38 C
Phnom Penh

វត្តមាន​នាយករដ្ឋមន្ត្រី​ជប៉ុន​នៅ​ក្រុង​សេអ៊ូល​រុញ​ឱ្យ​ប្រទេស​ទាំង​ពីរ​ផ្សះផ្សា​គ្នា​ទប់ទល់​កូរ៉េខាងជើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida ដែល​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​អាទិត្យ ទី​៧ ឧសភា ត្រូវ​បាន​មើល​ឃើញ​ថា ទីក្រុង​តូក្យូ និង​ក្រុង​សេអ៊ូល ព្យាយាម​ផ្សះផ្សា​ទំនាក់ទំនង​ឡើងវិញ​នៅ​ចំពោះ​មុខ​ការ​គំរាមកំហែង​កាន់តែ​ខ្លាំង​ពី​រដ្ឋ​កុម្មុយនីស្ត​ផ្ដាច់ការ​នៅ​ក្រុង​ព្យុងយ៉ាង។

ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ចុះផ្សាយ​ថា យន្តហោះ​របស់​លោក Kishida បាន​ចុះ​ចត​នៅ​ឯ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង Seongnam ក្បែរ​រដ្ឋធានី​សេអ៊ូល ដែល​ជា​ការ​ចាប់ផ្តើម​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង ធ្វើឡើង​ដោយ​នាយករដ្ឋមន្ត្រី​ជប៉ុន ទៅ​កាន់​ប្រទេស​កូរ៉េខាងត្បូង ក្នុង​បំណង​បង្ហាញ​កម្លាំង​រួម​គ្នា​ទប់ទល់​នឹង​ការ​បង្ក​រឿង​គំរាម​ផ្ទុះ​សង្គ្រាម​ពី​សំណាក់​កូរ៉េខាងជើង។

ការ​ទៅ​ដល់​ក្រុង​សេអ៊ូល របស់​លោក Kishida ត្រូវ​បាន​ទទួល​ស្វាគមន៍​រាក់ទាក់​ដោយ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​កូរ៉េខាងត្បូង មុន​ការ​បើក​ជំនួប​កំពូល​ក្នុង​ថ្ងៃ​តែ​មួយ​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Yoon Suk Yeol។

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​កំពូល​ជាមួយ​លោក Yoon Suk Yeol លោក Kishida មិន​បាន​និយាយ​ពី​ការ​សុំទោស​ជា​ផ្លូវការ​ណា​មួយ​ក្នុង​នាម​លោក​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន នោះ​ទេ​ចំពោះ​ទង្វើ​ខុសឆ្គង​ដែល​ទាហាន​ជប៉ុន ប្រព្រឹត្ត​អំឡុង​ការ​គ្រប់គ្រង​ឧបទ្វីប​កូរ៉េ​ពី​ឆ្នាំ​១៩១០ ដល់​ឆ្នាំ​១៩៤៥ ប៉ុន្តែ​លោក​បាន​លើកឡើង​ថា រដ្ឋាភិបាល​របស់​លោក​បាន​ប្រកាន់​គោលជំហរ​ដូច​រដ្ឋាភិបាល​ជប៉ុន​មុនៗ​ដែរ ដែល​បាន​ធ្វើការ​សុំទោស​រួច​ហើយ។

លោក Kishida បាន​បញ្ជាក់​ថា ចំពោះ​រូបលោក​ផ្ទាល់ គឺ​បេះដូង​របស់​លោក​មាន​ការ​ឈឺចាប់​ជា​ខ្លាំង​នៅ​ពេល​នឹក​គិត​ដល់​ពលរដ្ឋ​កូរ៉េ​ជាច្រើន​ដែល​បាន​រង​ការ​ឈឺចាប់ និង​រង​ទុក្ខ​វេទនា​នៅ​ក្នុង​សម័យកាល​ដ៏​លំបាក​នៅ​ពេល​នោះ។

បន្ទាប់ពី​ជួប​សមាជិក​សភា​កូរ៉េខាងត្បូង លោក Kishida បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា លោក​ចង់​ពង្រឹង​ទំនាក់ទំនង​ដែល​លោក​មាន​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Yoon Suk Yeol ក្នុង​ការ​សហការ​គ្នា​បង្កើត​យុគសម័យ​ថ្មី​មួយ។

តែ​ទីក្រុង​តូក្យូ និង​ក្រុង​សេអ៊ូល ស្ថិត​ក្នុង​ការ​មិន​ចុះ​សម្រុង​គ្នា ដែល​បន្សល់​ទុក​ពី​សម័យ​អាណានិគម​របស់​ជប៉ុន នៅ​ឧបទ្វីប​កូរ៉េ កាលពី​ចន្លោះ​ឆ្នាំ​១៩១០-១៩៤៥។

នៅ​ពេលនេះ បញ្ហា​ប្រវត្តិសាស្ត្រ​អតីតកាល និង​ការ​មិន​ចុះ​សម្រុង​គ្នា​ត្រូវ​ទុក​ដោយឡែក​សិន ដោយ​ត្រូវ​សាមគ្គី​រួម​ដៃ​គ្នា​ទប់ទល់​នឹង​សត្រូវ គឺ​កូរ៉េខាងជើង។

ប្រឈមមុខ​នឹង​ការ​កើន​ឡើង​នៃ​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​ពី​សំណាក់​កូរ៉េខាងជើង​ជា​រដ្ឋ​កុម្មុយនីស្ត​សន្តតិវង្ស និង​ការ​ប្រែប្រួល​ស្ថានការណ៍​ភូមិសាស្ត្រ​នយោបាយ​ពិភពលោក​ដោយសារ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន បាន​ក្លាយ​ជា​ការ​ជំរុញ​ឱ្យ​កូរ៉េខាងត្បូង​ក្រោម​ការ​ដឹកនាំ​របស់​លោក Yoon Suk Yeol ជា​អ្នក​នយោបាយ​ជំនាន់​ក្រោយ និង​ជប៉ុន ក្រោម​ការ​ដឹកនាំ​របស់​លោក Kishida បាន​ឈាន​ដល់​ការ​ឯកភាព​គ្នា​លើ​ការ​ផ្សះផ្សា​ទំនាក់ទំនង​ឡើងវិញ។

ចាប់តាំងពី​ឡើង​កាន់​តំណែង​កាលពី​ខែ​ឧសភា ឆ្នាំ​២០២២ ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Yoon Suk Yeol បាន​ប្រឹងប្រែង​ផ្សា​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​ជប៉ុន ដែល​លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​តូក្យូ កាលពី​ខែ​មីនា។

កិច្ចប្រឹងប្រែង​ស្ដារ​ទំនាក់ទំនង​រវាង​ជប៉ុន និង​កូរ៉េខាងត្បូង កើតឡើង​ចំ​ពេល​ដែល​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​ប្រកាស​ថា​នៅ​ពេលនេះ ប្រទេស​របស់​លោក​ជា​រដ្ឋ​នុយក្លេអ៊ែរ​ដោយ​មិន​អាច​ថយ​ក្រោយ​បាន​ឡើយ។ របប​នៅ​ក្រុង​ព្យុងយ៉ាង របស់​លោក គីម ជុងអ៊ុន តែងតែ​គំរាម​កម្ទេច​ទាំង​ជប៉ុន និង​កូរ៉េខាងត្បូង​ឱ្យ​ទៅ​ជា​ផេះ ដោយ​ការ​វាយប្រហារ​នឹង​ក្បាលគ្រាប់​នុយក្លេអ៊ែរ។

ការ​គំរាម​របស់​កូរ៉េខាងជើង​នេះ​ហើយ​ដែល​នាំ​ឱ្យ​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​ខិត​ជិត​គ្នា​កាន់តែ​ស៊ីជម្រៅ​រហូត​ឈាន​ដល់​ការ​សម្រេច​ផ្អឹប​ចោល​រឿង​អតីតកាល ក៏​ព្រោះ​តែ​មេដឹកនាំ​ទាំង​ពីរ​បាន​ស្វែងយល់​រួម​ថា សត្រូវ​នៅ​កៀក​បំផុត​ដ៏​ភ័យខ្លាច គឺ​កូរ៉េខាងជើង។

រយៈពេល​មួយ​ឆ្នាំ​មក​នេះ កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​ជាង ៧០​គ្រាប់ ហើយ​មីស៊ីល​មួយ​ចំនួន​បាន​ហោះ​រំលង​ប្រទេស​ជប៉ុន​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច។ កូរ៉េខាងជើង​ព្រមាន​ថា​នឹង​បាញ់​សាកល្បង​ក្បាលគ្រាប់​នុយក្លេអ៊ែរ​នៅ​ពេល​ឆាប់ៗ​នេះ។

ជា​ការ​ឆ្លើយតប ទាំង​សហរដ្ឋ​អាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន ក៏​បាន​គំរាម​កូរ៉េខាងជើង​វិញ​ដែរ។ សហរដ្ឋ​អាមេរិក​ដឹក​មុខ​គេ​ដែល​ព្រមាន​បញ្ចប់​របប​ក្រុង​ព្យុងយ៉ាង ឱ្យ​តែ​ហ៊ាន​បង្ក​សង្គ្រាម​នៅ​លើ​ឧបទ្វីប​កូរ៉េ។

យ៉ាងណា ទាំង​នាយករដ្ឋមន្ត្រី​ជប៉ុន និង​ប្រធានាធិបតី​កូរ៉េខាងត្បូង សុទ្ធតែ​បាន​ទៅ​ជួប​លោក ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​សេតវិមាន។

ទោះបី​ជំនួប​ដាច់ដោយឡែក​ពី​គ្នា​ក្ដី តែ​ទាំង​មេដឹកនាំ​ជប៉ុន និង​កូរ៉េខាងត្បូង បាន​ទទួល​ការ​ធានា​ដូច​គ្នា​ពី​លោក បៃដិន ដែល​ថា​សហរដ្ឋ​អាមេរិក​ធានា​ដាច់ខាត​ជួយ​ប្រទេស​អាស៊ី​ខាងកើត​ពីរ​នេះ​ក្នុង​ការ​ពង្រឹង​សមត្ថភាព​កងទ័ព និង​សព្វាវុធ ដើម្បី​ទប់ទល់​ការ​គំរាម​បង្ក​សង្គ្រាម​ពី​សំណាក់​កូរ៉េខាងជើង។ ឥឡូវ​ប្រទេស​ទាំង​បី​នេះ​បាន​ក្លាយ​ជា​សម្ព័ន្ធភាព​សន្តិសុខ​ត្រីភាគី​តាម​ព្រឹត្តិន័យ​ទៅ​ហើយ ដែល​នាំ​ឱ្យ​មេដឹកនាំ​ជប៉ុន និង​កូរ៉េខាងត្បូង​មើល​ឃើញ​ពី​ទស្សនៈ​រួម​គ្នា ដោយ​ផ្អឹប​ចោល​រឿង​អតីតកាល​ដោយ​កំណត់​យុទ្ធសាស្ត្រ​រួម​ក្នុង​ការ​ទប់ទល់​សត្រូវ​នៅ​ជាប់​ខ្លួន គឺ​កូរ៉េខាងជើង។

ប្រទេស​ដែល​មាន​សក្ដានុពល​ទាំង​សេដ្ឋកិច្ច និង​យោធា​នៅ​ក្នុង​តំបន់​អាស៊ី​ខាងកើត​ទាំង​ពីរ​នេះ គឺជា​សម្ព័ន្ធមិត្ត​សន្តិសុខ​ដ៏​សំខាន់​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​សហរដ្ឋ​អាមេរិក​មិន​អាច​ខ្វះ​បាន​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស