30 C
Phnom Penh

ការ​បើក​ឆាក​ប្រយុទ្ធ​គ្នា​នៅ​ស៊ូដង់​ប្រហារ​ជីវិត​មនុស្ស​ជិត​២០០​នាក់​ខណៈ​ការ​ប្រយុទ្ធ​នៅតែ​បន្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព និង​កងកម្លាំង​ប៉ារ៉ា​ដែល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍​គូប្រជែង​នឹង​គ្នា បាន​ចូល​ដល់​ថ្ងៃទី​៤ ហើយ បើ​គិត​ដល់​ថ្ងៃ​អង្គារ ទី​១៨ ខែ​មេសា នេះ ដែល​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​កើន​ជិត ២០០​នាក់។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Sundans Post។

អំពើ​ហិង្សា​បាន​ផ្ទុះឡើង​តាំងពី​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​មេសា បន្ទាប់ពី​ការ​តស៊ូ​អំណាច​ជាច្រើន​សប្តាហ៍​រវាង​មេទ័ព​ទាំង​ពីរ ដែល​រួម​កម្លាំង​គ្នា​ដណ្ដើម​អំណាច​នៅ​ក្នុង​រដ្ឋប្រហារ​ឆ្នាំ​២០២១ ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល។

មេទ័ព​ស៊ូដង់​ទាំង​ពីរ​ដែល​ដឹកនាំ​ទ័ព​ប្រយុទ្ធ​គ្នា គឺ​ឧត្តមសេនីយ៍ Abdel Fattah al-Burhan អគ្គមេបញ្ជាការ​កងទ័ព​ស៊ូដង់ និង​អនុប្រធាន​របស់​លោក គឺ​ឧត្តមសេនីយ៍ Mohamed Hamdan Daglo ដែល​ជា​មេបញ្ជាការ​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​ហៅ​កាត់ RSF។

ការ​វាយ​ប្រយុទ្ធ​គ្នា​នេះ ក៏​មាន​ការ​វាយប្រហារ​តាម​អាកាស និង​ការ​វាយប្រហារ​ដោយ​កងរថក្រោះ រួម​ទាំង​អន្តរាគមន៍​ដោយ​ការ​បាញ់​កាំភ្លើង​ធំ​នៅ​ក្នុង​រដ្ឋធានី Khartoum និង​ទីក្រុង​ផ្សេង​ទៀត​នៅ​ទូទាំង​ប្រទេស​ស៊ូដង់។

ជាមួយ​នឹង​ការ​ប្រយុទ្ធ​គ្នា​ដែល​មិន​បង្ហាញ​សញ្ញា​នៃ​ការ​ធូរស្រាល ឧត្តមសេនីយ៍ Hamdan Daglo បាន​អំពាវនាវ​ឱ្យ​មាន​អន្តរាគមន៍​ពី​អន្តរជាតិ​ប្រឆាំង​នឹង​ឧត្តមសេនីយ៍ Fattah al- Burhan។ ឧត្តមសេនីយ៍ Hamdan Daglo បាន​ហៅ​ឧត្តមសេនីយ៍ Fattah al- Burhan ថា​ជា​ក្រុម​ជ្រុលនិយម​ទម្លាក់​គ្រាប់បែក​លើ​ជនស៊ីវិល​ដោយ​ការ​វាយប្រហារ​ពី​ទ័ព​អាកាស។

ដោយឡែក​ឧត្តមសេនីយ៍ Burhan អះអាង​ថា លោក​មាន​ការ​ភ្ញាក់ផ្អើល​ដែល​កងកម្លាំង​គាំទ្រ​របស់​ក្រុម RSF បាន​វាយប្រហារ​រដ្ឋធានី Khartoum។ លោក​ថា លោក​តំណាង​ឱ្យ​កងទ័ព​រដ្ឋាភិបាល​ស៊ូដង់​ទាំងមូល។

ចំណែកឯ​ឧត្តមសេនីយ៍ Hamdan Daglo បាន​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន Al Arabiya ថា ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​រដ្ឋធានី Khartoum និង​ទីក្រុង​ផ្សេង​ទៀត​នៅ​ទូទាំង​ប្រទេស​ស៊ូដង់ អាច​បន្ត​ច្រើន​ថ្ងៃ​ទៀត។

អ្នក​សង្កេតការណ៍​បាន​ហៅ​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​ទ័ព​ទាំង​ពីរ បាន​ទាញ​ទៅ​រក​ការ​ព្រួយបារម្ភ​អំពី​ការ​ធ្លាក់​ទៅ​រក​សង្គ្រាម​ស៊ីវិល បើ​ភាគី​ទាំង​ពីរ​មិន​អាច​បន្ថយ​ភាព​តានតឹង​បាន​នោះ។

អំពើ​ហិង្សា​បាន​បង្ខំ​ប្រជាជន​លាក់​ខ្លួន​នៅ​ក្នុង​ផ្ទះ​ជាមួយ​នឹង​ការ​ភ័យខ្លាច​នៃ​ការ​អូស​បន្លាយ​ជម្លោះ ដែល​អាច​ធ្វើ​ឱ្យ​ប្រទេស​មួយ​នេះ​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​វឹកវរ​កាន់តែ​ជ្រៅ ដោយ​ធ្វើ​ឱ្យ​បាត់បង់​ក្តី​សង្ឃឹម​នៃ​ការ​វិលត្រឡប់​ទៅ​រក​ការ​គ្រប់គ្រង​ស៊ីវិល​វិញ ក្រោយពី​ប្រទេស​នៅ​អាហ្វ្រិក​មួយ​នេះ​បញ្ចប់​ការ​ដឹកនាំ​ផ្ដាច់ការ​របស់​ប្រធានាធិបតី Omar Hassan Ahmad al-Bashir នៅ​ឆ្នាំ​២០១៩។

តំណាង​ពិសេស​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​ស៊ូដង់ បាន​ឱ្យ​ដឹង​ថា មនុស្ស​យ៉ាងតិច​ជិត ២០០​នាក់​ត្រូវ​បាន​សម្លាប់ និង​ជាង ១៨០០​នាក់​ផ្សេង​ទៀត​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រយុទ្ធ​ដណ្ដើម​អំណាច​គ្នា​រវាង​ឧត្តមសេនីយ៍​ពីរ​រូប​ក្នុង​ប្រទេស​ស៊ូដង់ រយៈពេល ៤​ថ្ងៃ​មក​នេះ។

លោក Volker Perthes បាន​ឱ្យ​ដឹង​ទៀត​ថា ស្ថានភាព​នៅ​ពេលនេះ​កាន់តែ​ធ្ងន់ធ្ងរ ដោយសារតែ​គូ​ជម្លោះ​មិន​បាន​បង្ហាញ​សញ្ញា​ចង់​ចរចា ឬ​ទទួលយក​ការ​សម្របសម្រួល​បញ្ចប់​ជម្លោះ​នឹង​គ្នា​នោះ​ទេ។

នៅ​ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​រដ្ឋធានី Khartoum មាន​សេចក្ដី​រាយការណ៍​ថា ស្ថានទូត​ពួក​បស្ចិម​ប្រទេស​មួយ​ចំនួន​រង​ការ​វាយប្រហារ​រហូត​ការ​វាយប្រហារ​ប៉ះ​ចំ​ក្បួន​រថយន្ត​ស្ថានទូត​សហរដ្ឋ​អាមេរិក​ទៀត​ផង។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក អាន់តូនី ប្លីនខិន បាន​ហៅ​សកម្មភាព​នោះ​ថា​ជា​ការ​មិន​ប្រុងប្រយ័ត្ន និង​គ្មាន​ទំនួល​ខុសត្រូវ។ លោក​ព្រមាន​ដោយ​ផ្ទាល់​ទៅ​មេដឹកនាំ​ក្រុម RSF ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ Mohamed Hamdan Dagalo និង​មេបញ្ជាការ​កងទ័ព​ស៊ូដង់​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ Abdel Fattah al-Burhan។ ប្រមុខ​ការទូត​អាមេរិក​រូប​នេះ​ព្រមាន​ថា ការ​វាយប្រហារ​នេះ​សម្រាប់​អាមេរិក​មិន​អាច​ទទួលយក​បាន​ឡើយ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ចេញពី​ប្រទេស​ជប៉ុន ទី​ដែល​កំពុង​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន G-7 លោក ប្លីនខិន ថ្លែង​ថា ក្រុង​វ៉ាស៊ីនតោន​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​បរិយាកាស​អសន្តិសុខ​ដ៏​ធ្ងន់ធ្ងរ​នៅ​ស៊ូដង់។

ការ​វាយ​ប្រយុទ្ធ​គ្នា​នេះ​បាន​នាំ​ឱ្យ​សហគមន៍​អន្តរជាតិ​ថ្កោលទោស​យ៉ាង​ខ្លាំង ក្នុង​នោះ​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប ចិន រុស្ស៊ី អេហ្ស៊ីប កាតារ អារ៉ាប៊ីសាអ៊ូឌីត អេមីរ៉ាតអារ៉ាប់រួម អង្គការ​សហប្រជាជាតិ និង​សហភាព​អាហ្វ្រិក ដោយ​បាន​អំពាវនាវ​ទៅ​មេទ័ព​ទាំង​ពីរ​ក្រុម ត្រូវ​បើក​ការ​ចរចា ហើយ​បញ្ឈប់​ហិង្សា​ជាបន្ទាន់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស