29 C
Phnom Penh

របរ​កាប់​ឈើ និង​ពលកម្ម​ទណ្ឌិត​ក្នុង​ខេត្ត​កោះកុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​ប្រទេស​គ្រប់គ្រង​ដោយ​មេដឹកនាំ​ផ្ដាច់ការ​ផ្ដាច់មុខ តើ​មាន​អ្វី​អាច​លាក់​បាំង​រំលង​ភ្នែក​រដ្ឋ​អំណាច​ភ្នែក​ម្នាស់? រឿងរ៉ាវ​កើតមាន​ក្នុង​ខេត្ត​កោះកុង អាច​មាន​មនុស្ស​ដឹង​ច្រើន ប៉ុន្តែ​ជួយ​គ្នា​បិទ​បាំង។

លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​មួយ​ស្រង់​ពី​អង្គការ​ស្រាវជ្រាវ​លើ​ឧក្រិដ្ឋកម្ម​ព្រៃឈើ ទាក់ទង​នឹង​មន្ត្រី​ក្របខ័ណ្ឌ​រកស៊ី​ឈើ​ប្រើ​កម្លាំង​ពលកម្ម​អ្នកទោស​ក្នុង​ខេត្ត​កោះកុង។

ប្រមុខ​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា​តែងតែ​អួតអាង​ថា លោក​មាន​ភ្នាក់ងារ​ចារកម្ម​របស់​លោក​នៅ​គ្រប់​ទិសទី ដើម្បី​យក​ការណ៍ ផ្តល់​ព័ត៌មាន​ឲ្យ​លោក។ អ្នក​ផង​ទាំងឡាយ​ជា​ខ្មែរ​មិន​បាន​ដឹង​ថា តើ​លោក​ជួល​មនុស្ស ឬ​ទិញ​ដាច់​ថ្លៃ ឬ​ប្រើ​មនុស្ស​ស្ម័គ្រចិត្ត​បម្រើ​លោក​ដោយ​ស្មោះ ឬ​យ៉ាងណា​នោះ​ទេ។

អ្នក​ផង​ទាំងឡាយ​ជា​ខ្មែរ​ក៏​មិន​បាន​ដឹង​ដែរ​ថា តើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើ​មនុស្ស​របស់​លោក​នោះ​ឲ្យ​យក​ការណ៍​តែ​ពី​ក្រុម​ជំទាស់ មិនមែន​បក្សពួក​របស់​លោក ប៉ុន្តែ​បណ្តោយ​ឲ្យ​បក្សពួក​ដែល​រក​ប្រយោជន៍​ឲ្យ​ក្រុម​លោក ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត ឬ​យ៉ាងណា​នោះ​ដែរ។

លោក ហ៊ុន សែន ក៏​ធ្លាប់​និយាយ​អះអាង​ថា អ្នក​ណា​ចង់​ធ្វើ​អ្វី នៅ​ឯណា ក៏​លោក​ដឹង​ដែរ។

ចំពោះ​អំនួត​ដូច្នោះ វា​ធ្វើ​ឲ្យ​គេ​សន្និដ្ឋាន​ថា លោក ហ៊ុន សែន ដឹង​រឿងរ៉ាវ​ទាំងអស់​គ្មាន​សល់​ឡើយ​ពី​ក្នុង​ក្រុម​ជំទាស់ ក្រុម​ប្រឆាំង​រិះគន់ ហើយ​និង​ក្រុម​មន្ត្រី​រាជការ​ក្រោម​បង្គាប់​របស់​លោក។

ពលរដ្ឋ​អាច​ចោទ​ជា​សំណួរ​ថា តើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹង​ឬ​ទេ​បើ​មាន​ឧក្រិដ្ឋកម្ម អំពើ​ទុច្ចរិត​ល្មើស​ច្បាប់ កាប់​ផ្លាញ​ធនធាន​ធម្មជាតិ​ព្រៃឈើ​នៅ​ក្រោម​រដ្ឋអំណាច​គ្រប់គ្រង​ដោយ​លោក។

តាម​ការ​សង្កេត​រហូត​មក​ទល់​ពេលនេះ លោក ហ៊ុន សែន ដឹង​អំពី​សកម្មភាព​ឧក្រិដ្ឋកម្ម ឬ​ជំនួញ​ទុច្ចរិត​រកស៊ី​កាប់ ដឹក លក់​ឈើ​ខ្មែរ​ឲ្យ​បរទេស និង​គាស់​កាយ​រ៉ែ​ធម្មជាតិ​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន ប៉ុន្តែ​លោក​មិន​និយាយ ដរាបណា​ពុំ​មាន​នរណា​លើក​ករណី​បំផ្លាញ​ធនធាន​ធម្មជាតិ​មក​និយាយ។ លោក​ជួយ​លាក់​បាំង​សិន កុំ​ឲ្យ​គេ​ដឹង បើ​គ្មាន​អ្នក​ណា​ហ៊ាន​និយាយ រួច​ក៏​សម្ងំ​ស្ងៀម​រហូត​ទៅ។ បើ​មាន​គេ​ដឹង ហើយ​និយាយ​ចេញ​ជា​សាធារណៈ​ថែម​ទៀត នោះ​លោក​នឹង​ចាប់​ក្រុម​សកម្មជន​ទាំងឡាយ​នោះ​ដាក់​ពន្ធនាគារ​ដើម្បី​បំបិទ​មាត់។ យុទ្ធសាស្ត្រ​នេះ​មាន​ប្រសិទ្ធភាព​គ្រាន់បើ ព្រោះ​ថា​សកម្មជន​ព្រៃឈើ បរិស្ថាន រ៉ែ សិទ្ធិមនុស្ស នយោបាយ កាលណា​ជាប់​ទោស​ហើយ​ចេញ​មក​វិញ ភាគច្រើន​លែង​ហ៊ាន​និយាយ​អ្វី​ទាំងអស់។

សុំទោស​លោក ហ៊ុន សែន សម្ងំ​សុំ​សុខ​សុំ​រស់ ហើយ​ជួយ​បន្លឺ​បន្ទរ​តាម​ភ្លេង​សម្ដែង​ក្តី​កោត​សរសើរ​ដល់​មេដឹកនាំ​ដែល​សមគំនិត​នឹង​ឧក្រិដ្ឋជន ចាប់​ពលរដ្ឋ​និយាយ​ការពិត​ស្វែងរក​យុត្តិធម៌​នោះ​ទៅ​វិញ។

លោក ហ៊ុន សែន ដឹង​អំពី​ចំណុច​ខ្សោយ​របស់​ក្រុម​ប្រឆាំង ក្រុម​រិះគន់ ក្រុម​ចង់​ផ្លាស់ប្ដូរ​រូបលោក ក្រុម​ចង់​បាន​ប្រជាធិបតេយ្យ សេរីភាព យុត្តិធម៌។ល។ បើ​លោក ហ៊ុន សែន ដឹង​អំពី​អំពើ​រំលោភ​ច្បាប់ រំលោភ​សិទ្ធិមនុស្ស ហើយ​មិន​ចាត់​វិធានការ​តាម​ច្បាប់ តាម​អំណាច​មុខនាទី​ដែល​ខ្លួន​មាន គេ​អាច​និយាយ​ថា លោក​មាន​ចេតនា​ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល ចង់​ឲ្យ​មាន​អំពើ​បែប​នោះ​កើតឡើង ដើម្បី​គោលបំណង​អ្វី​មួយ ដែល​ក្នុង​ភាសា​ច្បាប់​ហៅថា nonfeasance ដែល​មាន​ន័យ​ថា ការ​មិន​បំពេញ​កាតព្វកិច្ច​ធ្វើ​កិច្ចការ​អ្វី​មួយ​ដែល​ខ្លួន​ត្រូវ​ធ្វើ។

អំពើ ទង្វើ និង​សកម្មភាព​ល្មើស​ច្បាប់​ក្នុង​បរិវេណ​ស្ថាប័ន​រដ្ឋ​ទាក់ទង​នឹង​មន្ត្រី​គ្រប់គ្រង​ស្ថាប័ន រួម​គំនិត​នឹង​បក្សពួក​ជា​ជនស៊ីវិល ហើយ​និង​អ្នកទោស បាន​លេច​ចេញ​ជា​សាធារណៈ​កាលពី​ចុងខែ​ឧសភា កន្លងទៅ​នេះ​បន្ថែម​ទៅ​លើ​រឿង​បំពាន​ច្បាប់​ផ្សេងៗ​ទៀត​រាប់​មិន​អស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​អច្ឆរិយ​ខ្មែរ។

អង្គការ ម៉ុងហ្គាបេ (MONGABAY) កាលពី​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៣ បាន​ផ្សាយ​អត្ថបទ​ស្រាវជ្រាវ​ស៊ើបអង្កេត​មួយ​អំពី​របៀប​រកស៊ី​បែប​គុបគិត​សមគំនិត​គ្នា​លាក់លៀម​ពី​ភ្នែក​សាធារណៈ ដោយ​ប្រើ​កម្លាំង​ពលកម្ម​អ្នកទោស ឬ​ទណ្ឌិត​ក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង ដើម្បី​ដឹក​ឈើ​ហ៊ុប​ពេល​យប់​យក​ទៅ​លាក់​ទុក​ក្នុង​ស្រះ ឬ​ត្រពាំង​ក្រោយ​អគារ​ពន្ធនាគារ។ អ្នក​គ្រប់គ្រង​ចាត់ចែង​ការងារ​ដឹក​ជញ្ជូន​ឈើ គឺ​ឈ្មោះ យស ប្រុស អាយុ ៤៦​ឆ្នាំ ដោយ​មាន​ការ​អនុញ្ញាត​ពី​មេ​ពន្ធនាគារ​ឈ្មោះ គ្រី ប៊ុនថា។

តាម​សេចក្តី​រាយការណ៍​ពី​អង្គការ​ឃ្លាំមើល​បរិស្ថាន​ព្រៃឈើ ចាប់តាំងពី​បើក​ការដ្ឋាន​សង់​ទំនប់​វារីអគ្គិសនី​តាតៃលើ ក្នុង​ឃុំ​តាតៃលើ ស្រុក​ថ្មបាំង ខេត្ត​កោះកុង កាលពី​ឆ្នាំ​២០២១ ដោយ​ក្រុមហ៊ុន​ចិន ក្នុង​ទឹកប្រាក់​ចំនួន​ជិត ៤០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក (៣៨៩​លាន​ដុល្លារ) បាន​ធ្វើ​ឲ្យ​បាត់បង់​ព្រៃឈើ​ជិត ៧៦០០​ហិកតារ។ អ្នក​បាន​ប្រយោជន៍​ធំ​ពី​ទំនប់​វារីអគ្គិសនី​តាតៃលើ ដែល​ថា​នឹង​ផ្គត់ផ្គង់​ថាមពល​ភ្លើង ១៥០​មេហ្គាវ៉ាត់​នោះ គឺ​ជនជាតិ​ចិន ពី​ក្រុមហ៊ុន​សំណង់​ចិន។

កម្មករ​ជនជាតិ​ចិន ជា​អ្នក​កាប់​រំលំ​ដើមឈើ គាស់​កាយ​សម្អាត​ជា​ទី​វាល។ ក្រុមហ៊ុន​ចិន ជួល​ឡាន​ដឹកឈើ​ឲ្យ​ខ្មែរ​ឡាន​មួយ​តម្លៃ ២៤០០​ដុល្លារ ឲ្យ​អ្នក​បើកបរ​រថយន្ត​ជនជាតិ​ខ្មែរ ៤០០​ដុល្លារ ក្រុមហ៊ុន​ចិន​យក ២​ពាន់​ដុល្លារ។ ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​ចិន ក៏​ប្រមូល​ទិញ​ឈើ​ខ្មែរ​ប្រភេទ​ដួងចែម ដែល​ជា​ប្រភេទ​ឈើ​លេខ​១។ ក្រៅពី​នោះ អ្នក​ចាត់ចែង​ការ​ឈ្មោះ យស់ ប្រុស ប្រើ​អ្នកទោស​យក​ឈើ​ពី​ការដ្ឋាន​ទំនប់​តាតៃលើ ទៅ​ឲ្យ​អ្នកទោស​ផលិត​គ្រឿង​សង្ហារិម រួច​លក់​ចែកចាយ​តាម​ផ្សារ តាម​ទីប្រជុំជន។

ដួងចែម ជា​ឈើ​មាន​តម្លៃ​លក់​ក្នុង ១​ម៉ែត្រគីប​ពី ៥​ពាន់​ទៅ ២​ម៉ឺន​ដុល្លារ​អាមេរិក។ ក្រៅពី​កាប់​គាស់​អស់​ដើមឈើ​ក្លាយ​ជា​ទីវាល ការ​សិក្សា​រក​ឃើញ​ថា សំណង់​ទំនប់​វារីអគ្គិសនី​តាតៃលើ នឹង​បំផ្លាញ​ជីវិត​អម្បូរ​សត្វ​មាន​ទឹកដោះ ៤៦​ប្រភេទ សត្វ​ស្លាប ១១២​ប្រភេទ ថលជលិក ឬ​សត្វ​រស់​លើ​គោក​ក៏​បាន​ក្នុង​ទឹក​ក៏​បាន ៤៩​ប្រភេទ និង​ត្រី​ទឹកសាប ៣៦​ប្រភេទ។

អ្នក​ភូមិ​ទីនោះ​និយាយ​ថា បើ​ទីតាំង​នោះ​បើក​លក់​ពេញ​មុខ ពួក​ឧកញ៉ា​នឹង​ទៅ​ទិញ​យក​ទាំងអស់។ អ្នក​ភូមិ​និយាយ​ទៀត​ថា ចាងហ្វាង​គុក​ខេត្ត​កោះកុង គ្រី ប៊ុនថា មិន​ចង់​ឲ្យ​នរណា​ដឹង​ថា​គាត់​ទិញ​ឈើ​ឲ្យ​អ្នកទោស​ធ្វើ​តុ​ទូ​កៅអី​ក្នុង​ពន្ធនាគារ​ទេ ហើយ​ក៏​មិន​ចង់​ឲ្យ​អ្នក​ណា​ដឹង​ថា​ខ្លួន​ជួល​មនុស្ស​ឲ្យ​កាប់​ឈើ​ដែរ។

តើ​រឿង​នេះ អភិបាល​ខេត្ត​កោះកុង អ្នកស្រី ភូថង មិថុនា ដឹង​ឬ​មិន​ដឹង?

ពលករ​ម្នាក់​និយាយ​ថា ខ្លួន​ធ្លាប់​ស៊ីឈ្នួល​ធ្វើ​ថ្នល់​ឲ្យ​ឡាន​ដឹកឈើ​ពី​ស្ទឹង​តាតៃលើ ស្រុក​ថ្មបាំង កាត់​ភូមិ​វាលពីរ ទៅ​ទី​រួម​ខេត្ត​កោះកុង ក្នុង​មួយ​ថ្ងៃ ១២​ដុល្លារ​កន្លះ។ ឈើ​ប្រមូល​ដាក់​ឡាន​យក​ទៅ​លក់​ឲ្យ​អ្នក​ចង់​បាន​ក្នុង​ខេត្ត ឬ​តាម​ស្រុក​អណ្ដូងទឹក ស្រុក​ស្រែអំបិល អ្នក​ភូមិ​និយាយ​ថា​ក្នុង ១​ម៉ែត្រគីប​ថ្លៃ ៧០០​ដុល្លារ​អាមេរិក។

តើ យស់ ប្រុស ពោល​បែប​ណា​ដែរ​ចំពោះ​សំណួរ​ដែល​ថា ប្រើ​កម្លាំង​ពលកម្ម​អ្នកទោស​ក្នុង​ពន្ធនាគារ? យស់ ប្រុស ប្រាប់​ថា ពន្ធនាគារ​អាច​ប្រមូល​ទិញ​ឈើ​បាន​តែ​ដើមឈើ​ណា​ដែល​មាន​មុខកាត់​ត្រឹមតែ ៤០​សង់ទីម៉ែត្រ ឬ ៤​តឹក​ប៉ុណ្ណោះ។

យស់ ប្រុស បន្ថែម​ថា គេ​ប្រើ​អ្នកទោស​ត្រឹមតែ​ពី ២០ ទៅ ៣០​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​សាក្សី​ធ្លាប់​ជាប់​ពន្ធនាគារ​បញ្ជាក់​ថា គេ​ឃើញ​អ្នកទោស​ពី ៣០ ទៅ ៥០​នាក់​ឈរ​តម្រង់​ជួរ​ចូល​រោងជាង​ឈើ ដើម្បី​ផលិត​គ្រឿង​សង្ហារិម​ដែល​មាន​ដាក់​លក់​តាម​ផ្សារ​ដងទង់។

តាម​ការ​អះអាង​ពី យស់ ប្រុស ពលករ​ក្នុង​គុក​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី ២​ម៉ឺន​ទៅ ៣​ម៉ឺន​រៀល ឬ​ពី ៥ ទៅ ៧​ដុល្លារ​កន្លះ​ក្នុង​មួយ​ថ្ងៃ។ ពន្ធនាគារ​ខេត្ត​កោះកុង មាន​អ្នកទោស​ប្រមាណ ៥៥០​នាក់។

តាម​ភស្តុតាង​ទទួល​បាន គេ​ឃើញ​ថា ឃ្លាំង​ស្តុក​ឈើ​នៅ​ភូមិ​ព្រែកស្វាយ ដែល​ជា​ទីតាំង​ពន្ធនាគារ​ខេត្ត​ជា​ឃ្លាំង​របស់​ឈ្មោះ យស់ ប្រុស ប៉ុន្តែ​ជា​ក្រុមហ៊ុន​មិន​ចុះបញ្ជី​ក្នុង​ក្រសួង​ពាណិជ្ជកម្ម។

ក្រោយ​ការ​តាមដាន និង​ស្រាវជ្រាវ យស់ ប្រុស បង្កើត​បណ្ដាញ​ប្រទាក់ក្រឡា​ដឹក​ឈើ​លក់ ឬ​ផលិត​ជា​គ្រឿង​សង្ហារិម​លក់ ហើយ​យក​ចំណេញ​ចែក​គ្នា។ សកម្មភាព​រកស៊ី​ឈើ​របស់ យស់ ប្រុស មាន​ការ​គាំទ្រ​ពី​ក្រសួង​បរិស្ថាន និង​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ។

វា​ជា​រឿង​គាប់​ជួន​សម្បើម​ណាស់​បន្ទាប់ពី​នាយករង​នៃ​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក មឹក សុផាណ្ណារ៉េត ហៅ​ឧកញ៉ា ជ័យ និង​ភរិយា​ឈ្មោះ អាន សុខនិន ព្រមទាំង​កូន​បី​នាក់ ណារ៉េត លីហួត ណារ៉េត លីម៉េង និង ណារ៉េត ណារីតា ត្រូវ​គេ​រក​ឃើញ​ថា​មាន​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ជិត ៤២០០​ហិកតារ​ក្នុង​ខេត្ត​ឧត្តរមានជ័យ។

គ្រួសារ​នេះ​ជិតស្និទ្ធ​នឹង​គ្រួសារ​លោក ហ៊ុន ម៉ាណែត ហើយ​និង​គ្រួសារ​ឧកញ៉ា គិត ម៉េង។ ទាក់ទង​នឹង​បណ្ដាញ​រកស៊ី​កាប់​ឈើ​នេះ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន ក៏​គ្មាន​ចម្លើយ​ប្រាប់​សាធារណជន អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ក៏​គ្មាន​ចម្លើយ ពោល​គឺ​ក្រសួង​នីមួយៗ​ហាក់បី​ដូចជា​មើល​មិន​ឃើញ មិន​ដឹង មិន​ឮ​អ្វី​ទាំងអស់ ឬ​មួយ​ក៏​ជួយ​បិទបាំង​ឧក្រិដ្ឋកម្ម​ទៅវិញ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch នៅ​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១១ បាន​សុំ​ឲ្យ​ព្រឹទ្ធសភា​នៃ​ប្រទេស​កម្ពុជា លុប​ចោល​មាត្រា​៧១ ដែល​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ពលកម្ម​អ្នកទោស ដើម្បី​ផលិត​គ្រឿង​ប្រដាប់​ប្រើប្រាស់​ឲ្យ​បុគ្គល ក្រុមហ៊ុន ឬ​អង្គការ​ឯកជន។

ក្នុង​ឆ្នាំ​២០០៩ គេ​រក​ឃើញ​ថា រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​អ្នកទោស​នៅ​មណ្ឌល​អប់រំ​កែប្រែ​១ ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​តាម​ខេត្ត មាន​ខេត្ត​កណ្តាល តាកែវ និង​បាត់ដំបង ផលិត​គ្រឿង​សម្លៀកបំពាក់​រហូត​ដល់​នាំចេញ​ទៅ​ទៀត។ អតិថិជន​ដែល​មិន​បាន​ដឹង ក៏​ទិញ​ប្រើ​ផលិតផល​ធ្វើ​ដោយ​ប្រើ​កម្លាំង​អ្នកទោស បើ​គ្មាន​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ។

តាម​ការ​ពិនិត្យ​ឯកសារ​ច្បាប់​អន្តរជាតិ​ស្តីអំពី​ការ​ប្រើ​កម្លាំង​ពលកម្ម​អ្នកទោស​ក្នុង​ពន្ធនាគារ រដ្ឋសភា​នៃ​រាជាណាចក្រ​កម្ពុជា​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីអំពី​ពន្ធនាគារ នៅ​ថ្ងៃទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១១ ដែល​ហាក់​ដូចជា​ផ្ទុយ​ពី​ស្មារតី​ខ្លឹមសារ​នៃ​អនុសញ្ញា​ឆ្នាំ​១៩៣០ បទបញ្ញត្តិ​២៩ នៃ​អង្គការ​ពលកម្ម​អន្តរជាតិ ILO។ ទំនង​ជា​មន្ត្រី​រាជរដ្ឋាភិបាល​យក​ច្បាប់​ឆ្នាំ​២០១១ នោះ​ទៅ​អនុវត្ត​ហើយ ទើប​បាន​ជា​មាន​ការ​ប្រើ​កម្លាំង​ពលកម្ម​ទណ្ឌិត​កាប់​ឈើ ដឹក​ឈើ​លក់ និង​យក​ទៅ​ធ្វើ​គ្រឿង​សង្ហារិម​ក្នុង​ពន្ធនាគារ។

បញ្ញត្តិ​២៩ នៃ​អនុសញ្ញា ឆ្នាំ​១៩៣០ នៃ​អង្គការ​ពលកម្ម​អន្តរជាតិ ដែល​រាជាណាចក្រ​កម្ពុជា​ជា​សមាជិក ចែង​ថា៖ ពលកម្ម​អ្នកទោស ធ្វើ​បាន​តែ​ក្នុង​ករណី​មាន​ការ​ត្រួតពិនិត្យ​ដិតដល់​ជា​ប្រចាំ​ពី​រដ្ឋអំណាច មិន​ឲ្យ​មាន​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស មាន​ការ​កំណត់​ជា​លាយលក្ខណ៍​អក្សរ មាន​ការ​ស្ម័គ្រចិត្ត ឥត​បង្ខិតបង្ខំ មិន​ស្ថិត​ក្នុង​ការ​ភ័យខ្លាច ផ្តល់​ប្រាក់​កម្រៃ​ពលកម្ម​ដូច​ជន​គ្មាន​ទោស មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ការងារ​ឲ្យ​ក្រុមហ៊ុន ឬ​អង្គការ​ឯកជន​ជា​របៀប​ចុះ​កិច្ចសន្យា ហើយ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​កម្លាំង​ពលកម្ម​អ្នកទោស​យក​ផល​ចំណេញ​ពី​ការងារ​អ្នកទោស​ឡើយ។

បើ​ពន្ធនាគារ​ធ្វើ​ផ្ទុយ​ពី​ខ្លឹមសារ​នេះ គេ​ចាត់ទុក​ថា​ជា​ការ​ប្រើ​កម្លាំង​ពលកម្ម ឬ​ការងារ​បង្ខិតបង្ខំ forced labor និង​ដាក់​អ្នកទោស​ក្នុង​ទាសភាព slavery។

តើ​មាន​មន្ត្រី​ណា​ម្នាក់​បាន​រាយការណ៍​ឲ្យ​មេកោយ​របស់​ខ្លួន​តាម​ក្រសួង​មន្ទីរ​ពាក់ព័ន្ធ​ឲ្យ​ដឹង​ឮ​ឬ​អត់?

ក្នុង​នគរ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ បើ​មិន​បាន ឬ​មិន​ហ៊ាន​រាយការណ៍​ពិត​ខ្លួន​បាន​ដឹង បាន​ឮ បាន​ឃើញ មន្ត្រី​នោះ​បាន​ប្រព្រឹត្ត​អំពើ​ជួយ​លាក់បាំង​បទល្មើស​ច្បាប់​ធ្ងន់ធ្ងរ ភាសា​ច្បាប់​ហៅថា misprision ជា​បទ​ឧក្រិដ្ឋ​កម្រិត​ព្រហ្មទណ្ឌ felony។

ក្នុង​ករណី​ប្រើ​កម្លាំង​ពលកម្ម​អ្នកទោស​ក្នុង​ពន្ធនាគារ មេ​គុក គ្រី ប៊ុនថា បាន​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​ក្នុង​មុខនាទី​ក្របខ័ណ្ឌ​សាធារណៈ​របស់​ខ្លួន ហៅ​តាម​ភាសា​ច្បាប់​ថា misfeasance។

គេ​នៅ​ចាំ​បាន​ថា កាលពី​សម័យ «ក​៥» មាន​ការ​ប្រើ​ពលកម្ម​បង្ខិតបង្ខំ​ក្នុង​នាម​ការពារ​សន្តិសុខ ហើយ​ក៏​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​រាប់​មិន​អស់ ព្រោះ​ពលករ​ជា​ជនស៊ីវិល​ស្ទើរតែ​ទាំងអស់​មិន​បាន​ស្ម័គ្រចិត្ត​ទៅ​សង់​ជញ្ជាំង​ឫស្សី​តាម​សមរភូមិ​ជាយដែន​ខ្មែរ-ថៃ នោះ​ឡើយ។

ចំពោះ​អ្នកទោស​ក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង ការ​ប្រើ​ពលកម្ម​ពួកគេ​ជា​ពលកម្ម​រក​ប្រយោជន៍​ជា​ប្រាក់កាស​ចែក​គ្នា។ ពលរដ្ឋ​ខ្មែរ​ភាគច្រើន​មិន​បាន​ដឹង​ទេ​ថា តើ​ទណ្ឌិត​ទាំងអស់​សុទ្ធតែ​បាន​ទទួល​ទោស​ដោយ​គតិយុត្តិធម៌​តាម​ច្បាប់​ត្រឹមត្រូវ ព្រោះ​ខ្លួន​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង បំពាន​ច្បាប់ ឬ​មួយ​មាន​ទោស​ដោយ​អ្នក​មាន​អំណាច មាន​ទ្រព្យ ប្រើ​ប្រាក់​សូកប៉ាន់​តុលាការ​ទម្លាក់​កំហុស​ទោស​លើ​ប្រជាពលរដ្ឋ​សាមញ្ញ​ស្លូតត្រង់​តវ៉ា​រឿង​ដីធ្លី?

យុត្តិធម៌​សង្គម social justice ជា​កាតព្វកិច្ច​តម្រូវ​ឲ្យ​អ្នក​ដឹកនាំ អ្នក​កាន់​អំណាច​ជា​អ្នក​រក​ជូន​ប្រជាពលរដ្ឋ មិនមែន​ប្រជាពលរដ្ឋ​ជា​អ្នក​រក​យុត្តិធម៌​ឲ្យ​សង្គម​ពី​ក្រោម​ឡើង​លើ​នោះ​ទេ។ ដូច​គ្នា​នឹង​អំពើពុករលួយ ដែល​ជា​អយុត្តិធម៌​សង្គម social injustice អាជីវកម្ម​ឈើ​ដោយ​កម្លាំង​អ្នកទោស​ព្រោះ​តែ​ខ្លួន​មាន​អំណាច មាន​ឥទ្ធិពល ជា​ការ​គៃ​ប្រវ័ញ្ច​កម្លាំង​ញើស​ឈាម​ពី​ជន​បាត់បង់​សេរីភាព​មិន​ហ៊ាន​តវ៉ា។

ទាំងអស់​នេះ​មិន​ត្រឹមតែ​ជា​អំពើ​អសីលធម៌​នោះ​ទេ វា​ជា​អំពើ​រំលោភ​ច្បាប់​ជា​ធរមាន។ ក្នុង​សង្គម​ជាតិ​ខ្មែរ បើ​អ្វី​ក៏​រំលោភ តើ​មាន​អ្វី​សល់​ទៀត?

មេដឹកនាំ​ជាតិ​ដូចជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​មិន​ខុសពី​សមមិត្ត ប៉ុល ពត ដែរ មិន​អាច​បដិសេធ​ថា​មិន​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​ទង្វើ​បំផ្លាញ​ធនធាន​ធម្មជាតិ រំលោភ​បំពាន​សិទ្ធិ​ពលរដ្ឋ រំលោភ​ច្បាប់​ជាតិ ច្បាប់​អន្តរជាតិ​ក្នុង​សង្គម​ខ្មែរ​ពី​សំណាក់​មន្ត្រី​របស់​លោក​នោះ​បាន​ឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស