34 C
Phnom Penh

លោក ហ៊ុន សែន ប្រកាស​ជួប​សមាជិក​រដ្ឋាភិបាល​អាណត្តិ​ចាស់​ថ្មី​បន្ទាប់ពី​ផ្ទេរ​តំណែង​ឱ្យ​កូនប្រុស​ដឹកនាំ​បន្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ផ្ដាច់ការ​លោក ហ៊ុន សែន ប្រកាស​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​រដ្ឋាភិបាល​ក្នុង​អាណត្តិ​ចាស់ និង​អាណត្តិ​ថ្មី​នៅ​ថ្ងៃទី​១០ ខែ​សីហា សប្ដាហ៍​នេះ មុន​រដ្ឋសភា​បើក​កិច្ចប្រជុំ​ផ្លូវការ​នៅ​ថ្ងៃទី​២១ ខែ​សីហា ដើម្បី​បង្កើត​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ បន្ទាប់ពី​មាន​ការ​ផ្ទេរ​តំណែង​នាយករដ្ឋមន្ត្រី​ឲ្យ​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​ច្បង​ឲ្យ​ដឹកនាំ​បន្ត។

បើ​តាម​សារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា fresh news ដែល​បាន​ចុះផ្សាយ​នា​ថ្ងៃទី​៨ សីហា នេះ​ថា ជំនួប​ដែល​លោក ហ៊ុន សែន ជួប​ជាមួយ​សមាជិក​រដ្ឋាភិបាល​ក្នុង​អាណត្តិ​ចាស់ និង​អាណត្តិ​ថ្មី នឹង​ធ្វើ​ឡើង​នៅ​វិមាន ៧​មករា ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា នា​ថ្ងៃទី​១០ ខែ​សីហា ខាងមុខ​នេះ។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា ជំនួប​រវាង​សមាជិក​រដ្ឋាភិបាល​ចាស់ និង​ថ្មី​នា​ពេលនេះ គឺ​ដើម្បី​ជជែក​ទៅ​លើ​ការ​ដឹកនាំ​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ថ្មី​ជាមួយ​សមាសភាព​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី ដែល​ជា​ឈាម​ថ្មី​របស់​បក្ស​ប្រជាជន​កម្ពុជា។

បើ​តាម​បញ្ជី​រាយ​នាម​បេក្ខជន​ជាប់​ឆ្នោត​ដែល​ចេញ​ដោយ គ.ជ.ប ឲ្យ​ដឹង​ថា បេក្ខជន​ជាប់​ឆ្នោត​អាណត្តិ​ទី​៧ នេះ ក្នុង​នោះ​មាន៖

  1. លោក កើត រិទ្ធ តំណាងរាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​ខេត្ត​បាត់ដំបង
  2. លោក ឌិត ទីណា ជា​កូនប្រុស​របស់​ប្រធាន​តុលាការ​កំពូល​លោក ឌិត មន្ទី ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ
  3. លោក ឃឹង នុភាព តំណាងរាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​ខេត្ត​កំពង់ធំ
  4. លោក សាយ សំអាល់ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះសីហនុ
  5. លោក សេង ញ៉ក់ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ
  6. កូនស្រី​លោក ចម ប្រសិទ្ធ គឺ​លោកស្រី ចម និម្មល តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពត
  7. លោក ទៀ សីហា ដែល​ជា​កូន​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ជា​តំណាងរាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​ខេត្ត​សៀមរាប
  8. លោក ម៉ាត់ សេត តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពត
  9. លោក ឃុត ចាន់ដារ៉ា តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ
  10. កូនប្រុស​របស់​លោក ស ខេង គឺ​លោក ស សុខា ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រៃវែង មកពី​គណបក្ស​ប្រជាជន​កម្ពុជា
  11. កូនប្រុស​ពៅ​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី បន្ត​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ ដដែល។

ការ​បញ្ជូន ឬ​ដាក់​ឈាម​ថ្មី​ចេញពី​បក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​នេះ បន្ទាប់ពី​លោក ហ៊ុន សែន ដែល​ជា​ឪពុក បាន​ផ្ទេរ​តំណែង​ជា​នាយករដ្ឋមន្ត្រី​ឲ្យ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ដឹកនាំ​បន្ត​ទៀត។

លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ចាត់តាំង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​បន្ត​វេន​ពី​លោក ហ៊ុន សែន ដែល​ជា​ឪពុក​កាលពី​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០២៣។

ការ​ទទួល​បាន​តំណែង​នាយករដ្ឋមន្ត្រី​ពី​ឪពុក​នេះ បន្ទាប់ពី​កម្ពុជា​បញ្ចប់​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ដោយ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​ថា​ខ្លួន​បាន​ឈ្នះ​ដាច់ ដោយសារ​មិន​មាន​វត្តមាន​គណបក្ស​ប្រឆាំង​ចូលរួម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស