35 C
Phnom Penh

ប្រមុខ​ការទូត​អាមេរិក​ទៅ​ដល់​អ៊ីស្រាអែល​ជា​ថ្មី ខណៈ​អ៊ីស្រាអែល​ច្រាន​ចោល​រាល់​បទ​ឈប់​បាញ់​គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង Tel Aviv នៅ​ថ្ងៃ​សុក្រ ទី​៣ វិច្ឆិកា នេះ ដើម្បី​ស្វែងរក​ការ​ផ្អាក​ប្រយុទ្ធ​គ្នា​ជា​បណ្ដោះអាសន្ន ក្នុង​បុព្វហេតុ​មនុស្សធម៌​សម្រាប់​សង្គ្រាម​តំបន់​ហ្កាហ្សា បន្ទាប់ពី​អ៊ីស្រាអែល បាន​និយាយ​ថា កងកម្លាំង​របស់​ខ្លួន​បាន​ឡោមព័ទ្ធ​ទីក្រុង​ធំ​បំផុត​នៃ​ដែនដី​ប៉ាឡេស្ទីន​មួយ​នេះ​បាន​ហើយ។

វត្តមាន​នៃ​ប្រមុខ​ការទូត​អាមេរិកាំង​ជា​ថ្មី​ទៀត​នេះ​នៅ​លើ​ទឹកដី​អ៊ីស្រាអែល ចំ​ពេល​ដែល​សហគមន៍​អន្តរជាតិ​បង្កើន​ការ​ថ្កោលទោស​អ៊ីស្រាអែល ដែល​មិន​ព្រម​បញ្ឈប់​ការ​វាយប្រហារ​លើ​ដែនដី​ហ្កាហ្សា នៃ​ដែនដី​ប៉ាឡេស្ទីន ដែល​បណ្ដាល​ឱ្យ​ជនស៊ីវិល​ស្លាប់​កាន់តែ​កើន​ឡើង។

បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រជាជន​ប៉ាឡេស្ទីន ស្លាប់​កើន​ឡើង​ជាង ៩០០០​នាក់ ក្នុង​នោះ​កុមារ​ជាង ៣៧០០​នាក់ ក្នុង​សង្គ្រាម​សងសឹក​ពី​អ៊ីស្រាអែល ដែល​ចូល​ដល់​ថ្ងៃទី​២៦ នៅ​ថ្ងៃទី​៣ វិច្ឆិកា នេះ។

ពលរដ្ឋ​ជនជាតិ​អារ៉ាប់ ក្នុង​ប្រទេស​ជាច្រើន​នៅ​មជ្ឈិមបូព៌ា បាន​ធ្វើ​បាតុកម្ម​ដាក់​សម្ពាធ​រដ្ឋាភិបាល​របស់​ខ្លួន​ឲ្យ​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ីស្រាអែល។ កងទ័ព​អ៊ីស្រាអែល បន្ត​វាយប្រហារ​ឥត​ឈប់​ឈរ​ទាំង​ទ័ព​ជើងគោក ជើង​អាកាស និង​ជើង​ទឹក​ទៅ​លើ​តំបន់​ហ្កាហ្សា។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ កងទ័ព​អ៊ីស្រាអែល អះអាង​ថា កងកម្លាំង​របស់​ខ្លួន​បាន​ឡោមព័ទ្ធ​ទីក្រុង​ហ្កាហ្សា និង​កំពុង​បន្ត​រុល​ឆ្ពោះ​ទៅ​មុខ​ថែម​ទៀត ដែល​អ៊ីស្រាអែល​ថា​ក្នុង​គោលដៅ​បោស​សម្អាត​ពួក​ហាម៉ាស​ដែល​ជា​ក្រុម​ភេរវកម្ម។

ទូរទស្សន៍ ស៊ីអិនអិន (CNN) នៅ​ថ្ងៃទី​៣ វិច្ឆិកា ដោយ​ស្រង់​ព័ត៌មាន​ពី​ប្រភព​ស៊ើបការណ៍​យោធា​អាមេរិកាំង​ថា ប្រទេស​ស៊ីរី បាន​បញ្ជូន​មីស៊ីល​ដី-អាកាស​ធុន​ទំនើប SA-24 ផលិត​នៅ​រុស្ស៊ី អាច​បាញ់​ពី​លើ​ស្មា​មនុស្ស​ទៅ​ឲ្យ​ក្រុម​កម្លាំង​ប្រដាប់​អាវុធ Hezbollah ក្នុង​ប្រទេស​លីបង់។

លោក Blinken ដែល​ស្ថិត​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​២ ទៅ​កាន់​អ៊ីស្រាអែល ក្នុង​រយៈពេល​ជិត ១​ខែ​នៃ​សង្គ្រាម​វាយ​សងសឹក​របស់​អ៊ីស្រាអែល ដែល​តាម​ដំណឹង​មក​ថា ប្រមុខ​ការទូត​សហរដ្ឋ​អាមេរិក​រូប​នេះ​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu ដើម្បី​ស្វែងរក​ការ​កាត់បន្ថយ​ការ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជនស៊ីវិល​នៅ​តំបន់​ហ្កាហ្សា។

វត្តមាន​របស់​លោក Blinken ជា​ថ្មី​ម្ដង​ទៀត​នេះ ចំ​ពេល​ស្បៀងអាហារ ទឹក ប្រេងឥន្ធនៈ និង​ថ្នាំពេទ្យ​នៅ​សល់​ចំនួន​តិចតួច​បំផុត ដោយសារតែ​ការ​បិទ​ខ្ទប់​របស់​អ៊ីស្រាអែល និង​ជា​ទី​ដែល​អគារ​រាប់​ពាន់​ខ្នង​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ខ្ទេចខ្ទី​ដោយ​ការ​វាយប្រហារ​ពី​យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល។

