រដ្ឋសភានីតិកាលទី៧ នឹងប្រារព្ធពិធីបើកសម័យប្រជុំលើកដំបូងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ព្រឹក ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងថា ក្នុងពិធីដ៏មហោឡារិក និងជាប្រវត្តិសាស្ត្រនេះ ឥស្សរជនជាន់ខ្ពស់ អង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ក៏ត្រូវបានអញ្ជើញចូលរួមជាកិត្តិយសផងដែរ។
បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងខាងលើនេះ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នឹងផ្តើមការងារក្រោមអធិបតីភាពរបស់លោក ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗក្នុងការអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានីតិកាលទី៧។
ប្រភពដដែលលើកឡើងថា នៅថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ព្រឹក សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នឹងបន្តដើម្បីធ្វើការបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល។
ព្រះរាជក្រឹត្យចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃរាជាណាចក្រកម្ពុជាបានត្រាស់បង្គាប់ចាត់តាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជា ដើម្បីរៀបចំគណៈរដ្ឋមន្ត្រីសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧។
លោក ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រចាត់តាំងជានាយករដ្ឋមន្ត្រីកម្ពុជានាពេលនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ដែលជាឪពុក បានប្រកាសលាលែងពីតំណែងនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីផ្ទេរតំណែងនេះឲ្យកូនប្រុសឡើងកាន់តំណែងជំនួសវិញ។
តែយ៉ាងណា ការទទួលបានតំណែងនាយករដ្ឋមន្ត្រីពីឪពុករបស់លោក ហ៊ុន ម៉ាណែត នាពេលនេះ ត្រូវមេដឹកនាំបក្សប្រឆាំង និងអ្នកឃ្លាំមើលសង្គមចាត់ទុកថាជាការដឹកនាំបែបផ្ដាច់ការ និងតពូជដោយគ្រួសារត្រកូលហ៊ុន និងបក្ខពួក ដោយមិនគិតផលប្រយោជន៍ពលរដ្ឋ និងប្រទេសជាតិ ខណៈក្រុមមេដឹកនាំ និងមន្ត្រីបក្សកាន់អំណាចនៅតាមក្រសួងស្ថាប័នរដ្ឋ រួមទាំងប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន បាននាំគ្នាចេញសេចក្ដីថ្លែងការណ៍អបអរលោក ហ៊ុន ម៉ាណែត ព្រោងព្រាត៕