រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ កំពុងទប់ទល់នឹងផែនការផ្ទេរអំណាចរបស់លោក ហ៊ុន សែន ឱ្យទៅកូនប្រុសខ្លួនឯង គឺលោក ហ៊ុន ម៉ាណែត ខណៈរដ្ឋាភិបាលកុម្មុយនីស្តចិនពុំមានជំនឿលើលោក ហ៊ុន ម៉ាណែត និងចង់ចាប់យកក្រសួងការពារជាតិ ធ្វើជាបង្អែកយោធារបស់ខ្លួនទៅថ្ងៃក្រោយ។
សារព័ត៌មានបរទេស Asia Times បានចុះផ្សាយកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នេះថា ក្រសួងការពារជាតិដែលកំពុងគ្រប់គ្រងដោយលោក ទៀ បាញ់ បានក្លាយជាច្រកដ៏សំខាន់សម្រាប់ឥទ្ធិពលរបស់ក្រុងប៉េកាំង នៅប្រទេសកម្ពុជា ដែលរដ្ឋាភិបាលចិនចង់រក្សាក្រសួងមួយនេះជាមូលដ្ឋានអំណាចរបស់ខ្លួនទៅថ្ងៃមុខ ដោយសារតែចិនគ្មានជំនឿលើលោក ហ៊ុន ម៉ាណែត ថានឹងអាចដឹកនាំប្រទេសកម្ពុជាបន្តពីលោក ហ៊ុន សែន បាន។
ប្រភពដដែលលើកឡើងថា រដ្ឋាភិបាលក្រុងប៉េកាំង មិនគិតថាលោក ហ៊ុន ម៉ាណែត មានសិទ្ធិ និងអំណាចពេញលេញក្នុងការដឹកនាំកម្ពុជានោះទេ ផ្ទុយទៅវិញ ចិនមានការជឿជាក់លើកងកម្លាំងនៃក្រសួងការពារជាតិរបស់លោក ទៀ បាញ់ ជាង ដោយសារតែចិនធ្លាប់បានសហការជាមួយលោក ទៀ បាញ់ ជុំវិញការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាមកន្លងមក។
Asia Times បន្ថែមថា ការទុកចិត្តនេះគឺនៅត្រង់ថា បើទោះបីជាលោក ទៀ វិញ ប្អូនប្រុសបង្កើតរបស់លោក ទៀ បាញ់ ដែលជាមេបញ្ជាការកងទ័ពជើងទឹកត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មកាលពីចុងឆ្នាំ២០២១ ក៏ដោយ តែរហូតដល់ពេលនេះ សហរដ្ឋអាមេរិកក៏មិនទាន់មានភស្តុតាងដើម្បីចោទប្រទេសកម្ពុជាអំពីបញ្ហានេះនៅឡើយដែរ។
សារព័ត៌មានខាងលើបញ្ជាក់ថា លោក ហ៊ុន សែន បានបញ្ចុះបញ្ចូលរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ឱ្យគាំទ្រផែនការស្នងតំណែងរបស់ខ្លួនទៅលោក ហ៊ុន ម៉ាណែត ដោយធានាថា កូនៗរបស់ពួកគេនឹងគ្រប់គ្រងក្រសួងដែលខ្លួនកំពុងដឹកនាំនៅពេលនេះទៅថ្ងៃខាងមុខទាំងអស់គ្នា។
អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៨ មីនា នេះថា បើយោងតាមព័ត៌មានចុះផ្សាយក្នុងទស្សនាវដ្ដីអន្តរជាតិ Asia Times នេះ លោក ហ៊ុន សែន អាចបញ្ជាឲ្យគេចាប់លោក ទៀ បាញ់ ជាមិនខាន បើគាត់អាចធ្វើទៅរួច។
លោក សម រង្ស៊ី បញ្ជាក់ថា លោក ទៀ បាញ់ ដែលមានឋានៈជារដ្ឋមន្ត្រីក្រសួងការពារជាតិសព្វថ្ងៃនេះមានកងកម្លាំងប្រដាប់អាវុធក្រោមបញ្ជាគាត់ពេញដៃ ដូច្នេះពួកគេច្បាស់ជាការពារគាត់មិនឲ្យលោក ហ៊ុន សែន ចាប់ខ្លួនលោក ទៀ បាញ់ ជាដាច់ខាត។
ចំណែកឯអ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៨ មីនា នេះថា ការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Asia Times គឺមិនមែនគ្រាន់តែមានភស្តុតាងបន្តិចបន្តួចនោះទេ ព្រោះក្នុងនាមជាសារព័ត៌មានអន្តរជាតិ មិនអាចចុះផ្សាយនូវរឿងដែលស៊ីជម្រៅមួយដោយគ្មានភស្តុតាងជាក់លាក់នោះឡើយ។
លោក គឹម សុខ លើកឡើងថា លោក ហ៊ុន សែន ពឹងតែលើកងកម្លាំងអង្គរក្សដែលគាត់បង្កើតឡើងប៉ុណ្ណោះ ចំណែកលោក ទៀ បាញ់ មានកម្លាំងកងទ័ពនៅក្រសួងការពារជាតិមួយផ្នែកធំដែលគាំទ្រគាត់ ដូច្នេះទោះលោក ហ៊ុន សែន ចង់ចាប់លោក ទៀ បាញ់ ក៏មិនស្រួលពេកដែរ។
អ្នកវិភាគឯករាជ្យរូបនេះគូសបញ្ជាក់ថា ផែនការលោក ហ៊ុន សែន គឺក្តោបក្តាប់អំណាចផ្ដាច់មុខតែក្រុមគ្រួសារគាត់ប៉ុណ្ណោះ ដូច្នេះប្រសិនបើលោក ទៀ បាញ់ លោក ស ខេង និងអ្នកស្រី ម៉ែន សំអន មិនរើបម្រះពីពេលនេះទេ ពួកគេនឹងលែងមានឱកាសទៀតហើយ ព្រោះនៅពេលដែលគ្រួសារលោក ហ៊ុន សែន ក្តាប់អំណាចបានពេញដៃ សូម្បីពួកគេចង់ការពារខ្លួនក៏មិនអាចការពារបានដែរ។
កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ គណបក្សប្រជាជនកម្ពុជាបានសម្រេចគាំទ្រលោក ហ៊ុន ម៉ាណែត ឱ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តពីលោក ហ៊ុន សែន ប៉ុន្តែការសម្រេចនេះមានការទម្លាយថា ដោយសារតែលោក ហ៊ុន សែន គំរាម និងបញ្ចុះបញ្ចូលដោយការដំឡើងតំណែងមន្ត្រីក្នុងបក្សរបស់ខ្លួនដែលចង់ចូលមកកាន់តំណែងនេះគ្រប់ៗគ្នា។
ក្នុងពិធីសន្និបាតបក្សកាន់អំណាចក្នុងការបោះឆ្នោតជ្រើសរើសលោក ហ៊ុន ម៉ាណែត នៅពេលនោះ ក៏មានការបោះឆ្នោតសម្រេចឲ្យលោក ទៀ បាញ់ និងអ្នកស្រី ម៉ែន សំអន ធ្វើជាអនុប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ ដែលបញ្ហានេះត្រូវគេកត់សម្គាល់ឃើញថា គឺជាថ្នូរដើម្បីឲ្យពួកគេគាំទ្រលោក ហ៊ុន ម៉ាណែត ទៅថ្ងៃក្រោយ។ នេះសឲ្យឃើញថា ពួកគេខ្វល់រឿងអំណាចផ្ទាល់ខ្លួនជាងអាយុជាតិសាសន៍ខ្មែរ។
កាលពីដើមខែធ្នូ ឆ្នាំ២០២១ មេដឹកនាំបក្សកាន់អំណាចដែលវៀតណាមលើកបន្តុបដំបូង លោក ហ៊ុន សែន គំរាមថាអ្នកដែលចង់ដណ្តើមតំណែងធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីពីកូនប្រុសរបស់លោក ត្រូវតែធ្វើឃាតលោកជាមុនសិន ប៉ុន្តែបុរសខ្លាំងនៅប្រទេសកម្ពុជារូបនេះគំរាមថា អ្នកដែលប៉ុនប៉ងធ្វើឃាតលោក ពួកគេក៏មិនមានជីវិតរស់នៅដែរ ហើយសង្គ្រាមច្បាស់ជានឹងផ្ទុះឡើងជាមិនខាន។
ជុំវិញបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍អះអាងថា សមាជិកបក្សកាន់អំណាចដែលគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្ងៃអនាគតនោះ មិនមែនពួកគេពេញចិត្តនឹងលោក ហ៊ុន ម៉ាណែត ទេ គឺដោយសារលោក ហ៊ុន សែន ទិញទឹកចិត្តពួកគេដោយការសន្យាផ្តល់តំណែងខ្ពស់ៗក្នុងជួររដ្ឋាភិបាលដល់កូនរបស់ពួកគេតែប៉ុណ្ណោះ ដូចជាលោក ស ខេង លោក សាយ ឈុំ លោក ទៀ បាញ់ និងអ្នកស្រី ម៉ែន សំអន ជាដើម៕