33 C
Phnom Penh

លោក ហ៊ុន សែន ស្នើ​ព្រះមហាក្សត្រ​តែងតាំង​លោក សាម អ៊ីន ជា​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បន្ទាប់ពី​ចុះចូល CPP

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ស្នើសុំ​ព្រះមហាក្សត្រ​តែងតាំង​លោក សាម អ៊ីន ជា​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បន្ទាប់ពី​ប្រធាន​គណៈកម្មាធិការ​នាយក​ស្ដីទី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) រូប​នេះ​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

បើ​តាម​លោក សាម អ៊ីន បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​នា​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០២៣ ថា លោក​សម្រេច​ចិត្ត​លាឈប់​ពី​តួនាទី​ប្រធាន​គណៈកម្មាធិការ​នាយក (ស្តីទី) និង​ពី​សមាជិកភាព​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ជា​ផ្លូវការ បន្ទាប់ពី​វាយតម្លៃ​ស្ថានការណ៍​គ្រប់​ជ្រុងជ្រោយ និង​សួរ​បេះដូង​ខ្លួនឯង​ជាច្រើន​ដង​នោះ។

លោក សាម អ៊ីន បញ្ជាក់​ថា ការ​លាឈប់​នេះ​មាន​សុពលភាព​ចាប់ពី​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២៣ «Goodbye my love GDP»។

បើ​តាម​លិខិត​របស់​លោក សាម អ៊ីន ដែល​ផ្ញើ​ទៅ​កាន់​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា ការ​ដែល​លោក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ទទួល​បាន​ឱកាស​ចូល​បម្រើ​ការងារ​ជួយ​រាជរដ្ឋាភិបាល​ក្នុង​ក្រសួង​បរិស្ថាន និង​រួម​ចំណែក​លើ​ការងារ​គាំទ្រ​សហគមន៍​តំបន់​ការពារ ការ​អភិវឌ្ឍ​អេកូ​ទេសចរណ៍ និង​ការ​គ្រប់គ្រង​តំបន់​ការពារ​ធម្មជាតិ។ មួយ​វិញ​ទៀត ដោយ​លោក​មើល​ឃើញ​អំពី​គោលនយោបាយ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ល្អ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​ការ​គ្រប់គ្រង​តំបន់ និង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​តំបន់​ជនបទ​ដាច់ស្រយាល​ការពារ​ធម្មជាតិ​ទូទាំង​ប្រទេស រួម​ទាំង​ការងារ​ជួយ​គាំទ្រ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ផង​ដែរ។

ក្រោយពី​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ បុរស​ខ្លាំង​កាន់​អំណាច​ត​ពូជ​នៅ​កម្ពុជា គឺ​លោក ហ៊ុន សែន បាន​ស្វាគមន៍​លោក សាម អ៊ីន ហើយ​ថា​នឹង​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ​ឲ្យ​តែងតាំង​លោក សាម អ៊ីន ជា​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ឲ្យ​ស្រប​តាម​ជំនាញ​ដែល​លោក​មាន​និង​អាច​ធ្វើ​បាន បន្ទាប់ពី​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​របស់​លោក។

ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉េង វីរៈ បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា លោក​មិន​ធ្វើការ​បកស្រាយ​ទាក់ទង​នឹង​សមាសភាព​របស់​សមាជិក​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​នេះ​ឡើយ ដោយសារ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​គោរព​សិទ្ធិមនុស្ស សិទ្ធិ​បុគ្គល​ក្នុង​ការ​ធ្វើ​នយោបាយ។ មួយ​វិញ​ទៀត ទោះបីជា​សមាជិក​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​នេះ​ចាកចេញ​ជា​បន្តបន្ទាប់​ក្ដី ប៉ុន្តែ​គណបក្ស​មិន​ជេរ មិន​លាប​ពណ៌ មិន​យក​រឿង​ផ្ទាល់ខ្លួន​ដើម្បី​មក​លេង​ល្បែង​នយោបាយ​ទេ។

លោក​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ការ​ចាកចេញ​ពី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​របស់​លោក សាម អ៊ីន ហើយ​ទៅ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា តែ​ការ​ចាកចេញ​នេះ លោក យ៉េង វីរៈ ថា​វា​ក៏​ជា​ការ​ជំរុញ​ឲ្យ​លោក​ខិតខំ​ប្រឹងប្រែង​ទ្វេដង​ក្នុង​ការ​បំពេញ​តួនាទី​ជា​ប្រធាន​គណបក្ស ដើម្បី​សម្រេច​គោលបំណង និង​គោលនយោបាយ គឺ​ស្ដារ​ឡើងវិញ​នូវ​គោលការណ៍​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ចាប់ផ្តើម​ពី​ការ​បង្កើត​សំឡេង​របស់​គណបក្ស​នៅ​តាម​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​សភា​ជាតិ។

លើស​ពី​នេះ​ទៅ​ទៀត លោក​អំពាវនាវ​ឲ្យ​សមាជិក​នៅ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ទាំងអស់ ត្រូវ​រក្សា​ជំហរ​ឲ្យ​រឹងមាំ​សម្រាប់​បេក្ខជន​ដែល​មាន​ស្នាដៃ​នៅ​តាម​ក្រុមប្រឹក្សា​ឃុំ​ដែល​ទើប​ជាប់​ឆ្នោត និង​អនុវត្ត​តួនាទី​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​អាណត្តិ​ទី​៥ នេះ។

គិត​មក​ដល់​បច្ចុប្បន្ន ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ចំនួន ២​នាក់ និង​សមាជិក​ម្នាក់ ក្នុង​នោះ​អតីត​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គឺ​បណ្ឌិត យ៉ង សាំងកុមារ លោក សាម អ៊ីន និង​លោក ឡឹក សុធារ បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ស្របពេល​ដែល​បុរស​ខ្លាំង​ក្រាញ​អំណាច​រូប​នេះ​កំពុងតែ​រៀបចំ​ផ្ទេរ​អំណាច​ឲ្យ​លោក ហ៊ុន ម៉ាណែត កូនប្រុស​ច្បង​ជា​នាយករដ្ឋមន្ត្រី​បន្ត​វេន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស