31 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ជំរុញ​អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ទទួល​អត្ថប្រយោជន៍​ផ្សេងៗ​និង​ងាយស្រួល​គ្រប់គ្រង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន ម៉ាណែត ដែល​មហាជន​ចាត់ទុក​ជា​នាយករដ្ឋមន្ត្រី​ត​ពូជ ជំរុញ​ឲ្យ​កម្មករ​និយោជិត ឬ​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំងអស់ ទៅ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ទទួល​អត្ថប្រយោជន៍​ផ្សេងៗ​ពី​រដ្ឋ និង​ផ្ដល់​ភាព​ងាយស្រួល​ដល់​រដ្ឋាភិបាល​សម្រាប់​គ្រប់គ្រង​ផង​ដែរ។

ការ​ជំរុញ​នេះ ធ្វើឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​និយោជិត​ជាង ១​ម៉ឺន​នាក់​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល នា​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០២៣។

លោក ហ៊ុន ម៉ាណែត អះអាង​ថា រដ្ឋាភិបាល​អាណត្តិ​ទី​៧ នេះ នឹង​យកចិត្ត​ទុកដាក់​អ្នក​ប្រកប​ការងារ និង​មុខរបរ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​តាមរយៈ​ការ​ផ្ដល់​ការ​គាំពារ និង​អត្ថប្រយោជន៍​ផ្សេង​ទៀត ដើម្បី​ជា​ការ​តបស្នង​នឹង​ការ​បោះឆ្នោត​គាំទ្រ និង​ផ្ដល់​សេចក្ដី​ទុកចិត្ត​លើ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា។ ដូច្នេះ ដើម្បី​ឲ្យ​រដ្ឋាភិបាល​អាច​ជួយ​ដល់​ពួកគេ​បាន​នោះ លោក ហ៊ុន ម៉ាណែត ជំរុញ​ឲ្យ​ពលរដ្ឋ​ដែល​ជា​អ្នក​ប្រកប​ការងារ និង​មុខរបរ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ចុះបញ្ជី​នៅ​ក្រសួង ប៉ុន្តែ​ប្រសិន​បើ​មិន​បាន​ចុះបញ្ជី​ទេ ពួកគេ​ក៏​មិន​ទទួល​បាន​អត្ថប្រយោជន៍​ពី​រដ្ឋាភិបាល​នោះ​ដែរ។

មួយ​វិញ​ទៀត ការ​ចុះបញ្ជី​នៅ​ក្នុង​ក្រសួង​នេះ វា​ក៏​ផ្ដល់​ភាព​ងាយស្រួល​ដល់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​ដែរ ដោយសារ​កន្លងមក លោក ហ៊ុន ម៉ាណែត អះអាង​ថា រដ្ឋាភិបាល​ពិបាក​ក្នុង​ការ​គ្រប់គ្រង​ចំនួន​ទិន្នន័យ​អ្នក​ប្រកប​ការងារ និង​មុខរបរ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​ធ្វើ​ឲ្យ​ការ​ផ្ដល់​សេវា​គាំពារ​មិន​បាន​គ្រប់​ជ្រុងជ្រោយ ហើយ​មិន​ចំ​គោលដៅ។

លោក ហ៊ុន ម៉ាណែត បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ឲ្យ​ពិនិត្យ​មើល​ការ​លើកលែង​ការ​ផាកពិន័យ និង​បំណុល​ទាំងអស់​ក្នុង​ពេល​ដំណាក់កាល​ណា​មួយ ដើម្បី​កុំ​ឲ្យ​ពួកគេ​ព្រួយបារម្ភ​រឿង​ជាប់​ពិន័យ​ពន្ធ​នៅ​ពេល​មក​ចុះបញ្ជី។

លើស​ពី​នេះ​ទៅ​ទៀត ត្រូវ​ពិនិត្យ​លើ​ការ​លើក​ទឹកចិត្ត​ផ្នែក​ពន្ធដារ លើកលែង​ការ​ពិន័យ និង​លើកលែង​ទោសទណ្ឌ​ផ្សេងៗ ឬ​ក៏​បំណុល​ពន្ធ ជាដើម ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន ជាដើម។

លោក ហ៊ុន ម៉ាណែត អះអាង​ថា ការ​តម្រូវ​ឲ្យ​ពលរដ្ឋ​ក្រៅ​ប្រព័ន្ធ​ចុះបញ្ជី​នេះ វា​មិនមែន​ជា​រូបភាព​ចាំបាច់​សម្រាប់​ពលរដ្ឋ​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​ជួយ​ប្រជាជន​តាមរយៈ​ជួយ​សេដ្ឋកិច្ច​ជាតិ​ឲ្យ​រឹងមាំ ហើយ​ជឿ​ទុកចិត្ត​លើ​រដ្ឋាភិបាល។

រដ្ឋាភិបាល​បាន​បង្កើត​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២៥ ដែល​ផ្ដោត​សំខាន់​លើ​សសរស្ដម្ភ​ពីរ គឺ​ប្រព័ន្ធ​ជំនួយ​សង្គម និង​ប្រព័ន្ធ​សន្តិសុខ​សង្គម។

ប្រព័ន្ធ​ជំនួយ​សង្គម មាន​ដូចជា ការ​ឆ្លើយតប​ទៅ​នឹង​គ្រោះអាសន្ន សុខុមាលភាព​សម្រាប់​ពលរដ្ឋ​ងាយ​រងគ្រោះ និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស។ ចំណែក​ប្រព័ន្ធ​សន្តិសុខ​សង្គម មាន​ប្រាក់​សោធន ការ​ថែទាំ​សុខភាព ហានិភ័យ​ការងារ និង​ពិការភាព ជាដើម។

ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​លើកឡើង​កាលពី​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០២២ ថា កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជិត ៧​លាន​នាក់ នៅ​មិនទាន់​ទទួល​បាន​អត្ថប្រយោជន៍​ពី​កម្មវិធី​មួយ​នេះ​នៅឡើយ។

សារព័ត៌មាន The Cambodia Daily មិនទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ បាន​នៅឡើយ​ទេ។

តែ​យ៉ាងណា កន្លងមក លោក វន់ ពៅ ធ្លាប់​បាន​អះអាង​ថា សមាគម​របស់​លោក​មាន​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ប្រមាណ ១​ម៉ឺន ៥​ពាន់​នាក់ ក្នុង​នោះ​មាន​អ្នក​រត់​ម៉ូតូឌុប អ្នក​រត់​រ៉ឺម៉ក​ទេសចរណ៍ អ្នក​លក់ដូរ​តាម​ដងផ្លូវ អ្នក​បម្រើ​ការងារ​តាម​ផ្ទះ អ្នក​រើស​អេតចាយ និង​កម្មករ​អូស​រទេះ​តាម​ព្រំដែន។

អង្គការ​ពលកម្ម​អន្តរជាតិ​ហៅ​កាត់​ថា ILO ឲ្យ​ដឹង​ថា នៅ​កម្ពុជា​អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ​មាន​ចំនួន ៨​លាន​នាក់ ក្នុង​ចំណោម​ប្រជាជន​សរុប ១៦​លាន​នាក់។ ចំនួន ៨​លាន​នាក់​នេះ សម្រាប់ ILO គឺ​រាប់​បញ្ចូល​ទាំង​ចំនួន​កសិករ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស