35 C
Phnom Penh

លោក ហ៊ុន សែន ចោទ​ក្រុម​កូដករ​ណាហ្គា​វើលដ៍​ថា​មាន​ប្រភព​លុយ​ជួយ​ឱ្យ​ធ្វើ​បាតុកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង លោក ហ៊ុន សែន ចោទ​ដោយ​មិន​ចំ​ឈ្មោះ​ទៅ​កាន់​ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ថា​ពួកគេ​មាន​ប្រភព​ផ្គត់ផ្គង់​លុយ​ឱ្យ​ធ្វើ​បាតុកម្ម ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​អាច​មាន​លទ្ធភាព​ធ្វើ​បាតុកម្ម​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​ទាំង​ដែល​ការងារ​ត្រូវ​បាន​ផ្អាក​អស់​រយៈពេល​ជាង ១​ឆ្នាំ​ដែរ​នោះ។

លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី នៅ​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា ប្រសិនបើ​លោក​ទៅ​ចាប់​ប្រភព​ផ្គត់ផ្គង់​លុយ​របស់​ពួកគេ លោក​ក៏​អាច​ចាប់​បាន​ដែរ សូម​កុំ​គិត​ស្មាន​ថា​លោក​មិន​ដឹង​រឿង​នេះ​ឱ្យ​សោះ។

លោក ហ៊ុន សែន បន្ថែម​ថា ជា​រឿង​ដែល​មិន​សម​ហេតុផល​ទាល់តែសោះ​នៅ​ពេល​ដែល​គ្មាន​ការងារ​ធ្វើ​ហើយ បែរ​ជា​ក្រុម​កូដករ​ទាំងនោះ​អាច​មាន​អាហារ​ហូបចុក​បរិបូរណ៍​អំឡុង​ពេល​ធ្វើ​បាតុកម្ម​ទៅវិញ។

ការ​អះអាង​នេះ ធ្វើឡើង​ក្នុង​ចេតនា​ចោទប្រកាន់​ទៅ​កាន់​ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​ត្រូវ​បាន​ថៅកែ​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​ទាំង​អយុត្តិធម៌ ដែល​កំពុង​បន្ត​ធ្វើ​កូដកម្ម​ទាមទារ​សិទ្ធិ​ការងារ​អស់​រយៈពេល​ជាង ១​ឆ្នាំ​មក​នេះ។

អ្នក​គ្រប់គ្រង​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ មីនា នេះ​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន ក្នុង​ន័យ​អវិជ្ជមាន​អំពី​មូលនិធិ​ដែល​ក្រុម​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទទួល​បាន​កន្លងមក ទំនង​ជា​គាត់​មាន​ការ​ភាន់ច្រឡំ​លើ​បញ្ហា​នេះ។ លោក​បន្ថែម​ថា បញ្ហា​នេះ​ទំនង​ជា​ដោយសារតែ​ការ​ផ្តល់​របាយការណ៍​គ្មាន​មូលដ្ឋាន​ពិតប្រាកដ​ពី​មន្ត្រី​ក្រោម​ឱវាទ​ផង​ដែរ។

លោក ឃុន ថារ៉ូ លើកឡើង​ថា មូលនិធិ​ទាំងនេះ​គឺជា​មូលនិធិ​ស្រប​ច្បាប់​ដែល​មាន​គណនេយ្យភាព និង​តម្លាភាព​ត្រឹមត្រូវ ស្រប​តាម​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​សហជីព ដែល​មាន​ចែង​ក្នុង​លក្ខន្តិកៈ​របស់​ពួកគេ។

លោក​បន្ត​ថា ការ​ទទួល​យក​ជំនួយ​ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​ដែល​មាន​ចែង​ក្នុង​លក្ខន្តិកៈ​របស់​សហជីព​នេះ គឺ​ដើម្បី​ផ្គត់ផ្គង់​លើ​ការ​អប់រំ បណ្តុះបណ្តាល​សមាជិក​របស់​ខ្លួន​ឱ្យ​យល់ដឹង​ពី​ផ្នែក​ច្បាប់ សិទ្ធិ និង​សេរីភាព​របស់​កម្មករ​និយោជិត​តែប៉ុណ្ណោះ មិនមែន​ជា​មូលនិធិ​សម្រាប់​ប្រព្រឹត្ត​រឿង​ខុស​ច្បាប់​ណា​មួយ​នោះ​ឡើយ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា ភស្តុតាង​ដែល​បង្ហាញ​ថា​មន្ត្រី​ថ្នាក់​ក្រោម​ផ្តល់​របាយការណ៍​គ្មាន​មូលដ្ឋាន​នោះ គឺ​នៅ​ត្រង់​ថា វិវាទ​ការងារ​នៃ​កម្មករ​និយោជិត​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​កើតឡើង​ដោយសារ​ការ​រំលោភ​សិទ្ធិ​ការងារ ការ​បញ្ឈប់​ពី​ការងារ​ទាំង​បំពាន ហើយ​ត្រូវ​បាន​បុគ្គលិក​ទាំងនោះ​ធ្វើ​កូដកម្ម​ទាមទារ​រក​យុត្តិធម៌​ប៉ុណ្ណោះ មិនមែន​មាន​ចេតនា​អ្វី​ផ្សេង​នោះ​ទេ ប៉ុន្តែ​កូដករ​ទាំងនោះ​បែរ​ជា​ត្រូវ​អាជ្ញាធរ​ចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​នានា ដែល​នាំ​ទៅ​ដល់​ការ​ចាប់​ឃុំ​ខ្លួន​រហូត​ដល់​ពេល​នេះ​ទៅវិញ។

លោក ឃុន ថារ៉ូ គូស​បញ្ជាក់​ថា ប្រសិនបើ​លោក ហ៊ុន សែន ទទួល​បាន​របាយការណ៍​អំពី​រឿង​នេះ​ក្នុង​ន័យ​វិជ្ជមាន ដែល​គ្រាន់តែ​ជា​ការ​តវ៉ា​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ពី​ការ​រំលោភ​សិទ្ធិ​ការងារ នោះ​បញ្ហា​នេះ​នឹង​ត្រូវ​បាន​ដោះស្រាយ​យ៉ាង​ងាយ​ជាទីបំផុត។

កាលពី​ខែ​មេសា ឆ្នាំ​២០២១ ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​បញ្ឈប់​បុគ្គលិក​ពី​ការងារ​ទាំង​អយុត្តិធម៌​ជាង ១៣០០​នាក់។

បញ្ហា​នេះ ត្រូវ​បាន​កម្មករ​ធ្វើ​កូដកម្ម​តវ៉ា​ជាមួយ​ក្រុមហ៊ុន​អស់​រយៈពេល​ជាង ១​ឆ្នាំ​មក​ហើយ បើ​គិត​មក​ទល់​នឹង​ពេលនេះ ប៉ុន្តែ​មិន​ត្រូវ​បាន​ក្រសួង​ពាក់ព័ន្ធ​រក​ដំណោះស្រាយ​ជូន​កម្មករ​ឡើយ។ ផ្ទុយទៅវិញ ក្រុម​កូដករ ៩​នាក់​ត្រូវ​រង​នូវ​ការ​ចោទប្រកាន់​តាម​ផ្លូវ​តុលាការ​ពី​បទ​ព្រហ្មទណ្ឌ ខណៈ​តំណាង​កម្មករ កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន​ដាក់​គុក​លើក​ទី​២ កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ កន្លងទៅ និង​បន្ត​ឃុំ​ខ្លួន​រហូត​ដល់​ពេលនេះ។

មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌​របស់​ប្រទេស​ជាតិ ខណៈ​សេចក្តី​ស្នើ​ទាំងឡាយ​របស់​ពលរដ្ឋ ត្រូវ​បាន​ដោះស្រាយ និង​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ ប៉ុន្តែ​រដ្ឋាភិបាល​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​បាន​អនុវត្ត​ផ្ទុយ​ពី​មាត្រា​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទាំងស្រុង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស