មេខ្លោងដែលកំពុងក្តោបក្តាប់អំណាចពិតនៅពីក្រោយខ្នងនាយករដ្ឋមន្ត្រី គឺលោក ហ៊ុន សែន បានសម្រេចផ្ដល់ដីឧទ្យានជាតិសមុទ្រកោះរ៉ុងជិត ២៥០ហិកតារ (២៤២ហិកតារ) ឱ្យទៅក្រុមហ៊ុនកូនប្រុសពៅរបស់លោក យឹម ឆៃលី ដែលជាដន្លងរបស់លោក ហ៊ុន សែន នោះ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងបានជួលដីឧទ្យានជាតិមួយនេះទំហំជិត ៥០០ហិកតារ (៤៨៩ហិកតារ) ថែមទៀត។
បុរសខ្លាំងក្តោបអំណាចផ្ដាច់មុខដែលត្រូវជាឪពុកនាយករដ្ឋមន្ត្រីអាណត្តិថ្មី គឺលោក ហ៊ុន សែន បានចេញអនុក្រឹត្យកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដែលត្រូវបានផ្សព្វផ្សាយនៅពេលនេះ បានសម្រេចផ្តល់ដីឧទ្យានជាតិសមុទ្រកោះរ៉ុងចំនួន ២៤២ហិកតារដល់ក្រុមហ៊ុនឯកជន Emario Shonan Marine Corporation និងក្រុមហ៊ុន U.Property Management ដែលជាកម្មសិទ្ធិរបស់លោក យឹម លក្ខណ៍ ព្រមទាំងសម្រេចជួលដីឧទ្យានជាតិសមុទ្រមួយនេះទំហំ ៤៨៩ហិកតារឱ្យទៅក្រុមហ៊ុននេះ ដើម្បីធ្វើការអភិវឌ្ឍថែមទៀតផងដែរ។
លោក ហ៊ុន សែន ដែលកំពុងបញ្ជាពីលើនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា អះអាងថា ការផ្ដល់ដីជាកម្មសិទ្ធិជូនក្រុមហ៊ុននេះសម្រាប់ធ្វើការអភិវឌ្ឍ គឺជាថ្នូរទៅនឹងការចំណាយដោះស្រាយដោយផ្ទាល់របស់ក្រុមហ៊ុនជាមួយនឹងម្ចាស់អាជីវកម្ម សេវាកម្ម នៅលើកោះរ៉ុង ដោយការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុង ការរៀបចំបណ្ដាញប្រព័ន្ធទឹក អគ្គិសនី ទីលានចាក់សំរាម សាលារៀន និងមណ្ឌលសុខភាពនានាកន្លងមក។
លោក ហ៊ុន សែន បញ្ជាក់ថា ការផ្តល់ដីឧទ្យានជាតិសមុទ្រកោះរ៉ុង ២៤២ហិកតារធ្វើជាកម្មសិទ្ធិ និងការជួលដីទំហំ ៤៨៩ហិកតារឱ្យក្រុមហ៊ុនមួយនេះ គឺធ្វើឡើងតាមសំណើរដ្ឋមន្ត្រីក្រសួងបរិស្ថាន ប៉ុន្តែរយៈពេល និងតម្លៃនៃការជួលដីឧទ្យានជាតិសមុទ្ររវាងរដ្ឋាភិបាលជាមួយនឹងក្រុមហ៊ុននេះ មិនត្រូវបានបញ្ជាក់ក្នុងអនុក្រឹត្យនេះទេ។
លោក យឹម លក្ខណ៍ គឺជាកូនប្រុសពៅរបស់លោក យឹម ឆៃលី ដែលជាអតីតឧបនាយករដ្ឋមន្ត្រី និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម សម្រាប់រដ្ឋាភិបាលអាណត្តិថ្មីនេះ ហើយលោកក៏ត្រូវជាដន្លងរបស់លោក ហ៊ុន សែន ផងដែរ ដោយសារតែកូនស្រីរបស់គាត់ គឺអ្នកស្រី យឹម ឆៃលីន បានរៀបអាពាហ៍ពិពាហ៍ជាមួយលោក ហ៊ុន ម៉ានី ដែលជាកូនប្រុសបង្កើតរបស់លោក ហ៊ុន សែន។
លោក យឹម ឆៃលី មានកូនប្រុសស្រីចំនួន ៤នាក់ ដូចជាលោក យឹម លាង បច្ចុប្បន្នកាន់តំណែងជាអគ្គស្នងការរងនគរបាលជាតិ និងជានាយរងសេនាធិការចម្រុះអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ រីឯអ្នកស្រី យឹម ឆៃលីន គឺជាភរិយារបស់លោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់លោក ហ៊ុន សែន។ អ្នកស្រីក៏ជានាយកក្រុមហ៊ុន TEHO INTERNATIONAL និងជានាយកក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងខុនដូ The Bay ផងដែរ។
ចំណែកលោក យឹម លាត គឺជាអគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ដោយឡែកលោក យឹម លក្ខណ៍ គឺជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន B.I.C គ្រុប ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ខណៈភរិយារបស់លោក គឺអ្នកស្រី យឹម វិតសានី ជាអ្នកជំនួញជនជាតិថៃ ដែលមានក្រុមហ៊ុនក្នុងដៃយ៉ាងច្រើននៅក្នុងប្រទេសថៃ សព្វថ្ងៃនេះ។
ជុំវិញការផ្តល់ដីនៅតំបន់ការពារឱ្យក្រុមហ៊ុនឯកជន និងអ្នកមានទ្រព្យធន ត្រូវគេមើលឃើញថា មន្ត្រីជាន់ខ្ពស់ និងឧកញ៉ាជាច្រើនដែលជិតស្និទ្ធនឹងលោក ហ៊ុន សែន រួមទាំងសាច់ញាតិ ព្រមទាំងកូនៗបង្កើតរបស់គាត់ផង សុទ្ធតែបានទទួលដីទាំងនេះជាច្រើនរយហិកតារធ្វើជាកម្មសិទ្ធិ ដូចជាឧកញ៉ា ពុង ឃាវសែ ឧកញ៉ា លី យ៉ុងផាត់ ឧកញ៉ា ឃុន សៀ ឧកញ៉ា ជីង សុភាព និងឧកញ៉ា ជីង សុគន្ធាវី ជាដើម។
ក្រៅពីនេះ អ្នកស្រី ហ៊ុន ម៉ាណា និងអ្នកស្រី ហ៊ុន ម៉ាលី ដែលត្រូវជាកូនស្រីបង្កើតរបស់លោក ហ៊ុន សែន ក៏បានទទួលដីក្នុងតំបន់ការពារនានារាប់ពាន់ហិកតារផងដែរ ដើម្បីធ្វើជាកម្មសិទ្ធិនាពេលកន្លងមក។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យមួយដោយកំណត់ដីសាធារណៈរបស់រដ្ឋជិត ១លានហិកតារនៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តចំនួន១៥ ដូចជាខេត្តត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង កំពង់ធំ និងខេត្តតាកែវ ជាដើម ដើម្បីត្រៀមធ្វើអនុបយោគ និងបែងចែកសម្រាប់កម្មសិទ្ធិឯកជនឱ្យទៅក្រុមហ៊ុនឯកជននានាដើម្បីធ្វើការអភិវឌ្ឍ។
ទាក់ទិននឹងការផ្តល់ដីរដ្ឋឱ្យក្រុមហ៊ុនឯកជននេះ នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា អាជ្ញាធរត្រូវតែពន្យល់ និងផ្សព្វផ្សាយឱ្យបានច្បាស់លាស់ពីការកាត់ដីក្នុងតំបន់ការពារ និងការធ្វើអនុបយោគនៅតាមតំបន់ផ្សេងៗដែលខ្លួនបានប្រគល់ឱ្យក្រុមហ៊ុនឯកជនកន្លងមក ដើម្បីឱ្យមានតម្លាភាពក្នុងការទទួលខុសត្រូវលើការងាររបស់ខ្លួន។
កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៨ លោក ហ៊ុន សែន បានសម្រេចបង្កើត «ឧទ្យានជាតិសមុទ្រកោះរ៉ុង» ដែលមានផ្ទៃដីជាង ៥ពាន់ហិកតារ (៥៣១១ហិកតារ) និងផ្ទៃសមុទ្រទំហំជាង ៤ម៉ឺនហិកតារ (៤៧១៣៧ហិកតារ) ដែលគិតជាសរុបមានទំហំជាង ៥ម៉ឺនហិកតារ (៥២៤៤៨ហិកតារ) ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកោះកុង ហើយឧទ្យានជាតិនេះ គឺគ្របដណ្ដប់លើកោះជាច្រើន រួមមានកោះរ៉ុង កោះរ៉ុងសន្លឹម កោះតូច កោះតាទៀម កោះម្នាស់ក្រៅ កោះម្នាស់ក្នុង និងសមុទ្រជុំវិញផងដែរ ដើម្បីអភិរក្សធនធាននៅក្រោមសមុទ្រដែលបានរងនូវការទន្ទ្រានពីការនេសាទខុសច្បាប់។
ទាក់ទិននឹងការបង្កើត «ឧទ្យានជាតិសមុទ្រកោះរ៉ុង» នេះ ក្រុមសង្គមស៊ីវិលក្នុងស្រុកជាច្រើនបានស្នើឲ្យរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានមានផែនការជាក់លាក់ក្នុងការអភិរក្ស និងរារាំងមិនឲ្យឈ្មួញឯកជនយកលេសអាជីវកម្មមកបំបែកដីឧទ្យានសមុទ្រនេះយកទៅបម្រើប្រយោជន៍ផ្ទាល់ខ្លួន ជាជាងប្រយោជន៍សាធារណៈ ប៉ុន្តែការទន្ទ្រានពីក្រុមហ៊ុនឯកជនលើឧទ្យានជាតិសមុទ្រនេះ ត្រូវគេដឹងថាមានការបើកដៃពីរដ្ឋាភិបាល ហើយដែលនាំឲ្យមានការបំផ្លាញកោះនេះក្រោមលេសអភិវឌ្ឍជាបន្តបន្ទាប់ដល់សព្វថ្ងៃនេះ៕