវិញក៏ពេលយប់ មិនដឹងជាមានការអ្វី។ ប្រភពភ្នាក់ងារតាមព្រំដែន ខ្សឹបប្រាប់ថា “ទៅដឹកប្រាក់ពីថៃ។”
ទោះជាមានហេតុការណ៍ដូច្នេះក្តី គេសង្កេតឃើញលោក ហ៊ុន ម៉ាណែត ខំប្រឹងពង្រីកសមាជិកបក្សដោយយកបក្សជាបង្អែក ទាំងក្នុងទាំងក្រៅប្រទេស ដើម្បីឲ្យឃើញចំនួនមនុស្សគាំទ្រលោកច្រើនសម្រាប់ឲ្យបានឡើងកាន់តំណែងសិន ហើយអ្នកខំជួយលោក ហ៊ុន ម៉ាណែត បំពេញគុណូបការៈ គឺមានដូចជា៖
- កូនប្រសាលោក ជាម យៀប គឺលោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌
- លោក ម៉ឹង ពន្លក កូនលោកឧត្តមសេនីយ៍ ម៉ឹង សំផន
- លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- និងឯកអគ្គរាជទូតប្រចាំអាមេរិកខាងជើង អឺរ៉ុប អាស៊ី ជាដើម។
ប្រភពផ្ទៃក្នុងឲ្យដឹងទៀតថា ក្នុងជួរបក្ស អ្នកគាំទ្របេក្ខភាពលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីមានមិនដល់ ៥០% ផង។ ក្នុងជួរកងទ័ព ជាពិសេសក្នុងកងអង្គភាពអង្គរក្សនាយករដ្ឋមន្ត្រី កងពលតូចលេខ៧០ មានសមាជិកភាគច្រើនមិនគាំទ្រឡើយ។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រំពឹងជំនួយមួយផ្នែកធំពីឪពុកធម៌ ឧត្តមសេនីយ៍ឯក សៀក សុជាតិ មេបញ្ជាការការងារព្រំដែនខ្មែរ-ថៃ ដែលធ្លាប់ធ្វើឲ្យឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក្តៅក្រហាយរហូតដល់ប្រមាថជីវិតក្រោយពីលោក សៀក សុជាតិ ទៅជួបចាប់ដៃជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ស្ងាត់ៗកាលពីប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ។ នេះមិនទាំងរាប់អំពីរឿងប្រជែងគ្នាសង់មន្ទីរពេទ្យយកប្រជាប្រិយភាពរវាងកូនប្រុសលោក ស ខេង គឺលោក ស សុខា និងមន្ទីរពេទ្យលោក ហ៊ុន ម៉ាណែត នោះផង។
តាមការពិនិត្យមើលជ្រុងធំៗ តាមការវិភាគ និងសេចក្តីសន្និដ្ឋានចុងក្រោយ ការបិទសារព័ត៌មានសំឡេងប្រជាធិបតេយ្យ VOD ផុសចេញពីរឱសឋាន ភាពមិនចុះសម្រុងគ្នាផ្ទៃក្នុងបក្សប្រជាជនកម្ពុជា ដោយភាគីនីមួយៗបារម្ភអំពីការបាត់បង់អនាគតរៀងៗខ្លួន ហើយប្រឹងប្រែងតាមសមត្ថភាពដើម្បីរក្សាមុខងារ និងនាទីរបស់គេ។
ព្រះពុទ្ធបរមគ្រូដាស់តឿនមនុស្សលោកថា៖ “គ្មានអ្វីអមតៈឡើយ អ្វីៗប្រែប្រួល”។ ចំណែកឯអ្នកកាសែតអង់គ្លេសជំទាស់នឹងរបបផ្ដាច់ការឈ្មោះ Eric Arthur Blair រហស្សនាម George Orwell (១៩០៣-១៩៥០) រំឭកថា៖ “ទោះបីជាអ្នកខំបដិសេធការពិតប៉ុនណាក៏ដោយ ការពិតនៅតែមានជីវិតរាល់ថ្ងៃ ហាក់បីដូចជាវានៅជាប់ពីក្រោយខ្នងអ្នកអ៊ីចឹង”៕