មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អំពាវនាវឲ្យប្រមុខរដ្ឋាភិបាលជួយផ្តល់ដំណោះស្រាយវិវាទការងារនៃក្រុមកូដករណាហ្គាវើលដ៍ ដែលកំពុងបន្តទាមទាររកយុត្តិធម៌សព្វថ្ងៃនេះ ដើម្បីធានាបាននូវការទុកចិត្តរបស់ពលរដ្ឋលើប្រព័ន្ធយុត្តិធម៌របស់កម្ពុជាបន្តទៀត។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២១ មេសា នេះថា ដោយសារតែក្រុមកូដករណាហ្គាវើលដ៍អស់ជំនឿលើប្រព័ន្ធយុត្តិធម៌របស់កម្ពុជា ដូច្នេះហើយបានជាការតវ៉ាមានចំនួនកូដករកាន់តែតិចទៅៗរហូតមកទល់ពេលនេះ ហើយនេះក៏ជាសញ្ញាមួយដែលបង្ហាញថា ពួកគេក៏អាចនឹងពិបាកជឿជាក់លើការដឹកនាំរបស់រដ្ឋាភិបាលផងដែរ។
លោក ស៊ឹង សែនករុណា លើកឡើងថា រហូតដល់ពេលនេះ វិវាទនៃក្រុមកូដករណាហ្គាវើលដ៍មានរយៈពេលប្រមាណជា ២ឆ្នាំហើយ ខណៈស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងការងារ ជាដើម នៅតែមិនអាចជួយរកដំណោះស្រាយលើវិវាទនេះបាននៅឡើយ។ ផ្ទុយទៅវិញ ក្រុមកូដករបែរជាត្រូវរងនូវការចោទប្រកាន់ថាមានបំណងប្រឆាំងនឹងការដឹកនាំរបស់រដ្ឋាភិបាលទៅវិញ។
មន្ត្រីសង្គមស៊ីវិលរូបនេះបញ្ជាក់ថា វិវាទនៃក្រុមកូដករណាហ្គាវើលដ៍ កើតឡើងដោយសារតែការទាមទាររកយុត្តិធម៌ពីការបញ្ឈប់ពីការងារពីសំណាក់ថៅកែក្រុមហ៊ុន ដោយរំលោភសិទ្ធិការងារប៉ុណ្ណោះ ហើយមុននឹងពួកគេចេញធ្វើកូដកម្ម ក៏បានជូនដំណឹងរួចហើយដែរ ដូច្នេះគ្មានហេតុផលណាមួយដែលពួកគេធ្វើកូដកម្មប្រឆាំងនឹងរដ្ឋាភិបាលឡើយ ប៉ុន្តែកូដកម្មនេះគឺដើម្បីទាមទារសិទ្ធិការងាររបស់ពួកគេប៉ុណ្ណោះ។
កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ក្រុមកូដករណាហ្គាវើលដ៍ប្រមាណជា ៣០នាក់ បាននាំគ្នាចេញតវ៉ានៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍២ ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយឈរលើកបដាដើម្បីធ្វើកូដកម្មទាមទារឲ្យមានការដោះស្រាយឲ្យបុគ្គលិកណាហ្គាវើលដ៍ចូលធ្វើការងារវិញ និងទាមទារឲ្យដោះលែងកញ្ញា ឈឹម ស៊ីថរ ដែលកំពុងជាប់ឃុំសព្វថ្ងៃនេះផងដែរ។
កាលពីខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនណាហ្គាវើលដ៍ បានបញ្ឈប់បុគ្គលិកពីការងារទាំងអយុត្តិធម៌ជាង ១៣០០នាក់។
បញ្ហានេះ ត្រូវកម្មករធ្វើកូដកម្មតវ៉ាជាមួយក្រុមហ៊ុនអស់រយៈពេល ២ឆ្នាំហើយ បើគិតមកទល់នឹងពេលនេះ ប៉ុន្តែមិនត្រូវបានក្រសួងពាក់ព័ន្ធរកដំណោះស្រាយជូនកម្មករឡើយ។ ផ្ទុយទៅវិញ ក្រុមកូដករ ៩នាក់ត្រូវរងនូវការចោទប្រកាន់តាមផ្លូវតុលាការពីបទព្រហ្មទណ្ឌ ខណៈតំណាងកម្មករ កញ្ញា ឈឹម ស៊ីថរ ត្រូវបានតុលាការសម្រេចឃុំខ្លួនក្នុងពន្ធនាគារជាលើកទី២ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ និងបន្តឃុំខ្លួនរហូតដល់ពេលនេះ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទដោយមិនចំឈ្មោះទៅកាន់ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ថា ពួកគេមានប្រភពផ្គត់ផ្គង់លុយឱ្យធ្វើបាតុកម្ម ដូច្នេះហើយបានជាពួកគេអាចមានលទ្ធភាពធ្វើបាតុកម្មអស់រយៈពេលជាងមួយឆ្នាំ ទាំងដែលការងារត្រូវបានផ្អាកអស់រយៈពេលជាង ១ឆ្នាំដែរនោះ។
លោក ហ៊ុន សែន អះអាងថា ប្រសិនបើលោកទៅចាប់ប្រភពផ្គត់ផ្គង់លុយរបស់ពួកគេ លោកក៏អាចចាប់បានដែរ សូមកុំគិតស្មានថាលោកមិនដឹងរឿងនេះឱ្យសោះ។
លោក ហ៊ុន សែន បន្ថែមថា ជារឿងដែលមិនសមហេតុផលទាល់តែសោះ នៅពេលដែលគ្មានការងារធ្វើហើយ បែរជាក្រុមកូដករទាំងនោះអាចមានអាហារហូបចុកបរិបូរណ៍អំឡុងពេលធ្វើបាតុកម្មទៅវិញ។
ទោះជាបែបនេះក្តី អ្នកគ្រប់គ្រងសិទ្ធិការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ អះអាងថា មូលនិធិដែលសហជីពនៃក្រុមកូដករណាហ្គាវើលដ៍ដែលពួកគេទទួលបានកន្លងមក គឺជាមូលនិធិស្របច្បាប់ដែលមានគណនេយ្យភាព និងតម្លាភាពត្រឹមត្រូវស្របតាមការប្រតិបត្តិការហិរញ្ញវត្ថុរបស់សហជីព ដែលមានចែងក្នុងលក្ខន្តិកៈរបស់ពួកគេ។
លោកបន្តថា ការទទួលយកជំនួយពីគ្រប់មជ្ឈដ្ឋានក្នុងក្របខ័ណ្ឌច្បាប់ដែលមានចែងក្នុងលក្ខន្តិកៈរបស់សហជីពនេះ គឺដើម្បីផ្គត់ផ្គង់លើការអប់រំ បណ្តុះបណ្តាលសមាជិករបស់ខ្លួនឱ្យយល់ដឹងពីផ្នែកច្បាប់ សិទ្ធិ និងសេរីភាពរបស់កម្មករនិយោជិតតែប៉ុណ្ណោះ មិនមែនជាមូលនិធិសម្រាប់ប្រព្រឹត្តរឿងខុសច្បាប់ណាមួយនោះឡើយ។
សព្វថ្ងៃនេះ ក្រុមកូដករណាហ្គាវើលដ៍ចំនួន ៩នាក់ កំពុងរងនូវបណ្តឹងតាមផ្លូវតុលាការពីបទចោទ “ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ដូចជាប្រធានទ្រទ្រង់សិទ្ធិការងារកម្មករខ្មែរ កញ្ញា ឈឹម ស៊ីថរ ថ្នាក់ដឹកនាំសហជីព កញ្ញា ឈឹម សុខន សកម្មជនសហជីព អ្នកស្រី រី សុវណ្ណឌី ជាដើម ក្រោយពីក្រុមកូដករទាំងនោះធ្វើកូដកម្មទាមទារឲ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ដោះស្រាយវិវាទការងារជាមួយខ្លួនកន្លងមក៕