រដ្ឋមន្ត្រីតពូជនៃក្រសួងមហាផ្ទៃ លោក ស សុខា បញ្ជាឱ្យអាជ្ញាធរខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាងគ្រប់ខេត្ត បិទច្រករបៀងខុសច្បាប់ទាំងអស់នៅពេលនេះជាបន្ទាន់ ដើម្បីឱ្យក្រសួងមហាផ្ទៃសិក្សាឡើងវិញអំពីនីតិវិធីក្នុងការបង្កើតច្រកទ្វារព្រំដែនផ្លូវការសម្រាប់ខេត្តទាំងនោះ។
លោក ស សុខា ព្រមានថា ក្នុងករណីច្រកទ្វារព្រំដែនណាមួយកើតមានបញ្ហាមិនប្រក្រតីបណ្តាលមកពីការអនុវត្តតួនាទីភារកិច្ចមិនបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលបានកំណត់ ក្រសួងមហាផ្ទៃនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានដោយគ្មានករណីលើកលែងដាច់ខាត។
រដ្ឋមន្ត្រីតពូជនៃក្រសួងមហាផ្ទៃ លោក ស សុខា បានចេញសេចក្តីណែនាំកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ នេះថា ក្រសួងមហាផ្ទៃបានកត់សម្គាល់ឃើញពីភាពខ្វះចន្លោះ និងភាពមិនប្រក្រតីមួយចំនួនដែលកើតចេញពីការធ្វេសប្រហែសក្នុងការអនុវត្តតួនាទីភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ចនៅតាមបណ្តាខេត្តជាប់ព្រំដែននាពេលកន្លងមក ដូច្នេះក្រសួងសម្រេចដាក់ចេញនូវវិធានការមួយចំនួន ដើម្បីពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងខេត្តតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនឱ្យបានល្អប្រសើរ។
លោក ស សុខា បានលើកឡើងក្នុងសេចក្តីណែនាំខាងលើថា អាជ្ញាធរខេត្តត្រូវតែបិទច្រករបៀងខុសច្បាប់ទាំងអស់ មុននឹងក្រសួងមហាផ្ទៃបង្កើតច្រកទ្វារព្រំដែនផ្លូវការ និងត្រូវត្រួតពិនិត្យអ្នកដំណើរ ទំនិញ និងមធ្យោបាយចេញចូលឆ្លងកាត់ព្រំដែនផងដែរ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។ លើសពីនេះ ត្រូវបញ្ឈប់នូវការចេញឯកសារឆ្លងដែនមិនប្រក្រតី និងការយកកម្រៃក្រៅផ្លូវការពីពលករ និងពលរដ្ឋទាំងអស់។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះណែនាំឱ្យអាជ្ញាធរខេត្តជាប់ព្រំដែនទាំងអស់ ចាត់វិធានការផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់ក្នុងការបង្ក្រាបសកម្មភាពមេខ្យល់ និងអ្នកសមគំនិត ដែលអូសទាញពលរដ្ឋឱ្យឆ្លងដែនខុសច្បាប់តាមគ្រប់រូបភាព ដើម្បីចៀសវាងការជួញដូរមនុស្ស ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការប្រព្រឹត្តបទល្មើសផ្សេងៗផងដែរ។
លោក ស សុខា បញ្ជាក់ថា ក្រសួងមហាផ្ទៃនឹងចាត់ក្រុមការងារជំនាញដឹកនាំដោយអគ្គនាយកដ្ឋានរដ្ឋបាល ដោយមានការចូលរួមពីតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការបំពេញតួនាទីភារកិច្ចនៅតាមបណ្តាច្រកទ្វារព្រំដែនទាំងអស់ ក្នុងបំណងលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពការងារ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលភាពមិនប្រក្រតីនានាតែងតែកើតឡើងនៅតាមច្រកព្រំដែនរបស់កម្ពុជាជាមួយប្រទេសជិតខាងជាបន្តបន្ទាប់នាពេលកន្លងមក។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៤ តុលា នេះថា ការដាក់ចេញនូវវិធានការនេះ គឺជារឿងល្អ ប៉ុន្តែបញ្ហាគឺស្ថិតនៅត្រង់ថា មន្ត្រីថ្នាក់ក្រោមទទួលយកទៅអនុវត្ត ឬក៏អត់ប៉ុណ្ណោះ ហើយបើពួកគេមិនអនុវត្ត តើក្រសួងមានវិធានការដាក់ពិន័យ ឬទោសទណ្ឌដែរទេ នេះទើបជាបញ្ហាដែលត្រូវបារម្ភចំពោះវិធានការខាងលើនេះ។
លោក សេក សុជាតិ លើកឡើងថា កន្លងមក រាល់ពេលរដ្ឋាភិបាលដាក់ចេញវិធានការរឹតបន្តឹងលើករណីណាមួយ ក៏ជាឱកាសរបស់មន្ត្រីមូលដ្ឋានប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងដែរ ព្រោះថាអាជ្ញាធរបានយកវិធានការទាំងនោះទៅប្រើក្នុងអំពើពុករលួយរបស់ពួកគេ ដើម្បីទារប្រាក់ពីជនរងគ្រោះឱ្យបានកាន់តែច្រើន ខណៈការស៊ើបអង្កេត ឬការដាក់ពិន័យលើមន្ត្រីបែបនេះមានតែបន្តិចបន្តួចប៉ុណ្ណោះនាពេលកន្លងមក។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះបញ្ជាក់ថា ការកាន់តួនាទីរយៈពេលយូររហូតដុះស្នឹមរបស់មន្ត្រីទាំងនោះ ក៏ជាហេតុផលមួយដែលនាំឱ្យការអនុវត្តច្បាប់គ្មានប្រសិទ្ធភាព និងបណ្តាលឱ្យកើតមានអំពើពុករលួយជាប្រព័ន្ធដែរ ដូច្នេះមន្ត្រីដែលប្រចាំការតាមច្រកព្រំដែន គួរតែត្រូវបានផ្លាស់ប្ដូររាល់ ៣ខែ ឬ ៦ខែម្តង ក្នុងនោះរាល់ការផ្លាស់ចេញ ក៏ត្រូវធ្វើការស៊ើបអង្កេតចំពោះការអនុវត្តការងាររបស់ពួកគេដែរ ដើម្បីធានាភាពស្អាតស្អំ ហើយក៏ជាកត្តាជំរុញឱ្យមានការអនុវត្តការងារមានប្រសិទ្ធភាពបន្តទៀត។
កម្ពុជាមានព្រំដែនជាមួយប្រទេសឡាវ វៀតណាម និងប្រទេសថៃ ក្នុងនោះមានខេត្តចំនួន៩ ជាប់ជាមួយប្រទេសវៀតណាម ដូចជាខេត្តកណ្តាល ខេត្តតាកែវ ព្រៃវែង ស្វាយរៀង កំពង់ចាម ក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តកំពត ចំណែកខេត្ត ៣ ផ្សេងទៀត គឺជាប់ជាមួយប្រទេសឡាវ ដូចជាខេត្តព្រះវិហារ ស្ទឹងត្រែង និងខេត្តរតនគិរី។ ដោយឡែកខេត្តចំនួន ៧ ទៀត គឺជាប់ជាមួយនឹងប្រទេសថៃ ដូចជាខេត្តព្រះវិហារ ឧត្ដរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងខេត្តកោះកុង។
បណ្តាខេត្តដែលជាប់ជាមួយប្រទេសឡាវ វៀតណាម និងប្រទេសថៃ គឺមានច្រកទ្វារអន្តរជាតិ ច្រករបៀងស្របច្បាប់ និងច្រករបៀងមិនស្របច្បាប់ទាំងអស់ ក្នុងនោះកាលពីអំឡុងឆ្នាំ២០១៧ ត្រូវគេរកឃើញថា គ្រាន់តែច្រករបៀងខុសច្បាប់ក្នុងខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ មានរហូតដល់ទៅ ៤៣កន្លែងឯណោះ ខណៈខេត្តនេះជាប់នឹងទឹកដីថៃ មានចម្ងាយប្រមាណតែ ១០០គីឡូម៉ែត្រប៉ុណ្ណោះ៕