26 C
Phnom Penh

ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​សេអ៊ូល ព្រមាន​បញ្ចប់​របប​ផ្ដាច់ការ​នៅ​ក្រុង​ព្យុងយ៉ាង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយពី​បិទ​បញ្ចប់​ជំនួប​កំពូល​នៅ​សេតវិមាន ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​សេអ៊ូល បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ដោយ​បាន​ចេញ​ការ​ព្រមាន​ក្រុង​ព្យុងយ៉ាង ថា​បើ​ហ៊ាន​បង្ក​សង្គ្រាម​លើ​ឧបទ្វីប គឺ​របប​ផ្ដាច់ការ​នៅ​កូរ៉េខាងជើង​ក៏​នឹង​ត្រូវ​បញ្ចប់​ដែរ។

សេចក្ដី​ថ្លែងការណ៍​រួម​នេះ ធ្វើឡើង​ក្រោយពី​លោក ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​លោក យូន សុកយូល ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​ជួប​សន្ទនា​គ្នា​ដោយ​ផ្ទាល់​នៅ​សេតវិមាន​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​របស់​មេដឹកនាំ​កូរ៉េខាងត្បូង នៅ​លើ​ទឹកដី​មហាអំណាច​ពិភពលោក​មួយ​នេះ។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP លោក យូន សុកយូល ធ្វើ​ទស្សនកិច្ច​នៅ​អាមេរិក​រយៈពេល ៦​ថ្ងៃ ដែល​ជា​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​តាម​ការ​អញ្ជើញ​របស់​លោក ចូ បៃដិន ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​អាមេរិក។

សេចក្ដី​ថ្លែងការណ៍​រួម​បាន​បញ្ជាក់​ថា មេដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​ប្ដេជ្ញា​រួម​គ្នា​ក្នុង​ការ​ប្រឈមមុខ​នឹង​ការ​គំរាមកំហែង​ពី​សំណាក់​កូរ៉េខាងជើង ដោយ​ព្រមាន​ថា​ប្រឆាំង​ដាច់ខាត​បើ​ក្រុង​ព្យុងយ៉ាង បាញ់​សាកល្បង​ក្បាលគ្រាប់​នុយក្លេអ៊ែរ។

ទស្សនកិច្ច​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​នៅ​សហរដ្ឋ​អាមេរិក ក៏​ធ្វើឡើង​ចំ​ពេល​ឧបទ្វីប​កូរ៉េ​កំពុង​ធ្វើ​ដំណើរ​លើ​វិថី​ដ៏​ផុយ​ស្រួយ​ទៅ​រក​សង្គ្រាម​ឡើងវិញ​នៃ​ប្រទេស​បងប្អូន​នឹង​គ្នា​នេះ ខណៈ​ក្រុង​ព្យុងយ៉ាង និង​ក្រុង​សេអ៊ូល ដំឡើង​កម្លាំង​ទ័ព និង​សព្វាវុធ​គំរាម​គ្នា​ជា​ខ្លាំង​នៅ​រយៈពេល​មួយ​ឆ្នាំ​ចុងក្រោយ​នេះ។

ក្នុង​មួយ​ឆ្នាំ​មក​នេះ កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​ទាំង​មីស៊ីល​រយៈ​មធ្យម និង​រយៈ​ចម្ងាយ​ឆ្ងាយ រហូត​មីស៊ីល​បាលីស្ទិច ICBM មាន​ជាង ៧០​គ្រាប់ រួម​ទាំង​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់កាំភ្លើង​ធំ​រាប់​រយ​គ្រាប់​ទៀត​ផង។ ចំណែក​កូរ៉េខាងត្បូង វិញ ក៏​បាន​ធ្វើ​សមយុទ្ធ​រួម​ជាមួយ​អាមេរិក​ជា​ញឹកញាប់​គំរាម​កូរ៉េខាងជើង​វិញ​ដែរ។ ព្រឹត្តិការណ៍​នេះ​បាន​នាំ​ឱ្យ​មាន​ការ​ព្រមាន​ពី​អ្នក​សង្កេតការណ៍​ថា ប្រទេស​បងប្អូន​នឹង​គ្នា​ពីរ​នេះ​កំពុង​លេង​ល្បែង​សង្គ្រាម​គំរាម​គ្នា ហើយ​វា​នាំ​ទៅ​រក​ការ​ប៉ះទង្គិច​គ្នា​ដោយ​ពិបាក​ជៀស​រួច។

Leif-Eric Easley សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Ewha ក្រុង​សេអ៊ូល បាន​ហៅ​ទស្សនកិច្ច​របស់​លោក យូន សុកយូល ប្រធានាធិបតី​កូរ៉េខាងត្បូង​នៅ​សេតវិមាន បាន​នាំ​ទៅ​រក​សករាជ​ថ្មី​មួយ​ទៀត​នៃ​ទំនាក់ទំនង​ស៊ីជម្រៅ​នៃ​ប្រទេស​ទាំង​ពីរ ដែល​លោក​យល់​ថា​វត្តមាន​របស់​មេដឹកនាំ​ក្រុង​សេអ៊ូល បាន​បំពេញ​បន្ថែម​នូវ​ភាព​ខ្វះ​ចន្លោះ​ដែល​ប្រទេស​ពីរ​មិនទាន់​ឈាន​ទៅ​ដល់។

លោក​សាស្ត្រាចារ្យ​ថា​ភាព​រឹងមាំ​នៃ​ស្ថិរភាព សន្តិសុខ​សម្រាប់​កូរ៉េខាងត្បូង គឺ​ពឹង​ផ្អែក​ជា​ខ្លាំង​ទៅ​លើ​សហរដ្ឋ​អាមេរិក ហើយ​ចំ​ពេល​លោក យូន សុកយូល ក៏​មក​រក​ការ​បំពេញ​បន្ថែម​នូវ​ការ​ប្ដេជ្ញា​របស់​សហរដ្ឋ​អាមេរិក​ដែរ។

ចំពោះ​ការ​ស្នើ​របស់​លោក យូន សុកយូល ចង់​ឱ្យ​អាមេរិក​ដាក់​ពង្រាយ​ក្បាលគ្រាប់​នុយក្លេអ៊ែរ​នៅ​លើ​ទឹកដី​កូរ៉េខាងត្បូង បើ​ទោះជា​ពុំ​មាន​ការ​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម ក៏​ក្រង​វ៉ាស៊ីនតោន អាច​ជួយ​កូរ៉េខាងត្បូង​ភ្លាមៗ​បើ​ជា​ការ​ចាំបាច់។

Soo Kim អតីត​ភ្នាក់ងារ​ចារកម្ម CIA យល់​ថា ទោះ​ជា​ក្រុង​សេអ៊ូល និង​ក្រុង​វ៉ាស៊ីនតោន ពុំ​មាន​កិច្ចព្រមព្រៀង​ដាក់​ពង្រាយ​នុយក្លេអ៊ែរ​របស់​អាមេរិក​នៅ​លើ​ទឹកដី​កូរ៉េខាងត្បូង​ក៏ដោយ តែ​សហរដ្ឋ​អាមេរិក​អាច​ធ្វើ​បាន​ភ្លាម បើ​ស្ថានការណ៍​ឈាន​ដល់​កម្រិត​ផុយ​ស្រួយ​បំផុត។

នៅ​ខណៈ​នេះ សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​នាវាមុជទឹក​បំពាក់​ដោយ​គ្រាប់​នុយក្លេអ៊ែរ​ទៅ​ដាក់​ពង្រាយ​រួច​ហើយ​នៅ​ក្នុង​ដែនសមុទ្រ​នៃ​ប្រទេស​កូរ៉េខាងត្បូង។

ស្រប​ពេល​ដែល​វត្តមាន​មេដឹកនាំ​កូរ៉េខាងត្បូង​នៅ​សេតវិមាន ដែល​ឈាន​ដល់​កិច្ចព្រមព្រៀង​សន្តិសុខ​ថ្មី​ទៀត​ប្រឆាំង​នឹង​កូរ៉េខាងជើង គេ​សង្កេត​ឃើញ​ក្រុង​ប៉េកាំង បងធំ​ក្រុង​ព្យុងយ៉ាង បាន​ប្រតិកម្ម​ដោយ​ព្រមាន​ថា ទាំង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​សេអ៊ូល កំពុង​បង្ក​ឱ្យ​ភាព​តានតឹង​កាន់​ធ្ងន់ធ្ងរ​នៅ​លើ​ឧបទ្វីប​កូរ៉េ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន អ្នកស្រី Mao Ning បាន​ថ្លែង​ថា ភាគី​ទាំងអស់​គួរតែ​ទទួលស្គាល់​បញ្ហា​សំខាន់​បំផុត​នៃ​ឧបទ្វីប​កូរ៉េ គឺ​ស្ថិរភាព ហើយ​ត្រូវ​ដើរ​តួនាទី​ស្ថាបនា​ដើម្បី​លើក​កម្ពស់​ដំណោះស្រាយ​ដោយ​សន្តិវិធី ដែល​ឈាន​ទៅ​ដល់​ការ​កាត់បន្ថយ​ភាព​តានតឹង។

អ្នកស្រី​ថា ចិន​សូម​ប្រឆាំង​នឹង​សកម្មភាព​ទាំងឡាយ​ដែល​សំដៅ​បង្ក​ភាព​តានតឹង ការ​ប្រឈមមុខ​គ្នា និង​ការ​គំរាមកំហែង​ដោយ​ចេតនា​នៃ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់។

អ្នកស្រី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន បាន​បន្ថែម​ថា ទីក្រុង​ប៉េកាំង​ថ្កោលទោស​សេចក្តី​ថ្លែងការណ៍​រួម​របស់​សហរដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង ដោយ​ចោទ​ថា​ទីក្រុង​វ៉ាស៊ីនតោន មាន​ចេតនា​មិន​អើពើ​ចំពោះ​សន្តិសុខ​ក្នុង​តំបន់ ហើយ​ថា​អាមេរិក​ចង់​បាន​ផល​ប្រយោជន៍​ពី​កូរ៉េខាងត្បូង ដោយ​រុញ​ឱ្យ​ឧបទ្វីប​កូរ៉េ​ដើរ​លើ​វិថី​ភាព​តានតឹង និង​ផុយ​ស្រួយ។

អ្នកស្រី​អ្នក​នាំពាក្យ​សម្រាប់​ក្រុង​ប៉េកាំង​រូប​នេះ​បន្ត​ចោទ​អាមេរិក​ទៀត​ថា ក្រុង​វ៉ាស៊ីនតោន កំពុង​បង្ក​ឱ្យ​មាន​ការ​ប្រឈមមុខ​គ្នា​កាន់តែ​ខ្លាំង ដែល​អាច​នាំ​ទៅ​រក​ការ​ប៉ះពាល់​ដល់​សុខ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ ដែល​ជា​ការ​រំលោភ​លើ​គោលដៅ​នៃ​ការ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ។

យ៉ាងណា ទាំង​ក្រុង​សេអ៊ូល និង​ក្រុង​ព្យុងយ៉ាង សុទ្ធតែ​មាន​ខ្នង​បង្អែក​ដូច​គ្នា។ កូរ៉េខាងជើង​មាន​ចិន​ជា​បងធំ​របស់​ខ្លួន​ដ៏​ស្និទ្ធស្នាល​បំផុត ហើយ​ក្រុង​សេអ៊ូល មាន​សហរដ្ឋ​អាមេរិក​ជា​សម្ព័ន្ធមិត្ត និង​ជា​ខែល​ការពារ​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ ប៉ុន្តែ​ក្រុង​ព្យុងយ៉ាង​ខ្លួន​គេ​ផ្ទាល់​មាន​ក្បាលគ្រាប់​នុយក្លេអ៊ែរ​យ៉ាងតិច ៣០​គ្រាប់​ទៅ​ហើយ​ក្នុង​ការ​ត្រៀម​វាយប្រហារ​ទាំង​ទៅ​លើ​កូរ៉េខាងត្បូង និង​ទៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស