26 C
Phnom Penh

លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​ក្រសួង​ការងារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ឱ្យ​បាន​មុន​ភ្ជុំបិណ្ឌ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​ដែល​ត្រូវ​ឪពុក​លើក​បន្តុប​លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​សម្លៀកបំពាក់ ដេរ​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​ឱ្យ​បាន​មុន​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ នៅ​ចុង​ខែ​តុលា ឆ្នាំ​២០២៣ ខាងមុខ​នេះ។

នាយករដ្ឋមន្ត្រី​អាណត្តិ​ថ្មី​ដែល​កំពុង​ស្នង​មរតក​អំណាច​ត​ត្រកូល​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​និយោជិត​នៅ​តំបន់​ព្រៃស្ពឺ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៣ នេះ​ថា រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ត្រូវ​ពិភាក្សា​គ្នា​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​និយោជិត​ក្នុង​វិស័យ​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប សម្រាប់​ឆ្នាំ​២០២៤ ខាងមុខ​ឱ្យ​បាន​ឆាប់ ទោះ​តិច ឬ​ច្រើន​ក៏ដោយ។

នាយករដ្ឋមន្ត្រី​ខ្មែរ​ដែល​បន្ត​អំណាច​ក្នុង​វង្ស​ត្រកូល​លោក ហ៊ុន ម៉ាណែត អះអាង​ថា ក្រសួង​ការងារ​មាន​ភារកិច្ច​សម្របសម្រួល​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​និយោជិត​ក្នុង​វិស័យ​ផ្នែក​វាយនភណ្ឌ កាត់ដេរ ដោយ​ឈរ​លើ​លក្ខណៈ​វិទ្យាសាស្ត្រ និង​លក្ខណៈ​វិនិច្ឆ័យ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា រដ្ឋាភិបាល​របស់​លោក​ក៏​នឹង​អនុវត្ត​គោលនយោបាយ​ពង្រីក​បេឡា​ជាតិ​សន្តិសុខ​សង្គម (បសស) ភ្លាមៗ​ដែរ​ដល់​អ្នក​ដែល​នៅ​ក្នុង​បន្ទុក​របស់​កម្មករ​និយោជិត​ថែម​ទៀត ព្រោះ​ថា​កន្លងមក កម្មករ​និយោជិត​ទទួល​បាន​បេឡា​ជាតិ​សន្តិសុខ​សង្គម​សម្រាប់​តែ​ខ្លួនឯង​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពេលនេះ​កម្មករ​និយោជិត​ក៏​អាច​ទទួល​បេឡា​ជាតិ​សន្តិសុខ​សង្គម​សម្រាប់​សមាជិក​គ្រួសារ​ក្នុង​បន្ទុក​ផង​ដែរ ដែល​គ្រាន់តែ​តម្រូវ​ឱ្យ​ពួកគេ​បង់​ប្រចាំ​ខែ ១​ម៉ឺន ២​ពាន់​រៀល​ប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​បង្ហាញ​ពី​ការ​លើក​កម្ពស់​ប្រាក់​ឈ្នួល​អប្បបរមា និង​ជីវភាព​រស់នៅ​របស់​កម្មករ​និយោជិត​កម្ពុជា​ឱ្យ​បាន​សមរម្យ​ទៅ​ថ្ងៃ​មុខ សម្រាប់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ថ្មី​ដែល​ទើប​នឹង​ចាប់ផ្តើម​អនុវត្ត​ការងារ​នៅ​ដើម​អាណត្តិ​ឆ្នាំ​២០២៣ នេះ។

អ្នក​គ្រប់គ្រង​ផ្នែក​ការងារ​នៃ​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ សីហា នេះ​ថា ការ​ប្រកាស​កំណត់​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​វិស័យ​សម្លៀកបំពាក់ ដេរ​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​ឱ្យ​បាន​មុន​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ គឺ​ធ្វើឡើង​ផ្ទុយ​ពី​គោលការណ៍​ដែល​ធ្លាប់​អនុវត្ត​កន្លងមក​ទាំងស្រុង។ ជាង​នេះ​ទៀត ការ​ប្រជុំ​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ក្នុង​ឆ្នាំ​២០២៤ ក៏​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​នៅឡើយ​ទេ ដូច្នេះ​បញ្ហា​នេះ​អាច​នឹង​មិន​មាន​ផល​វិជ្ជមាន​សម្រាប់​កម្មករ​និយោជិត​ទៅវិញ។

លោក ឃុន ថារ៉ូ លើកឡើង​ថា ប្រសិនបើ​រូបមន្ត​នៃ​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នៅតែ​បន្ត​អនុវត្ត​ដូច​ពេល​កន្លងមក លោក​មិន​សង្ឃឹម​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ក្នុង​ឆ្នាំ​២០២៤ នឹង​ឆ្លើយតប​ទៅ​ចំ​សេចក្តី​ត្រូវការ​របស់​កម្មករ​នោះ​ទេ ព្រោះ​ថា​សហជីព​ដែល​មាន​និន្នាការ​ការពារ​ផលប្រយោជន៍​កម្មករ​មិន​មាន​ឥទ្ធិពល​សោះ​ឡើយ​ក្នុង​ការ​ចូលរួម​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​រហូត​មក។

មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ធានា​ការ​រស់នៅ​សមរម្យ​សម្រាប់​កម្មករ រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​មិន​ត្រឹមតែ​ធ្វើ​កំណែ​ទម្រង់​ស៊ីជម្រៅ ដើម្បី​ឱ្យ​កម្មករ​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​អាច​ធានា​ការ​រស់នៅ​ថ្លៃថ្នូរ​ក្នុង​នាម​ជា​មនុស្ស​នោះ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​ក៏​ត្រូវ​លើក​កម្ពស់​នូវ​ការ​អនុវត្ត​សិទ្ធិ​ការងារ​ឱ្យ​បាន​ល្អ​ផង​ដែរ ត្បិត​កន្លងមក សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត​បាន​រង​នូវ​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ពី​ភាគី​និយោជក ដោយ​គ្មាន​ការ​ជួយ​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ឡើយ។

កម្ពុជា​គឺជា​ប្រទេស​ផលិត នាំចេញ​ផ្នែក​សម្លៀកបំពាក់​កាត់ដេរ ដេរ​ស្បែកជើង​ដែល​ស្ថិត​នៅ​ក្នុង​ចំណាត់ថ្នាក់​ប្រកួត​ប្រជែង​ផ្នែក​វិនិយោគ​ក្នុង​លំដាប់​លេខ​រៀង​ទី​១៤៤ ក្នុង​ចំណោម​លំដាប់​លេខ​រៀង​១៩០ នៅ​លើ​ពិភពលោក បើ​ប្រៀបធៀប​នឹង​ប្រទេស​ថៃ ស្ថិត​នៅ​ក្នុង​លំដាប់​លេខ​រៀង​ទី​២១ និង​វៀតណាម ស្ថិត​នៅ​ក្នុង​លំដាប់​ទី​៧០។

ចាប់ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០២១ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​និយោជិត​បាន​ចំនួន ១៨​លើក ដោយ​កើនឡើង​ពី ៤០​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​១៩៩៧ រហូត​ដល់ ១៩៤​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០២២ និង ២០០​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០២៣ ខណៈ​ឆ្នាំ​២០២៤ ខាងមុខ​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​រដ្ឋាភិបាល​ថ្មី​នេះ​នឹង​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​ទំហំ​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​និយោជិត​សម្រាប់​ឆ្នាំ​២០២៤ នេះ ទាល់តែ​កើនឡើង​ដល់ ៣៧១​ដុល្លារ​អាមេរិក ទើប​អាច​ឱ្យ​ពួកគេ​រស់នៅ​ក្នុង​សេចក្តី​ថ្លៃថ្នូរ​បាន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស