33 C
Phnom Penh

ការ​ប្រែប្រួល​នៃ​ចរន្ត​អ្នក​ប្រជាធិបតេយ្យ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី ១០​ឆ្នាំ​មុន​នៅ​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ជិត​មក​ដល់ ពលរដ្ឋ​ដែល​ចង់​បាន​ការ​ផ្លាស់ប្ដូរ​របៀប​ដឹកនាំ​នៅ​កម្ពុជា ដើម្បី​ឱ្យ​ងាក​មក​រក​គន្លង​ប្រជាធិបតេយ្យ បាន​ងើប​ឡើង​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​សឹង​គ្រប់​ទិសទី​ដូច​ទឹក​បាក់​ទំនប់ ប៉ុន្តែ ១០​ឆ្នាំ​ក្រោយ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ សកម្មជន និង​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​បែរជា​នាំគ្នា​ទៅ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ដូច​ព្យុះសង្ឃរា​ទៅវិញ។

កាលពី​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២៣ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​តែងតាំង និង​ផ្តល់​ឋានៈ​ដល់​អតីត​ចៅសង្កាត់​ជាប់​ឆ្នោត​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សារ៉ូ សុវុឌ្ឍិ ជា​ទីប្រឹក្សា​អម​ក្រសួង​អភិវឌ្ឍន៍​ជនបទ មាន​ឋានៈ​ស្មើ​អគ្គនាយករង ស្រប​ពេល​ដែល​សមាជិក​បក្ស​ប្រឆាំង​ដទៃ​ទៀត​ក៏​បាន​នាំគ្នា​ចុះចូល​ជា​បន្តបន្ទាប់​ដែរ។

ការ​តែងតាំង​នេះ ធ្វើឡើង​បន្ទាប់ពី​អតីត​សមាជិក​បក្ស​ប្រឆាំង​រូប​នេះ​បាន​សរសេរ​លិខិត​សុំ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​កាលពី​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៣ ដោយ​បញ្ជាក់​ថា លោក​នឹង​បម្រើ​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​រៀង​រហូត បន្ទាប់ពី​លោក​បាន​ស្វែងយល់​ពី​គោលនយោបាយ និង​តាមរយៈ​នៃ​ការ​ណែនាំ​របស់​លោក យឹម ស៊ីណន ដែល​បាន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​កាលពី​ចុង​ខែ​មេសា កន្លងទៅ​នេះ។

ការ​ប្រកាស​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន នៅ​ពេលនេះ ត្រូវ​ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា គឺជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ដែល​ចង់​បាន​សេរីភាព​នៅ​ពេល​ដែល​ពួកគេ​ត្រូវ​រង​នូវ​ការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌ ហើយ​ក៏​ជា​ឱកាស​សម្រាប់​អ្នក​ដែល​ចង់​បាន​តំណែង​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល​ផង​ដែរ ព្រោះ​បក្ស​កាន់​អំណាច​នៅ​ពេលនេះ គឺ​ត្រូវការ​អ្នក​ចុះចូល​ជាមួយ​ខ្លួន​ឱ្យ​បាន​កាន់តែ​ច្រើន ដើម្បី​ជួយ​លម្អ​ការ​បោះឆ្នោត​ដែល​គ្មាន​បក្ស​ប្រឆាំង​ចូលរួម និង​អវត្តមាន​មេដឹកនាំ​បក្ស​ប្រឆាំង​នោះ។

សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង​ដែល​សុំ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​នៅ​ពេលនេះ មិនមែន​តែ​លោក សារ៉ូ សុវុឌ្ឍិ លោក យឹម ស៊ីណន លោក ហ៊ុន កុសល ឬ​បណ្ឌិត សូ ណារ៉ូ ដែល​មាន​និន្នាការ​គាំទ្រ​លោក កឹម សុខា តែ​ម្ខាង​នោះ​ទេ សូម្បី​មន្ត្រី​បក្ស​ប្រឆាំង​ដែល​មាន​និន្នាការ​គាំទ្រ​លោក សម រង្ស៊ី ក៏​ប្រកាស​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ដូច​គ្នា​ដែរ ក្នុង​នោះ​រួម​មាន​លោក អៀ ចាន់ណា លោក តុ វ៉ាន់ចាន់ លោក គង់ ម៉ាស់ ព្រមទាំង​សកម្មជន និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់​ផ្សេង​ទៀត​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​អះអាង​នៅ​ពេល​ដែល​ចរន្ត​ចុះចូល​ចាប់ផ្តើម​នៅ​ពេល​ដំបូង​ថា ក្រោយ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច មាន​វិញ្ញាសា​តូចតាច​សម្រាប់​លោក យឹម ស៊ីណន គឺ​ត្រូវ​ទាញ​លោក ហ៊ុន កុសល ឱ្យ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ដូច​ខ្លួន​ដែរ។

លោក គឹម សុខ លើកឡើង​នៅ​ពេល​ដែល​លោក យឹម ស៊ីណន អូស​ទាញ​លោក ហ៊ុន កុសល បាន​សម្រេច លោក ហ៊ុន សែន នឹង​ផ្តល់​ឱកាស​ឱ្យ​លោក យឹម ស៊ីណន ធ្វើ​ជា​មេ​ចលនា​ស្នូល​ទាក់ទាញ​ក្រុម​អ្នកគាំទ្រ​លោក កឹម សុខា ទៅ​ថ្ងៃ​មុខ ព្រោះ​ថា​លោក ហ៊ុន សែន ត្រូវការ​សងសឹក​ឲ្យ​ដល់​ទី​បំផុត​ជាមួយ​នឹង​លោក កឹម សុខា ដែល​គាត់​នៅតែ​មាន​ជំហរ​រឹងមាំ​មិន​ធ្វើ​តាម​គំនិត​របស់​គាត់​កន្លងមក។

លោក គឹម សុខ បញ្ជាក់​ថា កន្លងមក លោក ហ៊ុន សែន រាវរក​មិន​ឃើញ​មេ​ចរន្ត​សម្រាប់​អូស​ទាញ​មន្ត្រី​បក្ស​ប្រឆាំង​នោះ​ទេ ប៉ុន្តែ​នៅ​ពេលនេះ លោក ហ៊ុន សែន ចាប់​បាន​លោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល ហើយ ដូច្នេះ​លោក ហ៊ុន សែន នឹង​ប្រគល់​ការងារ​ជា​មេ​ចលនា​នេះ​ឲ្យ​ពួកគេ​កូរ​កកាយ​ចរន្ត​សកម្មជន​របស់​បក្ស​ប្រឆាំង​នៅ​គ្រប់​ទីកន្លែង​ជាមិនខាន។

ជាក់ស្តែង បន្ទាប់ពី​លោក យឹម ស៊ីណន ប្រកាស​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ត្រូវ​បាន​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​មាន​មន្ត្រី​បក្ស​ប្រឆាំង​ប្រកាស​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ជា​បន្តបន្ទាប់ សូម្បី​អ្នក​ខ្លះ​ដែល​គេ​មិន​ស្គាល់​ឈ្មោះ​ពី​មុន​មក ក៏​ខំប្រឹង​រៀបរាប់​ពី​ប្រវត្តិ​ប្រឆាំង​របស់​ខ្លួន​ក្នុង​លិខិត​សុំ​ចុះចូល​ដែរ ទំនង​ជា​ធ្វើឡើង​ក្នុង​បំណង​តថ្លៃ​យក​តំណែង​ដែល​ខ្លួន​សុំ​ចុះចូល​នៅ​ពេលនេះ។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ ឧសភា នេះ​ថា បើ​ការ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ដើម្បី​កែលំអ​ការ​ដឹកនាំ​ដែល​មាន​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល គឺជា​រឿង​ល្អ ប៉ុន្តែ​បើ​ចុះចូល​ដើម្បី​យក​តំណែង និង​បម្រើ​ផែនការ​នយោបាយ​របស់​បក្ស​កាន់​អំណាច​មក​កៀរគរ​សមាជិក​បក្ស​ប្រឆាំង​នោះ គឺជា​ទង្វើ​ផ្ទុយ​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​ដែល​ចង់​បាន​ការ​ផ្លាស់ប្ដូរ​ដែល​កំពុង​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​សព្វថ្ងៃ​នេះ​ទាំងស្រុង។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ការ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ពី​សំណាក់​មន្ត្រី​បក្ស​ប្រឆាំង ជា​រូបភាព​មួយ​បង្កប់​នូវ​ការ​ជាន់ឈ្លី​ទឹកចិត្ត​ពលរដ្ឋ​ដែល​ចង់​បាន​ការ​ផ្លាស់ប្ដូរ​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ថា​ពលរដ្ឋ​ដែល​ចង់​បាន​ប្រជាធិបតេយ្យ​ពិតប្រាកដ ហើយ​នាំគ្នា​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ពួកគេ​ប្រមូល​យក​ទៅ​ជូន​បក្ស​កាន់​អំណាច​វិញ​ទាំងអស់ បើ​ទោះបីជា​ទង្វើ​នេះ​មិន​ខុស​ច្បាប់ តែ​ជា​ការ​ប្រមាថ​ទឹកចិត្ត​ស្នេហា​ជាតិ​របស់​ម្ចាស់​ឆ្នោត​យ៉ាង​ខ្លាំង។

ចំណែក​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ ឧសភា នេះ​ដែរ​ថា ចរន្ត​នៃ​ការ​ចុះចូល​របស់​មន្ត្រី​បក្ស​ប្រឆាំង​មាន​ហេតុផល​មួយ​ចំនួន​ចេញពី​ខាង​ក្រុម​ប្រឆាំង​ខ្លួនឯង​ដោយ​ផ្ទាល់ ដូចជា​ការ​គ្រប់គ្រង​មិន​បាន​ល្អ ការ​កើតមាន​អំពើពុករលួយ ភាព​អយុត្តិធម៌​អំឡុង​ពេល​ដាក់​បេក្ខជន​តំណាងរាស្ត្រ និង​ការ​ឆក់​ឱកាស​ពី​បុគ្គល​ផ្ទាល់ខ្លួន​ដែល​ចង់​បាន​តំណែង​តួនាទី ជាដើម។

លោក សេក សុជាតិ លើកឡើង​ថា ក្រោយ​ការ​ចុះចូល​ក៏​ត្រូវ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតាំង​ជា​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​ព្រោងព្រាត ប៉ុន្តែ​តំណែង​ទាំងនោះ​គ្រាន់​ជា​តំណែង​ចុង​អាណត្តិ​ប៉ុណ្ណោះ ព្រោះ​តំណែង​ទាំងនេះ​នឹង​អស់​សុពលភាព​នៅ​ពេល​រដ្ឋាភិបាល​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​ការ​បោះឆ្នោត ដូច្នេះ​បើ​គ្មាន​ការ​តែងតាំង​ថ្មី​ទេ នោះ​តំណែង​ទាំងនោះ​ក៏​នឹង​មិន​អាច​បន្ត​ទៅ​ថ្ងៃ​មុខ​ទៀត​បាន​ដែរ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ការ​ផ្តល់​តំណែង​តួនាទី​ដល់​អ្នក​ចុះចូល​បែប​នេះ ក៏​ជា​យុទ្ធសាស្ត្រ​មួយ​របស់​បក្ស​កាន់​អំណាច​ដែរ ស្រប​ពេល​បក្ស​ប្រឆាំង​កំពុង​បែកបាក់​កម្លាំង​សាមគ្គី​នៅ​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស