30 C
Phnom Penh

អាជ្ញាធរ​អប្សរា​តម្រូវ​ឱ្យ​ទេសចរ​ជាតិ-អន្តរជាតិ​ស្នើសុំ​ជា​មុន​សិន ប្រសិនបើ​ចង់​ថត​ភាពយន្ត​ឬ​វីដេអូ​ពាណិជ្ជកម្ម​នានា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ជាតិ​អប្សរា តម្រូវ​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដាក់​ពាក្យ​ស្នើសុំ ព្រមទាំង​បញ្ជាក់​ពី​ខ្លឹមសារ​មក​អាជ្ញាធរ​អប្សរា បើ​ចង់​ថត​ភាពយន្ត ឬ​វីដេអូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ឬ​បង្កើត​អាជីវកម្ម​នានា ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ដល់​តម្លៃ​នៃ​ប្រាសាទ​បុរាណ។

សេចក្តី​ជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា អាជ្ញាធរ​មិន​បាន​ហាមឃាត់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចំពោះ​ការ​ថត​រូបភាព ឬ​វីដេអូ​សម្រាប់​ជា​អនុស្សាវរីយ៍​ផ្ទាល់​ខ្លួន ឬ​លក្ខណៈ​ទេសចរណ៍​របស់​អ្នក​ទេសចរ ដើម្បី​ផ្សព្វផ្សាយ​សិល្បៈ និង​វប្បធម៌​តំបន់​ឲ្យ​ពិភពលោក​បាន​ស្គាល់​នោះ​ទេ។

ប៉ុន្តែ​មុន​នឹង​ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ និង​សាធារណជន​ថត​រូបភាព ថត​ភាពយន្ត ឬ​វីដេអូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ឬ​បង្កើត​អាជីវកម្ម​នានា ត្រូវ​ដាក់​ពាក្យ​ស្នើសុំ ព្រមទាំង​បញ្ជាក់​ពី​ខ្លឹមសារ​ផ្សព្វផ្សាយ និង​សម្ភារៈ​ប្រើប្រាស់​មក​អាជ្ញាធរ​ជាតិ​អប្សរា​ជា​មុន​សិន។

ចំពោះ​ការ​ស្នើសុំ​ថត​រូប ឬ​វីដេអូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ផលិតផល ឬ​បង្កើត​អាជីវកម្ម​នានា ត្រូវ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សេវាកម្ម​អាជ្ញាធរ​ជាតិ​អប្សរា​រៀង​រាល់​ម៉ោង​ការងារ ហើយ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ឆ្លើយតប​សំណើ​ក្នុង​រយៈពេល ៥​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​យ៉ាង​យូរ។

អាជ្ញាធរ​ជាតិ​អប្សរា​អះអាង​ថា ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​បញ្ចៀស​កំហុស​ខុស​ឆ្គង​ដោយ​អចេតនា ដែល​កើត​ចេញពី​ការ​ផ្សព្វផ្សាយ និង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​គុណតម្លៃ​នៃ​ប្រាសាទ​បុរាណ ដែល​ជា​មរតក​មិន​អាច​កាត់​ថ្លៃ​បាន​របស់​បុព្វបុរស​ខ្មែរ និង​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។

អាជ្ញាធរ​អប្សរា​បញ្ជាក់​ថា ចំពោះ​ការ​ប្រកប​អាជីវកម្ម​ថត​សម្លៀកបំពាក់​ប្រពៃណី​បុរាណ (ថត​រូប​មុន​អាពាហ៍ពិពាហ៍) ដើម្បី​ពិនិត្យ​ភាព​សមស្រប​នៃ​សម្លៀកបំពាក់​ប្រពៃណី​បុរាណ និង​ការ​ថត​វីដេអូ​ផ្សាយ​បន្ត​ផ្ទាល់​ដោយ​ក្រុមហ៊ុន​ទេសចរណ៍ ឬ​មគ្គុទ្ទេសក៍​ទេសចរណ៍ ដែល​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ទេសចរណ៍ ដើម្បី​ផ្សព្វផ្សាយ​ប្រាសាទ​នានា​តាម​ប្រព័ន្ធ​អនឡាញ​ជូន​អតិថិជន​របស់​ខ្លួន​នោះ អាជ្ញាធរ​ជាតិ​អប្សរា​អះអាង​ថា មិន​មាន​ការ​បង់​ប្រាក់​នោះ​ទេ។

ការ​តម្រូវ​របស់​អាជ្ញាធរ​ដូច្នេះ ធ្វើឡើង​ស្រប​ពេល​ថ្មីៗ​នេះ អ្នក​ទេសចរ​មួយ​ចំនួន​បាន​ថត​វីដេអូ​បង្ហាញ​ពី​ទិដ្ឋភាព​នៅ​បរិវេណ​ប្រាសាទ​អង្គរ ថា​គ្មាន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ប្រាសាទ​អង្គរ​នោះ​ទេ ខណៈ​មគ្គុទ្ទេសក៍​ទេសចរ​បាន​ទទូច​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឲ្យ​ពិចារណា​លើកលែង​តម្លៃ VISA មួយ​រយៈ​ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ​មក​វិញ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស