28 C
Phnom Penh

ស្ទង់មតិ៖ បុរស​៧​នាក់​ក្នុង​ចំណោម​១០​នាក់​សេព​គ្រឿង​ស្រវឹង​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បើ​តាម​ការ​ស្ទង់មតិ​របស់​ក្រសួង​សុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត បាន​បង្ហាញ​ថា បុរស ៧​នាក់​ក្នុង​ចំណោម ១០​នាក់ ឬ​ស្មើ​នឹង ៧០% សេព​គ្រឿង​ស្រវឹង​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​លើ​ស្ត្រី​ដែល​ជា​ដៃគូ​បន្ទាប់ពី​សេព​គ្រឿង​ស្រវឹង។

យោង​តាម​របាយការណ៍​ស្ដីពី​ការ​អង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា ឆ្នាំ​២០២១-២០២២ ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា ក្នុង​មួយ​ខែ​បុរស​ចំនួន ១០% បាន​ពិសា​គ្រឿង​ស្រវឹង​ជា​រៀងរាល់​ថ្ងៃ ឬ​ស្ទើរតែ​រាល់​ថ្ងៃ។

ចំណែក​ចំនួន ៦០% បាន​សេព​គ្រឿង​ស្រវឹង​ចន្លោះ​ពី ១​ថ្ងៃ​ទៅ ៥​ថ្ងៃ ហើយ​ចំនួន ១៨% ទៀត ពិសា​គ្រឿង​ស្រវឹង ៦​ថ្ងៃ​ទៅ ១០​ថ្ងៃ និង​ចំនួន ១២% បាន​ពិសា​គ្រឿង​ស្រវឹង​ចន្លោះ​ពី ១១​ថ្ងៃ​ទៅ ២៤​ថ្ងៃ។

ការ​ស្ទង់មតិ​ថ្មី​មួយ​ដែល​ធ្វើឡើង​ដោយ​ក្រសួង​សុខាភិបាល និង​ស្ថាប័ន​រដ្ឋាភិបាល​ពាក់ព័ន្ធ​ផ្សេង​ទៀត បង្ហាញ​ថា បុរស ៧​នាក់​ក្នុង​ចំណោម ១០​នាក់​ដែល​ស្មើ​ប្រមាណ ៧០% សេព​គ្រឿង​ស្រវឹង។ បើ​ធៀប​នឹង​ស្ត្រី​វិញ គឺ​មាន​ស្ត្រី​ចំនួន ១៦% ពិសា​គ្រឿង​ស្រវឹង ដែល​ក្នុង​នោះ​ស្ត្រី​ភាគច្រើន​សេព​គ្រឿង​ស្រវឹង​ពី ១ ទៅ ៥​ថ្ងៃ​នៅ​ក្នុង​មួយ​ខែ។

ចំពោះ​ស្ត្រី​នៅ​ទីប្រជុំជន សេព​គ្រឿង​ស្រវឹង​ច្រើន​ភាគរយ​ជាង​ស្ត្រី​នៅ​តាម​ទី​ជនបទ រីឯ​បុរស​នៅ​តាម​ទី​ជនបទ និង​ទីក្រុង​ការ​សេព​គ្រឿង​ស្រវឹង​គឺ​មិន​មាន​ភាព​ខុស​គ្នា​នោះ​ឡើយ។

ការ​ស្ទង់មតិ​ដដែល​បញ្ជាក់​ថា បញ្ហា​សេព​គ្រឿង​ស្រវឹង​ក៏​បាន​ធ្វើ​ឲ្យ​ស្ត្រី​រហូត​ដល់ ៥០% ទទួល​រង​អំពើ​ហិង្សា​ពី​ស្វាមី ឬ​ដៃគូ​ស្និទ្ធស្នាល​ដែល​សេព​គ្រឿង​ស្រវឹង​ផង​ដែរ។

ទោះបីជា​គ្រឿង​ស្រវឹង​បង្ក​ផល​ប៉ះពាល់​ដល់​សង្គម​ជាតិ​ក៏ដោយ ប៉ុន្តែ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន មិន​បាន​ជំរុញ​ឲ្យ​ពន្លឿន​ការ​អនុម័ត​ច្បាប់​ស្ដីពី​គ្រឿង​ស្រវឹង​ឡើយ។ មួយ​វិញ​ទៀត រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ក៏​បាន​បើក​ដៃ​ឲ្យ​ក្រុមហ៊ុន​ស្រាបៀ​ផ្សាយ​យ៉ាង​ទូលំទូលាយ​ដោយ​មាន​តារា​ល្បីៗ​ចូលរួម ដែល​ការ​ជំរុញ​ឲ្យ​យុវជន និង​ពលរដ្ឋ​សេព​គ្រឿង​ស្រវឹង ខណៈ​មន្ត្រី​តាម​ក្រសួង និង​ខេត្ត បាន​នាំគ្នា​ផ្សព្វផ្សាយ​ថែម​ទៀត។

មិន​ត្រឹមតែ​មន្ត្រី​ទេ សូម្បី​លោក ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​ក៏​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​សេព​គ្រឿង​ស្រវឹង​ដែរ។

ការ​មិន​ទប់ស្កាត់ និង​ជំរុញ​ឲ្យ​ពលរដ្ឋ​សេព​គ្រឿង​ស្រវឹង ដោយសារតែ​ក្រុមហ៊ុន​ស្រាបៀ​នៅ​កម្ពុជា​ជា​របស់​គ្រួសារ​ត្រកូល​ហ៊ុន ជាពិសេស​គឺ​អ្នកស្រី ហ៊ុន ម៉ាណា។

បើ​តាម​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង ដែល​ក្រសួង​សុខាភិបាល​រៀបចំ​ឡើង​កាលពី​ឆ្នាំ​២០១៥ គឺ​មាន ១១​ជំពូក និង ៣៩​មាត្រា។ មាត្រា​១ និង​មាត្រា​២ នៃ​សេចក្តី​ព្រាងច្បាប់​នេះ​អះអាង​ថា រៀបចំ​ឡើង​ក្នុង​គោលបំណង និង​គោលដៅ​ដើម្បី​ការពារ​សុខភាព​សាធារណៈ និង​កាត់បន្ថយ​ផល​ប៉ះពាល់​សេដ្ឋកិច្ច និង​សង្គម។ លើស​ពី​នេះ ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង និង​ការ​ចូលរួម​របស់​សាធារណជន​អំពី​គ្រោះថ្នាក់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង។

សេចក្តី​ព្រាងច្បាប់​នេះ​ក៏​មាន​គោលដៅ​សហការ​ជាមួយ​បណ្តា​ក្រសួង ស្ថាប័ន​ជាតិ និង​អន្តរជាតិ អង្គការ​ដៃគូ​នានា ដើម្បី​ជំរុញ​ការ​អប់រំ និង​កាត់បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​កម្ពុជា។

ចំណែក​មាត្រា​១២ វិញ ក៏​បាន​ហាមឃាត់​ការ​លក់ដូរ ឬ​ចែកចាយ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ចំពោះ​ជន​ដែល​មាន​អាយុ​ក្រោម ២១​ឆ្នាំ ស្ត្រី​មាន​គភ៌ និង​ជន​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្រវឹង​មិន​អាច​គ្រប់គ្រង​ខ្លួនឯង​បាន ជាដើម។

សេចក្តី​ព្រាងច្បាប់​ដដែល​ក៏​បាន​កំណត់​ពី​ទោស​ទណ្ឌ​អ្នក​ប្រព្រឹត្ត​ខុស ដោយ​អាច​ជាប់​ពន្ធនាគារ​ពី ៦​ថ្ងៃ​ដល់ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន (១០០០០០០) រៀល​រហូត​ដល់ ២០​លាន (២០០០០០០០) រៀល ហើយ​បើ​ករណី​មិន​រាងចាល នឹង​ត្រូវ​អនុវត្ត​ទោស​ទ្វេដង​ផង​ដែរ។

បើ​តាម​ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​ប្រធាន​ប្ដូរ​វេន​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ លោក ពេជ្រ ស្រស់ បាន​និយាយ​កាលពី​ខែ​មិថុនា ឆ្នាំ​២០១៩ ថា ក្រសួង​សុខាភិបាល​បាន​សម្រេច​លុប​ចោល​សេចក្ដី​ព្រាងច្បាប់​ត្រួតពិនិត្យ​គ្រឿង​ស្រវឹង ដោយ​ថា​ក្រសួង​បាន​ដាក់​បញ្ចូល​សេចក្ដី​ព្រាងច្បាប់​នេះ​ទៅ​ក្នុង​ច្បាប់​មួយ​ទៀត​របស់​ក្រសួង​ពាណិជ្ជកម្ម​វិញ។ ដូច្នេះ លោក​ថា​មិន​មាន​សេចក្តី​ព្រាងច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​ទៀត​នោះ​ឡើយ។

ទោះបីជា​យ៉ាង​នេះ​ក្តី ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​សម្ដែង​ការ​សោកស្តាយ ត្បិត​សេចក្តី​ព្រាងច្បាប់​នេះ​មិន​ទាន់​ចេញ​ជា​រូបរាង​នៅឡើយ និង​ត្រូវ​បាន​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន លុប​ចោល​ថែម​ទៀត​ផង​កាលពី​ឆ្នាំ​២០១៩៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស