30 C
Phnom Penh

ជនជាតិ​វៀតណាម​លួច​ឆ្លងដែន​ចូល​ទឹកដី​ខ្មែរ​តាម​ច្រក​របៀង​ខេត្ត​ព្រៃវែង​នៅ​មុន​រដូវ​ភ្ជុំបិណ្ឌ​នេះ ខណៈ​អាជ្ញាធរ​គ្មាន​វិធានការ​ទប់ស្កាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង អះអាង​ថា ជនជាតិ​វៀតណាម ដែល​កំពុង​លួច​ឆ្លង​ដែន​ចូល​ទឹកដី​ខ្មែរ​ដោយ​ខុស​ច្បាប់​តាម​ច្រក​របៀង​នៅ​មុន​រដូវ​ភ្ជុំបិណ្ឌ​នេះ គ្មាន​សមត្ថកិច្ច​ខ្មែរ​ណា​មួយ​ហ៊ាន​ចាត់​វិធានការ​ទប់ស្កាត់​នោះ​ទេ ខណៈ​ជនជាតិ​ខ្មែរ​ដែល​មាន​លិខិត​ឆ្លង​ដែន​ត្រឹមត្រូវ​ចូល​ទៅ​ទឹកដី​កម្ពុជា​ក្រោម ដើម្បី​ចូលរួម​ពិធី​បុណ្យ​កាន់​បិណ្ឌ​កាលពី​ពេល​ថ្មីៗ​នេះ ត្រូវ​អាជ្ញាធរ​វៀតណាម ហាមឃាត់​មិន​ចូល​ដាច់ខាត ទោះ​ពួកគេ​មាន​ឯកសារ​ត្រឹមត្រូវ​ក៏ដោយ។

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១១ តុលា នេះ​ថា ជនជាតិ​វៀតណាម ដែល​បាន​លួច​ឆ្លង​ដែន​ចូល​ទឹកដី​ខ្មែរ​ក្នុង​ខេត្ត​ព្រៃវែង ដោយ​ខុស​ច្បាប់​នៅ​មុន​រដូវ​ភ្ជុំបិណ្ឌ​នេះ គ្មាន​សមត្ថកិច្ច​មូលដ្ឋាន​ណា​ម្នាក់​ហ៊ាន​ទប់ស្កាត់​នោះ​ទេ ហើយ​សកម្មភាព​បែប​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ជនជាតិ​វៀតណាម ដែល​លួច​ឆ្លងដែន​ចូល​ទឹកដី​ខ្មែរ​នេះ ក៏​មិន​មែន​ទើប​តែ​នឹង​កើតមាន​ពេលនេះ​ដែរ គឺ​មាន​តាំងពី​យូរ​មក​ហើយ ទើប​ពួកគេ​អាច​ឆ្លងដែន​តាម​ច្រក​របៀង​ខុស​ច្បាប់​បន្ត​កន្ទុយ​គ្នា​បែប​នេះ។

លោក អ៊ុំ សំអាន លើកឡើង​ថា ដោយសារតែ​ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​កម្ពុជា និង​អាជ្ញាធរ​មូលដ្ឋាន​នៃ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ធូរ​រលុង​បែប​នេះ​ហើយ ទើប​ជនជាតិ​វៀតណាម ទាំង​ស្រប​ច្បាប់ និង​ខុស​ច្បាប់ នាំគ្នា​សម្រុក​ចូល​ទឹកដី​ខ្មែរ​ដោយ​សេរី។

លោក​បន្ថែម​ថា ជនជាតិ​វៀតណាម​ទាំងនោះ​មិន​ត្រឹមតែ​ចូល​ទៅ​ទឹកដី​ខ្មែរ​ដើម្បី​ប្រកប​មុខរបរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​នាំគ្នា​ទៅ​រស់នៅ​ដោយ​ខុស​ច្បាប់​ទៀត ខណៈ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត បែរ​ជា​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ និង​ផ្តល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនជាតិ​វៀតណាម ដែល​ចូល​ទឹកដី​ខ្មែរ​ដោយ​ខុស​ច្បាប់​ទាំងនោះ​ទៅវិញ។

ការ​អះអាង​របស់​លោក អ៊ុំ សំអាន នេះ ធ្វើឡើង​បន្ទាប់ពី​ពលរដ្ឋ​បាន​ទម្លាយ​វីដេអូ​ដែល​ពួកគាត់​ថត​បាន​សកម្មភាព​លួច​ឆ្លងដែន​ដោយ​ខុស​ច្បាប់​របស់​ជនជាតិ​វៀតណាម ចូល​ទឹកដី​ខ្មែរ​នៅ​មុន​រដូវ​ភ្ជុំបិណ្ឌ​នេះ។

កាលពី​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០២៣ ពលរដ្ឋ​បាន​បង្ហោះ​វីដេអូ​តៗ​គ្នា​ពី​សកម្មភាព​លួច​ឆ្លងដែន​តាម​ទូក​របស់​ជនជាតិ​វៀតណាម​ចូល​ទៅ​ក្នុង​ទឹកដី​ខ្មែរ​តាម​ច្រក​របៀង​ខុស​ច្បាប់​ក្នុង​ខេត្ត​ព្រៃវែង ដែល​មាន​ចំនួន​រាប់​សិប​នាក់​ក្នុង ១​ថ្ងៃៗ​នៅ​មុន​រដូវ​ភ្ជុំបិណ្ឌ​នេះ ប៉ុន្តែ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឆ្លើយ​ថា ពួកគេ​មិន​បាន​ដឹង​ពី​រឿង​នេះ​ទេ ព្រោះ​ពួកគេ​រវល់​ផឹក​កាហ្វេ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​២០២៣ អាជ្ញាធរ​វៀតណាម​បាន​បដិសេធ​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២​រូប គឺ​លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា សោភា ទៅ​ចូលរួម​កម្មវិធី​កាន់​បិណ្ឌ​នៅ​ខេត្ត​ព្រះត្រពាំង ជាមួយ​ពលរដ្ឋ​ខ្មែរ​ជាង ១០០​នាក់​ផ្សេង​ទៀត​ដាច់ខាត ហើយ​អាជ្ញាធរ​វៀតណាម ក៏​មិន​បាន​បញ្ជាក់​ពី​ហេតុផល​ចំពោះ​ការ​ហាមឃាត់​នេះ​ដែរ បើ​ទោះបីជា​អ្នក​ទាំង​ពីរ​មាន​ឯកសារ​ឆ្លងដែន​ស្រប​ច្បាប់​គ្រប់គ្រាន់​ហើយ​ក៏ដោយ។

កាលពី​ថ្ងៃទី​៣ ខែ​តុលា ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ដែល​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​គ្រប់​ខេត្ត បិទ​ច្រក​របៀង​ខុស​ច្បាប់​ទាំងអស់​ជាបន្ទាន់ ដើម្បី​ឱ្យ​ក្រសួង​មហាផ្ទៃ សិក្សា​ឡើងវិញ​អំពី​នីតិវិធី​ក្នុង​ការ​បង្កើត​ច្រក​ទ្វារ​ព្រំដែន​ផ្លូវការ​សម្រាប់​ខេត្ត​ទាំងនោះ។

លោក ស សុខា ព្រមាន​ថា ក្នុង​ករណី​ច្រក​ទ្វារ​ព្រំដែន​ណា​មួយ​កើតមាន​បញ្ហា​មិន​ប្រក្រតី​ដែល​បណ្តាល​មកពី​ការ​អនុវត្ត​តួនាទី​ភារកិច្ច​មិន​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ដែល​បាន​កំណត់ ក្រសួង​មហាផ្ទៃ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន​ដោយ​គ្មាន​ករណី​លើកលែង​ដាច់ខាត។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រូប​នេះ​បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ​បាន​កត់សម្គាល់​ឃើញ​ពី​ភាព​ខ្វះ​ចន្លោះ និង​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ដែល​កើត​ចេញពី​ការ​ធ្វេសប្រហែស​ក្នុង​ការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​នា​ពេល​កន្លងមក ដូច្នេះ​ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ និង​បញ្ឈប់​នូវ​ការ​ចេញ​ឯកសារ​ឆ្លងដែន​មិន​ប្រក្រតី គឺ​មាន​តែ​បិទ​ច្រក​របៀង​ខុស​ច្បាប់​ប៉ុណ្ណោះ។

ការ​លួច​ឆ្លងដែន​របស់​ពលរដ្ឋ​វៀតណាម ដោយ​ខុស​ច្បាប់​ចូល​ទឹកដី​កម្ពុជា មិនមែន​ទើប​នឹង​កើតឡើង​ទេ ហើយ​ក៏​មិនមែន​កើតឡើង​តែ​ក្នុង​ខេត្ត​ព្រៃវែង ដែរ។ ជាក់ស្តែង កាលពី​អំឡុង​ខែ​តុលា ឆ្នាំ​២០២២ ពលរដ្ឋ​បាន​ផ្សព្វផ្សាយ​ពី​សកម្មភាព​លួច​ឆ្លងដែន​ចូល​នេសាទ​ខុស​ច្បាប់​ពី​សំណាក់​ជនជាតិ​វៀតណាម នៅ​ម្តុំ​ព្រែកនៀល ស្ថិត​នៅ​ភូមិ​បាយ៉ាប ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ម្តង​រួច​មក​ហើយ។

ជាង​នេះ​ទៀត កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២៣ ជនជាតិ​វៀតណាម ខុស​ច្បាប់​ក៏​បាន​ឆ្លងដែន​នាំគ្នា​យក​គោ​ក្របី​របស់​ពួកគេ​ទៅ​ឃ្វាល​លើ​ទឹកដី​ខ្មែរ​ក្នុង​ខេត្ត​ស្វាយរៀង រាប់​សិប​ក្បាល​ជា​រៀង​រាល់​ថ្ងៃ​ដែរ ខណៈ​មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​គ្រួស និង​មេឃុំ​គ្រួស ជាដើម ឆ្លើយ​ថា​ពួកគេ​ជាប់​រវល់ គ្មាន​ពេល​មក​មើល​គោ​ក្របី​របស់​វៀតណាម ឆ្លង​ចូល​មក​ទឹកដី​ខ្មែរ​នោះ​ទេ។

ជនជាតិ​វៀតណាម ដែល​បាន​លួច​ឆ្លងដែន​ទៅ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់ ត្រូវ​គេ​មើល​ឃើញ​ថា ពួកគេ​មិន​ត្រឹមតែ​មិន​ទទួល​ទោស​ទណ្ឌ​ទេ ប៉ុន្តែ​បែរ​ជា​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ដោយ​ស្រប​ច្បាប់​ពី​រដ្ឋាភិបាល​កម្ពុជា​ទៅវិញ។ ជាក់ស្តែង នៅ​ដើម​ឆ្នាំ​២០២៣ នេះ ជនជាតិ​វៀតណាម​បាន​ទទួល​សញ្ជាតិ​ខ្មែរ​ព្រោងព្រាត ដោយ​ស្រប​នឹង​សារាចរ​ណែនាំ​របស់​មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប​លោក ហ៊ុន សែន ទសវត្ស​ឆ្នាំ​១៩៨៦ ទាំងស្រុង។

កាលពី​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​១៩៨៦ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​សារាចរ​ណែនាំ​ស្ដីពី​ការ​អនុវត្ត​គោលនយោបាយ​ចំពោះ​និគម​ជន​វៀតណាម​នៅ​កម្ពុជា ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ដីធ្លី ទីជម្រក ផ្តល់​អត្តសញ្ញាណប័ណ្ណ ថែរក្សា និង​ផ្គត់ផ្គង់​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​សារាចរ​នេះ​នៅតែ​មាន​សុពលភាព​រហូត​ដល់​សព្វថ្ងៃ​នេះ ខណៈ​រដ្ឋាភិបាល​កម្ពុជា​ក៏​កំពុង​តែ​អនុវត្ត​នូវ​ការ​ផ្តល់​សិទ្ធិ​រស់នៅ​ដល់​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់​លើ​ទឹកដី​របស់​ខ្លួន​ជា​បន្តបន្ទាប់​ផង​ដែរ​នៅ​ពេលនេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស