31 C
Phnom Penh

ប្រទេស​កម្ពុជា​ថា​មាន​កំណើន​សេដ្ឋកិច្ច ប៉ុន្តែ​ទំហំ​សេដ្ឋកិច្ច​មាន​កម្រិត​ទាប និង​មាន​ហានិភ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​ផ្នត់គំនិត លើកឡើង​ថា ត្រឹមតែ​តួលេខ​ដែល​បង្ហាញ​ពី​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៤ ស្រប​ពេល​ដែល​ទំហំ​សេដ្ឋកិច្ច​នៅតែ​មាន​កម្រិត​ទាប​នោះ គឺ​បង្ហាញ​ពី​សញ្ញា​ហានិភ័យ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​នៅ​ថ្ងៃ​អនាគត។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ មេសា នេះ​ថា ផ្អែក​តាម​ស្ថានភាព​ជាក់ស្តែង​លើ​វិស័យ​មួយ​ចំនួន​ដែល​ជា​វិស័យ​លើកស្ទួយ​សេដ្ឋកិច្ច​កម្ពុជា ដូចជា វិស័យ​កាត់ដេរ វិស័យ​ទេសចរណ៍ វិស័យ​កសិកម្ម និង​វិស័យ​សំណង់ ជាដើម កំពុង​រង​នូវ​ហានិភ័យ​ជា​បន្តបន្ទាប់​នោះ ដូច្នេះ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​កម្រិត ៦,១% នៅ​ពេលនេះ គឺ​មិន​ស្រប​គ្នា​នឹង​ស្ថានភាព​ជាក់ស្តែង​របស់​កម្ពុជា​ឡើយ។

លោក សេក សុជាតិ លើកឡើង​ថា របាយការណ៍​កំណើន​សេដ្ឋកិច្ច​ដែល​អាច​យក​ជា​ការ​បាន មិន​អាច​ខ្វះ​នូវ​ការ​វាយតម្លៃ​ពី​ផលិតភាព​របស់​កម្ពុជា​ឡើយ ដូចជា កម្លាំង​ពលកម្ម ជាដើម។ ជាក់ស្តែង កម្លាំង​ផលិត​របស់​កម្ពុជា គឺ​កម្មករ​និយោជិត​កំពុង​ខ្វះ​ការងារ​ធ្វើ​ជា​ហូរហែ បន្ទាប់ពី​រោងចក្រ​សហគ្រាស​មួយ​ចំនួន បាន​បិទ​ទ្វារ​នៅ​ពេលនេះ ខណៈ​ការ​វិនិយោគ​មូលធន​ក៏​មិន​មាន​ភាព​ធំធាត់​សម្រាប់​ជំរុញ​សេដ្ឋកិច្ច​ជាតិ​ឱ្យ​ល្អ​ប្រសើរ​ដែរ ដូច្នេះ​របាយការណ៍​ស្ដីពី​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៤ នេះ នៅតែ​ត្រូវ​គេ​ជឿជាក់​ថា​ខុស​ពី​ការពិត។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ទោះបីជា​សេដ្ឋកិច្ច​កម្ពុជា​កើន​ឡើង​ដល់​កម្រិត​ណា​ក៏ដោយ ប៉ុន្តែ​បើ​ប្រាក់ឈ្នួល​របស់​កម្លាំង​ផលិត គឺ​កម្មករ​និយោជិត​នៅតែ​ស្ថិត​ក្នុង​កម្រិត​ទាប​ដូច​សព្វថ្ងៃ​នេះ នោះ​មិន​មាន​អ្វី​គួរ​ឱ្យ​ត្រេកអរ​ឡើយ ដូច្នេះ​ប្រសិនបើ​កំណើន​សេដ្ឋកិច្ច​នេះ គឺជា​វាយតម្លៃ​បាន​ត្រឹមត្រូវ​មែន​នោះ រដ្ឋាភិបាល​ត្រូវ​យកចិត្ត​ទុកដាក់​លើ​ប្រាក់ចំណូល​របស់​កម្មករ​មួយ​ជំហាន​ទៀត ដើម្បី​ជំរុញ​ទំហំ​សេដ្ឋកិច្ច​របស់​កម្ពុជា​ឱ្យ​មាន​ភាព​ប្រហាក់ប្រហែល​នឹង​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​ពេលនេះ នោះ​ទើប​បញ្ចៀស​នូវ​ហានិភ័យ​នៅ​ថ្ងៃ​ខាងមុខ​បាន។

លោក សេក សុជាតិ គូស​បញ្ជាក់​ថា ការ​ជំរុញ​ឱ្យ​ទំហំ​សេដ្ឋកិច្ច​របស់​កម្ពុជា​ធំធាត់ គឺជា​រឿង​ចាំបាច់ ជាង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ទៅ​ទៀត ព្រោះ​ថា​នៅ​ថ្ងៃ​អនាគត ប្រសិនបើ​ប្រទេស​ជិតខាង​ឈាន​ទៅ​រក​ការ​ប្រើ​បញ្ញា​សិប្បនិមិត្ត​ជំនួស​កម្លាំង​ពលកម្ម ច្បាស់​ជា​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើការ​នៅ​បរទេស​ដោយ​ចៀស​មិន​រួច​ឡើយ ដូច្នេះ​រដ្ឋាភិបាល​ត្រូវតែ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ទៅ​ពលករ និង​កម្មករ​គ្រប់​វិស័យ​របស់​ខ្លួន ព្រមទាំង​ទាក់ទាញ​ការ​វិនិយោគ​ឱ្យ​បាន​ច្រើន​ថែម​ទៀត នោះ​ទើប​ធានា​នូវ​ទំហំ និង​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​រឹងមាំ​ទៅ​ថ្ងៃ​មុខ។

ស្ថាប័ន​ស្ថិតិ​ឥណ្ឌូនេស៊ី Seasia stats បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​កាលពី​ពេល​ថ្មីៗ​នេះ បាន​ដាក់​ឱ្យ​ប្រទេស​កម្ពុជា​ឈរ​លើ​កំពូល​តារាង​លេខ​១ ជា​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ជាងគេ គឺ ៦,១% ក្នុង​តំបន់​អាស៊ាន ខណៈ​ប្រទេស​ហ្វីលីពីន បាន​ត្រឹម ៥,៩% និង​ប្រទេស​វៀតណាម បាន​ត្រឹម ៥,៨% ចំណែក​ប្រទេស​ថៃ បាន​ត្រឹម ៣,២% ប៉ុណ្ណោះ។ ដោយឡែក​ក្នុង​តំបន់​អាស៊ី​វិញ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​៣ នៅ​ក្រោម​ដែនដី​កោះ​ម៉ាកាវ ដែល​មាន​កំណើន​សេដ្ឋកិច្ច ២៧,២% និង​ប្រទេស​ឥណ្ឌា មាន​កំណើន ៦,៣% នោះ។

ជុំវិញ​បញ្ហា​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៩ ខែ​មេសា នេះ​ថា ទោះបី​កំណើន​សេដ្ឋកិច្ច​កម្ពុជា​កើន​ឡើង​ខ្ពស់ បើ​ធៀប​នឹង​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​ក៏ដោយ ប៉ុន្តែ​មិន​មាន​ន័យ​ថា ទំហំ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា កើន​ឡើង​ធំ​ជាង​ប្រទេស​ផ្សេង​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ទាប​នោះ​ទេ។

លោក អ៊ុំ សំអាន លើក​ជា​ឧទាហរណ៍​ដើម្បី​បែងចែក​កំណើន​សេដ្ឋកិច្ច និង​ទំហំ​សេដ្ឋកិច្ច​មក​បញ្ជាក់​ថា បើ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​កើន​ឡើង ៦,១% ប៉ុន្តែ​ទំហំ​សេដ្ឋកិច្ច គឺ​ផលិតផល​ក្នុង​ស្រុក​សរុប ឬ GDP មាន​ត្រឹមតែ ៣២,១៧​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ ដែល​មាន​កំណើន​ត្រឹមតែ ៣,២% តែ​ទំហំ​សេដ្ឋកិច្ច​បែរ​ជា​មាន​រហូត​ដល់​ប្រមាណ​ជាង ៤០០​ពាន់​លាន​ដុល្លារ​អាមេរិក​នោះ មាន​ន័យ​ថា ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ នៅតែ​ល្អ​ប្រសើរ​ជាង​ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​ដដែល។

ក្រុម​អ្នក​ឃ្លាំមើល​លើកឡើង​ថា បើ​គេ​ប្រៀបធៀប​កំណើន​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​ប្រទេស​ជិតខាង ដូចជា វៀតណាម និង​ថៃ ជាដើម គឺ​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ជាង​ប្រទេស​ទាំង​ពីរ​នេះ​មែន ប៉ុន្តែ​បើ​និយាយ​អំពី​ទំហំ​សេដ្ឋកិច្ច ឬ​ហៅថា​ទំហំ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) វិញ កម្ពុជា​មាន​ត្រឹមតែ ៣២,១៧​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០២៣ កន្លង​ទៅ។

ចំណែក​ប្រទេស​ថៃ មាន​កំណើន​សេដ្ឋកិច្ច​ត្រឹមតែ ២,៧% ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០២៣ តែ​មាន​ទំហំ​សេដ្ឋកិច្ច​សរុប ឬ​ផលិតផល​ក្នុង​ស្រុក​សរុប​រហូត​ដល់​ទៅ​ប្រមាណ​ជា ៤៩៥​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ ស្រប​ពេល​ដែល​វៀតណាម ក៏​មាន​ទំហំ​សេដ្ឋកិច្ច​សរុប ឬ​ផលិតផល​ក្នុង​ស្រុក​សរុប​ជាង ៣៥៥​ពាន់​លាន​ដុល្លារ​អាមេរិក​លើស​កម្ពុជា​ដែរ។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​សេចក្តី​ព្រាងច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៤ កាលពី​ពេល​ថ្មីៗ​នេះ​ថា ក្នុង​ឆ្នាំ​២០២៤ ពលរដ្ឋ​ខ្មែរ​ម្នាក់​អាច​រក​ចំណូល​ជា​មធ្យម​បាន​ប្រមាណ​ជាង ២​ពាន់​ដុល្លារ​អាមេរិក (២០៧១​ដុល្លារ) ក្នុង​មួយ​ឆ្នាំ ឬ​ជាង ១៦៨​ដុល្លារ​ក្នុង​មួយ​ខែ ដែល​តួលេខ​នេះ​បង្ហាញ​ថា ប្រាក់ចំណូល​របស់​ពលរដ្ឋ​ខ្មែរ គឺ​ទាប​ជាងគេ​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន លើកលែងតែ​ប្រទេស​ភូមា មួយ​ប៉ុណ្ណោះ ដូច្នេះ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ៦,១% សម្រាប់​ឆ្នាំ​២០២៤ នេះ ក៏​គ្មាន​អ្វី​ល្អ​ប្រសើរ​ជាង​ប្រទេស​ថៃ និង​វៀតណាម ដែល​មាន​កំណើន​សេដ្ឋកិច្ច​ទាប​ជាង​ខ្លួន​នោះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស