30 C
Phnom Penh

នាយករដ្ឋមន្ត្រី​បញ្ឈប់​ការ​ស្នើសុំ​ច្បាប់​ដំណើរការ​អាជីវកម្ម​តូចតាច​នៅ​ថ្នាក់​រដ្ឋបាល​មូលដ្ឋាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត សម្រេច​បញ្ឈប់​ការ​ស្នើសុំ​ច្បាប់​ដំណើរការ​អាជីវកម្ម​តូចតាច​នៅ​រដ្ឋបាល​ថ្នាក់​ក្រុង ស្រុក និង​ខណ្ឌ បន្ទាប់ពី​មន្ត្រី​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ ចេញ​សេចក្តី​ជូនដំណឹង​ឱ្យ​អាជីវករ​តូចតាច​ចំនួន ១១​វិស័យ​ដាក់​ពាក្យ​សុំ​ច្បាប់​អនុញ្ញាត​សម្រាប់​ដំណើរការ​អាជីវកម្ម​របស់​ពួកគេ​កាលពី​ពេល​ថ្មីៗ​នេះ។

លោក ហ៊ុន ម៉ាណែត កូនប្រុស​របស់​មេខ្លោង​ក្រាញ​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​ផ្អាក​ផ្តល់​សេវា​រដ្ឋបាល​មួយ​ចំនួន​របស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ កាលពី​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២៣ ដែល​ពាក់ព័ន្ធ​នឹង​ការ​បំពេញ​បែបបទ​អាជីវកម្ម​មួយ​ចំនួន ដូចជា អាជីវកម្ម​ស្ថិត​ក្រោម​វិស័យ​វប្បធម៌ និង​វិចិត្រ​សិល្បៈ វិស័យ​អប់រំ យុវជន និង​កីឡា វិស័យ​ទេសចរណ៍ វិស័យ​ឧស្សាហកម្ម សិប្បកម្ម វិស័យ​រ៉ែ និង​ថាមពល វិស័យ​ពាណិជ្ជកម្ម និង​វិស័យ​កសិកម្ម​ផង​ដែរ។

អនុក្រឹត្យ​ដដែល​នេះ បាន​លើកឡើង​នូវ​ប្រភេទ​អាជីវកម្ម ដូចជា​អាជីវកម្ម​សិល្បៈ​សូន​រូប អាជីវកម្ម កាត់​សក់ សម្អាងការ អាជីវកម្ម​លក់​សម្ភារៈ​កីឡា ភោជនីយដ្ឋាន និង​អាហារដ្ឋាន​ក្នុង​ស្រុក ការ​ផលិត​ពាង ឥដ្ឋការ៉ូ ការ​ផលិត​ទៀន​ធូប ការ​ដំឡើង​ម៉ាស៊ីន​អគ្គិសនី ការ​ជួសជុល​គ្រឿង​អេឡិចត្រូនិក អាជីវកម្ម​លាង​សម្អាត​រថយន្ត ព្រមទាំង​អាជីវកម្ម​លក់​ដុំ និង​រាយ​នូវ​សម្ភារៈ​កសិកម្ម ជាដើម។

ការ​ចេញ​អនុក្រឹត្យ​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​មូលដ្ឋាន​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត បាន​ចេញ​សេចក្តី​ជូនដំណឹង​តម្រូវ​ឱ្យ​អាជីវករ​តូចតាច​បំពេញ​សំណុំ​បែបបទ​ដាក់​ជូន​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​សុំ​អនុញ្ញាត​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០២៣ រដ្ឋបាល​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ បាន​ចេញ​សេចក្តី​ជូនដំណឹង​ឱ្យ​អាជីវករ​តូចតាច​ចំនួន ១១​វិស័យ បំពេញ​សំណុំ​បែបបទ​ដាក់​ជូន​អាជ្ញាធរ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ ដោយ​បញ្ជាក់​ថា ដោយសារតែ​ខ្លួន​បាន​ទទួល​សិទ្ធិ​អំណាច​ពី​រាជរដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​លើ​អាជីវកម្ម​នានា ដូច្នេះ​ម្ចាស់​អាជីវកម្ម​តូចៗ​ទាំងឡាយ ដូចជា​អាជីវកម្ម​កាត់​សក់ សម្អាងការ និង​អាជីវកម្ម​លក់​សម្ភារៈ​កីឡា ជាដើម ត្រូវតែ​បំពេញ​សំណុំ​បែបបទ​ដាក់​ជូន​រដ្ឋបាល​ស្រុក​ម៉ាឡៃ ជា​កំហិត។

សេចក្តី​ជូនដំណឹង​ដដែល​បញ្ជាក់​ថា ដើម្បី​ឱ្យ​ការ​ប្រកប​អាជីវកម្ម សិប្បកម្ម និង​សេវាកម្ម​មាន​ភាព​ប្រសើរ​ឡើង ម្ចាស់​អាជីវកម្ម សិប្បកម្ម និង​សេវាកម្ម​ទាំងអស់ ត្រូវតែ​នាំគ្នា​រួសរាន់​ទៅ​សុំ​ច្បាប់​អនុញ្ញាត​ពី​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​ឱ្យ​បាន​មុន​ដំណាច់​ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ។

ជុំវិញ​ការ​ចេញ​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ស្រុក​ម៉ាឡៃ នេះ តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា នេះ​ថា បន្ទាប់ពី​បោះឆ្នោត​រួច ដល់​ពេល​ដែល​មន្ត្រី​រដ្ឋាភិបាល​ថ្មី​គាបសង្កត់​ពលរដ្ឋ​ទៀត​ហើយ ដោយ​តម្រូវ​ឱ្យ​ម្ចាស់​អាជីវកម្ម​តូចតាច​សុំ​ច្បាប់​អនុញ្ញាត​សម្រាប់​ការ​ធ្វើ​អាជីវកម្ម ដើម្បី​ងាយស្រួល​គ្រប់គ្រង​ក្នុង​ការ​ប្រមូល​ពន្ធ។

លោក អ៊ុំ សំអាន លើកឡើង​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​កំពុងតែ​ដុនដាប ការ​លក់ដូរ​ក៏​មិន​ដាច់ បែរ​ជា​រដ្ឋាភិបាល​ថ្មី​គាបសង្កត់​ពលរដ្ឋ​ដែល​ប្រកប​របរ​តូចតាច​ឱ្យ​បង់​ពន្ធ​ជូន​រដ្ឋ ដើម្បី​យក​លុយ​ទៅ​ចិញ្ចឹម​រដ្ឋាភិបាល​ក្បាល​ធំ​ដែល​មាន​មន្ត្រី​ជាន់ខ្ពស់ និង​ទីប្រឹក្សា​រាប់​ពាន់​នាក់​ទៅ​វិញ។

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា ការ​យក​ពន្ធ​លើ​អាជីវកម្ម​ធំៗ​មិន​ជា​បញ្ហា​នោះ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​បែរ​ជា​មក​រឹត​ក​អ្នក​រកស៊ី​តូចតាច​ទៅ​វិញ។

លោក​បញ្ជាក់​ថា រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ថៃ បាន​ប្រកាស​ផ្តល់​លុយ​សុទ្ធ​ឱ្យ​ពលរដ្ឋ​ថៃ​ម្នាក់ៗ ១​ម៉ឺន​បាត បញ្ចុះ​ថ្លៃ​សាំង ថ្លៃ​ភ្លើង និង​ផ្អាក​បង់​ធនាគារ​រយៈពេល ៣​ឆ្នាំ​ថែម​ទៀត ចំណែក​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​វិញ​មាន​តែ​គាបសង្កត់​ពលរដ្ឋ​យក​លុយ​ទៅ​ចិញ្ចឹម​មន្ត្រី​ដែល​ធ្វើ​បាប​រាស្ត្រ​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ កញ្ញា នេះ​ថា ការ​សម្រេច​លុប​ការ​ផ្តល់​សេវា​រដ្ឋបាល​លើ​អាជីវកម្ម​តូចតាច គឺជា​រឿង​ត្រឹមត្រូវ ព្រោះ​ថា​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​របស់​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងនោះ ដូច្នេះ​បើ​មាន​ការ​តម្រូវ​ឱ្យ​ចុះបញ្ជី​អាជីវកម្ម​ចំពោះ​អ្នក​ប្រកប​មុខរបរ​តូចតាច​ទាំងនោះ គឺជា​រឿង​គាបសង្កត់​លើ​សេដ្ឋកិច្ច​របស់​ពួកគាត់​ប៉ុណ្ណោះ មិនមែន​ជា​ការ​ជួយ​ពួកគាត់​នោះ​ទេ។

លោក សេក សុជាតិ លើកឡើង​ថា រដ្ឋាភិបាល​មិន​ត្រឹមតែ​ចេញ​អនុក្រឹត្យ​បញ្ឈប់​ការ​ផ្តល់​សេវា​រដ្ឋបាល​នៅ​ថ្នាក់​ក្រុង ស្រុក និង​ខណ្ឌ ចំពោះ​អាជីវកម្ម​ទាំងនេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​តាមដាន និង​ត្រួតពិនិត្យ​លើ​ការ​អនុវត្ត​ការងារ​របស់​មន្ត្រី​មូលដ្ឋាន​ទាំងនោះ​ដែរ ព្រោះ​ថា​អាជីវករ​ដែល​ប្រកប​មុខរបរ​តូចតាច​តែង​រង​នូវ​ការ​គាបសង្កត់​ពី​មន្ត្រី​មូលដ្ឋាន​ទាំងនោះ​ជា​ប្រចាំ តាមរយៈ​នៃ​ការ​ប្រព្រឹត្ត​អំពើពុករលួយ ដោយ​ការ​ជំរិត​ទារ​ប្រាក់ ជា​ថ្នូរ​នឹង​ការ​ផ្តល់​ឱ្យ​នូវ​ដំណើរការ​អាជីវកម្ម​ទាំងនោះ​នា​ពេល​កន្លងមក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស