លោក ហ៊ុន សែន អំពាវនាវទៅមន្ត្រីក្នុងជួររដ្ឋាភិបាល និងអ្នកមានអំណាច និងអ្នកមានលុយ ដកខ្លួនចេញជាបន្ទាន់បើសិនពួកគេមានជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ បន្ទាប់ពីលោកទទួលបានព័ត៌មានថាមានជនឆ្លៀតឱកាសកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានដីធ្លីរបស់រដ្ឋអំឡុងពេលរដ្ឋាភិបាលកំពុងជាប់រវល់រៀបចំដំណើរការបោះឆ្នោត។
តាមរយៈសារសំឡេងជាង ៤នាទីកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ លោក ហ៊ុន សែន ថ្លែងថា ជនខិលខូចបានឆ្លៀតឱកាសកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានដីធ្លីរបស់រដ្ឋអំឡុងពេលរដ្ឋាភិបាលកំពុងជាប់រវល់រៀបចំដំណើរការបោះឆ្នោត។
បុរសខ្លាំងរូបនេះបានចេញសារបញ្ជាទៅកាន់មន្ត្រីពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថាន ក្រសួងកសិកម្ម ត្រូវបញ្ចេញកម្លាំងរារាំងគ្រប់សកម្មភាពក្រុមជនខិលខូចដែលបានឆ្លៀតឱកាសកាប់បំផ្លាញធនធានធម្មជាតិ និងការទន្ទ្រានព្រៃរបស់រដ្ឋធ្វើកម្មសិទ្ធិ។
បុរសខ្លាំងកាន់អំណាចជិត ៤០ឆ្នាំនៅកម្ពុជាដែលបរាជ័យទប់ស្កាត់បទល្មើសព្រៃឈើ ក៏បានចេញបទបញ្ជាជាថ្មីទៀតទៅកងកម្លាំងឲ្យចាប់មេខ្លោងដែលនៅពីក្រោយនៃការកាប់បំផ្លាញព្រៃឈើយកទៅផ្ដន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែង និងយោគយល់ផងដែរ។
លោកក៏បានអំពាវនាវដល់អ្នកមានប្រាក់ និងមានអំណាចដែលនៅពីក្រោយខ្នងនៃការកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានដីធ្លីរដ្ឋទាំងឡាយ ត្រូវដកខ្លួនចេញជាបន្ទាន់ មិនដូច្នោះទេ ពួកគេនឹងទទួលរងនូវវិធានការច្បាប់ បើសិនជារកឃើញថាពួកគេពាក់ព័ន្ធនឹងបទល្មើស។
លោក ហ៊ុន សែន ណែនាំទៅក្រសួងពាក់ព័ន្ធត្រូវអនុវត្តវិធានការនេះឲ្យដូចភ្លៀងរលឹមដោយចាត់ និងបញ្ជូនកម្លាំងជាបន្ទាន់ ដើម្បីចុះបង្ក្រាបសកម្មភាពអនាធិបតេយ្យនូវការកាប់ទន្ទ្រានយកដីព្រៃ និងការកាប់បំផ្លាញព្រៃឈើដែលកំពុងកើតឡើងបច្ចុប្បន្ន។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នាថ្ងៃទី៦ ខែមិថុនា នេះ លោក ហ៊ុន សែន បានបញ្ជាទៅកងកម្លាំងឲ្យចាប់ខ្លួនអ្នកកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានដីដោយគ្មានការលើកលែង ទោះបីពួកគេជាអ្នកស៊ីឈ្នួល ឬពលរដ្ឋក្រីក្រគ្មានដីធ្លីក៏ដោយ ក្រោមហេតុផលថា ក្រុមប្រជាពលរដ្ឋទាំងនោះបំពានច្បាប់។
លោកស្នើទៅអង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស និងក្រុមអ្នកប្រជាធិបតេយ្យឲ្យពិនិត្យចំពោះរឿងនេះឡើងវិញ ដោយថា វិធានការដែលរដ្ឋាភិបាលធ្វើដើម្បីការពារសណ្ដាប់ធ្នាប់ និងធនធានធម្មជាតិដែលត្រូវប្រជាពលរដ្ឋទៅទន្ទ្រាន និងកាប់បំផ្លាញធនធានធម្មជាតិ។
លោក ហ៊ុន សែន ក៏បានបញ្ជាទៅលោក សៅ សុខា និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមទាំងអាជ្ញាធរខេត្ត ត្រូវចាត់វិធានការដោយគ្មានការលើកលែងបើមានការសង់ខ្ទមលើដីរបស់រដ្ឋ។ ចំពោះអ្នកចេញការពារវិញ លោក ហ៊ុន សែន ចាត់ទុកថាពួកគេជាអ្នកគាំទ្រឲ្យមានការបំផ្លាញធនធានធម្មជាតិ និងទន្ទ្រានដីរដ្ឋនៅក្នុងប្រទេសកម្ពុជា។

លោកក៏បានព្រមានចាប់ពលរដ្ឋដាក់គុក ទោះបីមុនការបោះឆ្នោតក៏ដោយ បើសិនជាពួកគេទៅកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានយកដីរបស់រដ្ឋដែរនោះ។
ក្រុមអ្នកឃ្លាំមើលបរិស្ថាននិយាយថា ការបញ្ជារបស់លោក ហ៊ុន សែន នៅពេលនេះ មិនមែនជារឿងថ្មីឡើយ។ កាលពីជាង ២០ឆ្នាំមុន លោកក៏ធ្លាប់ប្រើវោរហាស័ព្ទខ្លាំងពាក់ព័ន្ធនឹងបញ្ហាព្រៃឈើ និងមានការបញ្ជាដូច្នេះដែរ។ ជាងនេះទៅទៀត លោក ហ៊ុន សែន ក៏ធ្លាប់បានប្រកាសបូជាជីវិតរបស់លោកដោយកាត់ករបស់លោក បើសិនជាការពារដីរដ្ឋ និងព្រៃឈើនៅកម្ពុជាមិនបាន ប៉ុន្តែមកដល់បច្ចុប្បន្ន ករបស់លោកនៅដដែល ខណៈព្រៃឈើនៅកម្ពុជារងការវិនាសស្ទើរតែហិនហោចទៅហើយនោះ។
សកម្មជនការពារបរិស្ថាន និងសិទ្ធិមនុស្ស លោក សាន់ ម៉ាឡា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅមុនការផ្សាយនេះបន្តិចថា លោកសូមគាំទ្រទាំងស្រុងប្រសាសន៍ និងបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យអាជ្ញាធរមូលដ្ឋានទប់ស្កាត់ និងបង្ក្រាបជនខិលខូចទាំងឡាយណាដែលមានបំណងទន្ទ្រានដីព្រៃដោយខុសច្បាប់ ដើម្បីយកមកកាន់កាប់ជាសម្បត្តិផ្ទាល់ខ្លួន ប៉ុន្តែលោកសំណូមពរឲ្យបទបញ្ជាមានភាពប្រាកដប្រជាដែលត្រូវអនុវត្តប្រចាំថ្ងៃ មិនមែនជាបទបញ្ជាតាមរដូវកាលដើម្បីកេងចំណេញប្រជាប្រិយភាពមុនការបោះឆ្នោត។
លោក សាន់ ម៉ាឡា បន្តថា ដើម្បីការពារព្រៃឈើ និងធនធានធម្មជាតិរបស់ប្រទេសឲ្យមានប្រសិទ្ធភាពទៅបាន លុះត្រារដ្ឋាភិបាលបើកចំហឲ្យពលរដ្ឋ និងក្រុមសង្គមស៊ីវិលអាចចូលរួមឃ្លាំមើលដោយគ្មានការភ័យខ្លាច ជាពិសេសករណីពុករលួយរបស់អាជ្ញាធររដ្ឋ។
កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍មួយដោយបង្ហាញថា ព្រៃឈើចំនួនជាង ៦ពាន់ហិកតារ (៦២៧១ហិកតារ) ស្ថិតក្នុងដែនជម្រកសត្វព្រៃចំនួនពីរត្រូវបានកាប់បំផ្លាញ ក្នុងនោះមានដែនជម្រកសត្វព្រៃព្រៃឡង់ និងដែនជម្រកសត្វព្រៃព្រះរការ ដោយការកាប់ឈើខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិ និងវប្បធម៌របស់ជនជាតិដើមភាគតិចសព្វថ្ងៃនេះ។

ដោយឡែករបាយការណ៍ស្រាវជ្រាវដែលមានកម្រាស់ ៥៣ទំព័ររបស់អង្គការគំនិតផ្ដួចផ្ដើមសាកលប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន (Global Initiative Against Transnational Organized Crime) បានចេញផ្សាយកាលពីចុងខែកញ្ញា ឆ្នាំ២០២២ ក៏បានបង្ហាញអំពីការបង្កើតបណ្ដាញរកស៊ីឈើខុសច្បាប់យ៉ាងធំនៅកម្ពុជាជាមួយមន្ត្រី និងឧកញ៉ាខិលខូចថា គ្រួសារលោក ហ៊ុន សែន បានចែកគ្នាគ្រប់គ្រងឧកញ៉ារៀងៗខ្លួន ដើម្បីឲ្យឧកញ៉ាទាំងនោះរកស៊ីខុសច្បាប់រកលុយឲ្យខ្លួន ដូចជាការប្រព្រឹត្តបទល្មើសព្រៃឈើនៅកម្ពុជា ជាដើម ដែលគេបានរកឃើញក្នុងពេលបច្ចុប្បន្ននេះ៕