មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ រិះគន់ថា បើនៅតែមានមេដឹកនាំនយោបាយដែលចេះតែត្រឹមបង្កជម្លោះដើម្បីដោះស្រាយគំនុំផ្ទាល់ខ្លួនដូចលោក សម រង្ស៊ី និងលោក ហ៊ុន សែន ឆ្លើយឆ្លងគ្នាទៅវិញទៅមក គឺនឹងមិនអាចផ្តល់ក្តីសុខដល់ពលរដ្ឋបានឡើយ។
លោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៣ មីនា នេះថា ការដឹកនាំនយោបាយគឺដើម្បីរកភាពរីកចម្រើនឲ្យប្រទេសជាតិ និងរកសេចក្តីសុខជូនពលរដ្ឋ។ លោកបន្តថា អ្នកនយោបាយកំពូលៗគួរតែនាំគ្នាបញ្ចប់នូវវប្បធម៌សងសឹកគ្នាក្នុងការដោះស្រាយគំនុំផ្ទាល់ខ្លួន ដោយងាកមកធ្វើជាគំរូល្អដល់អ្នកនយោបាយជំនាន់ក្រោយ ជាពិសេសសម្រាប់អ្នកបន្តវេន ដើម្បីឲ្យពួកគេអាចដឹកនាំប្រទេសជាតិឲ្យបានល្អទៅថ្ងៃមុខ។
លោក មាជ សុវណ្ណារ៉ា បញ្ជាក់ថា ការវាយប្រហារ ការលាបពណ៌ ការបង្កជម្លោះ គឺសុទ្ធសឹងតែជាហេតុធ្វើឲ្យមានវិបត្តិកាន់តែច្រើនសម្រាប់ប្រទេសកម្ពុជា និងធ្វើឲ្យខាតបង់ផលប្រយោជន៍ជាតិយ៉ាងធ្ងន់ធ្ងរ ដូច្នេះពួកគេគួរតែបញ្ចប់នយោបាយសងសឹកជាតិសាសន៍ឯងនៅពេលនេះ ប្រសិនបើពួកគេពិតជាគិតគូរពីផលប្រយោជន៍ជាតិមែននោះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី អំពាវនាវឱ្យពលរដ្ឋគាំទ្រលោក ទៀ សីហា ដែលត្រូវជាកូនប្រុសរបស់លោក ទៀ បាញ់ ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់បក្សកាន់អំណាចកាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ពលរដ្ឋខ្មែរដែលចង់បានសេរីភាព និងយុត្តិធម៌ ត្រូវតែរួបរួមគ្នាជាមួយលោក ទៀ សីហា លោក ទៀ បាញ់ និងលោក ទៀ វិញ ដើម្បីជំរុញឲ្យមានការផ្លាស់ប្ដូរតាមបែបប្រជាធិបតេយ្យដោយអហិង្សា និងសន្តិវិធីតាមរយៈនៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅពេលខាងមុខ។
លោក សម រង្ស៊ី លើកឡើងថា ការផ្លាស់ប្ដូរបែបនេះ នឹងនាំឲ្យកម្ពុជាមានអ្នកដឹកនាំថ្មីដែលមិនមែនជាឃាតករនយោបាយ ព្រោះថាពួកគេមិនមែនជាក្រុមគ្រួសារពុករលួយបំផ្លាញជាតិ និងជាជនក្បត់ជាតិដូចលោក ហ៊ុន សែន និងក្រុមគ្រួសាររបស់គាត់ឡើយ។
ការអំពាវនាវរបស់លោក សម រង្ស៊ី បែបនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មានបរទេស Asia Times បានចុះផ្សាយកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ថា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ កំពុងទប់ទល់នឹងផែនការផ្ទេរអំណាចរបស់លោក ហ៊ុន សែន ឱ្យទៅកូនប្រុសបង្កើតរបស់ខ្លួន គឺលោក ហ៊ុន ម៉ាណែត ស្របពេលដែលរដ្ឋាភិបាលកុម្មុយនីស្តចិន មិនមានជំនឿលើលោក ហ៊ុន ម៉ាណែត និងចង់ចាប់យកក្រសួងការពារជាតិធ្វើជាខ្នងបង្អែកយោធារបស់ខ្លួនដ៏រឹងមាំទៅថ្ងៃក្រោយ។
ប្រភពដដែលលើកឡើងថា រដ្ឋាភិបាលក្រុងប៉េកាំង មិនគិតថាលោក ហ៊ុន ម៉ាណែត មានសិទ្ធិ និងអំណាចពេញលេញក្នុងការដឹកនាំកម្ពុជានោះទេ ប៉ុន្តែចិនមានការជឿជាក់ទៅលើកងកម្លាំងនៃក្រសួងការពារជាតិរបស់លោក ទៀ បាញ់ ជាង ដោយសារតែចិនធ្លាប់បានសហការជាមួយលោក ទៀ បាញ់ ជុំវិញការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាមកន្លងមក។
យ៉ាងណាក៏ដោយ ក្រោយការអំពាវនាវរបស់លោក សម រង្ស៊ី មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន បាននាំគ្នាចេញមកថ្កោលទោសលោក សម រង្ស៊ី ព្រោងព្រាត ក្នុងនោះរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ក៏បានច្រានចោលលើករណីនេះផងដែរ។
នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នេះ កូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ក្រុមប្រឆាំងលែងមានអ្វីយកមកវាយប្រហារបក្សកាន់អំណាចទៀតហើយ បានជាខំប្រឹងប្រឌិតរឿងប្លែកៗក្នុងបំណងព្យាយាមបំបែកបំបាក់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាបែបនេះ រហូតដល់ថ្នាក់យកអត្ថបទមួយដែលសរសេរដោយជនបរទេសម្នាក់គ្មានមូលដ្ឋានពិតប្រាកដនោះ។
ក្នុងរយៈពេលចុងក្រោយនេះ មជ្ឈដ្ឋានជាច្រើនមើលឃើញថា កម្ដៅនយោបាយរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី កាន់តែពុះកញ្ជ្រោលឡើងៗបន្ទាប់ពីមេដឹកនាំនយោបាយទាំងពីរជះកំហឹងដាក់គ្នាទៅវិញទៅមក ដែលបង្កទៅជាវិបត្តិសម្រាប់ប្រទេសជាតិយ៉ាងធ្ងន់ធ្ងរបន្ថែមពីលើវិបត្តិដែលកម្ពុជាកំពុងតែមានស្រាប់សព្វថ្ងៃនេះ ដូចជាការធ្លាក់ចុះនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ជាដើម៕