ប្រធានអង្គការគាំពារសិទ្ធិមនុស្ស និងការងារប្រចាំតំបន់អាស៊ី (Asia Human Rights and Labor Advocates) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) លើកឡើងថា បញ្ហាគ្រាប់មីនក្នុងជម្លោះព្រំដែនប្រទេសកម្ពុជា-ថៃ នាពេលនេះ គឺជារឿងសំខាន់ក្នុងការកំណត់ជោគវាសនាទាហានខ្មែរទាំង ១៨នាក់ ថាត្រូវបានដោះលែង ឬយ៉ាងណានោះ។
លោក ហ្វីល រ៉ូបឺតសុន សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៤ វិច្ឆិកា ថា បញ្ហាគ្រាប់មីនដែលលេចឡើងក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលនេះ គឺត្រូវការភាគីទាំងសងខាងបង្ហាញភស្តុតាងជាក់លាក់ដែលមិនមែនត្រឹមតែជាការបង្ហាញទស្សនៈរៀងៗខ្លួននោះទេ។
ប្រភពដដែល លើកឡើងថា បញ្ហាគ្រាប់មីនត្រូវតែមានការស៊ើបអង្កេតពីភាគីឯករាជ្យ គឺក្រុមអ្នកសង្កេតការណ៍យោធាអាស៊ាន ដើម្បីផ្តល់យុត្តិធម៌ ក្នុងនោះបើរកឃើញថាគ្រាប់មីនដែលផ្ទុះកន្លងមកជាគ្រាប់មីនថ្មី នោះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងនានាដែលភាគីទាំងសងខាងបានឯកភាពគ្នា។ លោកបន្តថា ផ្ទុយទៅវិញ បើគ្រាប់មីនដែលផ្ទុះនោះ គឺជាគ្រាប់មីនចាស់សល់ពីសង្គ្រាមកាលពីទសវត្សរ៍ឆ្នាំ១៩៨០ នោះបញ្ហាគឺស្ថិតនៅត្រង់ថា តើគ្រាប់មីនទាំងនោះត្រូវយកចេញដោយវិធីណា ដើម្បីបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរ។
លោក ហ្វីល រ៉ូបឺតសុន បញ្ជាក់ថា ក្នុងពេលនេះ ប្រទេសថៃ កំពុងបោះជំហានទៅរកការរៀបចំការបោះឆ្នោតសកល ស្របពេលដែលក្រុមយោធាកំពុងគ្រប់គ្រងគោលនយោបាយព្រំដែន ដូច្នេះឱកាសដែលអាចកើតមាន គឺតិចតួចបំផុតដែលថៃ នឹងលះបង់ជំហររបស់ពួកគេសម្រួលតាមការចង់បាននៃប្រទេសកម្ពុជា នោះ។
កាលពីថ្ងៃទី១០ ខែវិច្ឆិកា កាសែតថៃ ខៅស៊ុត (Khaosod) បានស្រង់សម្ដីរដ្ឋមន្ត្រីការពារជាតិថៃ លោក ណាថាផន ណាក់ផានិត (Nattapon Nakpanit) ថា គម្រោងដោះលែងទាហានកម្ពុជា ទាំង ១៨នាក់ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា នឹងត្រូវពន្យារពេលវិញ បន្ទាប់ពីទាហានថៃ ២នាក់បានរងរបួសដោយសារគ្រាប់មីនកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ។
ជុំវិញបញ្ហានេះ ទីភ្នាក់ងារព័ត៌មានជាតិប្រទេសម៉ាឡេស៊ី Bernama បានចុះផ្សាយសម្ដីរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក មហាមេត ហាស់សាន (Mohamad Hasan) កាលពីថ្ងៃទី១៣ ខែវិច្ឆិកា នេះថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) រាយការណ៍ឲ្យដឹងថា មីនដែលផ្ទុះនាំឲ្យរបួសទាហានថៃ គឺជាមីនចាស់ ខណៈម៉ាឡេស៊ី ក៏ត្រៀមខ្លួនសម្របសម្រួលការពិភាក្សាគ្នាជុំវិញបញ្ហានេះដែរ។
យ៉ាងណាក៏ដោយ កាសែត ខៅស៊ុត (Khaosod) រាយការណ៍នៅថ្ងៃទី១៤ វិច្ឆិកា ថា ទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bernama បានចុះផ្សាយខុសពីខ្លឹមសារដើមនូវប្រសាសន៍របស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី អំពីមីនដែលទាហានថៃ បានជាន់កាលពីថ្ងៃទី១០ ខែវិច្ឆិកា កន្លងទៅនេះ។ ក្រោយការតវ៉ានេះ ទីភ្នាក់ងារព័ត៌មាន Bernama នៅថ្ងៃទី១៤ វិច្ឆិកា បានកែសម្រួលខ្លឹមសារអត្ថបទរបស់ខ្លួនវិញថា មីនដែលទាហានថៃ បានជាន់កាលពីពេលថ្មីៗនេះ គឺជាមីនថ្មី៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

