27 C
Phnom Penh

លោក សៅ សុខា៖ បទល្មើស​ព្រៃឈើ​ទប់ស្កាត់​មិន​បាន​ដោយសារ​មន្ត្រី​មូលដ្ឋាន​បើក​ដៃ​ឱ្យ​ឈ្មួញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក សៅ សុខា ចោទ​ថា បទល្មើស​ព្រៃឈើ​ដែល​តែងតែ​កើត​មាន​នៅ​កម្ពុជា​ទប់ស្កាត់​មិន​បាន ដោយសារតែ​មន្ត្រី​មូលដ្ឋាន​ជា​អ្នក​បើក​ដៃ​ឱ្យ​ឈ្មួញ​ពី​ខាងក្រៅ។

អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក សៅ សុខា បាន​លើកឡើង​កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៣ ថា បទល្មើស​ព្រៃឈើ​នៅតែ​កើតមាន​ដដែល ដោយសារតែ​មន្ត្រី​ជំនាញ​មូលដ្ឋាន​អសកម្ម ព្រោះ​ថា​បើ​មេ​ព្រៃ មេ​ស្រុក កម្លាំង​ប្រដាប់​អាវុធ​នៅ​ទីនោះ​ចូលរួម​ទប់ស្កាត់​ដោយ​ការ​អប់រំ​ប្រជាជន ប្រើ​វិធានការ​រដ្ឋបាល ឃាត់ ផាក​ពិន័យ នឹង​គ្មាន​បទល្មើស​ទាំងនោះ​កើតឡើង​ទេ។

លោក សៅ សុខា អះអាង​ថា មន្ត្រី​ជំនាញ​តែង​ផ្ដេកផ្ដួល​ចំពោះ​បញ្ហា​នេះ ព្រោះ​ថា​ឈើ​ដឹក​នៅតែ​លើ​ផ្លូវ មិន​ដែល​ដឹក​ខុសពី​លើ​ផ្លូវ​ម្តង​ណា​នោះ​ទេ ហើយ​ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ក៏​នៅ​លើ​ផ្លូវ ទីស្នាក់ការ​បរិស្ថាន​ក៏​នៅ​លើ​ផ្លូវ​ដែរ ដូច្នេះ​បើ​មន្ត្រី​ទាំងនោះ​មិន​ផ្សំគំនិត​គ្នា​ទេ បទល្មើស​ព្រៃឈើ​ក៏​មិន​កើត​ឡើង​ដែរ។

លោក សៅ សុខា បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​កងកម្លាំង​អាវុធហត្ថ​ចេញ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដោយ​ប្រើ​អាវុធ​ថែម​ទៀត ប្រសិនបើ​ក្រុម​ជនល្មើស​ប្រឆាំង និង​បាញ់​តបត​មក​លើ​កងកម្លាំង​វិញ​នោះ។

កាលពី​ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​២០២១ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ផ្តាច់​ជំនួយ​ពី​រដ្ឋាភិបាល​កម្ពុជា​លើ​គម្រោង «ព្រៃឡង់​បៃតង» ដែល​ជា​ការ​ឆ្លើយតប​នឹង​វិធានការ​របស់​រដ្ឋាភិបាល​ដែល​បិទ​ខ្ទប់​សកម្មភាព​របស់​សកម្មជន​ការពារ​ព្រៃឈើ មិន​ឱ្យ​ចូល​ល្បាត​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃឡង់​រហូត​មក ស្រប​ពេល​ដែល​ព្រៃឈើ​ក្នុង​តំបន់​ការពារ​មួយ​នេះ​នៅតែ​បន្ត​រង​នូវ​ការ​កាប់​បំផ្លាញ​ដដែល។

បែប​នេះ​ក្តី កាលពី​ថ្ងៃទី​០៤ ខែ​កញ្ញា ឆ្នាំ​២០២២ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា រិះគន់​ថា ការ​ចោទប្រកាន់​ថា​ព្រៃឈើ​នៅ​កម្ពុជា​កំពុង​បន្ត​រង​នូវ​ការ​កាប់​បំផ្លាញ គឺជា​ចេតនា​បង្កប់​សារ​នយោបាយ និង​ជា​យុទ្ធនាការ​មួយ​ដែល​ប្រឆាំង​នឹង​កម្ពុជា ដើម្បី​បំភ្លៃ បំផ្លើស និង​បំប៉ោង​របស់​ក្រុម​អ្នក​ស្រឡាញ់​ព្រៃឈើ​តែ​សម្បក​ក្រៅ។

យ៉ាងណា​ក៏ដោយ ក្នុង​របាយការណ៍​ស្រាវជ្រាវ​ដែល​មាន​កម្រាស់ ៥៣​ទំព័រ​របស់​អង្គការ​គំនិត​ផ្ដួចផ្ដើម​សាកល​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន (Global Initiative Against Transnational Organized Crime) បាន​ចេញ​ផ្សាយ​កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០២២ អំពី​ការ​បង្កើត​បណ្ដាញ​រកស៊ី​ឈើ​ខុស​ច្បាប់​យ៉ាង​ធំ​នៅ​កម្ពុជា​ជាមួយ​មន្ត្រី និង​ឧកញ៉ា​ខិលខូច​ថា គ្រួសារ​លោក ហ៊ុន សែន បាន​ចែក​គ្នា​គ្រប់គ្រង​ឧកញ៉ា​រៀងៗ​ខ្លួន​ដើម្បី​ឲ្យ​ឧកញ៉ា​ទាំងនោះ​រកស៊ី​ខុស​ច្បាប់​រក​លុយ​ឲ្យ​ខ្លួន ដូចជា​ការ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា ជាដើម ដែល​គេ​បាន​រក​ឃើញ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

កាលពី​ចុង​ឆ្នាំ​២០២១ លោក ហ៊ុន សែន ធ្លាប់​បាន​រិះគន់​ពលរដ្ឋ និង​អ្នក​ដែល​រិះគន់​លោក​រឿង​បាត់បង់​ព្រៃឈើ​ថា ពួកគេ​បាន​នាំគ្នា​ទៅ​ទិញ​ឈើ​ដើម្បី​សង់​ផ្ទះ ដែល​ជា​ការ​លើក​ទឹកចិត្ត​ឱ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ ប៉ុន្តែ​ពួកគេ​បែរជា​នាំគ្នា​ទម្លាក់​កំហុស​មក​លើ​លោក​ទៅវិញ។ បញ្ហា​នេះ លោក ហ៊ុន សែន ព្រមាន​ថា លោក​នឹង​រុះរើ​ផ្ទះ​របស់​ពលរដ្ឋ​ទាំងអស់​ដែល​សាងសង់​ក្រោយ​ឆ្នាំ​១៩៧៩ ដើម្បី​ប្រមូល​ឈើ​ដែល​បាត់បង់​ទាំងនោះ​ត្រឡប់​មក​វិញ។

ក្រមព្រហ្មទណ្ឌ​មាត្រា​៥២៨ ចែង​ថា មន្ត្រី​រាជការ​សាធារណៈ​មិន​ប្ដឹង​បរិហារ និង​មិន​អើពើ​បង្ក្រាប​បទល្មើស​ឋិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ​ដល់ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល​ដល់ ៦​លាន​រៀល​ថែម​ទៀត។

យ៉ាងណា​ក៏ដោយ ការ​អនុវត្ត​ជាក់ស្តែង ឈ្មួញ​រកស៊ី​ឈើ​ខុស​ច្បាប់ ដូចជា​ឧកញ៉ា លីម ប៊ុណ្ណា ហៅ​ឧកញ៉ា ខ្នា និង​នាយករង​ការិយាល័យ​បំភ័ន្ត​អក្ខរៈ​នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ចាប សារ៉ន ជាដើម ដែល​ល្បីល្បាញ​ខាង​រកស៊ី​ខុស​ច្បាប់​នៅ​តំបន់​ព្រៃឡង់​រហូត​មក មិន​ត្រូវ​បាន​កាត់ទោស​នោះ​ទេ ប៉ុន្តែ​បែរជា​ត្រូវ​ដំឡើង​ឋានន្តរស័ក្ដិ​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល និង​ជា​សមាជិក​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ទៅ​វិញ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស