26 C
Phnom Penh

មន្ត្រី​វៀតណាម​ជាប់​ខេត្ត​ស្ទឹងត្រែង​ស្នើសុំ​អភិបាល​ខេត្ត​រក្សា​ចំណង​មិត្តភាព​ខេត្ត​ទាំង​ពីរ​ឱ្យ​កាន់តែ​ប្រសើរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​ខេត្ត​យ៉ាឡាយ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម អបអរ​សាទរ និង​ជូនពរ​អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ស្វាយ សំអ៊ាង ដែល​ជា​ខេត្ត​មួយ​ស្ថិត​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ដូច​គ្នា ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នៅ​ពេលនេះ។

អនុ​លេខា​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​បក្ស​ខេត្ត​យ៉ាឡាយ លោក ចូវ ង៉ុកទ័ន បាន​លើកឡើង​ក្នុង​ជំនួប​ជាមួយ​អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ស្វាយ សំអ៊ាង កាលពី​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២៣ នេះ​ថា កម្ពុជា-វៀតណាម​ជា​មិត្ត​ដែល​មាន​ទំនាក់ទំនង​ល្អ​លើ​គ្រប់​វិស័យ ជាពិសេស​មាន​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​សាមគ្គី​ប្រយុទ្ធ​ជាមួយ​សត្រូវ​រួម​នៅ​ក្នុង​សម័យ​សង្គ្រាម​នា​ពេល​កន្លងមក​ផង​ដែរ។

គណៈកម្មាធិការ​បក្ស​ខេត្ត​យ៉ាឡាយ​រូប​នេះ​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង រក្សា​ទំនាក់ទំនង កិច្ច​សហប្រតិបត្តិការ និង​ចំណង​មិត្តភាព​របស់​ខេត្ត​ទាំង​ពីរ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ទ្វេ​ឡើង ដើម្បី​ភាព​សុខសាន្ត និង​ការ​រីកចម្រើន​ចំពោះ​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៃ​ខេត្ត​ទាំង​ពីរ​បន្ថែម​ទៀត។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ មន្ត្រី​ជាន់ខ្ពស់​នៃ​ខេត្ត​យ៉ាឡាយ​របស់​វៀតណាម និង​ខេត្ត​ស្ទឹងត្រែង​របស់​កម្ពុជា បាន​ជួប​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​រវាង​ខេត្ត​ទាំង​ពីរ ក្នុង​នោះ​អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ស្វាយ សំអ៊ាង ចាត់ទុក​ថា​ការ​ជួប​ពិភាក្សា សួរ​សុខទុក្ខ​ពី​សំណាក់​មន្ត្រី​ជាន់ខ្ពស់​ខេត្ត​យ៉ាឡាយ នេះ គឺជា​ការ​បង្ហាញ​ពី​ទំនាក់ទំនង​ល្អ និង​ចំណង​មិត្តភាព​យូរ​អង្វែង ហើយ​ក៏​ដើម្បី​ធ្វើ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ប្រសើរ​រវាង​ខេត្ត​ទាំង​ពីរ​ទៅ​ថ្ងៃ​មុខ​ដែរ។

លោក ស្វាយ សំអ៊ាង បញ្ជាក់​ថា កម្ពុជា-វៀតណាម តែង​មាន​ទំនាក់ទំនង​ល្អ​ជា​ប្រពៃណី ដែល​នឹង​បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ​ឱ្យ​បន្ត​នូវ​ទំនាក់ទំនង​ដ៏​ល្អ​នេះ ដើម្បី​ឱ្យ​ចំណង​មិត្តភាព​រវាង​កម្ពុជា-វៀតណាម​កាន់តែ​រឹងមាំ​ទៅ​ថ្ងៃ​មុខ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ មេសា នេះ​ថា ការ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ជិតខាង គឺជា​រឿង​ដែល​កម្ពុជា​ត្រូវតែ​ធ្វើ ប៉ុន្តែ​រដ្ឋាភិបាល និង​អាជ្ញាធរ​កម្ពុជា​ក៏​ត្រូវតែ​គិត​ពី​ផលប្រយោជន៍​របស់​ខ្លួន​ក្នុង​ទំនាក់ទំនង​នោះ​ដែរ ព្រោះ​ថា​វៀតណាម​បាន​កេង​យក​ផលប្រយោជន៍​ជាច្រើន​ពី​ខេត្ត​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចូល​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ដូចជា​ខេត្ត​ស្ទឹងត្រែង សព្វថ្ងៃ​នេះ​ជាដើម។

លោក ម៉ែន ណាត ព្រមាន​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ដក​ខ្លួន​ចេញពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (Development Triangle Area) ជាដាច់ខាត ព្រោះ​គម្រោង​នេះ​គ្រាន់តែ​ជា​ផែនការ​របស់​វៀតណាម ដើម្បី​ឈ្លានពាន​ព្រំដែន សេដ្ឋកិច្ច និង​នយោបាយ​ប្រជាសាស្ត្រ​របស់​ពួកគេ​មក​លើ​កម្ពុជា​ប៉ុណ្ណោះ ខណៈ​កម្ពុជា​នឹង​មិន​ទទួល​បាន​ផល​ចំណេញ​ពី​គម្រោង​នេះ​ឡើយ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ក្នុង​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ​មាន​តែ​ជនជាតិ​វៀតណាម​ប៉ុណ្ណោះ​ដែល​ដើរតួ​ជា​ឈ្មួញ​កាន់​គម្រោង​អភិវឌ្ឍន៍​ធំៗ​លើ​ទឹកដី​កម្ពុជា ស្រប​ពេល​ដែល​រដ្ឋាភិបាល​ខ្មែរ​បាន​សម្បទាន​ដី​រាប់​ពាន់​ហិកតារ​ឱ្យ​ពួកគេ ខណៈ​ដី​របស់​វៀតណាម​ដែល​បាន​ដាក់​ជា​ចំណុះ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ មិនទាន់​មាន​ជនជាតិ​ខ្មែរ​ណា​ម្នាក់​មាន​សិទ្ធិ​គ្រប់គ្រង ឬ​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​វៀតណាម សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​នោះ​ឡើយ​កន្លងមក។

ខេត្ត​ស្ទឹងត្រែង​របស់​កម្ពុជា និង​ខេត្ត​យ៉ាឡាយ​របស់​វៀតណាម គឺជា​ខេត្ត​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ដាក់​ចូល​ទៅ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ឬ​ហៅថា CLV ដែល​បាន​ព្រមព្រៀង​គ្នា​បង្កើត​ឡើង​កាលពី​ឆ្នាំ​១៩៩៩ កន្លងទៅ ខណៈ​ខេត្ត​ក្រចេះ រតនគិរី និង​មណ្ឌលគិរី របស់​កម្ពុជា និង​ខេត្ត​កនតុម ដាក់ឡាក់ និង​ខេត្ត​ប៊ិញភឿក របស់​វៀតណាម រួម​ជាមួយ​ខេត្ត ៤ ផ្សេង​ទៀត​របស់​ឡាវ ក៏​ត្រូវ​ដាក់​បញ្ចូល​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ​ដែរ។

ទិន្នន័យ​សង្គម​ស៊ីវិល​បង្ហាញ​ថា ខេត្ត​ទាំង​៤ របស់​កម្ពុជា​ដែល​បាន​ដាក់​ចូល​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ​មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ​តែ ៥០​ម៉ឺន​នាក់​ប៉ុណ្ណោះ ខណៈ​ខេត្ត​ទាំង​៤ របស់​ប្រទេស​ឡាវ មាន​ប្រជាជន​ប្រមាណ ៧០​ម៉ឺន​នាក់ ដោយឡែក​ខេត្ត​ទាំង​៤ របស់​ប្រទេស​វៀតណាម មាន​ប្រជាជន​សរុប​ដល់​ទៅ​ជាង ៧​លាន​នាក់​ឯណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​អ្នក​ឃ្លាំមើល​កម្ពុជា ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ខ្លួន​ចេញពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ​ជាបន្ទាន់ ដើម្បី​អភិវឌ្ឍ​ខ្លួនឯង​ឱ្យ​រឹងមាំ​ជា​មុន​សិន ចាំ​គិតគូរ​ពិចារណា​រឿង​ការ​អភិវឌ្ឍ​រួម​គ្នា​នេះ​ឡើងវិញ ដើម្បី​បញ្ចៀស​ហានិភ័យ​នានា ឬ​គ្រោះថ្នាក់​ធ្វើ​ឱ្យ​បាត់បង់​ព្រំដែន​កម្ពុជា​ទៅ​ថ្ងៃ​ក្រោយ​បន្ថែម​ទៀត។

ខេត្ត​ស្ទឹងត្រែង មាន​ព្រំដែន​ជាប់​ជាមួយ​ខេត្ត​២ របស់​ប្រទេស​ឡាវ គឺ​ខេត្ត​ចាំប៉ាសាក់ និង​ខេត្ត​អត្តពើ ក្នុង​នោះ​ព្រំដែន​ដែល​ជាប់​ជាមួយ​ខេត្ត​ចាំប៉ាសាក់ មាន​ប្រវែង ១៦៦​គីឡូម៉ែត្រ និង​ជាប់​ជាមួយ​ខេត្ត​អត្តពើ មាន​ប្រវែង ៩១​គីឡូម៉ែត្រ ខណៈ​ស្រុក ក្រុង ដែល​នៅ​ជាប់​ព្រំដែន​ជាមួយ​ឡាវ មាន​ដូចជា​ក្រុង​ស្ទឹងត្រែង ស្រុក​ថាឡាបរិវ៉ាត់ និង​ស្រុក​សៀមប៉ាង ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស