ក្រុមអ្នកឃ្លាំមើលសង្គម និងនយោបាយនៅកម្ពុជា លើកឡើងថា អ្វីដែលពលរដ្ឋខ្មែរចង់បាននោះ គឺដំណើរការនៃការបោះឆ្នោតមួយដែលឆ្ពោះទៅរកការកាន់អំណាចដោយមានការប្រកួតប្រជែងដោយស្របច្បាប់ពីគ្រប់ភាគីនិន្នាការនយោបាយទាំងអស់ដោយស្មើភាពគ្នា ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា សរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៦ កក្កដា នេះថា បើអ្នកនយោបាយខ្មែរនៅតែបន្តដឹកនាំនយោបាយដោយការយកឈ្នះចាញ់គ្នាដូចសព្វថ្ងៃនេះ មិនដឹងថាប៉ុន្មានរយឆ្នាំទៀតទើបខ្មែរអាចបញ្ចប់ការសងសឹក ឬគុំកួនរវាងជាតិឯងបានទេ។
លោកបន្ថែមថា ជាតិខ្មែរបានរងទុក្ខច្រើនជំនាន់មកហើយ ដូច្នេះពួកគេគួរដឹកនាំនយោបាយទៅរកការបញ្ចប់វប្បធម៌លាបពណ៌ ការធ្វើទុក្ខបុកម្នេញ ការប្រើអំពើហិង្សាដាក់ជាតិសាសន៍ខ្លួនឯង ព្រោះថាអំពើទុច្ចរិតទាំងនោះមិនមែនជាដំណោះស្រាយសម្រាប់ការផ្សះផ្សាជាតិនោះទេ។
លោក ស៊ឹង សែនករុណា លើកឡើងថា ការធ្វើនយោបាយគាបសង្កត់អ្នកដទៃដើម្បីផលប្រយោជន៍ខ្លួនឯង គ្រាន់តែជានយោបាយបំផ្លាញជាតិប៉ុណ្ណោះ ហើយការដឹកនាំនយោបាយបែបនេះនឹងមិនទទួលបានការគោរពពីមហាជនឡើយ ព្រោះថាជនរងគ្រោះពីទង្វើទុច្ចរិតនេះនឹងបន្តស្វែងរកយុត្តិធម៌តាមវិធីរបស់ពួកគេ ដែលជាហេតុធ្វើឱ្យវិបត្តិនយោបាយរីករាលដាលកាន់តែធំទៅៗ រហូតធ្វើឱ្យសង្គមជាតិទាំងមូលរងទុក្ខ និងធ្លាក់ចុះអន់ថយដោយសារការដឹកនាំនយោបាយដែលបង្កការឈឺចាប់ដល់ភាគីម្ខាងៗ។
មន្ត្រីជាន់ខ្ពស់អង្គការសង្គមស៊ីវិលរូបនេះ អំពាវនាវឱ្យអ្នកនយោបាយខ្មែរគ្រប់ភាគីងាកមកចរចារកដំណោះស្រាយ ដើម្បីបញ្ចប់រាល់វិបត្តិនានាដែលបានកើតឡើងពីជម្លោះនយោបាយរបស់ពួកគេកន្លងមក ដែលជាគន្លឹះអាចឱ្យជាតិខ្មែរទាំងមូលមានសាមគ្គីភាព និងរស់នៅប្រកបដោយភាពសុខដុមរមនាទាំងអស់គ្នា។
ការលើកឡើងបែបនេះ ធ្វើឡើងស្របពេលដែលបរិយាកាសនយោបាយទាំងមុន និងក្រោយពេលបោះឆ្នោតនៅកម្ពុជានៅពេលនេះស្ថិតក្នុងភាពអាប់អួរ ព្រោះតែមានការគំរាមកំហែងពីមេដឹកនាំបក្សកាន់អំណាចកាន់តែខ្លាំងឡើងៗទៅលើគណបក្សក្រៅរដ្ឋាភិបាល រហូតរារាំងមិនឱ្យគណបក្សទាំងនោះចូលរួមការបោះឆ្នោតកាលពីពេលថ្មីៗនេះថែមទៀត។
ដំណើរការនៃការបោះឆ្នោតនៅកម្ពុជាដែលធ្វើឡើងកាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅ ត្រូវរងនូវការរិះគន់ជុំទិសពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដោយសារតែគេមើលឃើញថាការបោះឆ្នោតនេះអវត្តមានគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិតកន្លះប្រទេស និងគណបក្សភ្លើងទៀន ដែលមានអ្នកគាំទ្រជាង ១លាន ៦សែននាក់ ខណៈមេដឹកនាំបក្សប្រឆាំងទាំងលោក សម រង្ស៊ី និងលោក កឹម សុខា ក៏ត្រូវជាប់ទោសទាំងអយុត្តិធម៌ដែលមិនអាចឱ្យពួកគេចូលរួមការបោះឆ្នោតនេះបានដែរ។
នៅមុនការបោះឆ្នោតមកដល់ ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅស្រុក ដូចជានៅកាណាដា អូស្ត្រាលី អាមេរិក កូរ៉េខាងត្បូង និងប្រទេសជប៉ុន ជាដើម បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងការបោះឆ្នោតនេះ ក្នុងនោះក៏មានការអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោត នាំគ្នាគូសសញ្ញាខ្វែងលើសន្លឹកឆ្នោតផងដែរ។
ទាក់ទិននឹងការបោះឆ្នោតនេះ ប្រជាពលរដ្ឋខ្មែរម្ចាស់ឆ្នោត បាននាំគ្នាសម្ដែងឆន្ទៈមិនពេញចិត្តដោយការគូសសញ្ញាខ្វែងនៅលើសន្លឹកឆ្នោតទាំងភ័យខ្លាច ខណៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអះអាងថា សន្លឹកឆ្នោតដែលត្រូវបានគូសសញ្ញាខ្វែងមានចំនួនជាង ៤៤ម៉ឺនសន្លឹក ប៉ុន្តែអតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី បានអះអាងកាលពីថ្ងៃទី២៤ កក្កដា ថា ពលខ្មែរបានគូសសញ្ញាខ្វែងលើសន្លឹកឆ្នោតដើម្បីសម្ដែងឆន្ទៈពីការមិនពេញចិត្តនេះមានរហូតដល់ទៅជាង ៤លានសន្លឹកឯណោះ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នេះ គណៈកម្មាធិការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ (PEC) បានបើកសវនាការលើសំណុំរឿងពាក់ព័ន្ធនឹងពលរដ្ឋដែលរងនូវការចោទប្រកាន់ថាបានណែនាំមនុស្សឱ្យបំផ្លាញសន្លឹកឆ្នោតចំនួន ២១នាក់ សុទ្ធសឹងតែជាសកម្មជនបក្សប្រឆាំងដែលត្រូវបានពិន័យជាប្រាក់ក្នុងម្នាក់ៗ ១០លានរៀល និងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ២០ឆ្នាំថែមទៀត។
យ៉ាងណាក៏ដោយ សកម្មជនបក្សកាន់អំណាចម្នាក់ឈ្មោះ ខាន់ ចាន់សុផល ដែលបានប្រព្រឹត្តខុសនឹងច្បាប់បោះឆ្នោតដោយការគំរាមកំហែងប្រជាពលរដ្ឋជុំវិញការណ៍សម្ងាត់នៃការបោះឆ្នោតមិនត្រូវបានរងនូវការពិន័យទេ ខណៈគណៈកម្មាធិការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ (PEC) អះអាងថា ដោយសារតែបុគ្គលរូបនោះបានសារភាពកំហុសរួចហើយ។
មាត្រា៤១ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពខាងការប្រជុំ ជាដើម ប៉ុន្តែសិទ្ធិនានារបស់ពលរដ្ឋក្រោមការដឹកនាំរដ្ឋាភិបាលឯកបក្សសព្វថ្ងៃនេះ ត្រូវគេមើលឃើញថា កំពុងរងនូវការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ដោយការចោទប្តឹង ការចាប់ឃុំខ្លួន និងការគំរាមកំហែងតាមរូបភាពផ្សេងៗពីមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បើទោះបីជាពលរដ្ឋប្រើសិទ្ធិដូចមានចែងក្នុងរដ្ឋធម្មនុញ្ញក៏ដោយ៕