29.3 C
Phnom Penh

លោក ហ៊ុន សែន អំពាវនាវ​ពលរដ្ឋ​ឱ្យ​ទៅ​បោះឆ្នោត​គ្រប់ៗ​គ្នា ខណៈ​បក្ស​ភ្លើង​ទៀន​ត្រូវ​បាន​ហាម​ឃាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​នៅ​ចុង​ខែ​កក្កដា នេះ ដើម្បី​ជ្រើសរើស​គណបក្ស​នយោបាយ និង​មេដឹកនាំ​ប្រទេស​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត ខណៈ​ប្រជាពលរដ្ឋ​ជាង ១​លាន ៦​សែន​នាក់​ត្រូវ​លោក ហ៊ុន សែន បង្ខំ​ឱ្យ​ទៅ​បោះឆ្នោត​ក្នុង​ពេល​ដែល​គណបក្ស​របស់​ពួកគេ​ស្រឡាញ់​ត្រូវ​បិទ​ខ្ទប់​មិន​ឱ្យ​ចូលរួម​ក្នុង​ការ​បោះឆ្នោត។

បុរស​ខ្លាំង​ប្លន់​អំណាច​ជាង ៤​ទសវត្សរ៍​នៅ​កម្ពុជា​លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​សម្ពោធ​វិមាន​រំលឹក​ដល់​អ្នក​ទទួល​អនិច្ចកម្ម​ក្នុង​សង្គ្រាម​លោក​លើក​ទី​១ នៅ​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ ដោយ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឱ្យ​គណបក្ស​ណា​ដែល​ពួកគេ​ជឿជាក់​ថា​ជា​គណបក្ស​ដែល​ដឹកនាំ​ធ្វើ​ឲ្យ​ប្រជាជន​រស់នៅ​ក្នុង​សុខ​សន្តិភាព ភាព​សុខដុមរមនា មាន​ការ​អភិវឌ្ឍ​ជាមួយ​នឹង​ភាព​សម្បូរ​សប្បាយ​រុងរឿង​ជូន​ប្រទេស​ជាតិ និង​ប្រជាជន ទាំង​បច្ចុប្បន្ន និង​អនាគត។

ការ​អំពាវនាវ​នេះ ធ្វើឡើង​ក្នុង​ពេល​ដែល​ដំណើរការ​នៃ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ នេះ នឹង​ត្រូវ​ធ្វើឡើង​នៅ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​នេះ ខណៈ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូលរួម​ឈរឈ្មោះ​ក្នុង​ការ​បោះឆ្នោត​នេះ​ឡើយ។

ដំណើរការ​នៃ​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា ឆ្នាំ​២០២៣ នេះ ត្រូវ​គេ​មើល​ឃើញ​ថា ប្រជាពលរដ្ឋ​ជាង ១​លាន ៦​សែន​នាក់​បាន​បាត់បង់​គណបក្ស​ដែល​ពួកគេ​ស្រឡាញ់​គាំទ្រ​ទាំងស្រុង នោះ​គឺ​គណបក្ស​ភ្លើង​ទៀន ដោយសារតែ​គណបក្ស​នេះ​ត្រូវ​បាន​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ប្រើ​ល្បិច​រាំង​ខ្ទប់​មិន​ឱ្យ​ចូលរួម​ឈរឈ្មោះ​ក្នុង​ដំណើរការ​នៃ​ការ​បោះឆ្នោត​នេះ ក្រោម​លេស​ថា គណបក្ស​នេះ​គ្មាន​លិខិត​បញ្ជាក់​កំណើត ទោះបីជា​ក្រសួង​មហាផ្ទៃ​បាន​ចេញ​លិខិត​បញ្ជក់​ថា គណបក្ស​នេះ​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ដោយ​ស្រប​ច្បាប់​ហើយ​ក៏ដោយ។

ចាប់តាំងពី​ដើមឆ្នាំ​២០២៣ មក គេ​មើល​ឃើញ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ប្រើ​ល្បិច​នយោបាយ​គាបសង្កត់​បក្ស​ក្រៅ​រដ្ឋាភិបាល​ជា​បន្តបន្ទាប់ ជាពិសេស​គឺ​គាបសង្កត់​ទៅ​លើ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​យ៉ាង​ខ្លាំង ក្នុង​នោះ​លោក ថាច់ សេដ្ឋា ត្រូវ​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ លោក សុន ឆ័យ ត្រូវ​រង​នូវ​បណ្តឹង និង​រង​នូវ​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ថែម​ទៀត ដែល​ធ្វើ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ធ្លាក់​ចុះ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ នេះ។

ក្រៅពី​រារាំង​គណបក្ស​សង្គ្រោះ​ជាតិ មេដឹកនាំ​បក្ស​ប្រឆាំង​ទាំង​លោក កឹម សុខា និង​លោក សម រង្ស៊ី រួម​ទាំង​គណបក្ស​ភ្លើង​ទៀន មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា ខាងមុខ​នេះ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ដើម្បី​គាបសង្កត់​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ឱ្យ​ទៅ​បោះឆ្នោត​ផង​ដែរ ខណៈ​មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​បាន​រារាំង​មិន​ឱ្យ​គណបក្ស​របស់​ពួកគេ​ចូលរួម​ការ​បោះឆ្នោត​ផង​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម និង​នយោបាយ​លើកឡើង​ថា ដើម្បី​លទ្ធិប្រជាធិបតេយ្យ មាន​តែ​អ្នក​ប្រជាធិបតេយ្យ ក្រុម​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល សហជីព និង​បណ្ឌិត​បញ្ញវន្ត​ខ្មែរ​ដែល​មាន​និន្នាការ​ប្រជាធិបតេយ្យ សហការ​គ្នា​ចេញ​តវ៉ា​បង្កើត​ជា​បណ្តឹង​សង្គម​ប្រឆាំង​តវ៉ា​នឹង​ការ​ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន ជាពិសេស​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ​ប៉ុណ្ណោះ ទើប​សង្ឃឹម​ថា​នឹង​ទទួល​បាន​យុត្តិធម៌​មក​វិញ។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​ចេញ​តវ៉ា​នេះ​មិនមែន​ដើម្បី​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​នោះ​ទេ ហើយ​ក៏​មិនមែន​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នោះ​ដែរ ប៉ុន្តែ​ជា​ការ​តវ៉ា​ដើម្បី​ទាមទារ​យុត្តិធម៌​សង្គម​ទាំងមូល ហើយ​ការ​ធ្វើ​បែប​នេះ ក៏​ស្រប​ទៅ​នឹង​ស្មារតី​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែរ។

ជុំវិញ​បញ្ហា​នេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​មាន​ឈ្មោះ​ទៅ​បោះឆ្នោត ចូលរួម​ធ្វើ​យុទ្ធនាការ​គូស​ខ្វែង​សន្លឹកឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា មុន​នឹង​យក​ទៅ​ដាក់​ក្នុង​ហិប​ឆ្នោត ព្រោះ​ថា​ការ​ធ្វើ​បែប​នេះ គឺជា​ការ​ឆ្លើយតប​ទៅ​នឹង​លោក ហ៊ុន សែន ដែល​កំពុង​គាបសង្កត់​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​នៅ​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស