អ្នកវិភាគ និងមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ លើកឡើងថា ការផ្ដល់ងារ «ឧកញ៉ា» និង «អ្នកឧកញ៉ា» ដល់ភរិយា និងកូនប្រុសអ្នកជំនួញល្បីៗនៅកម្ពុជា ដោយសារពួកគេជួយរក និងផ្ដល់លុយទៅគ្រួសារហ៊ុន និងជួយលោក ហ៊ុន ម៉ាណែត ក្ដោបអំណាចផ្ដាច់ការបន្តទៀត ទោះបីលុយពួកគេយកជួយត្រកូលហ៊ុនបានមកពីកាប់ព្រៃឈើ និងប្លន់ដីរាស្ត្រ ជាដើម។
ការលើកឡើងនេះ បន្ទាប់ពីការផ្ដល់ងារជា «ឧកញ៉ា និងអ្នកឧកញ៉ា» បានកើតឡើងពីមួយឆ្នាំទៅមួយឆ្នាំនៅកម្ពុជា បើទោះបីអ្នកទទួលងារជា «ឧកញ៉ា» នេះមានឈ្មោះអាស្រូវក្នុងសង្គមដោយការបំផ្លាញធនធានធម្មជាតិ និងប្លន់ដីរដ្ឋ និងប្រជាពលរដ្ឋក្ដី។
កត្តាដែលនាំឲ្យលោក ហ៊ុន សែន ទូលថ្វាយទៅព្រះមហាក្សត្រស្នើសុំផ្ដល់ងារ «ឧកញ៉ា» និង «អ្នកឧកញ៉ា» នៅកម្ពុជានេះ អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំងថាធ្វើឡើងក្នុងគោលដៅដើម្បីជួយដល់គណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន ម៉ាណែត ក្ដោបអំណាចផ្ដាច់ការបន្តពីលោក ហ៊ុន សែន ទៀត។
តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន យល់ថា លោក ហ៊ុន សែន ទទួលថ្វាយទៅព្រះមហាក្សត្រផ្ដល់គោរមងារ «ឧកញ៉ា» ដល់កូនៗអ្នកឧកញ៉ាល្បីៗនៅកម្ពុជា ដោយសារបច្ចុប្បន្ន លោក ហ៊ុន សែន ទទួលបានផលប្រយោជន៍ពីអ្នកឧកញ៉ាទាំងអស់នោះ។
លោកចាត់ទុកការផ្ដល់ងារ «ឧកញ៉ា និងអ្នកឧកញ៉ា» នេះ វាបង្ហាញពីវប្បធម៌ «ហែងជួយអញ និងអញជួយហែង» ខណៈក្រុមឧកញ៉ាទាំងនោះជាមនុស្សដែលស្និទ្ធនឹងគ្រួសារ និងរកស៊ីជាមួយត្រកូលហ៊ុន ហើយក៏ជាមនុស្សដែលលោក ហ៊ុន សែន ទុកចិត្ត និងជួយរដ្ឋាភិបាលរបស់លោកកន្លងមកផងដែរ។

លោកកត់សម្គាល់ថា កន្លងមក ក្រុមឧកញ៉ាទាំងនោះមិនបានជួយដល់ជាតិ និងប្រជាពលរដ្ឋទេ ផ្ទុយទៅវិញពួកគេជាអ្នកដែលបានបំផ្លាញធនធានធម្មជាតិ និងរំលោភបំពានដីធ្លីប្រជាពលរដ្ឋជាមួយក្រុមឧក្រិដ្ឋជន ជួញដូរ ចែកចាយ និងលក់គ្រឿងញៀនបំផ្លាញធនធានយុវជននៅកម្ពុជា ដើម្បីយកប្រាក់ដែលពួកគេរកបាននោះទៅជួយដល់គណបក្សប្រជាជនកម្ពុជា និងគ្រួសារត្រកូលហ៊ុន។
លើសពីនេះ លោក អ៊ុំ សំអាន ថាក្រុមឧកញ៉ាទាំងនោះជាអ្នករកស៊ីជញ្ជក់ឈាមប្រជាពលរដ្ឋ ដោយពួកគេអភិវឌ្ឍតំបន់ណា ប្រជាពលរដ្ឋនៅតំបន់នោះហូរទឹកភ្នែកគ្រប់គ្នា ខណៈឧកញ៉ាខ្លះទៀតកំពុងរកស៊ីលាងលុយជំនួសឲ្យគ្រួសារត្រកូលហ៊ុន និងប្រព្រឹត្តអំពើទុច្ចរិតខុសច្បាប់ ដែលសង្គម និងប្រជាពលរដ្ឋស្អប់ខ្ពើម។
អ្នកវិភាគនយោបាយ បណ្ឌិត សេង សារី មើលឃើញថា ការតែងតាំង និងផ្ដល់គោរមងារជា «ឧកញ៉ា» ឬ «អ្នកឧកញ៉ា» នាពេលបច្ចុប្បន្នខុសពីសម័យបុរាណទាំងស្រុង។ លោកថា ងារ «ឧកញ៉ា» និង «អ្នកឧកញ៉ា» កាលពីសម័យបុរាណបានដើរតួនាទីសំខាន់ក្នុងការជួយជាតិ សាសនា និងព្រះមហាក្សត្រឲ្យបានថ្កុំថ្កើង ប៉ុន្តែបច្ចុប្បន្ន ការផ្ដល់គោរមងារ គឺផ្ដោតតែទៅលើបុគ្គលដែលមានប្រាក់ទ្រព្យសម្បត្តិស្ដុកស្ដម្ភតែប៉ុណ្ណោះ ទោះបីជាពួកគេគ្មានគុណសម្បត្តិជួយជាតិ និងធ្វើឲ្យជាតិរីកចម្រើនក៏ដោយ។
ជាក់ស្តែង ដូចជាកូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ដែលទើបតែអាយុ ១៨ឆ្នាំ ក៏ត្រូវបានលោក ហ៊ុន សែន ទូលថ្វាយទៅព្រះមហាក្សត្រឲ្យផ្ដល់គោរមងារជា «ឧកញ៉ា» ដែរ នេះដោយសារតែពួកគេមានប្រាក់ច្រើន ទាំងដែលយុវជនរូបនេះមិនបានជួយជាតិនៅឡើយ។
អ្នកវិភាគរូបនេះថា ក្រុមឧកញ៉ាដែលលោក ហ៊ុន សែន ទូលថ្វាយទៅព្រះមហាក្សត្រផ្ដល់គោរមងារ ដោយសារពួកគេជាភ្នាក់ងាររបស់លោក ហ៊ុន សែន ក្នុងការស្វែងរកប្រាក់ និងផលប្រយោជន៍ផ្សេងៗសម្រាប់ជួយទ្រទ្រង់ដល់គណបក្សប្រជាជនកម្ពុជា និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ឬអ្នកមានអំណាចណាមួយ ទាំងដែលថវិកានោះបានមកពីការបំផ្លាញធនធានធម្មជាតិ និងការវិនិយោគដោយរំលោភបំពានដីធ្លីប្រជាពលរដ្ឋក្ដី។
លោក សេង សារី ថា ឧកញ៉ានិងអ្នកឧកញ៉ានៅកម្ពុជាបច្ចុប្បន្ន កំពុងធ្វើឲ្យប្រជាពលរដ្ឋខ្លាចរអា ដោយសារពួកគេភាគច្រើនជាអ្នកដែលរំលោភបំពានដីធ្លី និងសិទ្ធិរបស់ប្រជាពលរដ្ឋ។
ចំណែកប្រធានវេទិកាពលរដ្ឋ និងជាអ្នកវិភាគនយោបាយ លោក គឹម សុខ លើកឡើងថា វាជារឿងងាយណាស់ដើម្បីបានឈ្មោះជាឯកឧត្តម លោកជំទាវ និងគោរមងារឧកញ៉ានៅប្រទេសកម្ពុជាសព្វថ្ងៃនៅក្រោមការដឹកនាំរបស់លោក ហ៊ុន សែន នោះ។ បើជាសមាជិកគណបក្សប្រជាជន ហើយចង់បានឈ្មោះឯកឧត្តម លោកជំទាវ លោកថាគ្រាន់តែចូលកៀកក្រុមគ្រួសារហ៊ុន និងពុករលួយកើបលុយទៅសូក ខណៈអ្នកនៅក្រៅគណបក្សប្រជាជនវិញ គឺគ្រាន់តែសរសើរលោក ហ៊ុន សែន និងភរិយាជា «សម្ដេចពុក សម្ដេចម៉ែ» ហើយងាកមកវាយប្រហារអ្នកតស៊ូប្រជាធិបតេយ្យវិញ លោក គឹម សុខ ថាពួកគេនឹងទទួលបានងារជាឯកឧត្តមលោកជំទាវ។
ជាក់ស្ដែង នាពេលបច្ចុប្បន្ននេះ លោកថាប្រជាពលរដ្ឋមើលឃើញស្រាប់ហើយ ដោយមានកូនអ្នកធំខ្លះអាយុមិនទាន់គ្រប់អាយុ ២០ឆ្នាំផងបានពាក់ផ្កាយ១ ដោយធ្វើការនៅក្នុងក្របខ័ណ្ឌកងទ័ពថែមទៀតផង។
អ្នកវិភាគរូបនេះថា កត្តាដែលនាំឲ្យលោក ហ៊ុន សែន ផ្ដល់គោរមងារឧកញ៉ាដល់ក្មេងៗជាកូនរបស់ពួកឧកញ៉ាស្អុយឈ្មោះទាំងនោះ គឺមានហេតុផលចំនួន ២ ក្នុងនោះពួកគេបានជួយលុយដល់គ្រួសារហ៊ុនក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងទី២ ពួកគេត្រៀមឲ្យក្មេងៗឧកញ៉ាទាំងអស់នោះតាមស្ដាប់បង្គាប់ និងជួយលោក ហ៊ុន ម៉ាណែត ដែលជាអ្នកបន្តក្ដោបអំណាចផ្ដាច់ការបន្ទាប់ពីលោក ហ៊ុន សែន ទៀត។
លោក គឹម សុខ ថា ការផ្ដល់ងារដល់ពួកឧកញ៉ាទាំងនោះ ដោយពួកគេជាអ្នកជួយលុយដល់គ្រួសារហ៊ុន មិនមែនជួយជាតិទេ ខ្លះមិនមានប្រភពលុយមិនច្បាស់លាស់ ខ្លះបានលុយពីកាប់ព្រៃឈើ ប្លន់ដីរាស្ត្រ បាញ់រាស្ត្រម្ចាស់ដី ចាប់រាស្ត្រម្ចាស់ដីដាក់គុក ជាដើម៕