30 C
Phnom Penh

វៀតណាម​ប្ដេជ្ញា​បន្ត​ពង្រឹង​យន្តការ​ត្រីភាគី​រវាង​កម្ពុជា​និង​ឡាវ​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​រឹងមាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​វៀតណាម ប្ដេជ្ញា​បន្ត​ពង្រឹង​យន្តការ​ត្រីភាគី​រវាង​កម្ពុជា និង​ឡាវ ក្នុង​បំណង​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​នានា​ឱ្យ​កាន់តែ​ជិតស្និទ្ធ និង​រឹងមាំ​បន្ថែម​ទៀត​លើ​គ្រប់​វិស័យ។

ឯកអគ្គរដ្ឋទូត​វៀតណាម លោក ង្វៀន ហ៊ុយ តាំង បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា លោក ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា រដ្ឋាភិបាល​វៀតណាម​នឹង​បន្ត​ពង្រីក​កិច្ច​សហប្រតិបត្តិការ​នានា​ដែល​មាន​ស្រាប់​នៅ​គ្រប់​កម្រិត​ជាមួយ​កម្ពុជា​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត។

ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា កិច្ច​សហប្រតិបត្តិការ​ដែល​រដ្ឋាភិបាល​វៀតណាម​ផ្ដោត​សំខាន់​បំផុត​នោះ គឺ​វិស័យ​ពាណិជ្ជកម្ម វិស័យ​ទេសចរណ៍ វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​ផង​ដែរ​ជាមួយ​នឹង​កម្ពុជា ក្នុង​នោះ​វៀតណាម​ក៏​នឹង​បន្ត​សម្លឹង​មើល​វិស័យ​សក្ដានុពល​ថ្មីៗ​បន្ថែម​ទៀត ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​បន្ថែម​ទៀត។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ តុលា នេះ​ថា ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិតខាង​មិនមែន​ជា​រឿង​អាក្រក់​ទេ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា តើ​រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​នេះ​ដើម្បី​រក​ផល​ប្រយោជន៍​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ឬ​ក៏​អត់​ប៉ុណ្ណោះ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា បើ​កិច្ច​សហប្រតិបត្តិការ​ទាក់ទង​នឹង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម កម្ពុជា​បាន​បង្ហូរ​លុយ​ឱ្យ​វៀតណាម​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ ព្រោះ​ថា​កម្ពុជា​បាន​នាំចូល​នូវ​សម្ភារៈ​កសិកម្ម​គ្រប់​ប្រភេទ​ទាំងអស់​ពី​ប្រទេស​វៀតណាម ដូចជា ពូជ​ស្រូវ ពូជ​ដំណាំ ថ្នាំ​សម្លាប់​សត្វល្អិត ជី​គ្រប់​ប្រភេទ ប្រភេទ​កាណូត​ស្មាច់ ម៉ាស៊ីន​បូម​ទឹក និង​សម្ភារៈ​កសិកម្ម​ជាច្រើន​ផ្សេង​ទៀត ដែល​មាន​ន័យ​ថា កម្ពុជា​បាន​ពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​វៀតណាម​រហូត​មក។

លោក​បន្ថែម​ថា ប្រទេស​កម្ពុជា​បាន​ចាត់ទុក​វិស័យ​កសិកម្ម​ជា​វិស័យ​អាទិភាព​របស់​ខ្លួន ប៉ុន្តែ​កម្ពុជា​គ្មាន​ផែនការ​បង្កើត​រោងចក្រ​សម្រាប់​ផ្គត់ផ្គង់​កសិកម្ម​ដោយ​ខ្លួនឯង​ទាល់តែសោះ គឺ​ពឹង​តែ​លើ​វៀតណាម​សុទ្ធសាធ ក្នុង​នោះ​រាល់​ពេល​ដែល​ចាប់ផ្តើម​ធ្វើ​កសិកម្ម កសិករ​ខ្មែរ​នាំគ្នា​សម្រុក​ទិញ​សម្ភារៈ​កសិកម្ម​ពី​វៀតណាម​រាល់​ឆ្នាំ ប៉ុន្តែ​នៅ​ពេល​ប្រមូល​ផល ឈ្មួញ​វៀតណាម​នាំគ្នា​សម្រុក​មក​ទិញ​ស្រូវ​ប្រជាពលរដ្ឋ​ខ្មែរ​អស់​ពី​ប្រទេស ខណៈ​តម្លៃ​ស្រូវ​ត្រូវ​ឈ្មួញ​វៀតណាម​កំណត់​តាម​អំពើ​ចិត្ត។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ក្រៅពី​វិស័យ​កសិកម្ម វិស័យ​ទេសចរណ៍​ក៏​កម្ពុជា​នៅតែ​ពឹង​ផ្អែក​លើ​វៀតណាម​ដែរ មាន​ន័យ​ថា គ្រប់​ភ្ញៀវ​ទេសចរ​ដែល​មាន​បំណង​មក​លេង​នៅ​កម្ពុជា ត្រូវតែ​ឆ្លងកាត់​ប្រទេស​វៀតណាម​ជា​មុន​សិន។ ជាង​នេះ​ទៀត វិស័យ​ការពារ​ជាតិ​របស់​កម្ពុជា​ជាមួយ​នឹង​វៀតណាម គឺ​កាន់តែ​គួរ​ឱ្យ​ព្រួយបារម្ភ​ថែម​ទៀត ព្រោះ​ពលរដ្ឋ​វៀតណាម​តែងតែ​ឆ្លងដែន​ដោយ​ខុស​ច្បាប់​ចូល​មក​ទឹកដី​កម្ពុជា​ដោយ​សេរី ខណៈ​អាជ្ញាធរ​ខ្មែរ​មិន​ដែល​មាន​វិធានការ​លើ​ករណី​នេះ​ឡើយ ដូច្នេះ​កិច្ច​សហប្រតិបត្តិការ​នេះ​មាន​តែ​វៀតណាម​ប៉ុណ្ណោះ​ដែល​ជា​អ្នក​ចំណេញ។

យ៉ាងណា​ក៏ដោយ កាលពី​ចុង​ខែ​មិថុនា ឆ្នាំ​២០២៣ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន លើកឡើង​ថា ដោយសារតែ​នយោបាយ​សន្តិភាព​របស់​កម្ពុជា​ស្រប​គ្នា​នឹង​នយោបាយ​សន្តិភាព​របស់​វៀតណាម បាន​ធ្វើ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។

លោក ហ៊ុន សែន លើកឡើង​ថា ប្រសិនបើ​មួយ​ថ្ងៃៗ​គិត​តែ​រក​រឿង និង​ជេរ​វៀតណាម​ឥត​ឈប់​ដូច​ក្រុម​ជ្រុល​និយម ម្ល៉េះ​ពេលនេះ កម្ពុជា​គ្មាន​វត្តមាន​រោងចក្រ​វៀតណាម​នៅ​លើ​ទឹកដី​របស់​ខ្លួន​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ អតីត​ប្រធាន​រដ្ឋសភា​ជាតិ​កម្ពុជា លោក ហេង សំរិន បាន​ចុះហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម​ជាមួយ​ប្រធាន​រដ្ឋសភា​ឡាវ លោក សាយ សំភូន ភូមវិហាន និង​ប្រធាន​រដ្ឋសភា​វៀតណាម លោក វឿង ឌីញ ហ្វេ នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​៣ ឲ្យ​កាន់តែ​ទូលំទូលាយ​ទៅ​ថ្ងៃ​មុខ ជាពិសេស​គឺ​កិច្ច​សហប្រតិបត្តិការ​លើ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) តែម្តង។

បែប​នេះ​ក្តី តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​វៀតណាម គឺ​គ្មាន​ផល​ចំណេញ​សម្រាប់​កម្ពុជា​ទេ ព្រោះ​ថា​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ចុះហត្ថលេខា​ឱ្យ​ក្រុមហ៊ុន​វៀតណាម​គ្រប់គ្រង គឺ​មាន​រយៈពេល​ដល់​ទៅ ៩៩​ឆ្នាំ​ឯណោះ ដែល​ជា​ការ​បង្ក​គ្រោះថ្នាក់​ដល់​ព្រំដែន​កម្ពុជា និង​ប្រទេស​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​អនាគត។

លោក អ៊ុំ សំអាន បញ្ជាក់​ថា ក្រុមហ៊ុន​វៀតណាម​ជាច្រើន​ទទួល​បាន​សិទ្ធិ​កាន់កាប់​ដី​ខ្មែរ​រយៈពេល ៩៩​ឆ្នាំ ដូចជា ក្រុមហ៊ុន​ចំការ​កៅស៊ូ ជាដើម ដែល​បាន​បើក​ផ្លូវ​ឱ្យ​កម្មករ​វៀតណាម​ចូល​ទៅ​រស់នៅ​លើ​ទឹកដី​ខ្មែរ​ជា​បន្តបន្ទាប់​តាមរយៈ​ក្រុមហ៊ុន​នោះ ដូច្នេះ​រយៈពេល ៩៩​ឆ្នាំ ពួកគេ​នឹង​បង្កើត​បាន​ជា​កូន​ពូន​ជា​ចៅ​មិន​តិច​នោះ​ទេ ហើយ​នៅ​ទីបំផុត ជនជាតិ​វៀតណាម​ទាំងនោះ​ក៏​នឹង​មិន​ត្រឡប់​ទៅ​រស់នៅ​ប្រទេស​វៀតណាម​វិញ​ដែរ ពួកគេ​នឹង​បន្ត​រស់​នៅ​លើ​ទឹកដី​ខ្មែរ​ជា​រៀង​រហូត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស