32 C
Phnom Penh

នាយករដ្ឋមន្ត្រី​ថ្មី​ប្ដេជ្ញា​អនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​សន្យា​ជាមួយ​ពលរដ្ឋ​មុន​បោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​បន្ត​វេន​ពី​ឪពុក គឺ​លោក ហ៊ុន ម៉ាណែត ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មីៗ បាន​ប្ដេជ្ញា​អនុវត្ត​ឲ្យ​បាន​សម្រេច​ជោគជ័យ​នូវ «កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល» ទាំង ៥​ចំណុច​ដែល​ជា​ការ​សន្យា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជាមួយ​ពលរដ្ឋ​នៅ​មុន​ការ​បោះឆ្នោត។

ការ​ថ្លែង​នេះ បន្ទាប់ពី​រដ្ឋសភា​អនុម័ត​គាំទ្រ​ទាំងស្រុង​លើ​សមាសភាព​គណៈរដ្ឋមន្ត្រី ដោយ​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា នា​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣។

ខ្លឹមសារ​ទាំង ៥​ចំណុច​ដែល​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ដាក់​ទៅ​រដ្ឋសភា ក្នុង​នោះ​មាន៖

  1. ការ​ធានា​ការពារ​ឲ្យ​បាន​ដាច់ខាត​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សុវត្ថិភាព សម្រាប់​ការ​រស់នៅ​ដោយ​ក្សេមក្សាន្ត​របស់​ប្រជាជន​នៅ​គ្រប់​ទិសទី​ក្នុង​ផ្ទៃ​ប្រទេស ព្រមទាំង​ការ​ការពារ​ឯករាជ្យ អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​ឲ្យ​បាន​គង់វង្ស មិន​ឲ្យ​កម្លាំង​ណា​មួយ​មក​បំពាន ឬ​បំផ្លាញ​បាន​ឡើយ។
  2. ការ​ធានា​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​លើ​គ្រប់​វិស័យ ដោយ​ផ្ដោត​ជា​អាទិភាព។
  3. ការ​ធានា​បន្ត​ជំរុញ​លើក​កម្ពស់ និង​កែលំអ​ជីវភាព​រស់នៅ​របស់​ប្រជាជន។
  4. ការ​ធានា​នូវ​សុវត្ថិភាព​សង្គម និង​លំនឹង​ក្នុង​ការ​រស់នៅ​របស់​ពលរដ្ឋ​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន ក៏ដូចជា​ទៅ​អនាគត។
  5. ការ​ធានា​បង្កើន​ការ​យកចិត្ត​ទុកដាក់​ដល់​ចីរភាព​នៃ​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច និង​ការ​កសាង​ភាព​ធន់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។

ក្រៅពី​ខ្លឹមសារ​ទាំង ៥​ចំណុច​ខាងលើ​នេះ លោក ហ៊ុន ម៉ាណែត ក៏​បាន​សន្យា និង​ប្ដេជ្ញា​ថា ខ្លួន​នឹង​ដឹកនាំ​ស្ថាប័ន​នីតិប្រតិបត្តិ​របស់​ជាតិ ធានា​អនុវត្ត​ឲ្យ​បាន​សម្រេច​ជោគជ័យ​នូវ «កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល» ហើយ​ដែល​ជា​ការ​សន្យា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជូន​ដល់​ពលរដ្ឋ​នៅ​មុន​ការ​បោះឆ្នោត ដោយ​ផ្ដោត​លើ​ការ​យកចិត្ត​ទុកដាក់​លើ​កម្មវិធី​គោលនយោបាយ​ជា​អាទិភាព​ទាំង​៦។

សម្រាប់ «កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល» ដែល​នាយករដ្ឋមន្ត្រី​ត្រូវ​បាន​ឪពុក​លើក​បន្តុប​រូប​នេះ ថា​នឹង​ត្រូវ​ដាក់​ឲ្យ​អនុវត្ត​ភ្លាម​នៅ​ក្នុង​ឆ្នាំ​២០២៣ ក្នុង​នោះ​រួម​មាន៖

  1. ការ​ពង្រីក​សេវា​ថែទាំ​សុខភាព​ឆ្ពោះ​ទៅ​រក​ការ​គ្របដណ្ដប់​សុខភាព​ជា​សកល។
  2. ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ជូន​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅ​ទូទាំង​ប្រទេស។
  3. ការ​ធ្វើ​ស្ថាបនូបនីយកម្ម​កម្មវិធី​ជាតិ​ជំនួយ​សង្គម​សម្រាប់​គ្រួសារ​ក្រីក្រ ក្រុម​ជន​ងាយ​រងគ្រោះ​នៅ​ក្នុង​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅ​ក្នុង​គ្រា​មាន​វិបត្តិ​សេដ្ឋកិច្ច និង​គ្រា​មាន​គ្រោះ​អាសន្ន។
  4. ការ​ដាក់​ចេញ និង​ការ​ជំរុញ​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឲ្យ​មាន​លទ្ធភាព​ចូលរួម​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​ប្រព័ន្ធ​គាំពារ​សង្គម​ផ្លូវការ។
  5. ការ​ដាក់​ចេញ​នូវ​យន្តការ​សម្របសម្រួល និង​កម្មវិធី​ហិរញ្ញប្បទាន​សំដៅ​លើកស្ទួយ​ផលិតកម្ម រក​ទីផ្សារ និង​រក្សា​លំនឹង​ថ្លៃ​កសិផល​សំខាន់ៗ​ក្នុង​កម្រិត​សមរម្យ។
  6. ការ​ដាក់​ពង្រាយ​មន្ត្រី​បច្ចេកទេស​កសិកម្ម​ទៅ​គ្រប់​ឃុំ-សង្កាត់​ដែល​មាន​សកម្មភាព​កសិកម្ម​នៅ​ទូទាំង​ប្រទេស និង​ការ​រៀបចំ​ឲ្យ​មាន​សមាគម​កសិករ​នៅ​តាម​ទីជនបទ។

មិន​ត្រឹមតែ​ឡើង​ប្ដេជ្ញា​ចិត្ត​នោះ​ទេ លោក ហ៊ុន ម៉ាណែត ក៏​បាន​ឆ្លៀត​វាយប្រហារ​ទៅ​គណបក្ស​ប្រឆាំង​ដូច​ឪពុក​របស់​លោក​ធ្លាប់​លើកឡើង​ដែរ។

លោក ហ៊ុន ម៉ាណែត ថ្លែង​នៅ​ខាង​មុខ​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ១២០​រូប និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ៥​រូប​ថា ចំនួន​ពលរដ្ឋ​ទៅ​បោះឆ្នោត​ជាង ៨២% កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ជា​ការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​បដិសេធ​យ៉ាង​ដាច់អហង្ការ​ពី​សំណាក់​ពលរដ្ឋ​ចំពោះ​ទង្វើ​អគតិ​របស់​ក្រុម​ជន​ជ្រុល​និយម​មួយ​ចំនួន​ដែល​លោក ហ៊ុន ម៉ាណែត ចោទ​ថា​បាន​ទាក់ទាញ​ប្រជាជាតិ​កម្ពុជា​ឲ្យ​ចាកចេញ​ពី​គន្លង​នៃ​មាគ៌ា​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ ដោយ​ញុះញង់ អុជអាល បំផុស​ពលរដ្ឋ​ឲ្យ​លុះ​ទៅ​នឹង​មហិច្ឆតា​ផ្ទាល់ខ្លួន​របស់​ពួកគេ ដែល​ប្រកប​ទៅ​ដោយ​ពិសពុល និង​គ្រោះថ្នាក់​បំផុត​សម្រាប់​ប្រទេស​ជាតិ។

ប៉ុន្តែ​ការ​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​បន្ត​ពី​ឪពុក​របស់​លោក ហ៊ុន ម៉ាណែត នា​ពេលនេះ បាន​រង​ការ​រិះគន់​ខ្លាំង​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ ដោយសារ​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ប្រព្រឹត្ត​ទៅ​គ្មាន​សេរីភាព ត្រឹមត្រូវ និង​យុត្តិធម៌ ខណៈ​បណ្ដា​ប្រទេស​លោក​សេរី​ក៏​មិន​បាន​ដាក់​អ្នក​សង្កេតការណ៍​ដែរ បន្ទាប់ពី​ឪពុក​របស់​លោក ហ៊ុន ម៉ាណែត បិទ​បក្ស​ប្រឆាំង​មិន​ឲ្យ​ចូលរួម​ប្រកួតប្រជែង​នោះ។

ចំណែក​វេទិកា​ពលរដ្ឋ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​លើកឡើង​ថា លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​ខុស​ច្បាប់ និង​មិន​តំណាង​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​ឡើយ។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចុះ​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា ការ​បោះឆ្នោត​ថ្ងៃទី​២៣ កក្កដា កន្លងទៅ មិន​អាច​ចាត់ទុក​ថា​ជា​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដើម្បី​បង្កើត​រដ្ឋសភា​របស់​ប្រទេស​ជាតិ​ឡើយ ពីព្រោះ​ការ​បោះឆ្នោត​នោះ​គ្មាន​ភាព​សេរី មិន​ត្រឹមត្រូវ និង​យុត្តិធម៌ ដោយ​ពុំ​មាន​ភាព​ស្មើភាព និង​គំរាមកំហែង​ភាព​សម្ងាត់​លើ​ក្រុម​អ្នក​នយោបាយ និង​បក្ស​នយោបាយ​គូប្រជែង​ដែល​មាន​សក្ដានុពល​នានា​ចេញពី​សង្វៀន​ប្រកួត​ទាំងអស់។

ប្រភព​ដដែល​អះអាង​ថា រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី​នេះ​មិនមែន​ជា​ស្ថាប័ន​ជាតិ​តំណាង​ផល​ប្រយោជន៍​ពលរដ្ឋ​នោះ​ទេ ខណៈ​ពលរដ្ឋ​មិន​អាច​ប្រើ​អំណាច​របស់​ពួកគាត់​ជា​ម្ចាស់​ប្រទេស​តាមរយៈ​រដ្ឋសភា និង​រដ្ឋាភិបាល ដូច​មាន​ចែង​ក្នុង​មាត្រា​៥១​ថ្មី នៃ​រដ្ឋធម្មនុញ្ញ ព្រមទាំង​សិទ្ធិ និង​ករណីយកិច្ច​របស់​ប្រជាពលរដ្ឋ​ខ្មែរ ត្រង់​ជំពូក​ទី​៣ នៃ​រដ្ឋធម្មនុញ្ញ​នោះ​ទេ។ ផ្ទុយទៅវិញ មាន​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ប្រយោជន៍​ទាំងស្រុង ព្រោះតែ​រដ្ឋសភា និង​រដ្ឋាភិបាល​ខុស​ច្បាប់​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​ខុស​ច្បាប់។

ចាប់ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២៣ នេះ ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ថា បាន​ធ្លាក់ចុះ​កាន់តែ​ខ្លាំង។ ការ​ធ្លាក់ចុះ​នេះ ចាប់​តាំង​ពី​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​បញ្ជា​ទៅ​តុលាការ​កំពូល​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​២០១៨ រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ និង​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​គ្រប់​រូបភាព ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស