35 C
Phnom Penh

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ចោទ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​អ.ស.ប​ ថា​កំពុង​ធ្វើ​នយោបាយូបនីយកម្ម​លើ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ចោទប្រកាន់​នូវ​ការ​លើកឡើង​របស់​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) លោក Volker Turk ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ឱ្យ​បាន​ឆាប់​រហ័ស ដើម្បី​បើក​បរិយាកាស​អំណោយ​ផល​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​នា​ខែ​កក្កដា ខាងមុខ ថា​ជា​ការ​ធ្វើ​នយោបាយូបនីយកម្ម​លើ​កម្ពុជា ឬ​ជា​ការ​ធ្វើ​ឲ្យ​ទៅ​ជា​រឿង​នយោបាយ និង​ជា​ការ​លើកឡើង​តែ​មួយ​ជ្រុង។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១៨ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា កម្ពុជា​ប្ដេជ្ញា​ឥត​ងាករេ​ចំពោះ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស ហើយ​ភស្តុតាង​ដែល​មិន​អាច​ប្រកែក​បាន​នោះ គឺ​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា​ដែល​កំពុង​ដំណើរការ​ដោយ​សេរី និង​បើក​ចំហ​ដល់​ទៅ ៦​ពាន់​ស្ថាប័ន ប្រព័ន្ធ​ផ្សព្វផ្សាយ​ជិត ២​ពាន់​ស្ថាប័ន និង​គណបក្ស​ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​ចំនួន​ដល់​ទៅ ១៨​គណបក្ស​ថែម​ទៀត។

ប្រភព​ដដែល​អះអាង​ថា ដើម្បី​រៀបចំ​ការ​បោះឆ្នោត​មួយ​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ប្រើប្រាស់​ស្តង់ដារ​តែ​មួយ​សម្រាប់​គណបក្ស​នយោបាយ​ទាំងអស់ ចំណែកឯ​គណបក្ស​ភ្លើង​ទៀន​មិនមែន​ជា​គណបក្ស​តែ​មួយ​ទេ​ដែល​ខកខាន​មិន​បាន​ចូលរួម​ការ​បោះឆ្នោត ហើយ​ការ​អាក់ខាន​នេះ​ក៏​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា​នោះ​ដែរ។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា បញ្ជាក់​ថា សម្ព័ន្ធភាព​ជាមួយ​គណបក្ស​នយោបាយ សហជីព ឬ​អង្គភាព​ដែល​ពួន​ជ្រក​ក្រោម​ស្លាក​ណា​មួយ​នោះ ពុំ​បាន​ផ្តល់​ឲ្យ​បុគ្គល​ណា​ម្នាក់​បំពាន​ច្បាប់​ដោយ​រួច​ទោស​ឡើយ ក្នុង​នោះ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នៅ​មុន​ការ​បោះឆ្នោត​ខាងមុខ​នេះ គឺ​ដើម្បី​ឆ្លុះបញ្ចាំង​នូវ​ការ​ទទួល​ខុសត្រូវ​របស់​អ្នក​ដឹកនាំ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដែល​ត្រូវតែ​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ខ្មែរ​គំរូ​ក្នុង​ការ​ទៅ​បោះឆ្នោត​មុន​នឹង​ពួកគេ​ឈរ​ឲ្យ​គេ​បោះឆ្នោត។

កាលពី​ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០២៣ ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ លោក Volker Turk បាន​លើកឡើង​ថា លោក​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​កាត់បន្ថយ​លំហ​ពលរដ្ឋ​មុន​ពេល​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២៣ នេះ។ ជាង​នេះ​ទៀត ការ​ព្រមាន​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នៅ​ពេលនេះ នឹង​ក្លាយ​ជា​ការ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​ការ​រំលោភ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ការ​ឈរឈ្មោះ​បោះឆ្នោត ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា និង​ឧបករណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​ដទៃ​ទៀត។

លោក Volker Turk អះអាង​ថា មុន​ការ​បោះឆ្នោត ត្រូវតែ​មាន​បរិយាកាស​បើក​ចំហ និង​ពហុ​និយម ដែល​ធានា​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​ការ​បញ្ចេញមតិ​ដោយ​សេរី ប៉ុន្តែ​អ្នក​ការពារ​សិទ្ធិមនុស្ស សហជីព និង​សកម្មជន​នយោបាយ ត្រូវ​បាន​គេ​រាយការណ៍​ថា​ប្រឈមមុខ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ផ្លូវច្បាប់​ចំពោះ​ការ​អនុវត្ត​សិទ្ធិ​របស់​ពួកគេ ដោយ​ការ​ប្រើ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី ជាដើម។

លោក Volker Turk ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្លាស់ប្ដូរ​ដំណើរការ​របស់​ខ្លួន ព្រោះ​ថា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​សន្ធិសញ្ញា​សិទ្ធិមនុស្ស​អន្តរជាតិ គឺជា​អ្នក​ធានា​នូវ​សន្តិភាព វិបុលភាព និង​អនាគត​ដ៏​ល្អ​ប្រសើរ​សម្រាប់​ប្រទេស​កម្ពុជា ហើយ​ការ​បើក​ឲ្យ​សង្គម​ស៊ីវិល​ធ្វើ​កិច្ចការ​ដោយ​រស់​រវើក​ក្នុង​ការ​ពិភាក្សា​ដោយ​ចំហ និង​ការ​គោរព​សិទ្ធិមនុស្ស គឺជា​សិទ្ធិ​ដែល​ត្រូវ​បាន​ការពារ​ដោយ​ឧបករណ៍​សិទ្ធិមនុស្ស​អន្តរជាតិ រួម​ទាំង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​បាន​ផ្តល់​សច្ចាប័ន​ដោយ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩២ កន្លងទៅ។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch លោក ហ្វីល រ៉ូបឺសុន កាលពី​ពាក់កណ្តាល​ខែ​ឧសភា បាន​ចាត់ទុក​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ដែល​គ្មាន​គណបក្ស​ប្រឆាំង​ចូលរួម​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ ថា​គ្រាន់តែ​ជា​ការ​បោះឆ្នោត​កំប្លុកកំប្លែង​ដែល​លោក ហ៊ុន សែន កំពុង​ទាញ​ប្រទេស​កម្ពុជា​ឱ្យ​ធ្លាក់​ទៅ​ក្នុង​ការ​ដឹកនាំ​ដូច​ប្រទេស​កុម្មុយនីស្ត​កូរ៉េខាងជើង​ប៉ុណ្ណោះ។

ដំណើរការ​នៃ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ នឹង​ប្រព្រឹត្ត​ទៅ​នៅ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ ប៉ុន្តែ​ការ​បោះឆ្នោត​នេះ​មិន​មាន​ការ​ចូលរួម​សង្កេតការណ៍​ពី​សហគមន៍​អន្តរជាតិ​ទេ ដោយសារតែ​ពួកគេ​ចាត់ទុក​ថា​ជា​ការ​បោះឆ្នោត​មិន​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ព្រមទាំង​គ្មាន​តម្លាភាព៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស