31 C
Phnom Penh

ក្រុម​បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​ថា​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ការ​បាត់បង់​អធិបតេយ្យ​ជាតិ​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក អះអាង​ថា ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ការ​បាត់បង់​អធិបតេយ្យ​ជាតិ​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​វៀតណាម​ធ្ងន់ធ្ងរ ដោយសារតែ​មេដឹកនាំ​ប្រទេស​នេះ គឺ​លោក ហ៊ុន សែន បាន​ប្រើ​អំណាច​គាបសង្កត់​ឱ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ទទូច​យក​នូវ​មហិច្ឆតា​ឈ្លានពាន​របស់​វៀតណាម ដែល​ប៉ុនប៉ង​រំលោភ​យក​ទឹកដី​ខ្មែរ​ដោយ​គំរាម​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ដែល​ប្រឆាំង​តវ៉ា​នឹង​ល្បិចកល​កាត់​ទឹកដី​ខ្មែរ​ឱ្យ​បរទេស​ឈ្លានពាន​នេះ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៣ កក្កដា ថា លោក ហ៊ុន សែន តែង​អះអាង​ប្រាប់​ប្រជាពលរដ្ឋ​ពី​ការងារ​នៃ​រដ្ឋាភិបាល​របស់​គាត់​ក្នុង​ការ​កំណត់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​ជា​បន្តបន្ទាប់ ក្នុង​នោះ​គាត់​បាន​អះអាង​ថា ការ​កំណត់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម គឺ​ធ្វើឡើង​ដោយ​ត្រឹមត្រូវ​ជាទីបំផុត ប៉ុន្តែ​លោក ហ៊ុន សែន បែរ​ជា​ហាមឃាត់​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​ទៅ​មើល​ការ​កំណត់​ព្រំដែន​ដែល​រដ្ឋាភិបាល​របស់​គាត់​បាន​ចុះ​កិច្ចព្រមព្រៀង​កំណត់​ជាមួយ​ប្រទេស​វៀតណាម​ទៅវិញ។

លោក គឹម សុខ បន្ថែម​ថា អ្នក​ដែល​ចុះ​ទៅ​មើល​ព្រំដែន​ត្រូវ​រង​នូវ​ការ​ចោទប្រកាន់ និង​ចាប់​ដាក់​គុក​ថែម​ទៀត ដូច្នេះ​ក្នុង​រឿង​កំណត់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​នេះ គឺ​ស្ថិត​ក្នុង​ការ​មន្ទិល​សង្ស័យ​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ចំពោះ​ទំនាក់ទំនង​លោក ហ៊ុន សែន និង​វៀតណាម​ជា​រហូត​មក។

លោក គឹម សុខ ត្អូញត្អែរ​ថា នៅ​លើ​ពិភពលោក​នេះ​ទោះ​ជា​មេដឹកនាំ​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ ឬ​មេដឹកនាំ​ប្រទេស​លោក​សេរី​ប្រជាធិបតេយ្យ​ក៏ដោយ គឺ​គេ​ដឹង​ពី​មុខនាទី​របស់​ខ្លួន​ច្បាស់​ថា ពួកគេ​ត្រូវតែ​ការពារ​ទឹកដី​របស់​ខ្លួន ទោះ​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏ដោយ ប៉ុន្តែ​ចម្លែក​អី​តែ​មេដឹកនាំ​ខ្មែរ​លោក ហ៊ុន សែន បែរ​ជា​ព្យាយាម​ពន្យល់​ប្រជាពលរដ្ឋ​ខ្លួនឯង​ឱ្យ​ព្រម​ទទួល​យក​ល្បិច​ឈ្លានពាន​របស់​បរទេស​ជិតខាង ដែល​បាន​រំលោភ​យក​ទឹកដី​របស់​ខ្លួន​ទៅវិញ ដែល​នេះ​គឺ​ពិត​ជា​រឿង​ចម្លែក​មិន​ដែល​ធ្លាប់​កើតមាន​នៅ​លើ​ពិភពលោក​នេះ​ទាល់តែសោះ។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា អំពើ​ព្រៃផ្សៃ​ចំពោះ​ជាតិ​ខ្មែរ​របស់​លោក ហ៊ុន សែន ដែល​គាត់​បាន​ប្រព្រឹត្ត​ចាប់តាំងពី​វៀតណាម​លើក​បន្តុប​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ​មក បាន​ក្លាយ​ទៅ​ជា​អំពើ​ឧក្រិដ្ឋកម្ម​បំផ្លាញ​ជាតិ​ខ្មែរ​ដល់​ឫសគល់ ខណៈ​អំពើ​ព្រៃផ្សៃ​ទាំងនោះ គឺ​មាន​ការ​ជ្រោមជ្រែង​ពី​វៀតណាម​ដោយ​ផ្ទាល់។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៅ​មុន​ការ​បោះឆ្នោត​នា​ចុងខែ​កក្កដា នេះ វីដេអូ​មួយ​ដែល​លោក ហ៊ុន សែន លើកឡើង​ពី​ការ​កំណត់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០២០ ត្រូវ​បាន​គេ​ចែកចាយ​តៗ​គ្នា​ព្រោងព្រាត​លើ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

ក្នុង​វីដេអូ​នោះ លោក ហ៊ុន សែន ពន្យល់​ថា ការ​ដែល​ភូមិ​របស់​លោក ហេង សំរិន ស្ថិត​ក្នុង​ដី​វៀតណាម ហើយ​ភូមិ​របស់​វៀតណាម​ខ្លះ​បាន​ស្ថិត​នៅ​ក្នុង​ដី​ខ្មែរ គឺ​ដោយសារតែ​បារាំង​ដែល​ធ្លាប់​ជា​អាណាព្យាបាល​លើ​ប្រទេស​កម្ពុជា បាន​គូស​ខ្សែ​ព្រំដែន​ដែល​កំពុង​នៅ​ជា​ធរមាន​សព្វថ្ងៃ​នេះ ដូច្នេះ​ហើយ​បាន​ជា​ទឹកដី​ខ្មែរ​មួយ​ចំនួន រួម​ទាំង​កោះត្រល់​ផង បាន​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​វៀតណាម រហូត​ដល់​ពេលនេះ។

លោក ហ៊ុន សែន បញ្ជាក់​ថា បើ​ផ្អែក​ទៅ​លើ​ខ្សែបន្ទាត់​ព្រំដែន​ដែល​បារាំង​បាន​គូស​នោះ យើង​អាច​ឱ្យ​កម្ពុជា​ចំណេញ​ដី​ពី​វៀតណាម​ជាង ២​ពាន់​ហិកតារ​ឯណោះ ប្រសិនបើ​ភាគី​ទាំង​សងខាង​ព្រម​ដោះដូរ​ភូមិ​នៅ​តាម​ព្រំដែន​ជាមួយ​គ្នា​ទៅវិញ​ទៅមក។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk ខាងលើ​នេះ​ថា បារាំង​បាន​កំណត់​ព្រំដែន​រដ្ឋបាល​រវាង​ប្រទេស​កម្ពុជា និង​ដែនដី​កូសាំងស៊ីន ឬ​កម្ពុជា​ក្រោម​តាម​អនុសញ្ញា​មួយ​នៅ​ឆ្នាំ​១៨៧៣ ដែល​គេ​បាន​បោះ​បង្គោល​កំណត់​ព្រំដែន​ចំនួន ១២៤​បង្គោល ប៉ុន្តែ​អនុសញ្ញា​នេះ​មិន​បាន​ធ្វើ​ឱ្យ​ភូមិ​លោក ហេង សំរិន និង​កោះត្រល់​ធ្លាក់​ក្នុង​ការ​គ្រប់គ្រង​វៀតណាម​ឡើយ។

លោក ម៉ែន ណាត អះអាង​ថា នៅ​អំឡុង​ខែ​ឧសភា ឆ្នាំ​១៩៩៤ សម្តេច​ព្រះ នរោត្តម សីហនុ ធ្លាប់​បាន​ផ្ញើ​លិខិត​មួយ​ទៅ​កាន់​លោក ហ៊ុន សែន ឱ្យ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​យក​បង្គោល​ព្រំដែន​ទាំង ១២៤ ដែល​បារាំង​បាន​កំណត់​នៅ​ឆ្នាំ​១៨៧៣ នោះ មក​តម្កល់​នៅ​ទីតាំង​ដើម​វិញ ប៉ុន្តែ​លោក ហ៊ុន សែន មិន​បាន​ធ្វើ​តាម​ការ​ដាស់តឿន​របស់​សម្តេច​ព្រះ នរោត្តម សីហនុ ទេ។

ចំណែក​អ្នកជំនាញ​ខាង​ព្រំដែន និង​ជា​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន បាន​លើកឡើង​ជុំវិញ​បញ្ហា​ព្រំដែន​នេះ​ថា ភូមិកំណើត​របស់​លោក ហេង សំរិន និង​កោះត្រល់ ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​វៀតណាម គឺ​ដោយសារ​សន្ធិសញ្ញា​ខុស​ច្បាប់​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ដែល​ចុះហត្ថលេខា​ទទួលស្គាល់​រវាង​លោក ហ៊ុន សែន និង​រដ្ឋមន្ត្រី​ការបរទេស​វៀតណាម ង្វៀង កឺថាច់ ដែល​ជា​សន្ធិសញ្ញា​មួយ​ធ្វើឡើង​នៅ​អំឡុង​ពេល​ដែល​កងទ័ព​វៀតណាម​ឈ្លានពាន និង​ត្រួតត្រា​ប្រទេស​កម្ពុជា។

លោក អ៊ុំ សំអាន លើកឡើង​ថា ភូមិកំណើត​របស់​លោក ហេង សំរិន គឺជា​ដី​ខ្មែរ ប៉ុន្តែ​ត្រូវ​លោក ហ៊ុន សែន ចាត់ទុក​ថា​ជា​ដី​របស់​វៀតណាម ដូច្នេះ​នៅ​ពេលនេះ បើ​គាត់​យក​ដី​ខ្មែរ​នៅ​តំបន់​ណា​មួយ​ទៅ​ដោះដូរ​នឹង​ភូមិ​លោក ហេង សំរិន ដែល​ស្ថិត​នៅ​ក្នុង​ទឹកដី​ខ្មែរ​វិញ​នោះ គឺ​មាន​ន័យ​ថា លោក ហ៊ុន សែន បាន​យក​ដី​ខ្មែរ​ទៅ​ដោះដូរ​យក​ដី​ខ្មែរ​ពី​វៀតណាម ដែល​គាត់​បាន​កាត់​ទៅ​ឱ្យ​វៀតណាម កាលពី​ឆ្នាំ​១៩៨៥ នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស