35 C
Phnom Penh

ក្រុម​ឃ្លាំមើល៖ ពលរដ្ឋ​ខ្មែរ​កំពុង​រង​ការ​បោកប្រាស់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ពី​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​មិន​មែន​ត្រឹមតែ​រងគ្រោះ​ពី​ការ​បោកប្រាស់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ឬ​ប្រព័ន្ធ​អនឡាញ​ពី​ក្រុម​ឧក្រិដ្ឋជន​បរទេស ដែល​កំពុង​សម្ងំ​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ក៏​កំពុង​រងគ្រោះ​ពី​សំណាក់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ ទាក់ទង​ទៅ​នឹង​ការ​ផ្សព្វផ្សាយ​រូបថត​លោក ហ៊ុន ម៉ាណែត នៅ​សហរដ្ឋ​អាមេរិក​កាលពី​ពេល​ថ្មីៗ​នេះ។

អតីត​សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា លឹម គឹមស័រ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​ថា ការ​ផ្សព្វផ្សាយ​រូបថត​របស់​លោក ហ៊ុន ម៉ាណែត ដែល​លោក ហ៊ុន សែន និង​សារព័ត៌មាន​ដែល​មាន​និន្នាការ​គាំទ្រ​បក្ស​កាន់​អំណាច Fresh News បាន​អួត​ថា រូបថត​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​បង្ហោះ​លើ​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម Billboard នៅ​តំបន់ Time Square ក្នុង​ទីក្រុង​ញ៉ូវយ៉ក លើ​ទឹកដី​សហរដ្ឋ​អាមេរិក ពី​សំណាក់​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម Time Square Billboard នោះ គឺជា​វីដេអូ​កាត់ត​ប៉ុណ្ណោះ ព្រោះ​តែ​ពួកគេ​មាន​បំណង​បោកប្រាស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ចេតនា​កេង​ចំណេញ​នយោបាយ​តែប៉ុណ្ណោះ។

កញ្ញា លឹម គឹមស័រ លើកឡើង​ថា ដើម្បី​ឱ្យ​អស់​ការ​សង្ស័យ​ក្នុង​រឿង​នេះ លោក Devid Soth ត្រូវតែ​ចេញ​មក​បកស្រាយ​រឿង​នេះ​ឱ្យ​បាន​ច្បាស់លាស់។ កញ្ញា​បន្ត​ថា មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ក៏​ត្រូវ​បង្ហាញ​ភស្តុតាង​ដែល​ខ្លួន​បាន​អះអាង​ថា លោក Devid Soth ជា​បុគ្គលិក​សំខាន់​របស់​ក្រុមហ៊ុន Billboard រហូត​អាច​សម្របសម្រួល​ឱ្យ​ប្រធាន​ក្រុមហ៊ុន​នេះ​ផ្សព្វផ្សាយ​រូបថត​លោក ហ៊ុន ម៉ាណែត ដែរ។ ជាង​នេះ​ទៅ​ទៀត កញ្ញា​ក៏​បាន​ទាមទារ​ឲ្យ​ប្រធាន​ក្រុមហ៊ុន Billboard ចេញ​មុខ​មក​បកស្រាយ​ជុំវិញ​ករណី​នេះ​ដែរ។

កញ្ញា លឹម គឹមស័រ បញ្ជាក់​ថា ប្រសិនបើ​លោក Devid Soth និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ព្រមទាំង​ប្រធាន​ក្រុមហ៊ុន Billboard មិន​ចេញ​មុខ​បកស្រាយ​ទេ នោះ​មាន​ន័យ​យ៉ាង​ច្បាស់​ថា ការ​ផ្សព្វផ្សាយ​រូបថត​លោក ហ៊ុន ម៉ាណែត និង​ការ​អះអាង​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ជុំវិញ​រឿង​នេះ​កាលពី​ពេល​កន្លង​ទៅ គឺជា​ការ​បោកប្រាស់​ប៉ុណ្ណោះ។

អតីត​សកម្មជន​ចលនា​មាតា​ធម្មជាតិ​រូប​នេះ​គូស​បញ្ជាក់​ថា រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​សព្វថ្ងៃ កំពុង​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​បោកប្រាស់​ពលរដ្ឋ​ខ្លួនឯង​គ្រប់​រូបភាព ស្រប​ពេល​ដែល​ពលរដ្ឋ​តិចតួច​បំផុត​ដែល​មាន​ការ​យល់ដឹង​ស៊ីជម្រៅ​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ ក្នុង​នោះ​ពលរដ្ឋ​ដែល​គ្មាន​ការ​យល់ដឹង​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា នៅតែ​បន្ត​ចាញ់​ការ​បោកប្រាស់​របស់​មន្ត្រី​រដ្ឋាភិបាល​របស់​គណបក្ស​កាន់​អំណាច​ដដែល​សព្វថ្ងៃ​នេះ។

កញ្ញា លឹម គឹមស័រ សង្កត់​ធ្ងន់​ថា វា​ជា​រឿង​គ្រោះថ្នាក់​បំផុត​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​រដ្ឋាភិបាល​របស់​ខ្លួន​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​បោកប្រាស់​ពួកគាត់​ក្នុង​បំណង​កេង​ចំណេញ​នយោបាយ ស្រប​ពេល​ដែល​ក្រុម​ឧក្រិដ្ឋជន​ក៏​ប្រើ​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​នេះ​ដើម្បី​បោកប្រាស់​ពួកគាត់​យក​ទៅ​លក់ដូរ​ដើម្បី​ជួញដូរ​ផ្លូវភេទ និង​ធ្វើ​ការងារ​បោកប្រាស់​តាម​បច្ចេកវិទ្យា ឬ​តាម​ប្រព័ន្ធ​អនឡាញ ដូច​ដែល​បាន​លាតត្រដាង​ក្នុង​រឿង No More Bets ដែល​មាន​ប្រមាណ ១​សែន​ករណី​ដែល​ជា​រឿង​ពិត​កើត​មាន​ឡើង​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២៣ លោក ហ៊ុន សែន ដែល​ជា​ឪពុក​របស់​លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ផ្ទាំង​ប៉ាណូ​នៅ​ចំ​កណ្តាល​ទីក្រុង​ញ៉ូវយ៉ក តំបន់ Times Square បាន​ស្វាគមន៍​វត្តមាន​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លើ​ទឹកដី​សហរដ្ឋ​អាមេរិក។

ជាង​នេះ​ទៀត ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២៣ ថា ការ​ផ្សាយ​រូបថត​លោក ហ៊ុន ម៉ាណែត លើ​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម Billboard នៅ Time Square គឺ​ផ្តើម​ចេញពី​មនោសញ្ចេតនា​របស់​យុវជន​ម្នាក់​ឈ្មោះ Devid Soth ដែល​កំពុង​បម្រើការ​ក្នុង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នោះ។

ប្រភព​ដដែល​បញ្ជាក់​ថា លោក Devid Soth គឺជា​បុគ្គល​សំខាន់​ក្នុង​ក្រុមហ៊ុន រហូត​ធ្វើ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ខាងលើ​នេះ​ផ្តល់​នូវ​ការ​គាំទ្រ ហើយ​សម្រេច​អនុញ្ញាត​ឱ្យ​ផ្សព្វផ្សាយ​រូបថត​របស់​លោក ហ៊ុន ម៉ាណែត លើ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​របស់​ខ្លួន​ដោយ​មិន​គិត​ថ្លៃ​តែម្តង។

ទាក់ទិន​នឹង​ការ​វែកញែក​រូបថត​លោក ហ៊ុន ម៉ាណែត លើ​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម Billboard នេះ គេ​នៅ​មិន​ទាន់​ឃើញ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឬ​លោក ហ៊ុន សែន ដែល​បាន​បង្ហោះ​រូបថត​នេះ ចេញ​មុខ​បំភ្លឺ​លើ​ករណី​នេះ​នៅឡើយ​ទេ ខណៈ​វីដេអូ​ប្រៀបធៀប​ចំនួន​ពីរ​ជុំវិញ​ការ​ផ្សព្វផ្សាយ​រូបថត​លោក ហ៊ុន ម៉ាណែត នេះ ដែល​គេ​សរសេរ​ថា វីដេអូ​ពិត និង​វីដេអូ​ក្លែងក្លាយ ត្រូវ​បាន​បង្ហោះ​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម​នានា​នៅ​ពេលនេះ។

ជុំវិញ​បញ្ហា​នេះ ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម Time Square Billboard បាន​ឆ្លើយ​ទៅ​កាន់​សំណួរ​នានា​ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​រូបថត​របស់​លោក ហ៊ុន ម៉ាណែត ថា ខ្លួន​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​ដែល​ពាក់ព័ន្ធ​នឹង​នយោបាយ​ឡើយ ហើយ​ក៏​គ្មាន​គោលការណ៍​ផ្សាយ​ពាណិជ្ជកម្ម​ដោយ​មិន​បង់​លុយ​ដែរ។ ជាង​នេះ​ទៀត ក្រុមហ៊ុន​ក៏​មិន​ដែល​ស្គាល់​ឈ្មោះ Devid Soth ដែល​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ជា​បុគ្គលិក​សំខាន់​របស់​ក្រុមហ៊ុន​នោះ​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស