មន្ត្រីជាន់ខ្ពស់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ចាត់ទុកការបោះឆ្នោតជាតិនៅកម្ពុជាដែលគ្មានបក្សប្រឆាំងចូលរួមនៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គ្រាន់តែជាការបោះឆ្នោតកំប្លុកកំប្លែងសម្រាប់ប្រទេសដែលកាន់របបប្រជាធិបតេយ្យប៉ុណ្ណោះ។
អនុប្រធានប្រចាំតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) លោក ហ្វីល រ៉ូបឺសុន បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១៧ ឧសភា ថា ពលរដ្ឋខ្មែរនៅក្រៅស្រុកអាចធ្វើកិច្ចការមានប្រសិទ្ធភាពជុំវិញការជំរុញឱ្យស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ឱ្យតែពួកគេធ្វើតាមច្បាប់ និងតាមលំដាប់លំដោយ។
លោកបន្ថែមថា ពលរដ្ឋខ្មែររស់នៅក្រៅស្រុក មិនគួរនាំគ្នាបំភ្លេចប្រទេសកំណើតរបស់ខ្លួនដោយទុកឱ្យមេដឹកនាំធ្វើអ្វីៗស្រេចតែនឹងទំនើងចិត្តនោះទេ ប្រសិនបើពួកគេចង់ឱ្យជាតិសាសន៍របស់ខ្លួនរស់នៅក្នុងសង្គមប្រជាធិបតេយ្យពិតប្រាកដទៅថ្ងៃមុខនោះ។
មន្ត្រីជាន់ខ្ពស់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សរូបនេះបញ្ជាក់ថា សព្វថ្ងៃនេះប្រទេសដែលកំពុងធ្វើដំណើរទៅរកប្រព័ន្ធផ្ដាច់ការមួយចំនួនកំពុងយកប្រទេសភូមា មកបិទបាំងទង្វើរបស់ពួកគេ ព្រោះថានៅពេលដែលមានការទាមទារណាមួយពីសហគមន៍អន្តរជាតិឱ្យស្ដារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ពួកគេតែងតែជំរុញឱ្យសហគមន៍អន្តរជាតិទៅពិនិត្យមើលការដឹកនាំរបស់ប្រទេសភូមា ទៅវិញ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលកម្ពុជាកំពុងរៀបចំដំណើរឆ្ពោះទៅរកការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ស្របពេលដែលគេមើលឃើញថាជាការបោះឆ្នោតមួយដែលគ្មានតម្លាភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌។
ដំណើរការនៃការបោះឆ្នោតជាតិនៅកម្ពុជាអាណត្តិទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះដែលមានគណបក្សចំនួន១៨ ចូលរួម ខណៈប្រទេសសេរីប្រជាធិបតេយ្យមួយចំនួនមិនបានបញ្ជូនអ្នកសង្កេតការណ៍របស់ពួកគេមកពិនិត្យមើលការបោះឆ្នោតនេះទេ ដោយសារតែគេមើលឃើញថាជាការបោះឆ្នោតដែលគ្មានតម្លាភាព។
យ៉ាងណាក៏ដោយ មេដឹកនាំខ្មែរដែលគេចាត់ទុកជាចោរលួចប្លន់សន្លឹកឆ្នោត លោក ហ៊ុន សែន បានគំរាមកាលពីពេលថ្មីៗនេះថា ពលរដ្ឋខ្មែរមានជម្រើសតែមួយគត់ បើពិតជាចង់ឲ្យកម្ពុជាអាចធានានូវសន្តិភាពយូរអង្វែង គឺមានតែបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំប្រទេសសព្វថ្ងៃនេះប៉ុណ្ណោះ។
បុរសខ្លាំងក្តាប់អំណាចតាមរបៀបដឹកនាំនៃរបបយោធា លោក ហ៊ុន សែន បានលើកឡើងថា នៅពេលដែលគណបក្សប្រជាជនកម្ពុជាបន្តគ្រប់គ្រងអំណាចដូចសព្វថ្ងៃនេះ នោះគណបក្សនឹងអាចរកសន្តិភាពជូនប្រទេសជាតិបាន ដែលនឹងធ្វើឲ្យពលរដ្ឋមានភាពសុខសាន្តពេញលេញទាំងអស់គ្នា។
បែបនេះក្តី មន្ត្រីជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ធ្លាប់បានលើកឡើងកាលពីពេលថ្មីៗនេះថា ដើម្បីធានានូវការបោះឆ្នោតខាងមុខនេះមានភាពត្រឹមត្រូវស្របតាមខ្លឹមសាររដ្ឋធម្មនុញ្ញដែលមានចែងអំពីរដ្ឋាភិបាលកម្ពុជា ត្រូវតែបើកសិទ្ធិសេរីភាពដល់អ្នកនយោបាយ សកម្មជននយោបាយ និងពលរដ្ឋឱ្យមានសិទ្ធិពេញលេញក្នុងការចូលរួមប្រកួតប្រជែងដោយយុត្តិធម៌ និងមានសិទ្ធិអាចជ្រើសរើសគណបក្សនយោបាយដែលពួកគេពេញចិត្ត ដោយគ្មានការបង្ខិតបង្ខំ និងការបំភិតបំភ័យណាមួយនោះឡើយ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា បើពិនិត្យលើសកម្មភាពទុច្ចរិតក្នុងកិច្ចការនយោបាយរបស់លោក ហ៊ុន សែន ដែលប្រើឧបាយកលលួចសន្លឹកឆ្នោតកាលពីអាណត្តិកន្លងមកផង និងការរៀបចំផែនការលុបបំបាត់វត្តមានគណបក្សប្រឆាំង និងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក្នុងការបោះឆ្នោតជាតិខាងមុខនេះផងនោះ គេអាចវាយតម្លៃបានថា ការបោះឆ្នោតនៅកម្ពុជាក្នុងឆ្នាំ២០២៣ នេះ គឺជាការរៀបផែនការប្លន់លទ្ធផលបោះឆ្នោតរបស់គណបក្សកាន់អំណាចដែលកំពុងបញ្ជាដោយលោក ហ៊ុន សែន ប៉ុណ្ណោះ មិនមែនជាការបោះឆ្នោតដោយត្រឹមត្រូវនេះទេ៕