35 C
Phnom Penh

អតីត​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ទម្លាយ​ពី​ការ​ប្រជែង​អំណាច​រវាង​លោក ហ៊ុន សែន និង​លោក ស ខេង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ទម្លាយ​ថា ការ​ប្រជែង​អំណាច​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ធ្វើ​ឱ្យ​មាន​ការ​ប្រេះស្រាំ​ផ្ទៃក្នុង​រវាង​លោក ហ៊ុន សែន និង​លោក ស ខេង យ៉ាង​ខ្លាំង​តាមរយៈ​ល្បិចកល​ផ្ទេរ​អំណាច​ទៅ​ឲ្យ​លោក ហ៊ុន ម៉ាណែត ស្នង​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទៅ​ថ្ងៃ​មុខ។

អតីត​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​ប្រចាំ​ខេត្ត​កោះកុង លោក មុំ អស្សនី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៧ ខែ​មិថុនា នេះ​ថា លោក ហ៊ុន សែន កំពុង​ប្រើ​ល្បិច​ទាក់ទាញ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​ចុះចូល​ជាមួយ​គាត់ ដោយ​សន្យា​ផ្តល់​តំណែង​ដល់​កូនៗ​របស់​ពួកគេ ប្រសិនបើ​ពួកគេ​យល់ព្រម​គាំទ្រ​ឲ្យ​លោក ហ៊ុន ម៉ាណែត ស្នង​អំណាច​ជា​នាយករដ្ឋមន្ត្រី​ទៅ​ថ្ងៃ​មុខ ប៉ុន្តែ​ល្បិច​នេះ​ត្រូវ​គេ​ដឹង​មុន ដូច្នេះ​មាន​អ្នក​ខ្លះ​ធ្វើ​ចុះចូល​ជាមួយ​គាត់ ហើយ​អ្នក​ខ្លះ​ទៀត​ក៏​ព្រម​ចុះចូល​ដែរ។

ជាក់ស្តែង អ្នក​ដែល​ព្រម​សម្រប​ខ្លួន​តាម​លោក ហ៊ុន សែន គឺ​មាន​តែ​អ្នកស្រី ម៉ែន សំអន និង​លោក ទៀ បាញ់ ប៉ុណ្ណោះ ហើយ​អ្នក​ទាំង​ពីរ​នាក់​នេះ​ក៏​ត្រូវ​បាន​លោក ហ៊ុន សែន តែងតាំង​ជា​អនុប្រធាន​គណបក្ស​ដែរ ដើម្បី​ទាញ​ទឹកចិត្ត​របស់​ពួកគេ​ឱ្យ​ជួយ​ទប់ទល់​នឹង​អំណាច​របស់​លោក ស ខេង។ ក្រៅពី​នេះ លោក ហ៊ុន សែន ក៏​បាន​តែងតាំង​មនុស្ស​ជំនិត និង​សាច់ញាតិ​របស់​ខ្លួន​ឱ្យ​ទៅ​ឃ្លាំមើល​ក្នុង​ស្ថាប័ន​ដែល​លោក ស ខេង ដឹកនាំ​ថែម​ទៀត ដូចជា​លោក នេត សាវឿន និង​លោក ឌី វិជ្ជា ដែល​មាន​តំណែង​ជាន់ខ្ពស់​ក្នុង​ក្រសួង​មហាផ្ទៃ ជាដើម។

លោក មុំ អស្សនី អះអាង​ថា ដើម្បី​ឱ្យ​អំណាច​គ្រួសារ​ត្រកូល ហ៊ុន កាន់តែ​រឹងមាំ និង​អាច​ធានា​បាន​នូវ​ភាព​ស្ថិតស្ថេរ លោក ហ៊ុន សែន បាន​បើក​ច្រក​ឱ្យ​លោក ហ៊ុន ម៉ាណែត រៀបចំ​កម្លាំង​ក្នុង​ជួរ​កងកម្លាំង​ប្រដាប់​អាវុធ​ដោយ​ការ​ផ្តល់​ឋានៈ​បុណ្យ​ស័ក្តិ​ដល់​មន្ត្រី​យោធា​ទាំងនោះ​ឱ្យ​បាន​កាន់តែ​ច្រើន ដូចជា​ការ​តែងតាំង​អគ្គមេបញ្ជាការ​រង​សន្ធឹកសន្ធាប់​តាម​អង្គភាព​នីមួយៗ ក្រោម​លេស​ថា ដើម្បី​ធ្វើ​កំណែ​ទម្រង់​កងទ័ព ប៉ុន្តែ​តាម​ការពិត គឺជា​វិធី​ចងក្រង​កម្លាំង​ដើម្បី​ការពារ​អំណាច​លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ។

អតីត​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ក្តោប​ក្តាប់​អំណាច​ដូច​ដែល​ខ្លួន​ធ្លាប់​ប្លន់​ពី​លោក ជា ស៊ីម លោក ហ៊ុន សែន ធ្លាប់​បាន​បញ្ជា​ឱ្យ​លោក សៅ សុខា ព័ទ្ធ​ផ្ទះ​លោក ស ខេង ដូច​ដែល​គាត់​ធ្លាប់​បញ្ជា​ឲ្យ​ព័ន្ធ​ផ្ទះ​លោក ជា ស៊ីម ដែរ ប៉ុន្តែ​លោក សៅ សុខា មិន​អនុវត្ត​តាម​បញ្ជា​នោះ​ទេ ដោយ​គាត់​លើក​ហេតុផល​ថា ដើម្បី​កុំ​ឱ្យ​មាន​ជម្លោះ​ផ្ទៃក្នុង។

លោក​គូស​បញ្ជាក់​ថា ការ​ផ្តល់​ហេតុផល​ដូច្នេះ មកពី​លោក សៅ សុខា ដឹង​ពី​ល្បិច​នយោបាយ​របស់​លោក ហ៊ុន សែន ដែល​ធ្លាប់​សន្យា​នឹង​គាត់​ថា នៅ​ពេល​ដែល​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី កូនៗ​របស់​ពួកគេ​នឹង​ត្រូវ​តែងតាំង​ឱ្យ​ជំនួស​តំណែង​ដែល​ខ្លួនឯង​ធ្លាប់​ធ្វើ​ទាំងអស់ ប៉ុន្តែ​ល្បិចកល​នេះ​ត្រូវ​បាន​បែកធ្លាយ ព្រោះ​ថា​ការពិត លោក ហ៊ុន ម៉ាណែត បាន​ត្រៀម​កម្លាំង​ខ្លួនឯង​ដើម្បី​ជំនួស​កន្លែង​ទាំងនោះ​រួច​អស់​ហើយ​ក្នុង​ផែនការ​បំបាត់​អំណាច​កូនៗ​របស់​អ្នក​ទាំងនោះ​ឱ្យ​អស់​តែម្តង។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​សង្កេត​ឃើញ​ថា លោក ហ៊ុន សែន បាន​គំរាម​ផ្ទៃក្នុង​របស់​ខ្លួន​ជា​បន្តបន្ទាប់​ដើម្បី​ការពារ​ឱ្យ​លោក ហ៊ុន ម៉ាណែត អាច​ស្នង​តំណែង​ជា​នាយករដ្ឋមន្ត្រី​ពី​ខ្លួន​ដោយ​សុវត្ថិភាព​នៅ​ថ្ងៃ​មុខ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​កំពុង​រៀប​ឱ្យ​កម្ពុជា​ក្លាយ​ជា​ការ​គ្រប់គ្រង​អំណាច​តាម​បែប​សន្តតិវង្ស ដោយ​លោក ហ៊ុន សែន រំលោភ​សិទ្ធិ​អំណាច​មន្ត្រី​ជាន់ខ្ពស់​ផ្ទៃក្នុង​បក្ស​ធ្ងន់ធ្ងរ ចំណែក​លោក ហ៊ុន ម៉ាណែត ជា​អ្នក​លុបបំបាត់​អំណាច​នៃ​គ្រួសារ​មេដឹកនាំ​ទាំងនោះ​តាមរយៈ​នៃ​ការ​លុប​បំបាត់​តួនាទី​កូនៗ​របស់​ពួកគេ​នៅ​តាម​ស្ថាប័ន​សំខាន់ៗ​ទាំងអស់​នៅ​ថ្ងៃ​ក្រោយ។

លោក គឹម សុខ លើកឡើង​ថា សព្វថ្ងៃ​នេះ​លោក ហ៊ុន សែន កំពុង​ប្រើ​មនុស្ស​របស់​គាត់​ឱ្យ​ទៅ​គ្រប់គ្រង​តាម​ស្ថាប័ន​សំខាន់ៗ​ទាំងអស់ ដើម្បី​ទប់ស្កាត់​អំណាច​មន្ត្រី​ជាន់ខ្ពស់​ផ្ទៃក្នុង​របស់​ខ្លួន ដូចជា​លោក នេត សាវឿន កាន់​តួនាទី​ជា​អគ្គស្នងការ​នគរបាល​ជាតិ លោក ឌី វិជ្ជា កាន់​តួនាទី​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ និង​លោក ម៉ក់ ជីតូ កាន់​តួនាទី​ជា​អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ជាដើម ដែល​បង្ហាញ​ថា គាត់​មាន​ចេតនា​ទប់ស្កាត់​អំណាច​លោក ស ខេង យ៉ាង​ច្បាស់​ក្រឡែត។

ដោយឡែក​កូនប្រុស​លោក ស ខេង គឺ​លោក ស សុខា ត្រូវ​បាន​លោក ហ៊ុន សែន រៀបចំ​សេណារីយ៉ូ​ឱ្យ​កាន់​តួនាទី​ត្រឹមតែ​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ប៉ុណ្ណោះ ដូច្នេះ​ពេល​ដែល​លោក ស ខេង ចូល​និវត្តន៍ មនុស្ស​របស់​លោក ហ៊ុន សែន នឹង​ឡើង​គ្រប់គ្រង​ក្រសួង​មហាផ្ទៃ​ជំនួស​គាត់​ជាមិនខាន។

អ្នកវិភាគ​ឯករាជ្យ​រូប​នេះ​លើកឡើង​ថា ចំណែក​អំណាច​លោក ទៀ បាញ់ នៅ​ក្នុង​ក្រសួង​ការពារ​ជាតិ ក៏​កំពុង​ត្រូវ​បាន​លោក ហ៊ុន សែន រៀប​ផែនការ​ប្លន់​យក​ដែរ គឺ​គាត់​បាន​ស្នើ​ឱ្យ​ព្រះមហាក្សត្រ​តែងតាំង​លោក ហ៊ុន ម៉ាណែត ឲ្យ​កាន់​តួនាទី​ជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​មាន​ន័យ​ថា នៅ​ពេល​ដែល​អវត្តមាន​លោក ទៀ បាញ់ លោក ហ៊ុន ម៉ាណែត នឹង​ជំនួស​តំណែង​នេះ​ដោយ​ស្វ័យប្រវត្តិ ខណៈ​លោក ហ៊ុន ម៉ាណែត នៅ​ពេលនេះ​កំពុងតែ​កាន់​តួនាទី​ជា​អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក និង​មេបញ្ជាការ​នៃ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ទៅ​ហើយ​នោះ។

លោក គឹម សុខ គូស​បញ្ជាក់​ថា លោក ហ៊ុន ម៉ាណែត គ្មាន​អនុស្សាវរីយ៍​ប្រវត្តិ​តស៊ូ ឬ​ធ្វើការ​ជាមួយ​កូន​លោក ស ខេង កូន​លោក ទៀ បាញ់ ឬ​កូន​អ្នកស្រី ម៉ែន សំអន ទេ ដូច្នេះ​ដើម្បី​អំណាច​របស់​គាត់​កាន់តែ​រឹងមាំ គាត់​នឹង​ត្រូវ​កម្ចាត់​អ្នក​ទាំងនោះ​ឱ្យ​អស់​ពី​តួនាទី​សំខាន់ៗ​ក្នុង​ស្ថាប័ន​រដ្ឋ​ទាំងអស់ ព្រោះ​ថា​មាន​តែ​កម្លាំង​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ដែល​អាច​គំរាមកំហែង​ដល់​អំណាច​គ្រួសារ​ហ៊ុន និង​ការ​ស្នង​អំណាច​របស់​គាត់​បាន។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៣ មេដឹកនាំ​ខ្មែរ​កាង​អំណាច​ត​ត្រកូល លោក ហ៊ុន សែន សារភាព​ថា ការ​ដំឡើង​ឋានន្តរស័ក្តិ​ឱ្យ​កូនប្រុស​បង្កើត​ខ្លួនឯង​ដែល​ត្រៀម​ស្នង​មរតក​អំណាច​ពី​ខ្លួន គឺ​លោក ហ៊ុន ម៉ាណែត គឺជា​ផែនការ​ឆ្ពោះ​ទៅ​រក​ការ​ក្តោប​ក្តាប់​អំណាច​ដើម្បី​គ្រប់គ្រង​អំណាច​ជា​នាយករដ្ឋមន្ត្រី​នា​ពេល​ខាងមុខ។

លោក ហ៊ុន សែន គំរាម​ថា គ្មាន​នរណា​អាច​រារាំង​ផែនការ​នេះ​បាន​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស