34 C
Phnom Penh

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ​ទម្លាក់​ចោល​បទ​ចោទ​នានា​ពី​លោក ឆន ផល្លា សកម្មជន​ការពារ​ព្រៃឈើ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិមនុស្ស​អាដហុក (Adhoc) អំពាវនាវ​ឱ្យ​សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ ទម្លាក់​ចោល​បទ​ចោទ​នានា​ជុំវិញ​សំណុំរឿង​សកម្មជន​ការពារ​ព្រៃឈើ លោក ឆន ផល្លា ដែល​សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​នៅ​ថ្ងៃទី​៣ ខែ​កក្កដា បន្ទាប់ពី​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ចាប់តាំងពី​ឆ្នាំ​២០២១ មក។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ មិថុនា នេះ​ថា សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​បាន​ផ្តល់​ជូន​នូវ​មេធាវី​ទៅ​តាម​នីតិវិធី​ផ្លូវ​ច្បាប់ ដើម្បី​ជួយ​ការពារ​ក្តី​ឱ្យ​លោក ឆន ផល្លា រហូត​មក។ ជាង​នេះ​ទៀត សមាគម​អាដហុក បាន​ធ្វើ​របាយការណ៍​ជូន​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​ឯកសារ​នានា ក៏ដូចជា​ភស្តុតាង​ជាច្រើន​ទៀត​ផង​ដែរ​ទៅ​កាន់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​ក្រសួង​យុត្តិធម៌ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​លោក ឆន ផល្លា ប៉ុន្តែ​រហូត​មក​ដល់​ពេលនេះ មិន​ទាន់​មាន​ការ​ឆ្លើយតប​ណា​មួយ​ពី​ក្រសួង​យុត្តិធម៌ លើ​សំណុំរឿង​របស់​សកម្មជន​ការពារ​ព្រៃឈើ​រូប​នេះ​នៅឡើយ​ទេ។

លោក ស៊ឹង សែនករុណា សំណូមពរ​ឱ្យ​សាលាដំបូង​ខេត្ត​រតនគិរី និង​សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ ព្រមទាំង​ក្រសួង​យុត្តិធម៌ ជួយ​ពិនិត្យ​លើ​សំណុំរឿង​លោក ឆន ផល្លា ឡើងវិញ ព្រោះ​ថា​សមាគម​អាដហុក​បាន​រក​ឃើញ​នូវ​ភាព​មិន​ប្រក្រតី​ជាច្រើន​ជុំវិញ​ការ​ចោទប្រកាន់​របស់​សាលាដំបូង​ខេត្ត​រតនគិរី ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​រូប​នេះ​អំពាវនាវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ផ្តល់​យុត្តិធម៌​ដល់​លោក ឆន ផល្លា ឱ្យ​គាត់​ទទួល​បាន​សេរីភាព​ឡើងវិញ ដើម្បី​ឱ្យ​លោក​មាន​ឱកាស​ជួបជុំ​គ្រួសារ​របស់​លោក និង​ដើម្បី​បន្ត​ការងារ​ការពារ​ព្រៃឈើ​ដែល​នៅ​សេសសល់​បន្ត​ទៀត។

សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ នឹង​បើក​សវនាការ​លើ​ករណី​សកម្មជន​ការពារ​ព្រៃឈើ លោក ឆន ផល្លា នៅ​ថ្ងៃទី​៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ បន្ទាប់ពី​លោក​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​ដើម្បី​រក​យុត្តិធម៌​កាលពី​ឆ្នាំ​២០២២ កន្លងទៅ។

លោក ឆន ផល្លា គឺជា​សកម្មជន​ដីធ្លី និង​ព្រៃឈើ​នៅ​ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ត្រូវ​បាន​មន្ត្រី​នគរបាល​ស្រុក​លំផាត់ ចាប់​ខ្លួន​កាលពី​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សេដា អំឡុង​ពេល​ដែល​លោក​ទៅ​ពិនិត្យ​មើល​ឈ្មោះ​បោះឆ្នោត​តាម​ការ​ណែនាំ​របស់​មន្ត្រី​នគរបាល​ទាំងនោះ ដោយ​មិន​បាន​បង្ហាញ​ដីកា​ចាប់​ខ្លួន​អ្វី​ទាំងអស់។

បន្ទាប់ពី​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន កាលពី​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១ តុលាការ​ខេត្ត​រតនគិរី បាន​សម្រេច​ផ្ដន្ទាទោស​លោក​ដាក់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ ពី​បទ «កាប់​គាស់ រុករាន​ឆ្ការ​ដុត និង​ឈូស​ឆាយ​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ» ផ្អែក​តាម​មាត្រា​៩៧ នៃ​ច្បាប់​ស្ដីពី​ព្រៃឈើ ប៉ុន្តែ​ត្រូវ​លោក​ប្តឹង​ជំទាស់​ទៅ​សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ វិញ។

រហូត​ដល់​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២២ សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ បាន​បដិសេធ​សាលក្រម​របស់​សាលាដំបូង​ខេត្ត​រតនគិរី ដែល​បាន​ផ្ដន្ទាទោស​លោក​ពី​បទ​កាប់​គាស់ រុករាន​ឆ្ការ​ដុត និង​ឈូស​ឆាយ​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​នោះ ប៉ុន្តែ​មុន​សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ បដិសេធ​សាលក្រម​របស់​សាលាដំបូង​ខេត្ត​រតនគិរី លោក ឆន ផល្លា ត្រូវ​បាន​សាលាដំបូង​ខេត្ត​រតនគិរី ចោទប្រកាន់​លោក​មួយ​ករណី​ទៀត ព្រមទាំង​ប្រកាស​សាលក្រម​ភ្លាមៗ​ដោយ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ៦​ឆ្នាំ​នៅ​ខែ​កក្កដា ឆ្នាំ​២០២២ ដដែល​នោះ ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​លោក​ត្រូវ​បន្ត​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​រហូត​ដល់​ពេល​នេះ។

លោក ឆន ផល្លា បាន​ចូលរួម​ការពារ​ព្រៃឈើ​តាំងពី​ឆ្នាំ​២០១៦ មក ហើយ​នៅ​អំឡុង​ឆ្នាំ​២០១៧ លោក​បាន​ដាក់​ពាក្យ​ប្តឹង​ចំនួន ៨​ករណី​ទៅ​តុលាការ​ប្រឆាំង​នឹង​មន្ត្រី​មូលដ្ឋាន ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ និង​ការ​ទន្ទ្រាន​ដី​សហគមន៍ ប៉ុន្តែ​គ្មាន​បណ្ដឹង​ណា​មួយ​របស់​លោក​ត្រូវ​បាន​អាជ្ញាធរ​យក​ទៅ​ដោះស្រាយ​នោះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស