ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា ដើម្បីអភិវឌ្ឍតំបន់រុនតាឯក និងតំបន់ពាក់ស្នែង សម្រាប់ប្រជាពលរដ្ឋដែលរស់នៅទីនោះស្រាប់ និងប្រជាពលរដ្ឋដែលត្រូវបានជម្លៀសមកពីតំបន់អង្គរ មិនមែនត្រឹមតែដាំកូនឈើនោះទេ ព្រោះតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅទីនោះ គឺពួកគេត្រូវការប្រព័ន្ធអគ្គិសនី ប្រព័ន្ធលូ និងប្រព័ន្ធទឹកស្អាត រួមទាំងការធានានូវការបង្កើតមុខរបរសម្រាប់ចិញ្ចឹមជីវិត។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១១ តុលា នេះថា ប្រជាពលរដ្ឋដែលបានផ្លាស់លំនៅឋានពីតំបន់អង្គរទៅរស់នៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង កំពុងជួបការលំបាកយ៉ាងខ្លាំង ខណៈការអភិវឌ្ឍដែលអតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ធ្លាប់ប្រកាសថានឹងប្រែក្លាយតំបន់ទាំងពីរនេះឱ្យទៅជាក្រុងទំនើប នៅមិនទាន់លេចចេញជារូបរាងនៅឡើយទេ។
លោក សេក សុជាតិ ត្អូញត្អែរថា សព្វថ្ងៃនេះ លំនៅឋានរបស់ប្រជាពលរដ្ឋដែលទើបនឹងទៅរស់នៅតំបន់នោះ មិនអាចធានាសុវត្ថិភាពសម្រាប់ពួកគាត់ឡើយ ត្បិតនៅរដូវវស្សា តំបន់នេះត្រូវទឹកលិច ខណៈលំនៅឋានខ្លះត្រូវខ្យល់បក់ប៉ើងដំបូលផ្ទះ ឬជញ្ជាំងផ្ទះដែលប្រក់ពីស្លឹកត្នោត ឬស័ង្កសី ជាដើម ហើយនេះក៏ដោយសារតែពួកគេគ្មានថវិកាគ្រប់គ្រាន់សម្រាប់សាងសង់លំនៅឋានឱ្យរឹងមាំដែរ ចំណែកថវិកាដែលរដ្ឋាភិបាលបានផ្តល់ឱ្យជាថ្នូរនឹងការចាកចេញពីតំបន់អង្គរ គឺទទួលបានតែបន្តិចបន្តួចប៉ុណ្ណោះ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះ អំពាវនាវឱ្យរដ្ឋាភិបាលថ្មីរបស់កម្ពុជា អនុវត្តតាមសម្ដីរបស់អតីតនាយករដ្ឋមន្ត្រីចាស់លោក ហ៊ុន សែន ដែលជាឪពុកនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជានេះ ដើម្បីធានាដល់ការរស់នៅរបស់ប្រជាពលរដ្ឋដែលយល់ព្រមផ្លាស់ប្ដូរទីលំនៅតាមគោលការណ៍របស់រដ្ឋាភិបាលចាស់កន្លងមក ដែលធ្លាប់សន្យាថានឹងអភិវឌ្ឍតំបន់នេះឱ្យក្លាយទីក្រុងទំនើបនោះ។
រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត បានលើកឡើងក្នុងកិច្ចប្រជុំអន្តរក្រសួងស្ដីពីការអភិវឌ្ឍតំបន់រុនតាឯក និងតំបន់ពាក់ស្នែង កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នេះ ដោយប្រកាសផ្តល់កូនឈើចំនួន ១០ម៉ឺនដើមដល់ការអភិវឌ្ឍតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍតំបន់នេះឱ្យមានភាពបៃតងស្អាត និងចីរភាព។
ទាក់ទិននឹងការជម្លៀសប្រជាពលរដ្ឋចេញពីតំបន់អង្គរ ឱ្យទៅរស់នៅឃុំរុនតាឯក និងឃុំពាក់ស្នែង នេះ លោក ហ៊ុន សែន ធ្លាប់បានអះអាងកាលពីចុងឆ្នាំ២០២២ ថា លោកនឹងរៀបចំឃុំរុនតាឯក ឱ្យក្លាយជាទីក្រុងទាន់សម័យមួយ គឺក្រុងរុនតាឯក ដែលជាភូមិអភិវឌ្ឍន៍ មិនមែនជាជនបទទៀតទេ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅតំបន់នេះមានជីវភាពធូរធារទៅថ្ងៃមុខ។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅពីតំបន់អង្គរ ទៅរស់នៅឃុំរុនតាឯក និងឃុំពាក់ស្នែង តាមគោលនយោបាយរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះកាលពីពេលថ្មីៗនេះថា ចាប់តាំងពីពួកគាត់មករស់នៅទីនេះ គឺមានការលំបាកគ្រប់បែបយ៉ាង ដោយសារតែតំបន់នេះឃ្លាតឆ្ងាយពីទីប្រជុំជន មុខរបរចាស់ក៏បាត់បង់ មុខរបរថ្មីក៏បើកមិនចេញ។
ប្រភពដដែលលើកឡើងថា គ្រួសារខ្លះបានយកប័ណ្ណក្រីក្រទៅបញ្ចាំយកប្រាក់ដោះស្រាយបញ្ហាជីវភាព ស្របពេលដែលបំណុលធនាគារក៏កាន់តែកើនឡើង ក្នុងនោះផ្ទះប្រជាពលរដ្ឋមួយចំនួនបានចាក់សោទ្វារទុកចោល ដោយសារតែម្ចាស់ផ្ទះបានធ្វើចំណាកស្រុកទៅប្រទេសជិតខាង ជាដើម។
ប្រជាពលរដ្ឋទាំងនេះត្អូញត្អែរថា ពួកគេមិនសង្ឃឹមថាលោក ហ៊ុន សែន នឹងបន្តអភិវឌ្ឍទីតាំងថ្មីនេះដូចការអះអាងរបស់គាត់អំឡុងពេលជម្លៀសប្រជាពលរដ្ឋនោះឡើយ ដូច្នេះដើម្បីដោះស្រាយបញ្ហាជីវភាព ពួកគាត់គ្មានជម្រើសផ្សេងក្រៅពីទៅធ្វើការនៅប្រទេសជិតខាងនោះទេ ព្រោះថាបើគាត់មិនធ្វើដូច្នេះទេ ពួកគាត់នឹងគ្មានលុយសម្រាប់ដោះបំណុលធនាគារឡើយ ខណៈធនាគារក៏មិនបានបន្ធូរបន្ថយ ឬពន្យារពេលឱ្យពួកគាត់សងប្រាក់ត្រឡប់ទៅវិញដែរ។
ចាប់តាំងពីរដ្ឋាភិបាលថ្មីបង្កើតឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ មក លោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីបន្តពូជរបស់លោក ហ៊ុន សែន នៅមិនទាន់បានលើកឡើងពីដំណើរការអភិវឌ្ឍណាមួយនៅឃុំរុនតាឯក និងឃុំពាក់ស្នែង បន្តពីការអះអាងរបស់លោក ហ៊ុន សែន ដែលជាឪពុកនៅឡើយទេ៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.

