ក្រុមអ្នកឃ្លាំមើលលើកឡើងថា ការដែលលោក ហ៊ុន សែន គាស់រឿងដោះដូរភូមិលោក ហេង សំរិន ប្រធានរដ្ឋសភា ឲ្យវៀតណាមនៅមុនបោះឆ្នោត គឺដើម្បីទប់ចរន្តពលរដ្ឋខ្មែរដែលបកអាក្រាតឧក្រិដ្ឋកម្មនយោបាយរបស់គាត់ដែលគប់គិតជាមួយមេដឹកនាំវៀតណាម រហូតដល់កាត់កោះ ផ្ទៃសមុទ្រ ដីគោកខ្មែរអស់រាប់ម៉ឺនគីឡូម៉ែត្រការ៉េ ឲ្យវៀតណាមត្រួតត្រា។
ការលើកឡើងនេះ បន្ទាប់ពីបុរសខ្លាំងក្រាញអំណាចតពូជនៅកម្ពុជា លោក ហ៊ុន សែន បានយកវីដេអូឃ្លីបប្រមាណ ២២នាទីដែលលោកថ្លែងបកស្រាយរឿងដោះដូរដីភូមិលោក ហេង សំរិន ឲ្យទៅវៀតណាម កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ យកមកផ្សាយឡើងវិញក្រោមហេតុផលថា ដើម្បីកុំឲ្យប្រជាពលរដ្ឋភ័ន្តច្រឡំ។
លោក ហ៊ុន សែន យកវីដេអូឃ្លីបជាង ២២នាទីមកផុសឡើងវិញនេះ បន្ទាប់ពីអ្នកប្រើប្រាស់បណ្ដាញសង្គម និងមន្ត្រីបក្សប្រឆាំងបាននាំគ្នាចែករំលែកវីដេអូឃ្លីបជិត ១នាទីដែលលោក ហ៊ុន សែន និយាយរឿងកាត់ដីភូមិលោក ហេង សំរិន ឲ្យទៅភាគីវៀតណាមគ្រប់គ្រងនាពេលកន្លងមកថាជារឿងត្រឹមត្រូវ។
បុរសខ្លាំងកាន់អំណាចជិត ៤០ឆ្នាំនៅកម្ពុជា លោក ហ៊ុន សែន ថាការយកវីដេអូឆ្នាំ២០២០ មកផុសឡើងវិញនេះ ដើម្បីឆ្លើយតបទៅនឹងក្រុមញុះញង់ដែលលោកចោទថាបានកាត់តវីដេអូលោកនិយាយ ហើយធ្វើឲ្យបាត់អត្ថន័យដើមដែលនាំឲ្យសាធារណជនមានការភ័ន្តច្រឡំ។
លោក ហ៊ុន សែន បន្តថា ការដោះដូរដីកម្ពុជាទៅឲ្យវៀតណាមគ្រប់គ្រងនោះ វាមិនមែនជាអំពើក្បត់ជាតិឡើយ ដោយសារការដោះដូរនេះមានការព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងវៀតណាម។ លើសពីនេះ ការដោះដូរដីភូមិលោក ហេង សំរិន ទៅឲ្យវៀតណាមគ្រប់គ្រង លោក ហ៊ុន សែន ថាបានធ្វើឲ្យកម្ពុជាទទួលបានដីជាង ២ពាន់ហិកតារពីវៀតណាម ទៅវិញទេ។
ចំពោះរឿងដោះដូរដីនេះ លោក ហ៊ុន សែន ថាបើពលរដ្ឋចង់បន្ទោស កុំបន្ទោសលោក គួរទៅបន្ទោសប្រទេសបារាំង ដែលបានគូសផែនទី ព្រោះរឿងដែលរដ្ឋាភិបាលកម្ពុជាប្រគល់ភូមិលោក ហេង សំរិន ឲ្យវៀតណាមគ្រប់គ្រង គឺធ្វើតាមផែនទីតម្កល់នៅអង្គការសហប្រជាជាតិដែលបារាំងជាអ្នកគូស។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ យល់ថា លោក ហ៊ុន សែន គាស់រឿងនេះនៅមុនបោះឆ្នោតដើម្បីទប់ចរន្តពលរដ្ឋខ្មែរដែលបកអាក្រាតឧក្រិដ្ឋកម្មនយោបាយរបស់គាត់ ដែលគប់គិតជាមួយមេដឹកនាំវៀតណាម រហូតដល់កាត់កោះ ផ្ទៃសមុទ្រ ដីគោកខ្មែរអស់រាប់ម៉ឺនគីឡូម៉ែត្រការ៉េឲ្យវៀតណាមត្រួតត្រា។
លោកថា រយៈពេល ៣០ឆ្នាំមកនេះ ពលរដ្ឋខ្មែរដឹងច្បាស់ណាស់ថាគាត់ជាអ្នកដឹកនាំកាត់ដីខ្មែរឲ្យវៀតណាម និងបង្ហូរជនជាតិវៀតណាមខុសច្បាប់រាប់ម៉ឺនគ្រួសារមករស់នៅលើទឹកដីកម្ពុជា។
លោក គឹម សុខ បន្តលើកឡើងទៀតថា ប្រជាជនខ្មែរមិនចូលចិត្តរស់នៅក្បែរជនជាតិវៀតណាម ដែលចូលចិត្តឡូឡារញ៉េវរញ៉ាវបង្ករឿងគ្មានលុះថ្ងៃនោះទេ។ តំបន់ណាដែលមានជនជាតិវៀតណាមរស់នៅច្រើន ប្រជាជនខ្មែរតែងតែផ្លាស់ទីចេញ ហើយខុសពីប្រជាជនខ្មែរដែលមិនចេះឈ្លានពានប្រទេសជិតខាង ប្រជាជនវៀតណាមមានវប្បធម៌ជាអ្នកទន្ទ្រានឈ្លានពានគ្រប់ពេលវេលា។
លោកថា នេះបញ្ជាក់ច្បាស់ថា គឺប្រជាជនវៀតណាមដែលទន្ទ្រានមករស់នៅលើដីខ្មែរ បង្កើតជាភូមិច្រើននៅក្នុងទឹកដីខ្មែរតាមព្រំដែន មិនមែនប្រជាជនខ្មែររស់នៅលើដីវៀតណាមដូចលោក ហ៊ុន សែន និយាយមិនយល់វប្បធម៌ និងភូមិសាស្ត្រនោះឡើយ។
លោកបន្តថា លោក ហ៊ុន សែន កំពុងបោកប្រាស់ប្រជាពលរដ្ឋខ្មែរ។ គាត់ថាវៀតណាមត្រូវកាត់ដីវៀតណាម ឲ្យភាគីខ្មែរជាង ២ពាន់ហិកតារជាការដោះដូរ តែមិនបានបង្ហាញថា ដីវៀតណាមនៅតំបន់ណាដែលកាត់ឲ្យខ្មែរនោះទេ គឺមានតែឃើញកាត់ភូមិខ្មែរច្បាស់ៗឲ្យវៀតណាម។ វាជាល្បែងរបស់លោក ហ៊ុន សែន កាត់ដីខ្មែរឲ្យវៀតណាមសុទ្ធសាធ។
កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋសភាបានអនុម័តយល់ព្រមលើការបោះបង្គោលព្រំដែនជាមួយវៀតណាម ដែលរដ្ឋាភិបាលបោះបាន ៨៤% ក្រោមសំឡេងគាំទ្រ ១១០លើ១១០ នៃសមាជិកសភារបស់គណបក្សកាន់អំណាចទាំងអស់ដែលមានវត្តមានក្នុងកិច្ចប្រជុំ។
សភាអះអាងថា ការអនុម័តយល់ព្រមនេះយោងទៅលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និងត្រូវបានប្រកាសជាការប្រញាប់។
កម្ពុជា-វៀតណាម មានព្រំប្រទល់ដីគោកជាប់គ្នាប្រវែង ១២៧០គីឡូម៉ែត្រ ហើយមកដល់ពេលនេះនៅសល់ ១៦% ទៀតដែលកម្ពុជាមិនទាន់ឯកភាពជាមួយវៀតណាមឲ្យបោះបញ្ចប់ ដោយរង់ចាំភាគីបារាំងគូសចម្លងផែនទីមាត្រដ្ឋានពីខ្នាត ១លើ១០០ពាន់ ទៅជាខ្នាត ១លើ៥០ពាន់វិញ៕