31 C
Phnom Penh

អ្នកវិភាគ​ចាត់ទុក​ការ​ចង​សម្ពន្ធភាព​របស់​បក្ស​ក្រៅ​រដ្ឋាភិបាល​ថា​ជា​ការ​ដំណើរ​ត្រឹមត្រូវ​ទាំង​ការ​ពង្រឹង​កម្លាំង​ប្រជាធិបតេយ្យ និង​ការ​ពង្រីក​កម្លាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​ចង​សម្ពន្ធភាព​រវាង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន ៤ ថា​ជា​ដំណើរ​ត្រឹមត្រូវ​ទាំង​ការ​ពង្រឹង​កម្លាំង​ប្រជាធិបតេយ្យ និង​ការ​ពង្រីក​កម្លាំង​ប្រកួត​នយោបាយ​ជាក់ស្ដែង ដើម្បី​តទល់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ដែល​មាន​អំណាច​ហូរហៀរ​ហួស​ព្រំដែន​នៃ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ទៅ​ទៀត។

ការ​លើកឡើង​របស់​អ្នកវិភាគ​នយោបាយ លោក គឹម សុខ បន្ទាប់ពី​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន ៤ បាន​ប្រកាស​ចង​សម្ពន្ធភាព​ឆ្ពោះ​ទៅ​អនាគត​ជាមួយ​គ្នា។ គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទាំង ៤ នោះ​រួម​មាន​គណបក្ស​ភ្លើង​ទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​កែទម្រង់​កម្ពុជា។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០២៣ របស់​គណបក្ស​ភ្លើង​ទៀន ឲ្យ​ដឹង​ថា គណបក្ស​ទាំង ៤ នេះ នឹង​ចុះហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម​ស្ដីពី​ការ​បង្កើត​សម្ពន្ធភាព​ឆ្ពោះ​ទៅ​អនាគត ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី​១១ ខែ​តុលា នេះ​នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។

ចៅសង្កាត់​រង​ទី​២ នៃ​សង្កាត់​ស្ទឹងវែង ខេត្ត​កោះកុង មកពី​គណបក្ស​ភ្លើង​ទៀន លោក ប៉ាល់ កែប ចាត់ទុក​ការ​ចង​សម្ពន្ធភាព​នេះ​ថា​ជា​ដំណឹង​ល្អ។

ចំណែក​ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ-សង្គម លោក គឹម សុខ មើល​ឃើញ​ថា វា​គឺ​ជា​ដំណើរ​ត្រឹមត្រូវ ទាំង​ការ​ពង្រឹង​កម្លាំង​ប្រជាធិបតេយ្យ និង​ទាំង​ការ​ពង្រីក​កម្លាំង​ប្រកួត​នយោបាយ​ជាក់ស្ដែង​តទល់​នឹង​គណបក្ស​ប្រជាជន​របស់​លោក ហ៊ុន សែន ដែល​មាន​អំណាច​ហូរហៀរ​ហួស​ព្រំដែន​នៃ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ទៅ​ទៀត។

មួយ​វិញ​ទៀត លោក​ថា​ទាល់តែ​គណបក្ស​ទាំងឡាយ​ដែល​មាន​និន្នាការ​ប្រាថ្នា​ប្រជាធិបតេយ្យ​ចេះ​រួម​គ្នា​ជា​កម្លាំង​រួម​ធំ​ឲ្យ​លប់​លើ​កម្លាំង​អ្នក​កាន់​អំណាច ទើប​ជា​សេចក្ដី​សង្ឃឹម​ឆ្ពោះ​ទៅ​កាន់​ការ​ផ្លាស់ប្ដូរ​ដែល​ដល់​គោលដៅ​ប្រជាធិបតេយ្យ​របស់​ប្រជាពលរដ្ឋ។

លោក គឹម សុខ ពន្យល់​ថា កាលណា​កម្លាំង​ក្រុម​អ្នក​ប្រជាធិបតេយ្យ​កាន់តែ​ធំ នោះ​ប្រជាពលរដ្ឋ​ក៏​មាន​សេចក្ដី​ក្លាហាន​កាន់តែ​ខ្លាំង​ក្នុង​ការ​ចូលរួម​សកម្មភាព​នយោបាយ​ប្រកួតប្រជែង​ដែរ ពីព្រោះ​ពលរដ្ឋ​សង្ឃឹម​ជោគជ័យ។

យ៉ាងណា លោក​បញ្ជាក់​ថា ដើម្បី​ឲ្យ​អាច​រួម​គ្នា​បាន និង​ក្លាយ​ទៅ​ជា​គណបក្ស​ប្រជាធិបតេយ្យ​រួម​រឹងមាំ លុះត្រា​ណា​តែ​គណបក្ស​នានា​ដែល​មាន​ផែនការ​រួម​គ្នា​នោះ កំណត់​ឲ្យ​ច្បាស់​អំពី​យន្តការ​ដឹកនាំ​ប្រជាធិបតេយ្យ ផ្ទៃក្នុង និង​ជ្រើសរើស​ក្រុម​បុគ្គល​ដែល​មាន​លក្ខណៈ​សម្បត្តិ​ជា​វីរជន​នយោបាយ​ជាតិ​ទៅ​ដឹកនាំ​ការងារ​គណបក្ស។

ក្រុម​បុគ្គល​មាន​លក្ខណៈ​សម្បត្តិ​ជា​វីរជន​នយោបាយ​ជាតិ​ដែល​លោក គឹម សុខ និយាយ​សំដៅ គឺ​បុគ្គល​ដែល​មាន​មនសិការ​ជាតិ​មិន​រេ​តាម​ខ្យល់ មាន​ផែនការ​នយោបាយ​ច្បាស់លាស់ មិន​បោះបង់​សកម្មភាព​ប្រតិបត្តិ​ផែនការ និង​ហ៊ាន​ប្រឈម​នឹង​គ្រប់​ឧបសគ្គ​ធំៗ​ទោះ​ត្រូវ​លះបង់​ជីវិត។

អ្នកវិភាគ​រូប​នេះ​ថា ស្ថានភាព​សង្គម​នយោបាយ​កម្ពុជា​សព្វថ្ងៃ​ទាល់តែ​រួបរួម​គ្នា ហើយ​គណបក្ស​នយោបាយ​រួបរួម​នោះ ដឹកនាំ​ដោយ​ក្រុម​បុគ្គល​បែប​នេះ ទើប​សង្ឃឹម​នាំ​ជោគជ័យ​ជូន​ជាតិ និង​ប្រជាពលរដ្ឋ។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​សុំ​ការ​ឆ្លើយតប​បន្ថែម​ពី​អ្នក​នាំពាក្យ​គណបក្ស​នយោបាយ​ទាំង ៤ ដែល​សម្រេច​ចង​សម្ពន្ធភាព​នឹង​គ្នា​បាន​នៅឡើយ​ទេ។

ការ​សម្រេច​ចង​សម្ពន្ធភាព​ជាមួយ​គ្នា​រវាង​គណបក្ស​ភ្លើង​ទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​កែទម្រង់​កម្ពុជា ធ្វើឡើង​បន្ទាប់ពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ការ​បោះឆ្នោត ក្រោយ​ពី​ផាត់​គណបក្ស​ប្រឆាំង​មិន​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង។ ចំណែក​គណបក្ស​មួយ​ចំនួន​ទៀត​ដែល​ចូលរួម​ការ​បោះឆ្នោត​នោះ មិន​បាន​ទទួល​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស