33 C
Phnom Penh

លោក ស ខេង ផ្អាក​ចូលរួម​កម្មវិធី​ការងារ​នានា​ក្រោយពី​ធ្វើ​តេស្ដ​ឃើញ​វិជ្ជមាន​កូវីដ-១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ធ្វើ​តេស្ដ​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូវីដ-១៩ នៅ​ថ្ងៃ​សុក្រ ទី​១២ ឧសភា នេះ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ដំណើរការ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ដែល​ត្រូវ​ជំរុញ​ឱ្យ​លោក​ត្រូវ​លុប​ចោល​កម្មវិធី​នានា​ដែល​លោក​ត្រូវ​ចូលរួម​នៅ​ពេលនេះ​ទាំងអស់។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១២ ឧសភា នេះ​ថា បន្ទាប់ពី​មាន​អាការៈ​សុខភាព​ខុស​ប្លែក​ពី​ធម្មតា លោក​បាន​ធ្វើ​តេស្ដ​រក​ឃើញ​ថា​មាន​វិជ្ជមាន​ជំងឺ​កូវីដ-១៩។ បន្ទាប់ពី​រក​ឃើញ​ភ្លាម លោក​ក៏​បាន​ណែនាំ​ឲ្យ​ក្រុម​គ្រួសារ និង​អ្នក​នៅ​ជុំវិញ​ខ្លួន​របស់​លោក​ធ្វើ​តេស្ដ និង​តាមដាន​សុខភាព​ដូច​គ្នា​ដែរ។

លោក ស ខេង លើកឡើង​ថា នៅ​ពេលនេះ​លោក​បាន​អនុវត្ត​តាម​វិធាន​សុខាភិបាល​ដោយ​ដាក់​ខ្លួន​នៅ​ដាច់ដោយឡែក និង​ធ្វើ​លំហាត់​ប្រាណ ប៉ុន្តែ​លោក​នៅតែ​អាច​បំពេញ​ការងារ​ពី​បន្ទប់​ដាច់ដោយឡែក​ក្នុង​គេហដ្ឋាន​របស់​លោក​ដូច​ធម្មតា​ដដែល។ យ៉ាងណា​ក៏ដោយ លោក​នឹង​ត្រូវ​ផ្អាក​ចូលរួម​ក្នុង​កម្មវិធី​ការងារ​នានា​មួយ​រយៈពេល​ខ្លី​ផង​ដែរ។

ការ​ប្រកាស​ពី​ឆ្លង​ជំងឺ​កូវីដ-១៩ នេះ ធ្វើឡើង​ស្រប​ពេល​ប្រទេស​កម្ពុជា​កំពុង​ដំណើរការ​ប្រកួត​កីឡា​ស៊ីហ្គេម និង​បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​បន្ធូរបន្ថយ​ការ​អនុវត្ត​វិធានការ​សុខាភិបាល​ខ្លះ​នៅ​មុន​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​ពេលនេះ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ ឧសភា នេះ​ថា ការ​ប្រកាស​ឆ្លង​ជំងឺ​កូវីដ-១៩ របស់​លោក ស ខេង ពិត​ធ្វើឡើង​ក្នុង​ស្ថានភាព​ដ៏​ចម្លែក​ជាទីបំផុត ដែល​ទំនង​ជា​លោក ស ខេង មាន​ទិសដៅ​នយោបាយ​ផ្សេង​លើស​ពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។

លោក​បន្ថែម​ថា ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​កំពុង​រៀបចំ​ស៊ីហ្គេម​នៅ​ពេលនេះ បើ​ទោះបីជា​លោក ស ខេង ឆ្លង​ជំងឺ​កូវីដ​តែ​ម្នាក់​ឯង​ក៏ដោយ ក៏​គេ​ត្រូវ​លាក់​ព័ត៌មាន​នេះ​ដែរ ហើយ​ខំ​ព្យាបាល​ឲ្យ​ជាសះស្បើយ ដើម្បី​កុំ​ឲ្យ​មាន​ការ​ភ័យខ្លាច ឬ​ការ​ព្រួយបារម្ភ​ណា​មួយ​កើតឡើង​អំឡុង​ពេល​ស៊ីហ្គេម​នេះ ប៉ុន្តែ​លោក ស ខេង បែរជា​ប្រកាស​ជា​ចំហ​ទៅវិញ។

លោក គឹម សុខ លើកឡើង​ថា ការ​ប្រកាស​ឆ្លង​ជំងឺ​កូវីដ​នេះ គឺជា​រឿង​ដែល​ពិបាក​ជឿ​ជាទីបំផុត ព្រោះ​ក្នុង​រយៈពេល​ថ្មីៗ​នេះ មុន​នឹង​គាត់​ប្រកាស​ថា​ឆ្លង​កូវីដ-១៩ គាត់​បាន​ជួប​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន រួម​ទាំង​លោក ហ៊ុន សែន ផង ប៉ុន្តែ​បែរជា​ប្រកាស​ឆ្លង​កូវីដ-១៩ តែ​លោក ស ខេង ម្នាក់​ឯង​ទៅវិញ។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា ការ​ប្រកាស​របស់​លោក ស ខេង បែប​នេះ អាច​ជា​ចេតនា​របស់​គាត់​ប្រឆាំង​នឹង​លោក ហ៊ុន សែន ដែល​បាន​ក្រសោប​ក្តោប​ក្តាប់​យក​មុខមាត់​តែ​ម្នាក់​ឯង​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​ពេលនេះ ដែល​ជា​ចេតនា​រុញ​ទូក​បណ្តោយ​ទឹក​មិន​ចូលរួម​ធ្វើ​អ្វី​ទាំងអស់ ស្រប​ពេល​ដែល​ព្រឹត្តិការណ៍​ស៊ីហ្គេម​នឹង​ត្រូវ​ប្រកាស​បិទ​បញ្ចប់​នៅ​យប់​ថ្ងៃទី​១៧ ខែ​ឧសភា ខាងមុខ​នេះ។

លោក​គូស​បញ្ជាក់​ថា អំឡុង​ពេល​ស៊ីហ្គេម​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​មាន​តែ​លោក ហ៊ុន សែន រួម​ទាំង​ប្រពន្ធ និង​កូនៗ​របស់​គាត់​ប៉ុណ្ណោះ​ដែល​លេច​មុខ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ។

កាលពី​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០២៣ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ប្រកាស​លើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស់ និង​ការ​ធ្វើ​តេស្ដ​រហ័ស​រក​មេរោគ​កូវីដ-១៩ សម្រាប់​ការ​ជួបជុំ​គ្រប់​ប្រភេទ​ទាំងអស់​នៅ​ទូទាំង​ប្រទេស ជាពិសេស​ការ​ចូលរួម​ទស្សនា​ព្រឹត្តិការណ៍​ស៊ីហ្គេម​នា​ពេល​ខាងមុខ​នេះ ក៏​មិន​តម្រូវ​ឱ្យ​ពាក់​ម៉ាស់ និង​ធ្វើ​តេស្ដ​រក​ជំងឺ​កូវីដ-១៩ ដែរ។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បញ្ជាក់​ថា អ្នក​ដែល​ត្រូវ​ចូលរួម​ក្នុង​ពិធី​ណា​មួយ មិន​តម្រូវ​ឱ្យ​ពាក់​ម៉ាស់​ទៀត​ទេ ប៉ុន្តែ​បុគ្គល​ម្នាក់ៗ​អាច​ពាក់​ម៉ាស់​តាម​ភាព​ចាំបាច់​របស់​ខ្លួន។ ជាង​នេះ​ទៀត ក៏​មិន​តម្រូវ​ឱ្យ​ធ្វើ​តេស្ដ​រហ័ស​ណា​មួយ​ទៀត​ដែរ​សម្រាប់​ការ​ជួបជុំ​នានា ប៉ុន្តែ​បុគ្គល​ម្នាក់ៗ​អាច​ធ្វើ​តេស្ដ​ដោយ​ខ្លួនឯង​បាន បើ​មាន​លក្ខណៈ​សង្ស័យ​ណា​មួយ​នោះ។

ទាក់ទិន​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ចាប់តាំងពី​ដើម​ខែ​មករា ឆ្នាំ​២០២៣ មក ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​តិចតួច​បំផុត ទាំង​ការ​ឆ្លង​ក្នុង​ប្រទេស និង​ការ​ចម្លង​មកពី​ក្រៅ​ប្រទេស ក្នុង​នោះ​ថ្ងៃ​ខ្លះ​រក​ឃើញ​ត្រឹមតែ ១​ករណី​ទៅ ២​ករណី​ប៉ុណ្ណោះ ប៉ុន្តែ​ភាគច្រើន​គឺ​មិន​មាន​អ្នក​ឆ្លង​ថ្មី​នោះ​ទេ។

គេហទំព័រ​តាមដាន​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ លើ​ពិភពលោក WORLDOMETER ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ សរុប​ជាង ១​សែន ៣​ម៉ឺន​នាក់ និង​អ្នក​ស្លាប់​ចំនួន​ជាង ៣​ពាន់​នាក់ ចំណែក​អ្នក​ដែល​ជាសះស្បើយ​ឡើងវិញ​មាន​ចំនួន​ជាង ១​សែន ៣​ម៉ឺន ៥​ពាន់​នាក់​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស