30 C
Phnom Penh

ក្រសួង​មហាផ្ទៃ​បិទ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ ទោះបី​ប្រធាន​សមាគម​នេះ​ត្រូវ​ដោះលែង​ក្ដី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​មហាផ្ទៃ បិទ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) ដោយ​ផ្អាក​មិន​ឲ្យ​ធ្វើ​សកម្មភាព​ជា​បណ្ដោះអាសន្ន​រហូត​ដល់​តុលាការ​បញ្ចប់​នីតិវិធី​ជា​ស្ថាពរ ទោះបី​ប្រធាន​សមាគម​លោក ថេង សាវឿន និង​សហការី ២​រូប​ទៀត​ត្រូវ​តុលាការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ បន្ទាប់ពី​សុំទោស​លោក ហ៊ុន សែន ដោយ​ទម្លាក់​កំហុស​លើ​ខ្លួនឯង​ក៏ដោយ។

សេចក្ដី​សម្រេច​របស់​ក្រសួង​មហាផ្ទៃ នា​ខែ​មិថុនា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា ការ​ផ្អាក​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ដែល​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ភូមិ​ភ្នំពេញថ្មី សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ ជា​បណ្ដោះអាសន្ន រហូត​ដល់​តុលាការ​បញ្ចប់​នីតិវិធី​ជា​ស្ថាពរ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ចុះ​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២៣ របស់​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគិរី។ ក្រសួង​បញ្ជាក់​ថា សេចក្ដី​សម្រេច​ផ្អាក CCFC នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ។

ការ​ផ្អាក ឬ​បិទ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) នេះ បន្ទាប់ពី​តុលាការ​ខេត្ត​រតនគិរី ចោទប្រកាន់​លើ​ប្រធាន​សមាគម លោក ថេង សាវឿន និង​សហការី ២​រូប​កាលពី​ថ្ងៃទី​១៨ ខែ​ឧសភា កន្លងទៅ​ពី​បទ «ញុះញង់ និង​រួម​គំនិត​ក្បត់» ក្រោម​ហេតុផល​ថា ញុះញង់​ដល់​កសិករ​ឲ្យ​ងើប​បះបោរ និង​ឈាន​ទៅ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នា​ពេល​បច្ចុប្បន្ន។

តែ​យ៉ាងណា អ្នក​ទាំង ៣​នាក់​ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាលពី​ចុងខែ​ឧសភា ឆ្នាំ​២០២៣ បន្ទាប់ពី​បាន​សុំទោស​លោក ហ៊ុន សែន និង​ប្រកាស​ផ្ដាច់​ខ្លួន​ពី​ផ្ទះ​សាមគ្គី។ លើស​ពី​នេះ ពួកគេ​បាន​ទម្លាក់​កំហុស​លើ​ខ្លួនឯង​ថា ពួកគេ​ជឿ​តាម​ការ​ចង្អុល​របស់​បរទេស​មួយ​ចំនួន និង​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​មួយ​ចំនួន​ក្នុង​រូបភាព​ញុះញង់​បង្ក​ចលាចល​ធ្វើ​ឲ្យ​បាត់បង់ និង​ប៉ះពាល់​សណ្ដាប់ធ្នាប់​សង្គម និង​សាធារណៈ ប្រមូលផ្ដុំ​សមាជិក​ក្នុង​គោលបំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដោយ​មិន​ដឹង​ខ្លួន។

ការ​ចេញ​សុំទោស​របស់​លោក ថេង សាវឿន និង​សហការី​នេះ បន្ទាប់ពី​លោក ហ៊ុន សែន បាន​គំរាម​ថា លោក​នឹង​មិន​លើកលែង​ដាច់ខាត​ចំពោះ​បុគ្គល ឬ​ក្រុម​ណា​ដែល​មាន​បំណង​ធ្វើ​បដិវត្តន៍​ដើម្បី​ដណ្ដើម​អំណាច​ពី​គ្រួសារ​របស់​លោក។ ក្រៅពី​គំរាម​ហើយ នៅ​ថ្ងៃទី​២៧ ខែ​ឧសភា ដដែល បុរស​ខ្លាំង​ក្រាញ​អំណាច​នៅ​កម្ពុជា ស្នើ​ទៅ​បណ្ដា​ប្រទេស​នានា​ឲ្យ​ឈប់​ផ្ដល់​ថវិកា​ដល់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ផង​ដែរ។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ក្រសួង​នឹង​ពិចារណា​ជា​ថ្មី​លើ​រឿង​ផ្អាក​សមាគម CCFC នៅ​ពេល​តុលាការ​ខេត្ត​រតនគិរី បញ្ចប់​សំណុំរឿង​របស់​ថ្នាក់​ដឹកនាំ និង​មន្ត្រី​របស់​សមាគម​នេះ។

អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​រតនគិរី លោក កែវ ពិសុទ្ធ មិន​ទាន់​បញ្ជាក់​បាន​ថា​តើ​តុលាការ​នឹង​ជំនុំជម្រះ​សំណុំរឿង​របស់​ថ្នាក់​ដឹកនាំ និង​មន្ត្រី​សមាគម CCFC ពេល​ណា​នោះ​ទេ ព្រោះ​តុលាការ​ត្រូវការ​ពេល​ពិនិត្យ​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។

គួរ​បញ្ជាក់​ថា សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ដែល​លោក ថេង សាវឿន បង្កើត​ឡើង ជា​ស្ថាប័ន​សមាជិកភាព​សហគមន៍​កសិករ​មូលដ្ឋាន​រងគ្រោះ​ដោយ​ធ្វើការ​រួម​គ្នា ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​ដីធ្លី ធនធាន​ធម្មជាតិ និង​ការ​បណ្ដេញ​ដោយ​បង្ខំ​ដែល​កើត​ចេញពី​គម្រោង​អភិវឌ្ឍន៍​នានា។

សមាគម​នេះ​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ កាលពី​ឆ្នាំ​២០១៥ មាន​ទស្សនវិស័យ​ចង់​ឃើញ​ប្រជាកសិករ​រស់នៅ​សមរម្យ ថ្លៃថ្នូរ មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​ចូលរួម​កែលំអ​ឲ្យ​មាន​អភិបាលកិច្ច​មូលដ្ឋាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស