31 C
Phnom Penh

IFC នឹង​បើក​ការ​ស៊ើបអង្កេត​លើ​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​៦​ដែល​ផ្ដល់​កម្ចី​បែប​កេងប្រវ័ញ្ច​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ប្រកាស​បើក​ការ​ស៊ើបអង្កេត​លើ​ធនាគារ​អេស៊ីលីដា (ACLEDA Bank) និង​មីក្រូហិរញ្ញវត្ថុ​ចំនួន ៦ ទៀត​នៅ​កម្ពុជា ដែល​នាំ​ឲ្យ​មាន​បំណុល​វ័ណ្ឌក​បណ្ដាល​មកពី​ការ​ផ្ដល់​កម្ចី​បែប​កេងប្រវ័ញ្ច​លើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សេចក្ដី​ប្រកាស​របស់​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ) និង​អង្គការ​សមធម៌​កម្ពុជា (EC) ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា ការិយាល័យ​ភាព​អនុលោម​ទីប្រឹក្សា ដោះស្រាយ​វិវាទ (ស៊ីអេអូ) នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) នឹង​បើក​ការ​ស៊ើបអង្កេត​អំពី​អនុលោមភាព​នៃ​ស្ថាប័ន​ផ្ដល់​កម្ចី​មីក្រូហិរញ្ញវត្ថុ​ចំនួន ៦ នៅ​កម្ពុជា និង​អន្តរការី ៤ ពាក់ព័ន្ធ​នឹង​ផល​ប៉ះពាល់​ដែល​បណ្ដាល​មកពី​បំណុល​វ័ណ្ឌក និង​ការ​ផ្ដល់​កម្ចី​បែប​កេងប្រវ័ញ្ច។

ការ​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ធ្វើឡើង​បន្ទាប់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (International Finance Corporation) ឬ IFC កាលពី​ថ្ងៃទី​១ ខែ​សីហា នេះ បាន​ប្រកាស​បើក​ការ​ស៊ើបអង្កេត​លើ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង ៦ នៅ​កម្ពុជា ក្នុង​នោះ​មាន​ធនាគារ​អេស៊ីលីដា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់ ធនាគារ​ហត្ថា ធនាគារ​អិលអូអិលស៊ី និង​ធនាគារ​ស្ថាបនា ជាដើម។

ក្រៅពី​គ្រឹះស្ថាន​ទាំង ៦ ខាងលើ​នេះ ក៏​មាន​វិនិយោគិន ឬ​មូលនិធិ​ចំនួន ៤ ទៀត​ដូចជា ឥណទាន​ពង្រឹង​មីក្រូហិរញ្ញវត្ថុ មូលនិធិ​គំនិត​ផ្ដួចផ្ដើម​មីក្រូហិរញ្ញវត្ថុ​ដើម្បី​បំណុល​អាស៊ី ក្រុមហ៊ុន Advans S.A និង​ក្រុមហ៊ុន North Haven Thai Private Equity Fund L.P ក៏​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត​នេះ​ដែរ។

នាយិកា​អង្គការ​លីកាដូ លោកស្រី ណាលី ពីឡូក ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ជា​រឿង​គួរ​ឲ្យ​រីករាយ​ដែល​គណៈ​គ្រប់គ្រង​របស់ IFC បរាជ័យ​ក្នុង​ការ​រារាំង​ដំណើរការ​នេះ ហើយ​បាន​ទុក​ឱកាស​ឲ្យ CAO បន្ត​ធ្វើ​ការងារ​ខ្លួន​ទៅ​មុខ​ដោយ​ឯករាជ្យ។ វា​ជា​រឿង​គួរ​ឲ្យ​ខឹង​ណាស់​ដែល​គណៈ​គ្រប់គ្រង​បាន​ជំទាស់ និង​បាន​ពន្យារ​ពេល​ស៊ើបអង្កេត​របស់ CAO។

ការិយាល័យ​អនុលោម​ទីប្រឹក្សា​ដោះស្រាយ​វិវាទ​ហៅ​កាត់​ថា CAO ដែល​មាន​នាទី​ឃ្លាំមើល IFC បាន​សម្រេច​ឲ្យ​មាន​ការ​ស៊ើបអង្កេត​លើ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងនេះ​កាលពី​ថ្ងៃទី​១៣ ខែ​មិថុនា ប៉ុន្តែ​ការ​ស៊ើបអង្កេត​ត្រូវ​បាន​ពន្យារ​ពេល ដោយសារតែ​គណៈ​គ្រប់គ្រង​ស្ថាប័ន IFC បាន​ស្នើ​ទៅ​កាន់​ក្រុមប្រឹក្សាភិបាល​ឲ្យ​ពិនិត្យ​លើ​ការ​សម្រេច​មួយ​នេះ​បន្ត​ទៀត។ IFC គឺជា​សមាជិក​របស់​ធនាគារ​ពិភពលោក (World Bank Group) ហើយ​កន្លងមក IFC មិន​ធ្លាប់​អនុវត្ត​គោលការណ៍​ពិនិត្យ​ឡើងវិញ​បែប​នេះ​ពី​មុន​មក​ទេ។

សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​សម្រេច​បើក​ការ​ស៊ើបអង្កេត​នេះ បន្ទាប់ពី​អង្គការ​លីកាដូ និង​អង្គការ​សមធម៌​កម្ពុជា ធ្វើ​ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ដើម្បី​ដាក់​បណ្ដឹង​ទៅ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ និង​បាន​ចោទ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន ៦ ថា​បាន​បង្ក​មហន្តរាយ​ដល់​អ្នក​ខ្ចី។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ដាក់​បណ្ដឹង​ឲ្យ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (International Finance Corporation ឬ IFC) ជា​ស្ថាប័ន​មួយ​នេះ​ដែល​ជា​អ្នក​ផ្តល់​មូលនិធិ​ដល់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ទាំង ៦ នៅ​កម្ពុជា។

កាលពី​ឆ្នាំ​២០២១ អង្គការ​លីកាដូ រក​ឃើញ​ថា វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​កំពុង​ធ្វើ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​ក្នុង​ភូមិ​ជាច្រើន។ អង្គការ​លីកាដូ​ឲ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​ដែល​ជា​កូនបំណុល​ទាំងនោះ​បាន​បង្ខំ​ចិត្ត​ខ្ចីប្រាក់​ពី​អ្នក​ចងការ​ឯកជន កាត់បន្ថយ​អាហារ​បរិភោគ លក់​ទ្រព្យសម្បត្តិ លក់​ដី ពលកម្ម​កុមារ កុមារ​បោះបង់​ការ​សិក្សា ភាព​តានតឹង​នៅ​ក្នុង​គ្រួសារ បញ្ហា​ដំណេក និង​ការ​ធ្វើ​ចំណាកស្រុក​ដោយសារ​បញ្ហា​បំណុល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស