34 C
Phnom Penh

អ្នក​ឃ្លាំមើល៖ លោក ហ៊ុន សែន កំពុង​រៀប​ឱ្យ​កម្ពុជា​ក្លាយ​ជា​ការ​គ្រប់គ្រង​អំណាច​តាម​បែប​សន្តតិវង្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កំពុង​រៀបចំ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ការ​គ្រប់គ្រង​អំណាច​តាម​បែប​សន្តតិវង្ស ដោយ​លោក ហ៊ុន សែន រំលោភ​សិទ្ធិ​អំណាច​មន្ត្រី​ជាន់ខ្ពស់​ផ្ទៃក្នុង​បក្ស និង​លុប​បំបាត់​អំណាច​គ្រួសារ​មេដឹកនាំ​ទាំងនោះ​តាមរយៈ​ការ​លុប​បំបាត់​តួនាទី​កូនៗ​របស់​ពួកគេ​នៅ​តាម​ស្ថាប័ន​សំខាន់ៗ​ទាំងអស់។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​អង្គារ ថា សព្វថ្ងៃ​នេះ​លោក ហ៊ុន សែន កំពុង​ប្រើ​មនុស្ស​របស់​គាត់​ឱ្យ​ទៅ​គ្រប់គ្រង​តាម​ស្ថាប័ន​សំខាន់ៗ​ទាំងអស់ ដើម្បី​ទប់ស្កាត់​អំណាច​មន្ត្រី​ជាន់ខ្ពស់​ផ្ទៃក្នុង​របស់​ខ្លួន ដូចជា​លោក ស ខេង និង​លោក ទៀ បាញ់ ជាដើម។

លោក គឹម សុខ អះអាង​ថា អំណាច​របស់​លោក ស ខេង នៅ​ក្រសួង​មហាផ្ទៃ​សព្វថ្ងៃ​នេះ​កំពុង​ហ៊ុមព័ទ្ធ​ដោយ​មនុស្ស​របស់​លោក ហ៊ុន សែន យ៉ាង​ជុំជិត ដូចជា​លោក នេត សាវឿន កាន់​តួនាទី​ជា​អគ្គស្នងការ​នគរបាល​ជាតិ លោក ឌី វិជ្ជា កាន់​តួនាទី​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ និង​លោក ម៉ក់ ជីតូ កាន់​តួនាទី​ជា​អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ទទួល​បន្ទុក​ផែន​ប្រឆាំង​គ្រឿងញៀន ជាដើម។

ដោយឡែក​កូនប្រុស​លោក ស ខេង គឺ​លោក ស សុខា ត្រូវ​បាន​លោក ហ៊ុន សែន រៀបចំ​សេណារីយ៉ូ​ឱ្យ​កាន់​តួនាទី​ត្រឹមតែ​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ប៉ុណ្ណោះ ដូច្នេះ​ពេល​លោក ស ខេង ចូល​និវត្តន៍ មនុស្ស​របស់​លោក ហ៊ុន សែន នឹង​ឡើង​គ្រប់គ្រង​ក្រសួង​មហាផ្ទៃ​ជំនួស​គាត់​ជាមិនខាន។

អ្នកវិភាគ​ឯករាជ្យ​រូប​នេះ​លើកឡើង​ថា ចំណែក​អំណាច​លោក ទៀ បាញ់ នៅ​ក្នុង​ក្រសួង​ការពារ​ជាតិ ក៏​កំពុង​ត្រូវ​បាន​លោក ហ៊ុន សែន រៀប​ផែនការ​ប្លន់​យក​ដែរ គឺ​គាត់​បាន​ស្នើ​ឱ្យ​ព្រះមហាក្សត្រ​តែងតាំង​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​បង្កើត​របស់​គាត់​ឲ្យ​កាន់​តួនាទី​ជា​អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​មាន​ន័យ​ថា នៅ​ពេល​ដែល​អវត្តមាន​លោក ទៀ បាញ់ លោក ហ៊ុន ម៉ាណែត នឹង​ជំនួស​តំណែង​នេះ​ដោយ​ស្វ័យប្រវត្តិ ខណៈ​លោក ហ៊ុន ម៉ាណែត នៅ​ពេលនេះ​កំពុង​តែ​កាន់​តួនាទី​ជា​អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក និង​មេបញ្ជាការ​នៃ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ទៅ​ហើយ​នោះ។

ដោយឡែក​កូនប្រុស​លោក ទៀ បាញ់ គឺ​លោក ទៀ សីហា ត្រូវ​បាន​លោក ហ៊ុន សែន រៀបចំ​ឱ្យ​កាន់​តួនាទី​ត្រឹមតែ​ជា​អភិបាល​ខេត្ត​សៀមរាប ប៉ុណ្ណោះ ដូច្នេះ​កូនៗ​របស់​ពួកគេ​មិន​អាច​មាន​តួនាទី​ក្នុង​ស្ថាប័ន​ដែល​ឪពុក​កំពុង​កាន់កាប់​ដូច​លោក ហ៊ុន សែន ឡើយ។

លោក គឹម សុខ បញ្ជាក់​ថា បន្ទាប់ពី​រៀបចំ​ឱ្យ​កូនៗ​មន្ត្រី​ជាន់ខ្ពស់​នៅ​ជួរ​ផ្ទៃក្នុង​របស់​ខ្លួន​ឱ្យ​ចេញ​ផុត​ពី​ស្ថាប័ន​កងទ័ព​ហើយ​នោះ លោក ហ៊ុន សែន បាន​រៀបចំ​ឱ្យ​កូនៗ​របស់​គាត់​ចូល​កាន់​តាម​ស្ថាប័ន​នេះ​ទាំងអស់ ដូចជា​លោក ហ៊ុន ម៉ាណែត ម្នាក់​ឯង​កាន់​តំណែង​ជា​អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​ផង ជា​អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក​ផង ជា​មេបញ្ជាការ​នៃ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​តំណែង​មួយ​ចំនួន​ផ្សេង​ទៀត​ផង​ដែរ។

ចំណែក​លោក ហ៊ុន ម៉ានិត សព្វថ្ងៃ​នេះ ក៏​កំពុង​កាន់​តួនាទី​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​របស់​ក្រសួង​ការពារ​ជាតិ​ផង ជា​អនុប្រធាន​គណៈកម្មការ​ដោះស្រាយ​បញ្ហា​កូដកម្ម និង​បាតុកម្ម​គ្រប់​មុខ​សញ្ញា​ផង ជា​អគ្គលេខាធិការ​រង​នៃ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ផង និង​ជា​នាយករង​ខុទ្ទកាល័យ​របស់​លោក ហ៊ុន សែន ផង​ដែរ។

ដោយឡែក​លោក ហ៊ុន ម៉ានី កំពុង​កាន់​តួនាទី​ជា​គណៈកម្មាធិការ​ទី​៧ នៃ​រដ្ឋសភា​ជាតិ និង​គ្រប់គ្រង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​គ្រប​ដណ្តប់​ទៅ​លើ​យុវជន និង​ស្ថាប័ន​នៅ​មូលដ្ឋាន​ចាប់តាំងពី​ថ្នាក់​ខេត្ត​រហូត​ដល់​ថ្នាក់​ភូមិ ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា កូនប្រុស​ពៅ​របស់​លោក ហ៊ុន សែន រូប​នេះ​កំពុង​ឆ្ពោះ​ទៅ​រក​ការ​គ្រប់គ្រង​លើ​មន្ត្រី​រាជការ​ស៊ីវិល​ទាំងអស់​នៅ​ថ្ងៃ​មុខ​ផង​ដែរ។

លោក គឹម សុខ គូស​បញ្ជាក់​ថា លោក ហ៊ុន ម៉ាណែត គ្មាន​អនុស្សាវរីយ៍​ប្រវត្តិ​តស៊ូ ឬ​ធ្វើការ​ជាមួយ​កូន​លោក ស ខេង កូន​លោក ទៀ បាញ់ ឬ​កូន​អ្នកស្រី ម៉ែន សំអន ទេ ដូច្នេះ​ដើម្បី​អំណាច​របស់​គាត់​កាន់តែ​រឹងមាំ គាត់​នឹង​ត្រូវ​កម្ចាត់​អ្នក​ទាំងនោះ​ឱ្យ​អស់​ពី​តួនាទី​សំខាន់ៗ​ក្នុង​ស្ថាប័ន​រដ្ឋ ព្រោះ​ថា​មាន​តែ​កម្លាំង​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ដែល​អាច​គំរាមកំហែង​ដល់​អំណាច​គ្រួសារ​ហ៊ុន និង​ការ​ស្នង​អំណាច​របស់​គាត់​ខ្លាំង​បំផុត​ទៅ​ថ្ងៃ​មុខ។

អង្គការ​ឃ្លាំមើល​ពិភពលោក គ្លប៊ល វីនេស (Global Witness) បាន​ចេញ​របាយការណ៍​កម្រាស់​ជិត ៦០​ទំព័រ​កាលពី​ពេល​កន្លងទៅ​ថា ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សព្វថ្ងៃ​នេះ​បាន​បែងចែក​គ្នា​កាន់​តួនាទី​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក​ទាំងអស់ ដូចជា៖

  • លោក ហ៊ុន សែន កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី
  • អ្នកស្រី ប៊ុន រ៉ានី កាន់​តំណែង​ជា​ប្រធាន​កាកបាទក្រហម
  • លោក ហ៊ុន ម៉ាណែត កាន់​តំណែង​ជា​អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក
  • លោក ហ៊ុន ម៉ានី កាន់​តួនាទី​ជា​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា
  • និង​លោក ហ៊ុន ម៉ានិត កាន់​តួនាទី​ជា​ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​ក្រសួង​ការពារ​ជាតិ ជាដើម។

ក្រៅពី​ដាក់​សាច់ញាតិ​ខ្លួនឯង​តាម​ស្ថាប័ន​រដ្ឋ ក៏​មាន​ការ​ចង​បណ្ដាញ​សាច់សាលោហិត​ផ្សេង​ទៀត​តាម​មុខជំនួញ​ជាច្រើន​ផង​ដែរ ដូចជា អ្នកស្រី ហ៊ុន ម៉ាណា មាន​តួនាទី​ជា​អគ្គនាយក​ទូរទស្សន៍​បាយ័ន និង​ប្រព័ន្ធ​ផ្សាយ​របស់​ជាតិ​ទាំងអស់ ខណៈ​អ្នកស្រី ហ៊ុន ម៉ាលី គឺជា​ប្រធាន​ក្រុមហ៊ុន Visa ក្រុមហ៊ុន Unilever ក្រុមហ៊ុន Procter & Gamble Honda និង​មាន​ភាគហ៊ុន​នៅ​ក្រុមហ៊ុន​ស្រាបៀ Tiger ផង​ដែរ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​បាន​លើកឡើង​ថា អ្នក​នយោបាយ​ពិតប្រាកដ​ត្រូវតែ​មាន​គំនិត​ដោះស្រាយ​បញ្ហា និង​កសាង​ប្រទេស​ជាតិ​ឱ្យ​បាន​រីកចម្រើន និង​សុំ​ឱ្យ​ប្រជាពលរដ្ឋ​សហការ​ចូលរួម​សកម្ម​ក្នុង​ការ​អនុវត្ត​ផែនការ​ស្ដារ​អភិវឌ្ឍន៍​ប្រទេស​របស់​ខ្លួន ដើម្បី​ជាតិ​មាតុភូមិ​រីកចម្រើន ថ្កុំថ្កើង រុងរឿង​ទៅ​ថ្ងៃ​អនាគត មិនមែន​ជា​ការ​ហែកហួរ​ប្រទេស​ជាតិ​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន ឬ​ដើម្បី​អំណាច​បក្ខ​ក្រុម​ណា​មួយ​នោះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស