30.4 C
Phnom Penh

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​វិវាទ​ការងារ​កូដករ​ណាហ្គា​វើលដ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អំពាវនាវ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ជួយ​ផ្តល់​ដំណោះស្រាយ​វិវាទ​ការងារ​នៃ​ក្រុម​កូដករ​ណាហ្គា​វើលដ៍ ដែល​កំពុង​បន្ត​ទាមទារ​រក​យុត្តិធម៌​សព្វថ្ងៃ​នេះ ដើម្បី​ធានា​បាន​នូវ​ការ​ទុកចិត្ត​របស់​ពលរដ្ឋ​លើ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​បន្ត​ទៀត។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២១ មេសា នេះ​ថា ដោយសារតែ​ក្រុម​កូដករ​ណាហ្គា​វើលដ៍​អស់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា ដូច្នេះ​ហើយ​បាន​ជា​ការ​តវ៉ា​មាន​ចំនួន​កូដករ​កាន់តែ​តិច​ទៅៗ​រហូត​មក​ទល់​ពេលនេះ ហើយ​នេះ​ក៏​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ថា ពួកគេ​ក៏​អាច​នឹង​ពិបាក​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ផង​ដែរ។

លោក ស៊ឹង សែនករុណា លើកឡើង​ថា រហូត​ដល់​ពេលនេះ វិវាទ​នៃ​ក្រុម​កូដករ​ណាហ្គា​វើលដ៍​មាន​រយៈពេល​ប្រមាណ​ជា ២​ឆ្នាំ​ហើយ ខណៈ​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា​ក្រសួង​ការងារ ជាដើម នៅតែ​មិន​អាច​ជួយ​រក​ដំណោះស្រាយ​លើ​វិវាទ​នេះ​បាន​នៅឡើយ។ ផ្ទុយទៅវិញ ក្រុម​កូដករ​បែរ​ជា​ត្រូវ​រង​នូវ​ការ​ចោទប្រកាន់​ថា​មាន​បំណង​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ទៅវិញ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា វិវាទ​នៃ​ក្រុម​កូដករ​ណាហ្គា​វើលដ៍ កើតឡើង​ដោយសារតែ​ការ​ទាមទារ​រក​យុត្តិធម៌​ពី​ការ​បញ្ឈប់​ពី​ការងារ​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន ដោយ​រំលោភ​សិទ្ធិ​ការងារ​ប៉ុណ្ណោះ ហើយ​មុន​នឹង​ពួកគេ​ចេញ​ធ្វើ​កូដកម្ម ក៏​បាន​ជូនដំណឹង​រួច​ហើយ​ដែរ ដូច្នេះ​គ្មាន​ហេតុផល​ណា​មួយ​ដែល​ពួកគេ​ធ្វើ​កូដកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ឡើយ ប៉ុន្តែ​កូដកម្ម​នេះ​គឺ​ដើម្បី​ទាមទារ​សិទ្ធិ​ការងារ​របស់​ពួកគេ​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២៣ ក្រុម​កូដករ​ណាហ្គា​វើលដ៍​ប្រមាណ​ជា ៣០​នាក់ បាន​នាំគ្នា​ចេញ​តវ៉ា​នៅ​ខាង​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​២ ដែល​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ដោយ​ឈរ​លើក​បដា​ដើម្បី​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​ឲ្យ​បុគ្គលិក​ណាហ្គា​វើលដ៍​ចូល​ធ្វើ​ការងារ​វិញ និង​ទាមទារ​ឲ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ដែល​កំពុង​ជាប់​ឃុំ​សព្វថ្ងៃ​នេះ​ផង​ដែរ។

កាលពី​ខែ​មេសា ឆ្នាំ​២០២១ ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​បញ្ឈប់​បុគ្គលិក​ពី​ការងារ​ទាំង​អយុត្តិធម៌​ជាង ១៣០០​នាក់។

បញ្ហា​នេះ ត្រូវ​កម្មករ​ធ្វើ​កូដកម្ម​តវ៉ា​ជាមួយ​ក្រុមហ៊ុន​អស់​រយៈពេល ២​ឆ្នាំ​ហើយ បើ​គិត​មក​ទល់​នឹង​ពេលនេះ ប៉ុន្តែ​មិន​ត្រូវ​បាន​ក្រសួង​ពាក់ព័ន្ធ​រក​ដំណោះស្រាយ​ជូន​កម្មករ​ឡើយ។ ផ្ទុយទៅវិញ ក្រុម​កូដករ ៩​នាក់​ត្រូវ​រង​នូវ​ការ​ចោទប្រកាន់​តាម​ផ្លូវ​តុលាការ​ពី​បទ​ព្រហ្មទណ្ឌ ខណៈ​តំណាង​កម្មករ កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ជា​លើក​ទី​២ កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២ កន្លងទៅ និង​បន្ត​ឃុំ​ខ្លួន​រហូត​ដល់​ពេលនេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៣ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទ​ដោយ​មិន​ចំ​ឈ្មោះ​ទៅកាន់​ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ថា ពួកគេ​មាន​ប្រភព​ផ្គត់ផ្គង់​លុយ​ឱ្យ​ធ្វើ​បាតុកម្ម ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​អាច​មាន​លទ្ធភាព​ធ្វើ​បាតុកម្ម​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ ទាំង​ដែល​ការងារ​ត្រូវ​បាន​ផ្អាក​អស់​រយៈពេល​ជាង ១​ឆ្នាំ​ដែរ​នោះ។

លោក ហ៊ុន សែន អះអាង​ថា ប្រសិនបើ​លោក​ទៅ​ចាប់​ប្រភព​ផ្គត់ផ្គង់​លុយ​របស់​ពួកគេ លោក​ក៏​អាច​ចាប់​បាន​ដែរ សូម​កុំ​គិត​ស្មាន​ថា​លោក​មិន​ដឹង​រឿង​នេះ​ឱ្យ​សោះ។

លោក ហ៊ុន សែន បន្ថែម​ថា ជា​រឿង​ដែល​មិន​សម​ហេតុផល​ទាល់តែសោះ នៅ​ពេល​ដែល​គ្មាន​ការងារ​ធ្វើ​ហើយ បែរ​ជា​ក្រុម​កូដករ​ទាំងនោះ​អាច​មាន​អាហារ​ហូបចុក​បរិបូរណ៍​អំឡុង​ពេល​ធ្វើ​បាតុកម្ម​ទៅវិញ។

ទោះជា​បែប​នេះ​ក្តី អ្នក​គ្រប់គ្រង​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក ឃុន ថារ៉ូ អះអាង​ថា មូលនិធិ​ដែល​សហជីព​នៃ​ក្រុម​កូដករ​ណាហ្គា​វើលដ៍​ដែល​ពួកគេ​ទទួល​បាន​កន្លងមក គឺជា​មូលនិធិ​ស្រប​ច្បាប់​ដែល​មាន​គណនេយ្យភាព និង​តម្លាភាព​ត្រឹមត្រូវ​ស្រប​តាម​ការ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​សហជីព ដែល​មាន​ចែង​ក្នុង​លក្ខន្តិកៈ​របស់​ពួកគេ។

លោក​បន្ត​ថា ការ​ទទួល​យក​ជំនួយ​ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​ដែល​មាន​ចែង​ក្នុង​លក្ខន្តិកៈ​របស់​សហជីព​នេះ គឺ​ដើម្បី​ផ្គត់ផ្គង់​លើ​ការ​អប់រំ បណ្តុះបណ្តាល​សមាជិក​របស់​ខ្លួន​ឱ្យ​យល់ដឹង​ពី​ផ្នែក​ច្បាប់ សិទ្ធិ និង​សេរីភាព​របស់​កម្មករ​និយោជិត​តែប៉ុណ្ណោះ មិនមែន​ជា​មូលនិធិ​សម្រាប់​ប្រព្រឹត្ត​រឿង​ខុស​ច្បាប់​ណា​មួយ​នោះ​ឡើយ។

សព្វថ្ងៃ​នេះ ក្រុម​កូដករ​ណាហ្គា​វើលដ៍​ចំនួន ៩​នាក់ កំពុង​រង​នូវ​បណ្តឹង​តាម​ផ្លូវ​តុលាការ​ពី​បទ​ចោទ “ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម” ដូចជា​ប្រធាន​ទ្រទ្រង់​សិទ្ធិ​ការងារ​កម្មករ​ខ្មែរ កញ្ញា ឈឹម ស៊ីថរ ថ្នាក់​ដឹកនាំ​សហជីព កញ្ញា ឈឹម សុខន សកម្មជន​សហជីព អ្នកស្រី រី សុវណ្ណឌី ជាដើម ក្រោយពី​ក្រុម​កូដករ​ទាំងនោះ​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដោះស្រាយ​វិវាទ​ការងារ​ជាមួយ​ខ្លួន​កន្លងមក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស