ក្រុមអ្នកវិភាគឯករាជ្យ លើកឡើងថា ការសម្រេចតែងតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខជនឈរឈ្មោះតំណាងរាស្ត្រនៅពេលនេះជាសញ្ញាប្រាប់ថា ការផ្ទេរអំណាចអាចនឹងត្រូវធ្វើឡើងយ៉ាងយូរត្រឹមឆ្នាំ២០២៥ ប៉ុណ្ណោះ។
អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣ មេសា នេះថា ការសម្រេចតែងតាំងឱ្យលោក ហ៊ុន ម៉ាណែត ឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនៅទីក្រុងភ្នំពេញ គឺជាផែនការរៀបចំមូលដ្ឋានបក្ខពួកកសាងអំណាចនៅភ្នំពេញឱ្យរឹងមាំ ក្នុងផែនការក្តោបក្តាប់មន្ទីរឃុំឃាំងព្រៃស ដើម្បីកម្ចាត់អ្នកដែលត្រូវគេសង្ស័យថាជាឆ្អឹងទទឹងកក្នុងផែនការស្នងអំណាចរបស់ខ្លួន។
លោកបន្តថា ផែនការនេះគឺដូចគ្នានឹងផែនការ ប៉ុល ពត ដែលក្តោបក្តាប់មន្ទីរឃុំឃាំង «ស២១» ឬ «គុកទួលស្លែង» កណ្តាលទីក្រុងភ្នំពេញ ដើម្បីកម្ចាត់មេកម្មាភិបាលខ្មែរក្រហមដែលជាឧបសគ្គក្នុងការក្តោបក្តាប់អំណាចរបស់ខ្លួនដូច្នោះដែរ។
លោក គឹម សុខ លើកឡើងថា ការតែងតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខជនតំណាងរាស្ត្រនៅពេលនេះ គឺបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលបានហាមឃាត់មិនឱ្យមន្ត្រីកងកម្លាំងប្រដាប់អាវុធឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ ខណៈលោក ហ៊ុន ម៉ាណែត នៅពេលនេះកំពុងកាន់តួនាទីជាច្រើនក្នុងជួរកងទ័ពទៅហើយនោះ។
កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានចេញសេចក្តីសម្រេចតែងតាំងកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដែលជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រីបក្សកាន់អំណាចដ៏ចម្រូងចម្រាស ឱ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រសម្រាប់អាណត្តិទី៧ ក្នុងឆ្នាំ២០២៣ លំដាប់លេខរៀងទី១ នៅមណ្ឌលភ្នំពេញ ក្នុងចំណោមបេក្ខជនពេញសិទ្ធិ ១១រូបផ្សេងទៀត ដូចជាលោក ប៉ា សុជាតិវង្ស ស្ថិតក្នុងជួរលេខរៀងទី២ លោក អ៊ិត សំហេង ស្ថិតក្នុងជួរលេខរៀងទី៣ និងលោក ម៉ម ប៊ុនហេង ស្ថិតក្នុងជួរលេខរៀងទី៤ ជាដើម។
ក្រៅពីសម្រេចតែងតាំងលោក ហ៊ុន ម៉ាណែត ឱ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនៅមណ្ឌលភ្នំពេញ លោក ហ៊ុន សែន ដែលជាឪពុក បានចេញសេចក្ដីសម្រេចផ្សេងមួយទៀតនៅថ្ងៃទី៣០ ខែមីនា ដដែល ផ្លាស់ប្ដូរលោក ហ៊ុន ម៉ាណែត ពីអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម មកជាអនុប្រធានក្រុមការងារចុះមូលដ្ឋាននៅរាជធានីភ្នំពេញវិញផងដែរ។
ច្បាប់ស្ដីពីការជ្រើសតាំងតំណាងរាស្ត្រមាត្រា២៤ ចែងថា មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទក្នុងមុខតំណែង មិនត្រូវបានអនុញ្ញាតឱ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រឡើយ។
ចំណែកមាត្រា២៥ ចែងថា មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ បើចង់ឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ ត្រូវតែសុំច្បាប់ឈប់ពិសេសជាកំហិត។
លោក ហ៊ុន ម៉ាណែត នៅពេលនេះក្រៅពីមានតំណែងជាន់ខ្ពស់នៅក្នុងជួរគណបក្សប្រជាជនកម្ពុជា ក៏កាន់តំណែងជាន់ខ្ពស់នៅក្នុងជួរយោធាផងដែរ ដែលមានតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទផង ជាមេបញ្ជាការកងទ័ពជើងគោកផង ជាមេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្មផង និងជាមេបញ្ជាការរងកងអង្គរក្សផងដែរ។ ជាងនេះទៀត លោក ហ៊ុន ម៉ាណែត ក៏ទើបតែត្រូវដំឡើងឋានៈជាថ្នាក់នាយឧត្តមសេនីយ៍ផ្កាយមាស៤ កាលពីពេលថ្មីៗនេះថែមទៀត។
ទាក់ទិននឹងបញ្ហានេះ អង្គការ គ្លប៊ល វីនេស អះអាងថា ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សព្វថ្ងៃនេះបានបែងចែកគ្នាកាន់តួនាទីធំៗក្នុងជួររដ្ឋាភិបាលឯកបក្សរបស់លោកទាំងអស់ ដូចជា៖
- លោក ហ៊ុន សែន កាន់តំណែងជានាយករដ្ឋមន្ត្រី
- អ្នកស្រី ប៊ុន រ៉ានី កាន់តំណែងជាប្រធានកាកបាទក្រហម
- លោក ហ៊ុន ម៉ាណែត កាន់តំណែងជាអគ្គមេបញ្ជាការកងទ័ពជើងគោក
- លោក ហ៊ុន ម៉ានី កាន់តួនាទីជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា
- និងលោក ហ៊ុន ម៉ានិត កាន់តួនាទីជាប្រធាននាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ ជាដើម។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ មេដឹកនាំខ្មែរកាងអំណាចតត្រកូល លោក ហ៊ុន សែន អះអាងថា ការដំឡើងឋានន្តរស័ក្តិឱ្យកូនប្រុសបង្កើតខ្លួនឯងដែលត្រៀមស្នងមរតកអំណាចពីខ្លួន គឺលោក ហ៊ុន ម៉ាណែត គឺជាផែនការឆ្ពោះទៅរកការក្តោបក្តាប់អំណាចដើម្បីគ្រប់គ្រងអំណាចជានាយករដ្ឋមន្ត្រីនាពេលខាងមុខនេះ។
លោក ហ៊ុន សែន គំរាមថា គ្មាននរណាអាចរារាំងផែនការនេះបានឡើយ៕