សហរដ្ឋ​អាមេរិក​បាន​លើកឡើង​ថា សេតវិមាន​ចង់​ឱ្យ​មាន​ការ​ផ្អាក​ប្រយុទ្ធ​គ្នា​ណា​មួយ​ជា​បណ្ដោះអាសន្ន និង​អាស្រ័យ​តាម​ទីតាំង​នីមួយៗ ប៉ុន្តែ​សេតវិមាន​បាន​ច្រានចោល​ចំពោះ​ការ​អំពាវនាវ​ពី​ក្រុម​ប្រទេស​អារ៉ាប់ និង​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​ចង់​ឱ្យ​មាន​បទ​ឈប់​បាញ់​ទាំងស្រុង​ក្នុង​សង្គ្រាម​សងសឹក​របស់​អ៊ីស្រាអែល។

អ៊ីស្រាអែល បាន​បើក​ការ​វាយប្រហារ​សងសឹក​លើ​ដែនដី​ដែល​មាន​ប្រជាជន​ប៉ាឡេស្ទីន ២​លាន ៣​សែន​នាក់​នេះ ក្រោយពី​ក្រុម​ហាម៉ាស​បាន​លួច​វាយលុក​ទ្រង់ទ្រាយ​ធំ​លើ​ភាគ​ខាងត្បូង​ប្រទេស​អ៊ីស្រាអែល កាលពី​ថ្ងៃទី​៧ ខែ​តុលា ដោយ​បាន​សម្លាប់​ប្រជាជន​អ៊ីស្រាអែល ជាង ១៤០០​នាក់ ហើយ​ជនបរទេស​ជាង ២៤០​នាក់​ផ្សេង​ទៀត រួម​មាន​ពលរដ្ឋ​អ៊ីស្រាអែល ផង​ដែរ ត្រូវ​បាន​ពួក​ហាម៉ាស​ចាប់​ពង្រត់​ធ្វើ​ជា​ចំណាប់ខ្មាំង​នៅ​ក្នុង​ដែនដី​ហ្កាហ្សា។

ទោះជា​ប្រមុខ​ការទូត​សហរដ្ឋ​អាមេរិក ស្នើសុំ​ផ្អាក​ការ​វាយប្រហារ​ក្ដី តែ​មើល​ទៅ​អ៊ីស្រាអែល​មិន​ព្រម​ទេ។

នាយករដ្ឋមន្ត្រី នេតាន់យ៉ាហ៊ូ បាន​បដិសេធ​មិន​ទទួល​យក​បទ​ឈប់​បាញ់​ណា​ទាំងអស់ ដោយ​សន្យា​បន្ត​វាយលុក​លើ​តំបន់​ហ្កាហ្សា តាម​ផែនការ និង​ប្រកប​ដោយ​យុទ្ធវិធី​នៃ​សង្គ្រាម។

ចំណែក​ឯ​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ប្រកាស​ស្វែងរក​ជំនួយ​បន្ទាន់​ទំហំ​ទឹកប្រាក់ ១២០០​លាន​ដុល្លារ ដើម្បី​យក​ទៅ​ជួយ​ប្រជាជន​ប្រមាណ ២​លាន ៧​សែន​នាក់​នៅ​ឯ​តំបន់​ហ្កាហ្សា និង​ប្រជាជន​ដែល​រត់​ភៀស​ខ្លួន​ចេញពី​ហ្កាហ្សា និង​តំបន់ West Bank ដែល​នឹង​ចាត់ចែង​ដោយ​ការិយាល័យ​សម្រាប់​ការ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌ OCHA នៃ​អង្គការ​សហប្រជាជាតិ។

មេដឹកនាំ​លោក​ខាងលិច​យ៉ាងតិច​បួន​រូប​បាន​ទៅ​ជាន់​ទឹកដី​អ៊ីស្រាអែល ដោយ​បាន​ជួប​លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu មាន​លោក ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក វត្តមាន​លោក រីស៊ី ហ្សូណាក់ នាយករដ្ឋមន្ត្រី​អង់គ្លេស វត្តមាន​លោក Olaf Scholz អធិការបតី​អាល្លឺម៉ង់ និង​វត្តមាន​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ ពួកគាត់​បាន​លើកឡើង​ថា អ៊ីស្រាអែល​វាយប្រហារ​លើ​ពួក​ហាម៉ាស គឺជា​សង្គ្រាម​សងសឹក និង​សង្គ្រាម​ការពារ​ខ្លួន។

លោក បៃដិន សន្យា​គាំទ្រ​អ៊ីស្រាអែល ក្នុង​សង្គ្រាម​ប្រឆាំង​ពួក​ហាម៉ាស ដែល​ក្រុង​វ៉ាស៊ីនតោន ហៅថា​ជា​ក្រុម​ភេរវកម្ម ត្រូវតែ​បោស​សម្អាត។ តែ​ក្រុង​វ៉ាស៊ីនតោន ស្នើ​អ៊ីស្រាអែល​បន្ធូរ​ដៃ​ខ្លះ ប្រសិនបើ​ជនស៊ីវិល​ចេះ​តែ​ស្លាប់​មាន​ការ​កើន​ឡើង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស