បុរសខ្លាំងកម្ពុជាលោក ហ៊ុន សែន ព្រមានថា ជនណាក៏ដោយនៅក្នុងគណបក្សណាក៏ដោយ ដែលមានបំណងឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យ ប៉ុន្តែបើខ្លួនមិនទៅចូលរួមការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះទេ នោះពួកគេនឹងត្រូវបាត់បង់សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យអស់មួយជីវិត។
បុរសខ្លាំងរូបនេះបានលើកឡើងពិធីជួបកម្មករក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ មិថុនា នេះ ដោយបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ធ្វើវិសោធនកម្មច្បាប់បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឲ្យបានមុនការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខនេះ។
លោក ហ៊ុន សែន អះអាងថា ការធ្វើវិសោធនកម្មនៃច្បាប់នេះ គឺមានខ្លឹមសារថា បើអ្នកចង់ឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យ តែបើខ្លួនមិនទៅចូលរួមការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះទេ អ្នកទាំងនោះនឹងមិនអាចឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យនៅពេលក្រោយបានឡើយ ដូចជាការបោះឆ្នោតឃុំ-សង្កាត់ក្តី ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្តី ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាក្តី រួមទាំងការបោះឆ្នោតសមាជិកសភាឆ្នាំ២០២៨ ថែមទៀត។
បុរសខ្លាំងកម្ពុជារូបនេះអះអាងថា បើពិនិត្យមើលស្ថានភាពនៅប្រទេសថៃ មានគណបក្សមួយចំនួនត្រូវបាត់បង់សមាជិកសភាទាំងស្រុង ទោះពួកគេបានជាប់ឆ្នោតហើយក៏ដោយ ក៏ត្រូវបាត់បង់សិទ្ធិជាប់ឆ្នោតទៅវិញដែរ ដោយសារតែពួកគេមិនបានបំពេញកាតព្វកិច្ចនៅក្នុងការទៅបោះឆ្នោតលើកទី១ ដូច្នេះកម្ពុជាក៏អាចធ្វើបែបនេះបានដែរ។
លោក ហ៊ុន សែន ដែលកំពុងត្រួតត្រារដ្ឋសភាឯកបក្សរូបនេះបញ្ជាក់ថា ការធ្វើវិសោធនកម្មនេះ គឺស្របតាមមាត្រា៣៤ថ្មី នៃរដ្ឋធម្មនុញ្ញ ដែលមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិពលរដ្ឋទៅបោះឆ្នោត ឬមិនបោះឆ្នោតនោះទេ ហើយក៏ដើម្បីចៀសវាងនូវការលើកឡើងមិនដាច់ស្រេចថា តើអ្នកដែលចង់ឈរឈ្មោះបោះឆ្នោត គួរតែទៅបោះឆ្នោត ឬមិនទៅបោះឆ្នោតនោះដែរ។
គម្រោងនៃការធ្វើវិសោធនកម្មច្បាប់នេះ ធ្វើឡើងស្របពេលដែលមជ្ឈដ្ឋាននានារិះគន់ថា ជាចេតនាដើម្បីគាបសង្កត់គណបក្សក្រៅរដ្ឋាភិបាលដើម្បីបម្រើផលប្រយោជន៍នយោបាយរបស់បក្សកាន់អំណាចប៉ុណ្ណោះ។
អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៣ មិថុនា នេះថា ការកែច្បាប់បោះឆ្នោតម្តងនេះ គឺមានគោលដៅសងសឹក និងបំបែកបំបាក់បំផ្លាញជាតិឯងដើម្បីតែប្រយោជន៍អំណាចគ្រួសារត្រកូលហ៊ុនតែប៉ុណ្ណោះ ព្រោះខ្លឹមសារនៃច្បាប់នេះ គឺទី១ ដើម្បីព្យាយាមបោសសម្អាតអ្នកប្រឆាំង និងអ្នកប្រជាធិបតេយ្យពីសមរភូមិនយោបាយកម្ពុជា ព្រោះលោក ហ៊ុន សែន ដឹងថាកូនរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត គ្មានសមត្ថភាពប្រកួតប្រជែងជាមួយអ្នកទាំងនោះបានទេ នៅពេលដែលគ្មានរូបគាត់នៅថ្ងៃមុខ។
លោកថា ចំណែកទី២ ច្បាប់នេះមានខ្លឹមសារបង្ខំពលរដ្ឋឲ្យទៅបោះឆ្នោតបែបប្លន់អំណាចតែប៉ុណ្ណោះ ព្រោះលោក ហ៊ុន សែន ខ្លាចត្រូវអាម៉ាស់មុខខ្លាំងពេលពលរដ្ឋលើសលប់មិនទៅបោះឆ្នោត ដែលជាការសម្ដែងមតិប្រឆាំងនឹងការបោះឆ្នោតនៅថ្ងៃខាងមុខនេះ។
លោក គឹម សុខ បញ្ជាក់ថា យ៉ាងណាក៏ដោយ លោក ហ៊ុន សែន នៅតែប្រឈមនឹងភាពអាម៉ាស់ដដែល ព្រោះថាបើគ្មានបក្សណាដែលពលរដ្ឋខ្មែរពេញចិត្តទេ ពួកគាត់អាចហែកសន្លឹកឆ្នោតជាពីរ ឬខ្វែងសន្លឹកឆ្នោតចោល ឬសរសេរពាក្យពេចន៍ដែលពួកគាត់ចង់សរសេរ ដូចជាពាក្យផ្ដាច់ការ ជាដើម ហើយបត់សន្លឹកឆ្នោតនោះឲ្យស្អាត ទម្លាក់ចូលទៅក្នុងធុងឆ្នោតជាការស្រេច ដើម្បីសម្ដែងឆន្ទៈរបស់ពួកគេប្រឆាំងនឹងការគាបសង្កត់នៅពេលនេះ។
ចំណែកមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិលោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៣ មិថុនា នេះដែរថា ការកែច្បាប់នេះគ្រាន់តែបង្ហាញពីការសងសឹកគំនុំបុគ្គលរវាងលោក សម រង្ស៊ី និងលោក ហ៊ុន សែន ប៉ុណ្ណោះ ខណៈពលរដ្ឋនឹងត្រូវរងគ្រោះពីជម្លោះនយោបាយរបស់ពួកគេកាន់តែខ្លាំងឡើងៗនៅពេលនេះ។
ដោយឡែកអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះដែរថា ស្ថានភាពនៃការចេញទៅបោះឆ្នោតរបស់ពលរដ្ឋខ្មែរមិនអាចយកទៅប្រៀបធៀបប្រទេសអូស្ត្រាលី បានទេ។
លោកបន្ថែមថា ប្រទេសអូស្ត្រាលីចេញច្បាប់ផាកអ្នកដែលមិនទៅបោះឆ្នោត ដោយសារតែពលរដ្ឋអូស្ត្រាលី មិនចេញទៅបោះឆ្នោតមិនដល់ ៥០% នៃចំនួនអ្នកមានឈ្មោះបោះឆ្នោតផងនោះ ប៉ុន្តែសម្រាប់កម្ពុជា ពលរដ្ឋខ្មែរបានចេញទៅបោះឆ្នោតស្ទើរតែ ១០០% នៅគ្រប់អាណត្តិទាំងអស់ ដូច្នេះការកែច្បាប់បោះឆ្នោតដែលរដ្ឋាភិបាលព្រាងនៅពេលនេះ គឺជារឿងដែលមិនចាំបាច់នោះឡើយ។
លោក ស៊ឹង សែនករុណា បញ្ជាក់ថា ខ្លឹមសារនៃច្បាប់ដែលព្រាងនឹងធ្វើវិសោធនកម្មនៅពេលនេះ គឺសំដៅទៅរកបេក្ខជនឈរឈ្មោះបោះឆ្នោតតែប៉ុណ្ណោះ ដូច្នេះច្បាប់នេះពិតជារកខ្លឹមសារ ឬប្រយោជន៍មិនឃើញទាល់តែសោះ ព្រោះថាបើបេក្ខជនឈរឈ្មោះមិនបោះឆ្នោត វាក៏មិនមានផលប៉ះពាល់អ្វីដល់ដំណើរការនៃការបោះឆ្នោតនោះដែរ ត្បិតបេក្ខជនឈរឈ្មោះទាំងនោះ គឺមានចំនួនតិចតួចបំផុត បើធៀបនឹងចំនួនពលរដ្ឋដែលត្រូវចេញទៅបោះឆ្នោត។
ដំណើរការនៃការបោះឆ្នោតជាតិអាណត្តិទី៧ នឹងប្រព្រឹត្តទៅនៅអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ប៉ុន្តែការបោះឆ្នោតនេះមិនមានការចូលរួមសង្កេតការណ៍ពីសហគមន៍អន្តរជាតិនោះទេ ដោយសារតែពួកគេចាត់ទុកថាជាការបោះឆ្នោតដែលមិនប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងគ្មានតម្លាភាព និងជាការបោះឆ្នោតដែលគ្រប់គ្រងដោយបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន៕