29 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ថ្លែង​អរគុណ​ព្រះមហាក្សត្រ​ដែល​បាន​ដំឡើង​ឋានន្តរស័ក្តិ​ផ្កាយ​មាស​៤​ដល់​រូប​លោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនប្រុស​បង្កើត​របស់​លោក ហ៊ុន សែន ដែល​កំពុង​ត្រៀម​ស្នង​អំណាច​ពី​ឪពុក គឺ​លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​អំណរ​គុណ​ដល់​ព្រះមហាក្សត្រ​ខ្មែរ ថ្លែង​អំណរ​គុណ​ដល់​ឪពុក​របស់​លោក ដល់​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង​លោក វង្ស ពិសេន ជា​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​ផ្តល់​ទំនុកចិត្ត​ដំឡើង​ឋានន្តរស័ក្តិ​ជា​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤ ដល់​រូបលោក ដើម្បី​បំពេញ​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន។

នៅ​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២៣ នេះ ក្រសួង​ការពារ​ជាតិ​កម្ពុជា ប្រារព្ធ​ពិធី​បំពាក់​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​ដល់​លោក ហ៊ុន ម៉ាណែត ដែល​ជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ បន្ទាប់ពី​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ដំឡើង​ឋានន្តរសក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤ តាម​សំណើ​របស់​លោក ហ៊ុន សែន កាលពី​ពាក់កណ្តាល​ខែ​មីនា ឆ្នាំ​២០២៣ កន្លងទៅ​នេះ។

ជុំវិញ​ការ​ដំឡើង​ឋានន្តរស័ក្តិ​ដល់​លោក ហ៊ុន ម៉ាណែត នេះ កាលពី​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៣ មេដឹកនាំ​ខ្មែរ​កាង​អំណាច​ត​ត្រកូល លោក ហ៊ុន សែន បាន​អះអាង​ថា ការ​ដំឡើង​ឋានន្តរស័ក្តិ​ដល់​កូនៗ​របស់​លោក ដូចជា​លោក ហ៊ុន ម៉ាណែត ជាដើម គឺជា​ការ​បង្ហាញ​អំណាច​របស់​លោក​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​ដែល​លោក​ចង់​សំដៅ​ថា លោក​ចង់​ធ្វើ​អ្វី​ក៏​បាន​នៅ​ពេល​ដែល​លោក​កំពុង​កាន់​អំណាច​សព្វថ្ងៃ​នេះ។

លោក ហ៊ុន សែន អះអាង​ថា ការ​ដំឡើង​ឋានន្តរស័ក្តិ​ឱ្យ​កូនប្រុស​បង្កើត​ខ្លួនឯង​ដែល​ត្រៀម​ស្នង​មរតក​អំណាច​ពី​ខ្លួន គឺ​លោក ហ៊ុន ម៉ាណែត គឺជា​ផែនការ​ឆ្ពោះ​ទៅ​រក​ការ​ក្តោប​ក្តាប់​អំណាច​ដើម្បី​គ្រប់គ្រង​តំណែង​ជា​នាយករដ្ឋមន្ត្រី​នា​ពេល​ខាងមុខ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​អាច​រារាំង​ផែនការ​នេះ​បាន​ដែរ។

មេដឹកនាំ​ខ្មែរ​ដែល​កំពុង​ត្រៀម​ផ្ទេរ​អំណាច​ត​វង្ស​ត្រកូល​តាម​របៀប​កុម្មុយនីស្ត លោក ហ៊ុន សែន ព្រមាន​ថា សព្វថ្ងៃ​នេះ​មាន​តែ​កូនប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត មួយ​ប៉ុណ្ណោះ​ដែល​កាន់​កងកម្លាំង​ប្រដាប់​អាវុធ​ធំ​ជាងគេ​ក្នុង​ចំណោម​មេបញ្ជាការ​រង​កងទ័ព​ដែល​ពាក់​ផ្កាយ​៤ ទាំងអស់ ដូចជា​លោក សៅ សុខា និង​លោក ទៀ វិញ ជាដើម។

ចំណែក​លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បាន​លើកឡើង​ថា ការ​បំពាក់​ឋានន្តរស័ក្តិ​នាយ​ឧត្តមសេនីយ៍​ជូន​លោក ហ៊ុន ម៉ាណែត ពិត​ជា​មាន​សារសំខាន់​ដ៏​ចាំបាច់​ក្នុង​ការ​រៀបចំ​នាយ​ទាហាន​សម្រាប់​បន្ត​វេន​ក្នុង​វិស័យ​ការពារ​ជាតិ ស្រប​តាម​ផែនការ​កែទម្រង់​កងយោធពល​ខេមរភូមិន្ទ។

ទាក់ទិន​នឹង​បញ្ហា​នេះ សារព័ត៌មាន​អន្តរជាតិ Asia Times បាន​ចុះផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក ទៀ បាញ់ បាន​ទប់ទល់​នឹង​ផែនការ​របស់​លោក ហ៊ុន សែន ក្នុង​ការ​ផ្ទេរ​អំណាច​ទៅ​ឱ្យ​លោក ហ៊ុន ម៉ាណែត យ៉ាង​ខ្លាំង ប៉ុន្តែ​លោក ទៀ បាញ់ សុខចិត្ត​ទទួលស្គាល់​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ជា​ថ្នូរ​ទៅ​នឹង​ការ​សន្យា​ថា​នឹង​ផ្តល់​ឱ្យ​កូនប្រុស​របស់​លោក​នូវ​ការ​ស្នង​តំណែង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​បន្ត​ពី​លោក​ទៅ​ថ្ងៃ​ក្រោយ។

ចំណែក​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ទម្លាយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ក្រុម​គ្រួសារ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ដូចជា​លោក ហ៊ុន សែន លោក ទៀ បាញ់ និង​លោក ស ខេង ជាដើម បាន​ត្រៀម​រៀបចំ​ផ្លាស់ប្ដូរ​មុខតំណែង​សម្រាប់​កូនៗ​របស់​ពួកគេ​រួចរាល់​ហើយ ដែល​ជា​ផែនការ​រក្សា​អំណាច​ត្រកូល​ហ៊ុន​ទៅ​ថ្ងៃ​មុខ។

លោក សម រង្ស៊ី បញ្ជាក់​ថា ការ​រៀបចំ​ប្រព័ន្ធ​ដឹកនាំ​របស់​ប្រទេស​កម្ពុជា​តាម​របៀប​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន រៀបចំ​សព្វថ្ងៃ​នេះ គឺជា​ប្រព័ន្ធ​ដឹកនាំ​គ្រួសារ​និយម​ដើម្បី​រក្សា​អំណាច​ត្រកូល​ហ៊ុន​ប៉ុណ្ណោះ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ដោយសារ​ការ​ប្រើ​អំណាច​គាប​សង្កត់​ឃោរឃៅ​របស់​លោក ហ៊ុន សែន នៅ​ផ្ទៃក្នុង​របស់​ខ្លួន ដើម្បី​បន្ត​អំណាច​ទៅ​ឱ្យ​កូនប្រុស​បង្កើត​ខ្លួនឯង​កាន់កាប់​ប្រទេស​កម្ពុជា​ផ្ដាច់មុខ​ដូច​ខ្លួន​បន្ត​ទៀត បាន​ធ្វើ​ឱ្យ​ផ្ទៃក្នុង​បក្ស​នេះ​កើតទុក្ខ​មិន​សុខចិត្ត ហើយ​ពួកគេ​ក៏​កំពុង​ត្រៀម​ខ្លួន​ដើម្បី​ផ្តួល​អំណាច​ត្រកូល​ហ៊ុន​ដែរ នៅ​ពេល​ដែល​លោក ហ៊ុន សែន អស់​អំណាច ឬ​អវត្តមាន​រូប​គាត់​នៅ​ថ្ងៃ​ក្រោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស