30 C
Phnom Penh

តំណាងរាស្ត្រ​អូស្ត្រាលី​ជំរុញ​ដាក់​ទណ្ឌកម្ម​រឹតត្បិត​លិខិត​ឆ្លងដែន​និង​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ ជំរុញ​ឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ដាក់​ទណ្ឌកម្ម​ទៅ​លើ​រដ្ឋាភិបាល​ដែល​កើត​ចេញពី​ការ​បោះឆ្នោត​មិន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌ ដោយ​ការ​រឹតត្បិត​លិខិត​ឆ្លងដែន និង​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​នៃ​រដ្ឋាភិបាល​ថ្មី​ទាំងនោះ។

តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វិចតូរីយ៉ា លោក តាក់ ម៉េងហ៊ាង បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​នៃ​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២៣ ថា លោក​ក្រោក​ឈរ​ឡើង​នៅ​ពេលនេះ គឺ​ដើម្បី​ថ្កោលទោស​ការ​បោះឆ្នោត​ក្លែងក្លាយ​នៅ​កម្ពុជា ត្បិត​ការ​បោះឆ្នោត​នៅ​កម្ពុជា​កាលពី​ចុង​ខែ​កក្កដា កន្លងទៅ​នេះ មិនមែន​ជា​ការ​បោះឆ្នោត​ដើម្បី​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ ប៉ុន្តែ​ជា​ការ​បោះឆ្នោត​បន្លំ​ភ្នែក​អន្តរជាតិ​ក្នុង​បំណង​ផ្ទេរ​អំណាច​ពី​លោក ហ៊ុន សែន ទៅ​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ។

តំណាងរាស្ត្រ​អូស្ត្រាលី​រូប​នេះ​អះអាង​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣ នេះ គឺជា​ការ​បោះឆ្នោត​ដ៏​អាម៉ាស់​ជាទីបំផុត​នៅ​ចំពោះ​មុខ​ពលរដ្ឋ​ខ្មែរ និង​ចំពោះ​ក្រសែភ្នែក​អន្តរជាតិ ត្បិត​គណបក្ស​នយោបាយ​ដែល​ជា​គូប្រជែង​គួរ​ឱ្យ​ទុកចិត្ត​បាន​ដូចជា​គណបក្ស​ភ្លើង​ទៀន ជាដើម ត្រូវ​បាន​បក្ស​កាន់​អំណាច​រារាំង​មិន​ឱ្យ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​នេះ​ទេ។

លោក​បន្ថែម​ថា រូបភាព​បែប​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៨ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​អាសនៈ​តែ​ម្នាក់​ឯង​ក្នុង​រដ្ឋសភា​ជាតិ បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ និង​មេដឹកនាំ​គណបក្ស​នេះ គឺ​លោក កឹម សុខា ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​រហូត​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ​នៅ​ពេលនេះ។

លោក តាក់ ម៉េងហ៊ាង លើកឡើង​ថា ប្រទេស​កម្ពុជា​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដែល​ត្រូវ​អនុវត្ត​តាម​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដោយ​ការ​រៀបចំ​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​យុត្តិធម៌ និង​ការ​គោរព​សិទ្ធិមនុស្ស ប៉ុន្តែ​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​កាន់​អំណាច​ជិត ៤០​ឆ្នាំ​ក្រោយ​វត្តមាន​កិច្ចព្រមព្រៀង​ក្រុងប៉ារីស បើ​និយាយ​ថា​កម្ពុជា​ជា​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​នោះ វា​គឺជា​រឿង​គួរ​ឲ្យ​អស់​សំណើច​បំផុត។

លោក តាក់ ម៉េងហ៊ាង បញ្ជាក់​ថា សហគមន៍​ខ្មែរ​នៅ​ក្នុង​រដ្ឋ​វិចតូរីយ៉ា នៃ​ប្រទេស​អូស្ត្រាលី នឹង​បន្ត​សាមគ្គី​គ្នា​តវ៉ា​ចំពោះ​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ផ្ទុយ​ពី​លក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​លុបបំបាត់​អំពើ​រំលោភ​ច្បាប់​នានា ក្នុង​បំណង​ធានា​នូវ​ការ​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឡើងវិញ។

ការ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​អាណត្តិ​ទី​៧ នេះ ត្រូវ​រង​នូវ​ការ​រិះគន់​ថា​ជា​រដ្ឋាភិបាល​ដែល​ប្រសូត​ចេញពី​ការ​បោះឆ្នោត​ក្នុង​ផែនការ​ផ្ទេរ​អំណាច ដែល​ជា​ការ​រំលោភ​លើ​ខ្លឹមសារ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ធ្ងន់ធ្ងរ។

កាលពី​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៣ នេះ នាយករដ្ឋមន្ត្រី​ត​ពូជ​របស់​កម្ពុជា គឺ​លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​នៅ​តំបន់​ព្រៃស្ពឺ រាជធានី​ភ្នំពេញ​ថា ក្នុង​ពិធី​ជំនួប​ពិភាក្សា​រវាង​លោក​ជាមួយ​ប្រតិភូ​អាមេរិក​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​កន្លងទៅ​នេះ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា អាមេរិក​បាន​ទទួលស្គាល់​រាជរដ្ឋាភិបាល​ថ្មី​របស់​លោក​រួច​ហើយ ដូច្នេះ​មាន​ន័យ​ថា រដ្ឋាភិបាល​របស់​លោក គឺជា​រដ្ឋាភិបាល​ស្រប​ច្បាប់ មិនមែន​ដូច​ការ​ចោទប្រកាន់​របស់​ក្រុម​ប្រឆាំង​នោះ​ទេ។

យ៉ាងណា​ក៏ដោយ កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២៣ ប្រទេស​អូស្ត្រាលី បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ជុំវិញ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​ថា ប្រទេស​អូស្ត្រាលី​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​បរិយាកាស​នៃ​ការ​បោះឆ្នោត​ជាតិ និង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ព្រោះ​ថា​នៅ​មុន​ការ​បោះឆ្នោត មាន​ការ​ដកសិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​ប្រឆាំង ក៏ដូចជា​ការ​ដាក់​សម្ពាធ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ។

ប្រទេស​អូស្ត្រាលី លើកឡើង​ថា ការ​រឹតត្បិត​នានា​មិន​អាច​ឱ្យ​ពលរដ្ឋ​កម្ពុជា​ទទួល​បាន​ព័ត៌មាន ការ​បញ្ចេញមតិ​ដោយ​សេរី ឬ​មាន​ជម្រើស​ពិតប្រាកដ​នោះ​ទេ ដូច្នេះ​ក្នុង​នាម​អូស្ត្រាលី​ដែល​ជា​ដៃគូ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​ក្នុង​ការ​គាំទ្រ​កម្ពុជា​ដើម្បី​ទទួល​បាន​នូវ​សន្តិភាព ការ​អភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ពិត​ជា​មាន​ក្តី​បារម្ភ​ជា​ខ្លាំង​ក្នុង​នាម​ជា​មិត្ត​យូរអង្វែង ដើម្បី​បន្ត​នូវ​បំណង​ប្រាថ្នា​ក្នុង​ការ​ធ្វើការ​ជាមួយ​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នា​ពេល​អនាគត។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៣១ សីហា នេះ​ថា យោង​តាម​ខ្លឹមសារ​លិខិត​ដែល​នាយករដ្ឋមន្ត្រី​ជប៉ុន សរសេរ​ទៅ​កាន់​លោក ហ៊ុន ម៉ាណែត កាលពី​ពេល​ថ្មីៗ​នេះ បង្ហាញ​ថា រដ្ឋាភិបាល​ជប៉ុន មិន​បាន​ទទួលស្គាល់​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី និង​រដ្ឋាភិបាល​ថ្មី​របស់​គាត់​ថា​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​នោះ​ឡើយ។

កាលពី​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២៣ នាយករដ្ឋមន្ត្រី​ប្រទេស​ជប៉ុន លោក ហ្វូមីអូ គីស៊ីដា បាន​ផ្ញើ​លិខិត​អបអរ​សាទរ​លោក ហ៊ុន ម៉ាណែត ដោយ​បញ្ជាក់​ថា លោក​មាន​បំណង​សហការ​ជាមួយ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា ដើម្បី​ជំរុញ​នូវ ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ខណៈ​លទ្ធិប្រជាធិបតេយ្យ ប្រទេស​ជប៉ុន​នឹង​បន្ត​ពិភាក្សា​ដោយ​ស្មោះត្រង់ និង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​នៅ​កម្ពុជា ដើម្បី​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​របស់​កម្ពុជា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស